អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បន្ត​បិទ​ផ្សារ​រដ្ឋ​និង​ផ្សារ​មិន​រៀបរយ​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត​

សន្តិសុខម្នាក់កាន់មេក្រូប្រកាសប្រាប់និងណែនាំពីវិធានការការពារនិងកិច្ចការមួយចំនួនដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩​បន្តទៀត ដល់បងប្អូនអាជីវករនិងអ្នកលក់ដូរនៅម្ដុំផ្សារទួលទំពូង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អភិបាលរាជធានីភ្នំពេញ បានសម្រេចបន្តបិទផ្សាររដ្ឋនិងផ្សារមិនរៀបរយក្នុងរាជធានីភ្នំពេញទាំងអស់រយៈពេល១ សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ក្នុងសេចក្ដីសម្រេចចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ ឱ្យដឹងថា អាជ្ញាធរសម្រេចបន្តផ្អាកដំណើរការផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃទៀត គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អាជីវករម្នាក់នៅផ្សារសូឡា ​សង្កាត់ស្ទឹងមានជ័យ១ អ្នកស្រី លាន សោភា លើកឡើងថា ចាប់តាំងពី​អាជ្ញាធរ​ប្រកាសបិទផ្សារបណ្តោះអាសន្នរយៈពេល១ខែមកនេះ បានធ្វើឱ្យ​​​គាត់គ្មានប្រាក់ចំណូល ដើម្បីដោះស្រាយបញ្ហាប្រឈម​​ក្នុង​ជីវភាពគ្រួសារ និងសងបំណុលធនាគារនោះទេ។ អ្នកស្រីបន្តថា បើការបិទផ្សារនៅតែអូសបន្លាយយ៉ាងនេះ អ្នកស្រីនិងអាជីវករផ្សេងទៀតនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំង ដោយពេលនេះ កូនៗរបស់គាត់បានឈប់រៀន ដោយសារគាត់គ្មានប្រាក់បង់ថ្លៃសាលា ខណៈថ្លៃឈ្នួលផ្ទះជួលដែលកំពុងស្នាក់នៅក៏មិនទាន់បានបង់ដែរ។

អ្នកស្រី លាន សោភា មានប្រសាសន៍ថា៖ «បើសិនជាគេបិទផ្សារយូរទៀត ពួកខ្ញុំដាច់បាយ អត់ទាំងលុយទៀត។ ខ្ញុំចង់ឱ្យគេបើកផ្សារវិញ ហើយរៀបចំឱ្យបានត្រឹមត្រូវទៅ ដើម្បីបានលក់ដូរវិញ គ្រាន់បាន​លុយចិញ្ចឹមកូនបានមួយរស់ៗ។ ខ្ញុំជំពាក់ថ្លៃគេ៥ខែហើយ តែម្ចាស់ផ្ទះគេលើកលែងឱ្យ ចាំចប់កូវីដរកសងគេខ្លះ ខ្ញុំក៏ជំពាក់ធនាគារដែរ»។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រ​ព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា អំឡុងពេលបិទផ្សារនេះ អាជ្ញាធរគួររៀបចំ​ប្រព័ន្ធសុវត្ថិភាពសម្រាប់អ្នកលក់និងអ្នកទិញឱ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ នៅពេលអាជ្ញាធរបើកឱ្យដំណើរការលក់ដូរឡើងវិញ។

លោក វន់ ពៅ ថ្លែងដូច្នេះថា៖ «ពេលបិទ មិនព្រមរៀបចំសុវត្ថិភាពឱ្យហើយ ពេលផ្ទុះបានរៀបចំ​​អ្វីតាមក្រោយទៀត វាជារឿងហួសពេល អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋ​តូចតាចដែលជាអាជីវករហ្នឹងឯង។ អ៊ីចឹងទេ ត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពឱ្យបានសព្វគ្រប់ឱ្យហើយ កុំឱ្យពិបាកទៅដល់ពលរដ្ឋនិងអ្នកទិញទាំងអ្នកលក់ ហើយយើងត្រូវមើលគំរូប្រទេសគេជិតខាង គេរៀបចំផ្សារដូចម្ដេច»។

កាលពីថ្ងៃទី៦ ខែឧសភា រដ្ឋាភិបាលបានសម្រេចបិទ​បញ្ចប់វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីបិទអស់រយៈពេល៤សប្តាហ៍ ដោយអនុ​ញ្ញាតឱ្យ​ពលរដ្ឋធ្វើ​ដំណើរនិងប្រកបរបរមួយចំនួនជា​ប្រក្រតីឡើងវិញ។ ប៉ុន្តែលើកលែងតែតំបន់ក្រហម និង​តំបន់លឿងទុំ រួមទាំង​ផ្សារ​រដ្ឋនិងផ្សារឯកជន​មិនរៀបរយ ដែលនៅបន្តបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប២១ ៤៩៩​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៩ ៨៦៧នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន១៤៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ