​ កម្មករ​ជាង​៣០​នាក់​នៅ​កំពង់ឆ្នាំង​រង​របួស​ធ្ងន់​ស្រាល​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​

នៅព្រឹកថ្ងៃទី១៣ ខែឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនេះ បានកើតឡើងនៅចំណុច​​ផ្លូវ​លេខ១៣៧ ស្ថិត​ក្នុង​ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ (ហ្វេសប៊ុក៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង)

កម្មករ-កម្មការិនីជាង​៣០នាក់ដែលធ្វើការងារនៅរោងចក្រមួយក្នុង​ខេត្តកំពង់ឆ្នាំង បានរងរបួស​ធ្ងន់និង​​ស្រាលដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ពេល​ពួកគេជិះរថយន្តទៅបំពេញការងារ នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ពៅ ស៊ីថា ប្រាប់ វីអូឌី នៅព្រឹកថ្ងៃទី១៣ ខែឧសភានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនេះ បានកើតឡើងនៅចំណុច​​ផ្លូវ​លេខ១៣៧ ស្ថិត​ក្នុង​ភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។​ ប៉ុន្តែលោកមិនបានបញ្ជាក់ថា កម្មករដែលជិះលើរថយន្តនោះធ្វើការនៅរោងចក្រណាខ្លះ​នោះទេ។

លោកបានបន្ត​ថា ហេតុការណ៍នេះបានបណ្តាលឱ្យកម្មករ-កម្មការិនីចំនួន៣១នាក់ រងរបួសធ្ងន់និង​ស្រាល ខណៈ​កម្មការិនីម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នៅ​រាជធានីភ្នំពេញ ដោយសាររបួសធ្ងន់ធ្ងរជាងគេ។

ប៉ុន្តែបើ​តាមការចុះផ្សាយលើទំព័រហ្វេស​ប៊ុក​របស់​ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឱ្យដឹង​ថា ​ហេតុ​ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យកម្មករ៤៧នាក់ រងរបួសធ្ងន់និង​ស្រាល ក្នុងនោះកម្មការិនីម្នាក់រងរបួសធ្ងន់។

ប្រភពដដែលបន្តថា គ្រោះថ្នាក់​នេះកើតឡើង​​ដោយ​​រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៣D-៥៨៦០ បានដឹកកម្មករជាង៤០នាក់ បម្រុងទៅបំពេញកាងារ ប៉ុន្តែត្រូវជួបគ្រោះ​ថ្នាក់ចរាចរណ៍ក្រឡាប់ធ្លាក់ផ្លូវនៅត្រង់ចំណុចផ្លូវកោង។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ក្រោយកើតហេតុនេះ សមត្ថកិច្ចបាន​អន្តរាគមន៍​ប្រមូល​​យក​វត្ថុតាង រួម​មានរថយន្តនិងរបស់របរផ្សេ​ងទៀតទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយ ដើម្បីកសាងសំណុំរឿង​តាមនីតិវិធីច្បាប់​ ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់។

អនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត លោក ព្រាប ច័ន្ទវិបុល ​ឱ្យដឹងតាមរយៈរបាយការណ៍មួយកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ​​ថា ក្នុងឆ្នាំ២០២០ ​គ្រោះថ្នាក់ចរាចរណ៍បាន​កើត​ឡើងលើកម្មករនិយោជិត​ចំនួន១ ៩០០ករណី ក្នុងនោះបណ្តាលឱ្យមានអ្នកស្លាប់៨៨នាក់ និងរបួស២ ១៤០នាក់។ ប្រភពដដែលបន្តថា ចំនួននេះមានការថយចុះ​៣១% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ