ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​​អភិ​វឌ្ឍ​ន៍​​ព្រលា​ន​យន្តហោះ​ រារាំង​គ្រឿង​ចក្រ​​ក្រុមហ៊ុន​មិន​ឱ្យ​​​ឈូស​​​ប៉ះ​ដី​​​​ពួក​គាត់​

អ្នកភូមិនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​អន្តរ​ជាតិភ្នំពេញថ្មី បាននាំគ្នាតវ៉ា ក្រោយក្រុមហ៊ុនដាក់គ្រឿងចក្រមកឈូសឆាយដីស្ថិតក្រោមគម្រោងសាងសង់របស់ក្រុមហ៊ុន​សាងសង់ព្រលានយន្តហោះកម្ពុជា ​(CAIC) ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

អ្នកភូមិនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​អន្តរ​ជាតិភ្នំពេញថ្មី នៅថ្ងៃសុក្រនេះ បាននាំគ្នាតវ៉ារារាំងមិនឱ្យគ្រឿងចក្ររបស់ក្រុមហ៊ុនឈូសឆាយលើដី​ស្រែ​​របស់​ពួកគេ។

លោក ឡុង សុភ័ក្រ រស់នៅឃុំបឹងខ្យាង ប្រាប់ វីអូឌី ថាក្រុមហ៊ុន​សាងសង់ព្រលានយន្តហោះកម្ពុជា ​(CAIC) ​របស់ ​លោក ពង់ ឃាវសែ បានដាក់គ្រឿងចក្រចំនួន២គ្រឿង និងឡានបាញ់ទឹកចំនួន៣គ្រឿង អមដោយ​​កម្លាំងសមត្ថកិច្ចប្រហែល២០នាក់ បានធ្វើសកម្មភាពឈូសឆាយដីស្រែ​ពង្រោះរបស់ពួកគាត់​អស់១ហិកតាកន្លះ ស្ថិត​នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ប៉ុន្តែត្រូវអ្នកភូមិប្រហែលជាង១០០នាក់ចុះរារាំងនិងបានឃាត់ខ្លួន​មេការម្នាក់​បញ្ជូនទៅដោះស្រាយនៅសាលាឃុំ។

លោកបន្ថែមថា៖ «គេយកគ្រឿងចក្រមកឈូសស្រូវប្រជាពលរដ្ឋអស់ប្រហែល១ហិកតាកន្លះ ចំនួន២ស្រែពីរម្ចាស់ទាំងខ្ញុំ ហើយវាចង់ឈូសខ្ញុំទៀត ពេលខ្ញុំចុះទៅឃាត់។ ខ្ញុំសុំឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនដោះស្រាយសំណងឱ្យពលរដ្ឋជាមុនសិន​ទៅ មុនឈូសដីស្រូវពលរដ្ឋ ហើយផ្តល់សំណងខូចខាត​ស្រូវផង ដោះស្រាយឥលូវៗនេះតែម្តង»

ពលរដ្ឋនៅឃុំបឹងខ្យាងម្នាក់ទៀត លោក សួង ពៅ ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានធ្វើឱ្យ​ដីប្រជាពលរដ្ឋចំនួន៣ឃុំ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង១ឃុំស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ដែលមានទំហំដីសរុបប្រហែលជាង៤០០ហិកតារងផលប៉ះពាល់​ និង​​មិនទាន់បានដោះស្រាយ។

លោក សួង ពៅ បន្ត​ថា ការ​​ដោះស្រាយ​កន្លងមក ភាគី​ក្រុមហ៊ុន​បាន​ដោះស្រាយ​ជាគោល​នយោបាយ ​ដោយ​ផ្តល់​សំណង​ចន្លោះ​ពី៣ដុល្លារ ទៅ៨ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​សំណង​នេះ អ្នកភូមិមិន​អាច​ទទួលយក​បានទេ។ លោក​ថា ក្រុម​ពលរដ្ឋ​ទាមទារ​សំណង​ផល​ប៉ះពាល់​ទៅតាម​តម្លៃ​ទីផ្សារ ដោយ​​​លោក​ថា ដី​តំបន់​នោះ​បច្ចុប្បន្ន​មានតម្លៃ​ចន្លោះ​ពី៩០ដុល្លារ ទៅ​ជាង១២០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។

លោកបន្ថែមថា៖ «ប្រជាជនយើងមិនជំទាស់ទេជាមួយការអភិវឌ្ឍ ប៉ុន្តែសុំឱ្យទិញយកឬផ្តល់សំណងទៅតាមតម្លៃទីផ្សារដីបច្ចុប្បន្ន»

អភិបាលស្រុកកណ្តាលស្ទឹង លោក អ៊ូច សាវឿន មានប្រសាសន៍ថា ដីដែលក្រុមហ៊ុនចុះធ្វើសកម្មភាពឈូសឆាយនោះ គឺជាដីស្ថិតក្នុងគោលការណ៍សាង​សង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ លោកថា ករណីក្រុម​ហ៊ុន​ដាក់គ្រឿងចក្រឈូសឆាយលើដីពលរដ្ឋនេះ លោកមិនបានដឹងនោះទេ។

ប៉ុន្តែយ៉ាងណា លោកថា លោកបានលើក​យក​ករណីនេះទៅដល់អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ ដើម្បីសុំគោលការណ៍ដោះស្រាយហើយ។

លោកបន្ថែមថា៖ «ពាក់ព័ន្ធរឿងនេះ គឺជាគោលការណ៍​របស់ព្រលានយន្តហោះ ហើយដីនេះស្ថិតក្នុងដីអនុក្រឹត្យ​​ដើម្បីស្ថាបនាព្រលាន [យន្តហោះ] នេះ។ ខ្ញុំបានជូនដំណឹងទៅឯកឧត្តមអភិបាលខេត្តហើយ ដើម្បីសុំចំណា​ត់ការពីគាត់»

អភិបាលស្រុករូបនេះមិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​ប្រជាពលរដ្ឋនិង​ចំនួន​ដី​ដែល​រង​ផល​ប៉ះពាល់​សរុបក្រោម​គម្រោង​អភិវឌ្ឍន៍​នេះ​បាន​នៅឡើយ​ទេ ដោយ​លោក​ថា មិន​ចាំ​ចំនួននិងមិនបានយកឯកសារមកតាមខ្លួន។

វីអូឌី ពុំអាចសុំការបញ្ជាក់ពីតំណាងក្រុម​ហ៊ុន​​សាងសង់ព្រលានយន្តហោះកម្ពុជា ​(CAIC) ​បានទេ នៅថ្ងៃនេះ។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​មនុស្ស នៃ​មជ្ឈ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍​ថា តាមច្បាប់​ជាតិនិង​អន្តរ​ជាតិ ​រាល់​ផល​ប៉ះពាល់នៃ​គម្រោង​អភិវឌ្ឍន៍​នានា រដ្ឋ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​ឱ្យ​បាន​សមរម្យដែល​អាច​ទទួលយក​​បាន​ទាំងអស់គ្នា។

ពាក់ព័ន្ធនឹង​បញ្ហាជម្លោះដីធ្លីជំុវិញគម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល លោក វណ្ណ សុផាត បានស្នើ​ឱ្យ​រដ្ឋាភិបាល​កំណត់​ឱ្យ​បាន​ច្បាស់អំពី​ទំហំនៃ​ការ​ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ និង​ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​តំបន់​នី​មួយ​ៗ ដើម្បី​ឱ្យ​ពលរដ្ឋអាច​ទទួលយក​បាន​ទាំងអស់គ្នា និង​គ្មាន​ការរំលោភ​សិទ្ធិមនុស្ស។

លោក​បន្ថែម​ថា៖ «យើង​មាន​រដ្ឋធម្មនុញ្ញ ច្បាប់​ផ្សេង​ៗទៀត និង​គោលការណ៍​របស់​អង្គការសហប្រជាជាតិ ស្តីអំពី​ការ​អភិវឌ្ឍ​​​ដោយសារ​ការ​បណ្តេញ​ចេញ សុទ្ធតែ​បាន​ចែង​ឱ្យ​មានការ​ផ្តល់​សំណង​ដោយ​សមរម្យនិង​យុត្តិធម៌ និង​អាច​ទទួលយក​បាន​ពី​ភាគី​ពាក់ព័ន្ធ»។

កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្តល់​ដី​រដ្ឋ​ទំហំ​ប្រហែល២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស និង​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដើម្បី​អភិវឌ្ឍព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ