​តុលាការ​សម្រេច​ឃុំ​ខ្លួន​បុរស​ជា​ប្តី​ដែល​ជាប់​​ចោទ​​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ទៅ​លើ​ប្រពន្ធ​និង​កូន​៤​នាក់​

ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង និងក្រុមមន្ត្រីនៃអង្គការ Child Protection Unit បានចុះត្រួតពិនិត្យនៅទីតាំងកើតហេតុអគ្គិភ័យកាលពីយប់ថ្ងៃទី៩ ខែឧសភា ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យ​ឆេះផ្ទះមួយខ្នងបង្កឱ្យមនុស្ស៥នាក់ស្លាប់។ (ហ្វេសប៊ុក៖ Child Protection Unit)

តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចឃុំខ្លួនបុរសជាប្តីដែលត្រូវបានចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន»ទៅលើប្រពន្ធនិងកូន៤នាក់ នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន។

កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយបានកើតឡើង ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យ​ឆេះផ្ទះមួយខ្នងទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់ពីដែក បាំងនិងប្រក់ស័ង្កសី និងបង្កឱ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះ​ស្រី្តមានផ្ទៃពោះ​ម្នាក់ និងក្មេង​​ប្រុស៤នាក់ដែលត្រូវជាកូន។

ជុំវិញករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ហុក គឹមហាក់ បានប្រាប់ វីអូឌី នៅ​ថ្ងៃទី១៣ ខែឧសភានេះ​​ថា ចៅក្រមស៊ើបសួរបាន​សម្រេចចោទប្រកាន់បុរសឈ្មោះ  នន់ ចាន់​សារ៉េត ដែលត្រូវជាស្វាមីនិងជាឪពុករបស់ជន​រងគ្រោះ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា​២០០ និង៥៣២ នៃក្រមព្រហ្មទណ្ឌ។

លោកបន្ត​ថា៖ «ចោទប្រកាន់ពីបទឃាតកម្មទុកជាមុន ឃុំខ្លួននៅពន្ធនាគារកំពង់ឆ្នាំង ឃុំថ្ងៃនេះ»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានឱ្យដឹងកាលពីម្សិលមិញថា ដោយសារតែមានភាពមិនប្រក្រតីជុំវិញកន្លែងកើតហេតុដែល​នាំឱ្យមានការសង្ស័យនោះ​ សមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ឈ្មោះ នន់ ចាន់សារ៉េត ដែលជាស្វាមីនិងឪពុកជនរងគ្រោះ មកសាកសួរ។

បន្ទាប់ពីការសួរនាំ លោកថា បុរសរូបនេះបានសារភាពថា រូបគេជាអ្នកដុតសម្លាប់ប្រពន្ធនិងកូនរបស់ខ្លួនទាំង៤នាក់ប្រាកដមែន។ លោកបន្តថា បើតាមចម្លើយរបស់ជនសង្ស័យរូបនេះ មូលហេតុបង្កឱ្យមានករណីនេះកើតឡើង ដោយសារ​ការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។

ទំព័រហ្វេសប៊ុករបស់អង្គភាពការពារកុមារ (Child Protection Unit) ហៅកាត់ថា CPU នៅថ្ងៃនេះ បានបញ្ចេញ​​ព័ត៌មាននិង​ភស្តុតាងដែលខ្លួនបានរកឃើញនៅកន្លែងកើតហេតុ ជុំវិញករណីឃាតកម្មមួយនេះ

CPU បន្តថា នៅវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ជនល្មើស​មានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធអាយុ៣៨ឆ្នាំ របស់ខ្លួននៅផ្ទះរបស់ពួកគេដែលស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌។ ប្រភពដដែលបន្តថា នៅពេលនោះក៏ជនល្មើសបានយកកន្រ្តៃទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កឱ្យ​​គាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនល្មើសបានបន្តហិង្សា​ទៅលើកូនរបស់ខ្លួនដែលមានអាយុ៣ឆ្នាំ បណ្តាលឱ្យបាត់បង់ជីវិត។

អង្គភាពនេះបន្ត​ថា៖ «ភស្តុតាងបានបង្ហាញយើងថា ជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួនអាយុ៩ឆ្នាំ ដោយច្របាច់ក។ កូនភ្លោះពីរនាក់ទៀតដែលមានអាយុ៧ឆ្នាំ បានប្រទះឃើញអំពើទាំងនេះ ក៏រត់ចូលទៅក្នុងបន្ទប់គេងហើយកាន់ឬឱបគ្នាដោយមានការភ័យខ្លាច។ ភស្តុតាងបានបង្ហាញយើងថា ជនល្មើសបានខ្ទាស់សោរបន្ទប់គេងពីខាងក្រៅ»។

អង្គភាពការពារកុមារដដែលនេះបន្ថែមថា បន្ទាប់មក ជនល្មើសបានដុតពូកនិងខោអាវដើម្បីផ្តើមអគ្គិភ័យឡើង ហើយ​​ជនល្មើសបានរង់ចាំនៅក្នុងផ្ទះរហូតដល់ពេលអគ្គិភ័យចាប់ផ្តើមរីករាលដាល ទាំងដឹងថាកូនភ្លោះពីរនាក់នៅមានជីវិតនៅឡើយ ហើយជាប់សោរនៅក្នុងបន្ទប់គេង។

ស្ថាប័នជំនាញមួយនេះបន្តថា នៅពេល​អគ្គិភ័យបានឆាបឆេះផ្ទះទាំងស្រុង ជនល្មើសបានចេញ​ក្រៅផ្ទះនិងរង់ចាំរហូតដល់អ្នកជិតខាងប្រទះឃើញ។

ការស្រាវជ្រាវរបស់ CPU បន្តថា ជនរងគ្រោះខ្លះបានស្លាប់ដោយរបួស​មុនពេលអគ្គិភ័យ ហើយ​មួយចំនួនទៀតបានស្លាប់នៅក្នុងអគ្គិភ័យ។ សាកសពកូនភ្លោះត្រូវបានរកឃើញក្នុងស្ថានភាពឱប​គ្នាផងដែរ។

អង្គភាពនេះបន្តទៀតថា ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅយប់កើតហេតុ ហើយបានផ្តល់សេចក្តីបំភ្លឺមួយចំនួនទៅ​សមត្ថកិច្ចរៀបរាប់អំពីការផ្តើមនូវអគ្គិភ័យនេះ ក្នុងពេលនោះ ក្រុមការងារជំនាញក៏បានចាប់ផ្តើមធ្វើកោសលវិច័យទៅលើសាកសពនិងកន្លែងកើតហេតុទាំងស្រុង។

ប្រភពដដែលនេះ ថាពេលដែលក្រុមការងារបានរៀបរាប់និងសួរអំពីភស្តុតាងបែបវិទ្យាសាស្រ្តមួយចំនួនទៅកាន់ជនល្មើស គេក៏ចាប់ផ្តើមសារភាពពីអំពើឃាតកម្មនិងអគ្គិភ័យ។

CUP បន្តថា៖ «នេះគឺជាអំពើដ៏ឃោរឃៅលើសពីការស្មានរបស់អ្នកណាទាំងអស់»។

​នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ឃាតកម្ម​សាហាវបែបនេះកើតឡើង អាចបណ្ដាលមកពីកត្តា​សង្គម គ្រឿងញៀន ការ​ជះឥទ្ធិពលពីសម័យសង្រ្គាម និងជាពិសេសគឺបុគ្គលខ្លួនឯងផ្ទាល់តែម្ដង។

ជាមួយគ្នានេះ លោក​ជំរុញឱ្យអាជ្ញាធរ​ពាក់ព័ន្ធត្រូវ​ដោះស្រាយករណីហិង្សា​ក្នុងគ្រួសារឱ្យបានឆាប់រហ័ស ទោះបីជាករណីនោះតូចតាចក្ដី ដោយមិនត្រូវគិតថាជាបញ្ហាបុគ្គលឬគ្រួសារឡើយ ខណៈលោកសង្កេតឃើញថា ករណីតូចតាចទាំងនេះ អាចបង្កឱ្យមានផលអាក្រក់កើតមានឡើងក្នុងសង្គមនាពេលខាងមុខ។

បន្ថែមពីនេះ លោកស្នើឱ្យ​ពលរដ្ឋនិងអាជ្ញាធរត្រូវចៀសវាង​ការប្រើពាក្យសម្ដីណាមួយដែលបង្កឱ្យមានអំពើហិង្សាកើតឡើង។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលគួរតែមានការពិចារណានៅក្នុងការចាត់វិធានការគិតគូរអំពើហិង្សាដែលបានកើតឡើងក្នុងគ្រួសារ ធ្វើយ៉ាងណាដើម្បីកុំឱ្យកើតមានធំ ធ្វើយ៉ាងណាគឺឱ្យមានការចាត់វិធានការឱ្យបានឆាប់ ឱ្យបានលឿន មុនពេលបញ្ហាទាំងអស់ហ្នឹង​​កើតឡើងនៅក្នុងសង្គម ហើយមានផលអាក្រក់ដូចកើតឡើងក្នុងខេត្តកំពង់ឆ្នាំង។ ​ប្រសិនយើងព្រងើយកន្តើយជាមួយហិង្សានៅក្នុងគ្រួសារនៅក្នុងសង្គមដែលយើងគិតថាជាបញ្ហាផ្ទាល់ខ្លួន វានឹងជះឥទ្ធិពលអាក្រក់កាន់តែធំថែមទៀតសម្រាប់សង្គមយើងនាពេលអនាគត»៕

កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌទី១៖ «តុលាការខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនបុរសម្នាក់ដែលសង្ស័យដុតសម្លាប់ប្រពន្ធនិងកូន៤នាក់របស់ខ្លួន នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន ដោយចោទប្រកាន់​ពីបទឃាតកម្មគិតទុកជាមុន។» ខ្លឹមសារដែលត្រឹមត្រូវគឺ «តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចឃុំខ្លួនបុរសជាប្តីដែលត្រូវបានចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន»ទៅលើប្រពន្ធនិងកូន៤នាក់ នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ