ពលរដ្ឋ​​ប៉ះពាល់​​ពី​​គម្រោង​​​អភិ​​វឌ្ឍ​ន៍​​​ព្រលា​ន​​យន្តហោះ​ថ្មី​បោះ​តង់​ដេក​យាម​ដី​ស្រែ​ ដោយ​បារម្ភ​ខ្លាច​ក្រុម​ហ៊ុន​​ឈូស​ឆាយ​

ពលរដ្ឋជាច្រើននាក់រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលអះអាងថា រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់ដោយក្រុមហ៊ុន​ CAIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ នៅថ្ងៃចន្ទនេះ បាននាំគ្នាបិទផ្លូវលំនិងបោះតង់ដេកយាមដីស្រែ ក្រោយក្រុមហ៊ុនប្រើប្រាស់គ្រឿងចក្រឈូសឆាយដីស្រែពួកគេ ដែលមិនទាន់ដោះស្រាយបញ្ហាសំណងសមរម្យនៅឡើយ។ (ហ៊ី ឆាយ)

ពលរដ្ឋ​នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី បាននាំគ្នាបោះតង់ដេកយាមដីស្រែ និងបិទកំណាត់ផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ដោយបារម្ភខ្លាចក្រុមហ៊ុន​ដាក់គ្រឿងចក្រឈូសឆាយដីស្រែរបស់ពួកគាត់ ទាំងមិនទាន់បានដោះស្រាយសំណងសមរម្យ​។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រុមពលរដ្ឋទាំងនោះអះអាងថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ព្រលាន​យន្តហោះរបស់លោកឧកញ៉ា ពុង ឃាវសែ បានដាក់គ្រឿងចក្រ២គ្រឿង និងឡានបាញ់ទឹក៣គ្រឿង អមដោយកម្លាំងសមត្ថកិច្ចប្រហែល២០នាក់ បានធ្វើសកម្មភាពឈូសឆាយដីស្រែ​របស់​ពួកគាត់​អស់១ហិកតាកន្លះ ស្ថិតនៅភូមិកំពង់​តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ប៉ុន្តែត្រូវបានរារាំងដោយក្រុមអ្នកភូមិពេលនោះ។

លោក គឹម សុជាតិ ដែលអះអាងថារងផលប៉ះពាល់ដីស្រែ៤ហិកតា នៅឃុំបឹងខ្យាង ដោយគម្រោងអភិវឌ្ឍន៍នេះ ប្រាប់ វីអូឌី កន្លែងបោះតង់ នៅថ្ងៃចន្ទនេះថា អ្នកភូមិបាននាំគ្នាបោះតង់ដាក់វេនគ្នាដេកយាមដីស្រែរយៈពេល៤ថ្ងៃមកហើយ។

លោកថា អ្នកភូមិសម្រេចដេកយាមដីស្រែបែបនេះ ដោយសារពួកគាត់បារម្ភខ្លាចក្រុមហ៊ុនលួចដាក់គ្រឿងចក្រឈូសឆាយដីស្រែរបស់ពួកគាត់ទៀត ខណៈដែលក្រុមហ៊ុន​និងរដ្ឋាភិបាលមិនទាន់បានដោះស្រាយសំណងលើផលប៉ះពាល់ជូនពលរដ្ឋសមរម្យនៅឡើយ។

លោកបន្ថែមថា៖ «ប្រជាជនមកបោះតង់នេះ ដោយសារមានការតវ៉ារឿងដីធ្លី ដែលមានការឈូសឆាយពីក្រុមហ៊ុន OCIC។ ហើយការឈូសឆាយនេះ គឺបានឈូសឆាយលើដីស្រែស្រូវពង្រោះ​ប្រជាពលរដ្ឋបាន ព្រោះរួចជាង១ខែហើយ និងស្រូវដុះបានមួយចំអាមហើយដែរ។ គាត់បានដាក់ទឹករួច និងបាចជីរួចថែមទៀត ហើយ[ក្រុមហ៊ុន]បានឈូសដីស្រែគាត់កម្ទេចតែម្តង»

បើតាមលោក គឹម សុជាតិ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យ​ដីប្រជាពលរដ្ឋចំនួន៣ឃុំ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ១ឃុំស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ រងផលប៉ះពាល់ ដែលមានចំនួន៧៨១ក្បាលដី ហើយបើគិតជាហិកតាមានចំនួនជាង៤០០ហិកតាដែលមិនទាន់បានដោះស្រាយ ប៉ុន្តែលោកមិនចាំចំនួនពលរដ្ឋប៉ុន្មានគ្រួសារ​រងផលប៉ះពាល់នោះទេ។

ពលរដ្ឋម្នាក់ទៀតនៅឃុំបឹងខ្យាង អ្នកស្រី ដុស សារឿន អាយុ៦៧ឆ្នាំ បានឱ្យដឹងថា គ្រួសារអ្នកស្រីបានរងផលប៉ះពាល់ស្រែ១ហិកតា និងដីលំនៅឋាន២ឡូត៍។ អ្នកស្រីបន្តថា ការ​​ដោះស្រាយ​កន្លងមក ភាគី​ក្រុមហ៊ុន​និងរដ្ឋាភិបាលបាន​ដោះស្រាយ​ជាគោល​នយោបាយ ​ដោយ​ផ្តល់​សំណង​ចន្លោះ​ពី៣ដុល្លារ ទៅ៨ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែអ្នកស្រីមិនអាចទទួលយកបានទេ​ ដោយថា តម្លៃនេះមិនអាចយកទៅទិញដីកន្លែងផ្សេងបានទេ។

អ្នកស្រីបន្ថែមថា អ្នកស្រីក៏ដូចអ្នកភូមិផ្សេងទៀតដែលកំពុងរងផលប៉ះពាល់ គឺទាមទារសំណងទៅតាមតម្លៃទីផ្សារ។ អ្នកស្រីថា ដីនៅ​តំបន់​នោះ ​បច្ចុប្បន្ន​មានតម្លៃ​ចន្លោះ​ពី៩០ដុល្លារ ទៅ​ជាង១២០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។

គ្រឿងចក្របម្រើការក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់ដោយក្រុមហ៊ុន​ CAIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ នៅថ្ងៃចន្ទនេះ កំពុងធ្វើការឈូសឆាយដីស្រែដែលកំពុងមានទំនាស់ជាមួយពលរដ្ឋនៅឡើយ ដោយពលរដ្ឋអះអាងថា ពួកគេមិនទាន់ទទួលបានការដោះស្រាយនិងសំណងសមរម្យនៅឡើយ។ (ហ៊ី ឆាយ)

ស្ត្រីវ័យ៦៧ឆ្នាំរូបនេះបន្តថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅភូមិកំពង់តាឡុងមួយចំនួនជួបបញ្ហាជីវភាពគ្រួសារ ដោយសារក្រុមហ៊ុនឈូសឆាយ បិទប្រព័ន្ធទឹក ហើយប្រជាកសិករមិនអាចធ្វើស្រែ​បង្កបង្កើនផលបាន ខណៈ​​ពលរដ្ឋមួយចំនួនកំពុងពិបាកចិត្តដោយបារម្ភខ្លាចមិនទទួលបានការដោះស្រាយសំណង​សមរម្យ។

អ្នកស្រីបន្ថែមថា៖ «បើសម្តេច [ហ៊ុន សែន] អាណិតប្រជាជនទាំង៤ឃុំនេះ សូមសម្តេចជួយដោះស្រាយឱ្យបានឆាប់ ព្រោះប្រជាជននៅទីនេះវេទនាខ្លាំងណាស់»

វីអូឌី មិនអាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុន CAIC របស់លោក ពុង ឃាវសែ ដើម្បីបញ្ជាក់ជុំវិញករណីនេះបាននៅឡើយទេ នៅថ្ងៃចន្ទនេះ។

អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ មានប្រសាសន៍ថា ការដាក់តម្លៃដើម្បីដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋនោះ គឺបានកំណត់ដោយក្រសួងពាក់ព័ន្ធ។ លោកថា តម្លៃនេះគឺមានប្រជាពលរដ្ឋមួយចំនួនបានទទួល​យករួចហើយដែរ ខណៈមួយចំនួនទៀតមិនព្រមទទួលយក ដោយចង់បានខ្ពស់ជាងនោះ។

ប៉ុន្តែយ៉ាងណា លោកថា រដ្ឋបាលខេត្តនឹងជួបប្រជុំជាមួយតំណាងក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ ឬអាចចរចាបានតម្លៃខ្ពស់ជាងនេះបន្ថែមទៀត។

លោកបន្ថែមថា៖ «ខ្ញុំកំពុងតែប្រឹងប្រែងជួយឱ្យអស់លទ្ធភាព ជំរុញដំណើរការនេះឱ្យបានទៅមុខ ព្រោះបងប្អូនមួយចំនួនគាត់បានទន់ភ្លន់សម្របសម្រួលមួយចំនួនហើយ។ អ៊ីចឹងយើងនឹងខិតខំសម្របសម្រួលបន្ថែមទៀត ដើម្បីឱ្យការអភិវឌ្ឍ​ព្រលានយន្តហោះនេះ ជាការអភិវឌ្ឍ​មួយពិតប្រាកដសម្រាប់បម្រើប្រទេសជាតិទាំងមូល»

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​មនុស្ស នៃ​មជ្ឈ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍​ថា តាមច្បាប់​ជាតិនិង​អន្តរ​ជាតិ ​រាល់​ផល​ប៉ះពាល់ពី​គម្រោង​អភិវឌ្ឍន៍​នានា រដ្ឋ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​ឱ្យ​បាន​សមរម្យដែល​អាច​ទទួលយក​​បាន​ទាំងអស់គ្នា។

ពាក់ព័ន្ធនឹង​បញ្ហាជម្លោះដីធ្លីជុំវិញគម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល​នេះ លោក វណ្ណ សុផាត បានស្នើ​ឱ្យ​រដ្ឋាភិបាល​កំណត់​ឱ្យ​បាន​ច្បាស់អំពី​ទំហំនៃ​ការ​ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ និង​ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​តំបន់​នី​មួយ​ៗ ដើម្បី​ឱ្យ​ពួកគាត់អាច​ទទួលយក​បាន​ទាំងអស់គ្នា និង​គ្មាន​ការរំលោភ​សិទ្ធិមនុស្ស។

កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្តល់​ដី​រដ្ឋ​ទំហំប្រមាណ២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​​ក្រៅប្រទេស និង​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដើម្បី​អភិវឌ្ឍព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ