លោក​ កឹម​ សុខា​ ចុះ​ចែក​ស្បៀង​ដល់​ពលរដ្ឋ​ខ្វះខាត​នៅ​តំបន់​បិទ​ខ្ទប់​ ទោះ​មិន​ទាន់​មាន​សិទ្ធិ​ធ្វើ​នយោ​បាយ

អតីត​មេ​ដឹកនាំ​គណប​ក្សសង្គ្រោះជាតិ លោក កឹម សុខា ចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់​មួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលខ្វះខាតក្នុងអំឡុងមានការ​រីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Kem Sokha)

​អតីត​មេ​ដឹកនាំ​គណប​ក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់បម្រាមតុលាការ បាន​ចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់​មួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយអះអាងថា ជាសកម្មភាពមនុស្សធម៌​ ខ្មែរជួយខ្មែរ ទោះមិនទាន់មានសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយ។

លោក កឹម សុខា បានសរសេរនៅលើទំព័រ​ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ២០២១ ថាជំ​នួយ​ទាំង​​នោះ លោក​បានទទួល​ពីសប្បុរសជន​ខ្មែរទាំង​ក្នុងនិងក្រៅប្រទេស ដើម្បី​យកទៅចែកជូនប្រជា​ពលរដ្ឋ​ចំនួន១០០គ្រួសារ រស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងខណ្ឌទួ​ល​គោក រាជធានីភ្នំពេញ ដែលខ្វះខាតក្នុងអំឡុងមានការ​រីករាលដាលនៃជំងឺកូវីដ-១៩។

លោកបន្តថា អំណោយទាំងនោះរួមមាន អង្ករ ត្រីខ ទឹកស៊ីអ៊ីវ និងថវិកាដែលពលរដ្ឋមួយគ្រួសារទទួលបាន២ម៉ឺនរៀល ហើយលោកចាត់ទុកជំនួយទាំងនេះថា ជាសកម្មភាពខ្មែរជួយខ្មែរ។

លោកបានគូសបញ្ជាក់ថា៖ «នៅពេលនេះ ខ្ញុំមិនមានសិទ្ធិធ្វើន​យោ​បាយក្តី តែខ្ញុំមិនបិទភ្នែកសម្ងំសុខតែឯង មិនគិតតែបក្សពួកស្វែងរកបុណ្យសក្តិ លាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្កជ​ម្លោះ​​ មិនធ្វើអ្វីឱ្យ​ប៉ះពាល់ដល់ប្រទេសជាតិឡើយ»។

ក្នុងសារដដែល លោក កឹម សុខា បាននិយាយទៀតថា៖ «ខ្ញុំធ្វើអ្វីៗដើម្បីខ្មែរ ជាក់ស្តែងគឺ​ទន្ទឹមនឹងធ្វើទំនាក់ទំនងការទូត និងទំនាក់ទំនងជាមួយមេដឹកនាំខ្មែរ និងខ្មែរនៅក្នុងប្រទេសកម្ពុជា ដើម្បីប្រយោជន៍ខ្មែរ ខ្ញុំក៏តែងតែចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់ និងចូលរួមជួយជាជំនួយមនុស្សធម៌ដល់បងប្អូនជនរួមជាតិដែលរងគ្រោះកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងបន្តទៅថ្ងៃមុខទៀតផងដែរ»។

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានដកសិទ្ធិធ្វើនយោបាយជាង៣ឆ្នាំហើយ គិតចាប់ពីថ្ងៃដែលសមត្ថកិ​ច្ច​បាន​ចូលចាប់ខ្លួននៅផ្ទះរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី​អំឡុងថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ ក្រោយពីលោក​រងការចោទថា ឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋា​ភិបាល។

កាលពីសប្តាហ៍មុន អភិបាលរង​រាជធានីភ្នំពេញ លោក កើត ឆែ បាននិយាយក្នុងសន្និសីទសារព័ត៌មានជុំវិញវិធានការបិទខ្ទប់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញថា ​ក្រុមអ្នក​ប្រឆាំងរដ្ឋាភិបាលមិន​បានជួយ​លុ​​​យសូម្បីតែ​មួយ​រៀល​ រួមទាំង​កម្លាំង​ ក្នុង​​​អំឡុ​ងពេលដែល​រដ្ឋាភិ​បាលខំ​ប្រឹង​ប្រែងទប់​ស្កាត់​រ​លក​ចម្លងជំ​ងឺកូវីដ​-១៩ ឆ្លងចូលសហគមន៍នាពេលនេះទេ ដោយ​ថា អ្នកទាំងនោះបានត្រឹម​តែនិយាយរិះគន់​ចំណាត់ការរបស់រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ