ម្ចាស់​រថយន្ត​ដែល​ជិះ​កាត់​​តំបន់​ក្រហម​​ស្នើ​សមត្ថ​កិច្ច​កុំ​ពិន័យ​​ពួក​គេ​ ក្រោយ​បញ្ចប់​​ធ្វើ​ចត្តា​ឡីស័ក​

ប្រជា​ពលរដ្ឋនិង​អ្នក​រត់​រថយន្ត​ឈ្នួលជាច្រើននាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនិងធ្វើតេស្តរកកូវីដ-១៩ ដោយសារពួកគេបាន​ល្មើសទៅនឹង​វិធានការហាមឃាត់ការធ្វើដំណើរចេញចូលនិង​ឆ្លងកាត់​តំបន់ក្រហម នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ)

អ្នកបើករថយន្ដឈ្នួលដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​ស្នើរដ្ឋាភិបាលនិងសមត្ថកិច្ចកុំដាក់ទោស​ទណ្ឌឬពិន័យ​ពួកគេ ដោយអះអាងថា ពួកគេមិនបានចូលទៅដឹកកម្មករចេញពីតំបន់ក្រហម យកទៅស្រុកកំណើត ដូចការលើកឡើងកន្លងមកនោះឡើយ។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ច​​រាជធានីភ្នំពេញ បាន​ឃាត់​ពលរដ្ឋចំនួន៤៩នាក់ និងអ្នករត់រថយន្ត​ឈ្នួលចំនួន៥៥​នាក់ ដែល​​ធ្វើដំណើរចេញ-ចូល និងឆ្លងកាត់តំបន់ក្រហម ឬតំបន់មានការឆ្លងកូវីដ-១៩ខ្លាំង លើ​ផ្លូវវេងស្រេង ម្ដុំ​ស្តុប​ទួល​ពង្រ ក្នុង​សង្កាត់ចោមចៅទី២ ខណ្ឌ​​ពោធិ៍សែនជ័យ។ មនុស្សទាំង១០៤​នាក់ ត្រូវបានបញ្ជូនទៅធ្វើតេស្តសំណាកនិងធ្វើចត្តាឡីស័ក​នៅវត្តគោកបញ្ជាន់ ក្នុងនោះមាន២នាក់រកឃើញមានវិជ្ជមានកូវីដ-១៩។

អ្នកបើករថយន្ដឈ្នួលដែលត្រូវបានសមត្ថកិច្ចឃាត់និងបញ្ជូនទៅធ្វើចត្តាឡីស័កនៅវត្តគោកបញ្ជាន់ ​​លោក លីម ម៉េង លើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ​ថា រូបគាត់មិនបានលួចដឹកប្រជាពលរដ្ឋនិងកម្មករចេញពីតំបន់ក្រហមទៅកាន់​ខេត្តគោលដៅណាមួយ ដោយល្មើសនឹងវិធានការហាមឃាត់ដូចការលើកឡើងកន្លងមកនោះទេ។ ​

លោកបន្តថា ពួកគាត់មិនបានដឹងថា ផ្លូវចាប់ពីច្រមុះជូ្រកស្ទឹងមានជ័យទៅដល់រង្វង់មូលចោមចៅ ត្រូវបានអាជ្ញាធរហាមឃាត់ការធ្វើដំណើរឡើយ ព្រោះអាជ្ញាធរមិនបានដាក់ប៉ារ៉ាស់ឬដាក់សញ្ញាសម្គាល់ ដើម្បីហាមឃាត់ការធ្វើដំណើរមិនឱ្យចេញចូលនោះទេ។

លោកថា៖ «ខ្ញុំជិះពីច្រមុះជ្រូកស្ទឹងមានជ័យទៅរង្វង់មូលចោមចៅ​នៅលើផ្លូវវេងស្រេងហ្នឹង ​អត់មានបត់បែនទៅណាទៀតទេ។ ​បើសិនជាខ្ញុំជិះទៅចូលឬមានគេហាមឃាត់​​​​ដាក់ប៉ារ៉ាស់ អាហ្នឹងខ្ញុំខុសហើយ! ខ្ញុំខុសពីគោលការណ៍លក្ខខ​ណ្ឌរដ្ឋាភិបាលហើយ ព្រោះតំបន់គេហាមឃាត់ ខ្ញុំជិះចូល​។ នេះនៅលើផ្លូវធំ គេឱ្យខ្ញុំឆ្លងកាត់មកហ្នឹង ​គេឃាត់ ខ្ញុំស្មានគេឃាត់តែឡានដឹកមនុស្ស ដល់ឡានខ្ញុំដឹកអីវ៉ាន់ គេឃាត់ដែរ»។

អ្នកបើករថយន្តរូបនេះបន្តថា រថយន្តរបស់លោកដឹកស្បៀងមានដូចជា អង្ករ ត្រី សាច់ បន្លែ ផ្លែឈើ ដែលពលរដ្ឋនៅខេត្តកំពង់ចាមផ្ញើមកឱ្យកូនៗរបស់គាត់នៅរាជធានីភ្នំពេញតែប៉ុណ្ណោះ ដោយមិនបានដឹកមនុស្សចេញទៅខេត្តនោះឡើយ។

អ្នកបើករថយន្ដឈ្នួលម្នាក់ទៀតនៅខេត្តត្បូងឃ្មុំ លោក ស៊ាង ហាក់ លើកឡើងថា រថយន្តរបស់លោកចាប់ផ្ដើមរត់ឡើងវិញនៅថ្ងៃទី៨ ខែឧសភានេះ ដោយដឹកស្បៀងអាហារដែលអ្នកស្រុកផ្ញើមកឱ្យកូនៗរបស់គាត់នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា រដ្ឋាភិបាលបើកឱ្យធ្វើដំណើរវិញនោះ។

លោកបន្តថា រថយន្តរបស់គាត់មានដឹកក្មេងនិងមនុស្សចាស់២នាក់ពីកន្លែងផ្សេងក្នុងរាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវវេងស្រេងនោះ ប៉ុន្តែអ្នកដែលជិះក្នុងរថយន្តនោះមិនមែនជាកម្មកររោងចក្រឬអ្នករស់នៅម្ដុំផ្លូវវេងស្រេងនោះទេ។

ម្ចាស់រថយន្តឈ្នួលរូបនេះនិយាយទៀតថា លោកមិនបានឈប់រថយន្តចាប់ម៉ូយនៅតំបន់ហាមឃាត់ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះឡើយ។

លោកថា៖ «កាសែតផ្សេងគេចុះថា ពួកខ្ញុំមកចតឡាន មកចាំចាប់ម៉ូយ​ គឺមិនមែនទេ! មានកាមេរ៉ា​មានអី ឱ្យគាត់​ឆែកមើលទៅ​ ឡានពួកខ្ញុំមានឈប់ដាក់ម៉ូយកន្លែងគេហាមឃាត់អត់? ឱ្យគាត់ឆែកមើលទៅ ពួកខ្ញុំគ្រាន់តែឆ្លងកាត់ទេ»។

អ្នកបើករថយន្តមកពីខេត្តព្រៃវែងម្នាក់ទៀត លោក ស៊ឹម ឌួង និយាយថា លោកបានឈប់ទម្លាក់អង្ករឱ្យកម្មករ ដោយគ្រួសាររបស់គាត់បានផ្ញើមកពីស្រុកកំណើតពិតមែន ប៉ុន្តែមិនបានចាំដឹកកម្មករយកទៅស្រុកល្មើសនឹងវិធានការរបស់រដ្ឋាភិបាលនោះទេ។ លោក​ថា ដោយសារគ្រួសារគាត់គ្មានប្រាក់សម្រាប់ដោះស្រាយបញ្ហាជីវភាពគ្រួសារ បង់ថ្លៃសាលាកូន និងសងធនាគារ ទើបបង្ខំចិត្តមករត់រថយន្ត ខណៈជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ។

លោកស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធដោះលែងពួកគាត់ និងសុំកុំឱ្យមានការ​​​ផាកពិន័យ ឬយកពួកគាត់ទៅដាក់​ទោសទណ្ឌ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក ដោយសារពួកគាត់បារម្ភពីសុវត្ថិភាព។

លោកថា៖ «សម្រាប់ខ្ញុំទាំងអស់គ្នាសូមលើកម្រាមដៃដប់​ ជួយដោះលែងពួកខ្ញុំទាំងអស់គ្នា ដោយសារ​ពួកខ្ញុំខុសឆ្គង​ដោយប្រការមិនដឹងហេតុផលថាតំបន់យើងឆ្លងកាត់វាខុសដែរ»។

លោក ឈិត ចិន្តា អះអាងថាជា​ពលរដ្ឋម្នាក់ដែលជាអ្នក​ទទួលអីវ៉ាន់ពីអ្នកបើករថយន្តឈ្នួលឈ្មោះ ស៊ឹម ឌួង បាន​បង្ហាញការសោកស្ដាយនៅពេលទទួលព័ត៌មានថា អ្នកបើករថយន្តឈ្នួលដែលដឹកអង្ករឱ្យ​លោក ត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ​។  លោកបន្តថា លោក ស៊ឹម ឌួង មិនបានចូលដឹកកម្មករទេ លោកគ្រាន់តែដឹកអីវ៉ាន់​ដែលគ្រួសាររបស់ពួកគាត់​ផ្ញើមកពីខេត្តព្រៃវែងមកឱ្យគាត់តែប៉ុណ្ណោះ។

អ្នកនាំពាក្យស្នងការដ្ឋាន​ន​គរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា អាជ្ញាធរមិនទាន់សម្រេចយ៉ាងណានៅឡើយ ដោយរង់ចាំពួកគាត់បញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរួចសិន។

លោកថា​៖ «ឥលូវ យើងរង់ចាំមើលជាក់ស្ដែងយ៉ាងម៉េចសិន ​ចាំមើលចប់ឬជិតចប់ អាហ្នឹងយើងចាំមានគោលការណ៍ពីសាលារាជធានីភ្នំពេញម៉េច អាហ្នឹងយើងអនុវត្តជាក់ស្ដែង​។ តាមពិតបើសិនជាគោលការណ៍ បើមកអ៊ីចឹងមានចម្លងអ្នកដទៃ​ អាហ្នឹង​អាចបញ្ជូនទៅតុលាការ បើសិនជាធ្ងន់ធ្ងរអ៊ីចឹង។ ប៉ុន្តែបើសិនមានពុំមានករណីរាលដាល​អីទេ អាហ្នឹងត្រឹមការពិន័យនិងណែនាំអប់រំ ហើយដោះលែងគាត់តែប៉ុណ្ណឹង ​អ៊ីចឹងយើងមិនទាន់ដឹងចំណុចមួយណាទេ»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បើសិនជាដូចការអះអាងរបស់ពួកគាត់មែន ​អាជ្ញាធរគួរតែធ្វើការពិចារណាចំពោះរឿងនេះ ដោយថា ពួកគាត់ជាអ្នករងគ្រោះដោយសារ វិបត្តិកូវីដ-១៩ ដូចពលរដ្ឋដទៃទៀតដែរ។

លោកថា៖ «ពួកគាត់សុទ្ធតែបានរងនូវវិបត្តិ​កូវីដហ្នឹង ត្រូវការចាំបាច់​ការរកចំណូលផ្គត់ផ្គង់គ្រួសារ ហើយនិងដោះបំណុលផ្សេងៗហ្នឹងដែលគាត់ចាំបាច់​។ អ៊ីចឹង ខ្ញុំគិតថា បើសិនជាដូចការអះអាងហ្នឹង មិនគួរ​ណាឃាត់ទេ។ បើសិនឃាត់ខ្លួនហើយ ត្រូវ​ពិនិត្យមើល បើសិនជារឿងហ្នឹង​​វាជាការល្មើស​ឬកំហុសអីដែលអាចយោគយល់ ​សមត្ថកិច្ចក៏គួរតែពិចារណាត្រឹម​ធ្វើការអប់រំ ធ្វើកិច្ចសន្យា​អីទេ ព្រោះយើងដឹងហើយក្នុងដំណាក់កាលកូវីដនេះ សុទ្ធតែមានវិបត្តិ​ដូចគ្នា»។

កាលពីថ្ងៃទី៥ ​ខែឧសភា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឱ្យដឹង​ថា បើទោះជារដ្ឋាភិបាល​បើក​ឱ្យ​មានការធ្វើចរាចរណ៍​ឡើង​វិញពី​តំបន់​មួយ​ទៅ​តំបន់​មួយ ​ពី​ខេត្ត​មួយ​​ទៅ​ខេត្ត​មួយក៏ដោយ​ ប៉ុន្តែរាជធានី​ភ្នំពេញនៅតែ​​រក្សា​តំបន់​៣​ដដែល គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហម ហើយ​​ត្រូវ​ពង្រឹងឱ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ទីតាំង​ដែល​បាន​កំណត់ ចៀស​វាងការបន្តចម្លង​​ជំងឺ​កូវីដ-១៩ ទៅ​តំបន់​ផ្សេង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ