ក្រសួង​បរិស្ថាន​ណែនាំ​អភិបាល​ខេត្ត​ទាំងអស់​បញ្ឈប់​​ការ​​បញ្ជាក់​ការ​កាន់​កាប់​ដី​ក្នុង​តំបន់​ការពារ​

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ពី​ដំណើរការ​ថែរក្សា​បរិស្ថាន​ នៅ​វាលស្មៅ​នៃ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា ភូមិ​ពូ​រ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

ក្រសួងបរិស្ថាន ណែនាំទៅ​អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវធ្វើមោឃភាពចោលរាល់ការចុះហត្ថលេខាឬការបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារ រួមទាំងតំបន់របៀងអភិរក្សជីវចម្រុះផងដែរ។

ក្នុងលិខិតមួយរបស់​​ក្រសួងបរិស្ថាន ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានលើកឡើង​​ថា ពេលថ្មីៗនេះ ក្រសួងបានរកឃើញ​រដ្ឋបាលឃុំ-សង្កាត់មួយចំនួននៅ​តែ​​បន្តចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់នៅលើលិខិត​ផ្ទេរ​សិទ្ធិ ពាក្យស្នើសុំកាន់កាប់និងការប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងខុសច្បាប់។

លិខិតដដែលបន្តថា ដើម្បីទប់ស្កាត់និងបដិសេធចោលនូវអនុភាពនានាលើឯកសារទាំងនោះ អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវចាត់វិធានការ ដោយបដិសេធនិងមោឃភាពចោលរាល់លិខិតឬឯកសារទាំងឡាយដែលមានការពាក់ព័ន្ធនឹងការកាន់កាប់និងការផ្ទេរសិទ្ធិទាំងឡាយណានៅលើដីធ្លីស្ថិតក្នុងតំបន់ការពារធម្មជាតិ​។

ក្រសួងបរិស្ថាន ក៏ស្នើដល់អាជ្ញាធរថ្នាក់ក្រោមជាតិតាមរយៈលិខិតរបស់ខ្លួនដូច្នេះថា៖ «ណែនាំទៅរដ្ឋបាលឃុំ-សង្កាត់ឱ្យបញ្ឈប់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យសុំកាន់កាប់ឬប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីស្ថិតក្នុងតំបន់ការ​ពារធម្មជាតិ នៃដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។ លើសពីនេះ ត្រូវចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះរដ្ឋបាលឃុំ-សង្កាត់ណាដែលមិនអនុវត្តតាម​»។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្ថែម​លើលិខិតនេះ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ​ថា តំបន់ការពារធម្មជាតិនៅទូទាំង១១ខេត្ត មានចំនួនជាង៧០កន្លែង បាននិងកំពុងរងការកាប់ទន្ទ្រាន​ធ្វើជាកម្មសិទ្ធិ ហើយមានការចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លិខិតផ្ទេរសិទ្ធ ការកាន់កាប់ពីរដ្ឋបាលឃុំសង្កាត់ទាំងខុសច្បាប់។

អ្នកនាំពាក្យរូបនេះបន្ត​ថា កន្លងមក ក្រសួងស្រាវជ្រាវនិងដកហូតយកដីជាច្រើនហិកតាមកទុកជាសម្បត្តិរដ្ឋវិញ ដូចជា នៅខេត្តកំពង់ស្ពឺ កំពង់ធំ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងបណ្តាខេត្តផ្សេង​ទៀត។

លោក នេត្រ ភក្ត្រា បន្តទៀត​ថា ក្រុមជនល្មើសបានប្រើវិធីសាស្ត្រនិងល្បិចកលផ្សេងៗ ដើម្បីរុករានកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ ដោយបានបោកបញ្ឆោតឱ្យប្រជាពលរដ្ឋក្រីក្រនិងស្លូតត្រង់មួយចំនួនចូលទៅរុករានហើយលក់មកឱ្យខ្លួនក្នុងតម្លៃថោកៗ។

លោកបន្ថែមថា៖ «ខ្ញុំសុំបញ្ជាក់ថា គ្មានជនណាម្នាក់មានសិទ្ធិកាន់កាប់ដីធ្លីឬក៏ទិញលក់ដីធ្លីក្នុងតំបន់ធម្មជាតិបានទេ។ ក្រសួងបរិស្ថានសុំឱ្យប្រជាពលរដ្ឋដែលមិនបានយល់ដឹងអំពីច្បាប់ សូមឈប់ចាញ់បោកជនខិលខូចបន្តទៀត និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពខុសច្បាប់ទាំងឡាយ និងបញ្ឈប់ជាបន្ទាន់នូវការទិញដូរដីរដ្ឋនិងការបញ្ជាក់ការទិញដូរដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ហើយរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង ហើយប្រគល់ដីនោះឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ។​ បើពុំនោះទេ នឹងប្រឈមមុខនឹងផ្លូវច្បាប់»

អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា ខេត្តនេះពុំមានការចុះហត្ថខាឬចេញលិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារនិងតំបន់របៀងអភិរក្សជីវចម្រុះនោះទេ។ ប៉ុន្តែយ៉ាងណា លោកថា រដ្ឋបាល​ខេត្តនឹងអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង​ឱ្យបានត្រឹមត្រូវ។

លោកបន្ថែមថា៖ «ខ្ញុំបានឃើញលិខិតហ្នឹងដែរ។ យើងនឹងខិតខំធ្វើតាមហ្នឹង ប្រសិនជាថ្នាក់មូលដ្ឋានណាគាត់បានចេញលិខិតបញ្ជាក់ការកាន់កាប់បែបនេះ។ ប៉ុន្តែកន្លងមក តាមខ្ញុំដឹង តំបន់អភិរក្សខេត្តកំពង់ធំ ដូចជាមិនដែលមានចេញបណ្ណ​កម្មសិទ្ធិណាមួយទេ»។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូត​ដី​ព្រៃ​ឈើចំនួន​២​​ទីតាំង​ ​ស្ថិត​នៅតំបន់​ការពារ​ធម្មជាតិ ​នៃ​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ ក្នុង​​ភូមិ​រមាំង​​ស និង​ភូមិ​ខ្ទេះ ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ដែលមាន​ទំហំ​សរុប​​២៨១​ហិកតា ​បន្ទាប់ពី​ទី​តាំង​ដី​នេះត្រូវ​បាន​ជន​ខិលខូច​ជួល​ពលរដ្ឋ​ទៅ​ទន្ទ្រាន​កាន់​កាប់និង​ដាំ​ដំណាំ​ ក្នុង​គោល​បំណង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍ថា នៅក្នុងខេត្តកោះកុង មានករណីជនខិលខូចលួចចាក់ដីរំលោភចូលព្រែក ចូលសមុទ្រ និងការទន្ទ្រានយកដីព្រៃក្នុងតំបន់ការពារធ្វើជាកម្ម​សិទ្ធិដោយខុសច្បាប់ បានកើតឡើងជាបន្តបន្ទាប់។

មន្ត្រីសិទ្ធិមនុស្សរូបនេះមើលឃើញថា ករណីនេះកើតឡើងបានដោយសារតែមានការគប់គិតជាប្រព័ន្ធរវាងជនល្មើស ដែលជាអ្នកមានប្រាក់មានអំណាច និងអាជ្ញាធរពាក់ព័ន្ធ។

លោក ប៉ែន វុទ្ធា យល់ថា លិខិតរបស់ក្រសួងបរិស្ថានពេលនេះអាចនឹងមិនមានប្រសិទ្ធភាពនោះទេ ប្រសិន​បើក្រសួងមួយនេះមិនចាត់វិធានការច្បាប់​តឹងរ៉ឹងចំពោះជនល្មើសនិងអ្នកនៅពីក្រោយខ្នងនោះ។

លោកបន្ថែមថា៖ «ក្រសួងបានត្រឹមចេញលិខិតប្រាប់ទៅរដ្ឋបាលខេត្តឱ្យបញ្ឈប់ការចេញលិខិត ប៉ុន្តែអត់មានចំណាត់ការផ្លូវច្បាប់ណាមួយទៅលើអ្នកពាក់ព័ន្ធ ឬក៏មិនស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីយកមកដាក់ទោសឱ្យបានតឹងរ៉ឹងទេ។ អ៊ីចឹងវាអត់មានប្រសិទ្ធភាពអីទេ អ៊ីចឹងការទន្ទ្រានផ្សេងៗហ្នឹង វានៅតែបន្តកើតមានដដែល»

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង​ ទាមទារឱ្យក្រសួងបរិស្ថាន គួរតែចាត់វិធានការច្បាប់ឱ្យខានតែបាន ជាជាងចេញត្រឹមតែលិខិតបែបនេះ។ ​

លោក​ក៏បានស្នើទៅក្រសួង គប្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ សកម្មជនបរិស្ថាន និងអង្គការសមាគមក្រៅរដ្ឋាភិបាល អាចចូលរួមល្បាតនិងការពារធនធានធម្មជាតិនៅក្នុងតំបន់ការពារ​ឱ្យបានទូលំទូលាយ ដើម្បី​ទប់ស្កាត់បទល្មើស​ក្នុងតំបន់ទាំងនោះឱ្យកាន់តែមានប្រសិទ្ធ​ភាព។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា ក្រសួងបរិស្ថានគួរតែចាត់ការតាមផ្លូវច្បាប់ ចំពោះអ្នកពាក់ព័ន្ធ ជាពិសេសអ្នកដែលចូលទៅកាន់កាប់ដីរដ្ឋដោយខុសច្បាប់ផង ហើយអ្នកដែលបើកទូលាយឱ្យមានអ្នកចូលទៅកាន់កាប់ដីក្នុងតំបន់ការពារដោយខុសច្បាប់ផង និងជាពិសេសភាពធ្វេសប្រហែសរបស់អាជ្ញាធរសាធារណៈដែលនៅទីនោះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ