មន្រ្តី​រាជវាំង​ថា​ មិន​ដែល​ទទួល​​​លិខិត​ទូល​ស្នើ​​​ព្រះ​រាជ​អន្តរា​គមន៍​រឿង​​​​​​​​​​​​វិបត្តិ​​នយោបាយ​

សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អះអាង​ថា ខាងក្រសួងព្រះបរមរាជវាំងមិនធ្លាប់​​ដែល​​បាន​​​ទទួល​​​​​លិ​ខិត​​ស្នាមពីអ្នក​​បញ្ញវន្ត​មួយក្រុម​ ទាក់ទងនឹងការស្នើសុំព្រះរាជអន្តរាគមន៍​ពីព្រះ​មហា​ក្សត្រ ដោះ​ស្រាយ​​រឿងវិបត្តិ​​នយោ​​បាយរវាង​គណបក្សប្រជាជនកម្ពុជា និងអតីត​​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​​​ទេ​​។

លោក ស៊ឺន ស៊ូប៊ែរ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍នៅថ្ងៃទី​១៣ ខែឧសភានេះថា បើ​​តាមដឹង ព្រះមហាក្សត្រដូចមិនធ្លាប់ទទួលបានលិខិតទូលថ្វាយ ដើម្បីសុំឱ្យព្រះ​អង្គជួយ​សម្របសម្រួល​រឿងវិបត្តិនយោបាយរវាងបក្សកាន់អំណាច និងអតីតបក្ស​ប្រឆាំងនោះទេ។​

​លោកបន្តថា៖ «ឮនិយាយពីរឿង​ហ្នឹងយូរណាស់ដែរហើយ ​ប៉ុន្តែអត់ដែលឃើញ​គាត់មកពឹង​យក​ទៅដាក់​ឱ្យឬស្អីផង ដល់អ៊ីចឹងទៅ ខ្ញុំអត់ដឹងដែរ! ឥលូវនេះ គេ​​​​អត់​មានខុទ្ទកាល័យ​ខាង​ជើង​ទេ​ គេកំពុងជួសជុល ម្ល៉ោះហើយអត់មានដំណើរការ អ៊ីចឹងហើយ​ទាល់តែទៅ​ខាងត្បូង»។

ចំណែក​មន្រ្តីខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ ដារាវុធ បានបញ្ជាក់ដែរ​ថា លោក​ក៏​មិន​ដែល​បាន​ដឹង​ថា​មាន​លិខិត​ទូល​ថ្វាយ​ព្រះម​ហាក្សត្រ អំពីការស្នើ​សុំ​ព្រះ​​​​​​​រាជតម្រិះពី​ព្រះ​អង្គជុំវិញបញ្ហានយោបាយនេះ​ដែរ។

លោកបន្ត​ថា៖ ​«អូ! ខ្ញុំអត់ដឹងរឿងហ្នឹងទេ មានតែឯកឧត្តម គង់ សំអុល។ ជាផ្លូវការ គេតាម​​ហ្នឹង​ទាំងអស់ [គង់ សំអុល​]​ឥលូវយើងអត់មានគ្រប់គ្រងទេខាងខុទ្ទកាល័យ។ ជាផ្លូវការ​ ទៅ​ខាង​ក្រសួង​ព្រះ​​បរមរាជ​​វាំង​​​ទាំង​អស់»។

វីអូឌី មិនអាចសុំការបញ្ជាក់ពីលោក គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបមរាជវាំង​ បាន​ទេ ​នៅ​ថ្ងៃ​នេះ។

នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន ឱ្យដឹងថា ក្រុម​​បញ្ញវន្តខ្មែរចំនួន៥រូប រួមនឹងរូបលោក បាន​​ដាក់​​ថ្វាយលិខិត​​សុំព្រះ​រាជអន្តរាគមន៍​ពី​​ព្រះ​​​មហា​​ក្ស​​ត្រចំនួន២លើកមកហើយ ដោយ​​​​លើកទី១ ដាក់ទៅក្រសួង​ព្រះ​បរម​រាជ​វាំង នៅ​​អំឡុង​​​ឆ្នាំ​​​​២០១៨ និង​លើកទី២ នៅ​​ចុង​​ឆ្នាំ​​២០១៩ ប៉ុន្តែពុំមានការឆ្លើយតបណាមួយនៅឡើយ។

លោក​បន្តថា ក្រុមការងារលោកគ្រោង​នឹង​​ក្រាប​​បង្គំទូលថ្វាយព្រះមហាក្សត្រជាថ្មីទៀតក្នុង​ពេល​ឆាប់ៗនេះ ដោយ​​ខ្លឹមសារនៃលិខិតនោះគឺសុំយាងព្រះអង្គមកជួយផ្សះផ្សានយោបាយ ជាពិសេស​​នយោបាយ​​ដែល​​​​​​កំពុងតែប្រេះឆារវាងបក្សកាន់អំណាច និងអតីតគណបក្ស​សង្រ្គោះជាតិ។

លោកបន្ត​ថា៖ «​យើង​​​ក៏​នឹងថាជួបគ្នាជាថ្មីទៀត ដើម្បីសម្រេច​ថា តើគួរ​តែរៀបចំ​ជាលិខិត​ជាថ្មី​មួយ​ទៀត ដើម្បី​ទៅ​ទូល​​​​ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បី​ឱ្យព្រះអង្គ​ជួយ​អន្តរាគមន៍​ដោះ​​ស្រាយនយោ​​បាយ​​​ខ្មែរយើង»។

បើតាមលោក ប៉ា ចន្ទរឿន មានតែតួអង្គព្រះមហាក្សត្រទេដែលទ្រង់​​អាច​​មានព្រះរាជ​សិទ្ធិ​ក្នុង​ការ​បញ្ចប់វិវាទ​នយោបាយនេះបាន។

អតីតគណបក្ស​សង្រ្គោះជាតិ ត្រូវបានរំលាយដោយអំណាចនៃសាលដីកាតុលាការ​កំពូល កាល​ពីឆ្នាំ២០១៧។

នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល មាត្រា៨ ចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់​ជានិមិត្ត​រូប​នៃ​​​​​ឯកភាពជាតិ និងនិរន្តរភាពជាតិ ហើយទ្រង់ក៏ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ បូរណ​​ភាព​​​​​​​ទឹក​ដីរបស់ប្រទេសកម្ពុជា និងជាអ្នកធានាការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់​​ប្រជា​​ពល​​រដ្ឋ ព្រមទាំងធានាការគោរពសន្ធិសញ្ញាអន្តរជាតិ។

លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា ព្រះមហាក្សត្រពិត​​ជា​តួ​អង្គ​​ដ៏សំខាន់បំផុតក្នុងការបញ្ចប់ជម្លោះនយោបាយផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ។

បើទោះជាបែប​ណា​ លោកបណ្ឌិត មាស នី នៅតែមានទុទ្ទិដ្ឋិនិយមថា ការសុំយាង​ព្រះ​មហាក្សត្រដើម្បីឱ្យទ្រង់​កោះ​​អញ្ជើញ​​​​អ្នកនយោបាយ​ទាំងពីរភាគី មកអង្គុយលើតុចរចា ប្រហែល​នឹងមិនអាចកើត​មាន​ទេ​។

​ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច​​ព្រះ​​នរោត្តម សីហនុ ទ្រង់បានក្លាយជាបិតាផ្សះផ្សាជាតិ នៅពេលមានជម្លោះ​នយោបាយ​កើត​ឡើង​ម្តង​​ៗ។ នៅនាទីចុងក្រោយ អ្នកនយោបាយមកពីគ្រប់ភាគីបានឯកភាពនិង​សម្រេច​បញ្ចប់​​វិវាទ​​រៀង​​ៗខ្លួន ក្រោយពីព្រះមហាក្សត្រកោះអញ្ជើញដើម្បីរកដំណោះស្រាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ