អតីត​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន​ រួម​គ្នា​បង្កើត​អង្គការ​សហ​គមន៍​អាស៊ី​ភាគ​អាគ្នេយ៍​

ក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំងមកពីប្រទេសមួយចំនួនដែលបានប្រកាសបង្កើត«អង្គការសហគមន៍​​អាស៊ី​ភាគអាគ្នេយ៍» ។ (ហ្វេសប៊ុក៖ SEAC: South East Asia Community)

ក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំងនៅក្នុងប្រទេសមួយចំនួននៅ​តំបន់អាស៊ានរួមទាំងកម្ពុជា បានរួមគ្នាបង្កើតអង្គការសហគមន៍អាស៊ីភាគអាគ្នេយ៍ ជាអ្វីដែលពួកគេចាត់ទុកថា ដើម្បីជំនួសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចកម្ពុជា ថាស្ថាប័ននោះទំនងគ្មានការទទួលស្គាល់ផ្លូវច្បាប់នោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី១២ ខែឧសភា ក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំងមកពីប្រទេសចំនួន៦ បានប្រកាសបង្កើត«អង្គការសហគមន៍​​អាស៊ី​ភាគអាគ្នេយ៍» ឬ «The South East Asia Community» នេះ​​ឡើង​ ក្នុងនោះរួមមាន លោក សម រង្ស៊ី ប្រធានអតីត​​គណបក្សប្រឆាំងនៅកម្ពុជា, លោក កាស៊ីត ភីរម្យ (KASIT PIROMYA) អតីតរដ្ឋមន្ត្រីការបរទេសថៃ, លោក Dr. Fadli Zon សមាជិកសភាប្រទេសឥណ្ឌូនេស៊ី, លោក Wong Chen សមាជិកសភានិងជាអនុប្រធានគណៈកម្មការសភាម៉ាឡេស៊ី, លោក SaSa រដ្ឋមន្ត្រីសហព័ន្ធសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យ​រដ្ឋាភិបាលរួបរួមជាតិមី​យ៉ាន់​ម៉ា, លោក KIKO Pangilinan សមាជិកព្រឹទ្ធសភាហ្វ៊ីលីពីន និងលោកស្រី មូរ សុខហួរ អតីតសមាជិកសភានៅ​កម្ពុជា ជាដើម។

តាមរយៈសេចក្តីថ្លែងការណ៍រួម​នោះ ​ក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំង បានសរសេរថា គោលបំណងនៃការបង្កើតអង្គការនេះឡើង គឺបន្ទាប់ពីពួកគេបានមើលឃើញថា អាស៊ានបានបរាជ័យក្នុងការបញ្ឈប់ការសម្លាប់​រង្គាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍នោះបន្តថា ប្រទេសអាស៊ានទាំង១០ នៅតែបន្តមានប្រព័ន្ធដឹកនាំរដ្ឋខុសៗគ្នា ហើយថា បន្ទាប់ពីរយៈពេល៥០ឆ្នាំមកនេះ អាស៊ានក៏បានបរាជ័យក្នុងការធ្វើប្រជាធិបតេយ្យនីយកម្មនៅក្នុងតំបន់។

បើតាមសេចក្តីថ្លែងការណ៍ដដែល គោលបំណងនៃការបង្កើតអង្គការសហគមន៍អាស៊ីភាគអាគ្នេយ៍ ហៅកាត់ថា (SEAC) គឺ​ដើម្បីជំនួស«សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍» ហៅកាត់ថា អាស៊ាន (ASEAN) និង​ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ដែលជាគោលការណ៍ដើមរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ១៩៦៧ ដើម្បីប្រឆាំងនឹងការរីកសាយ​ភាយឥទ្ធិពលកុម្មុយនីស្តនៅតំបន់អាស៊ីអាគ្នេយ៍។

លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការប្រកាសបង្កើតសហគមន៍អាស៊ីភាគអាគ្នេយ៍ របស់អ្នកនយោបាយនិងអតីតអ្នកនយោបាយមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ គឺជាការផ្ដួចផ្ដើមគម្រោងមួយ ដើម្បីពិនិត្យឡើងវិញ អំពីការកសាងនិងការវិវត្តនៃសមាគមអាស៊ីភាគអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក៏ដូចជាការចូលរួមជាចំណែកមួយរបស់អ្នកនយោបាយនៅក្រៅរដ្ឋាភិបាល មិនមែនមកពីគណបក្សកាន់អំណាច។

លោកបន្តថា ពួកគេអាចចូលរួមផ្ដល់ជាទស្សនាទាន ដែលអាចនាំឱ្យមានការឈានដល់ការធ្វើវិសោធនកម្មធម្មនុញ្ញអាស៊ាន ឬក៏ការកែទម្រង់នូវផ្នែកខ្លះក្នុងប្រព័ន្ធកិច្ចការងារនិងការដឹកនាំរបស់សមាគមទាំងមូល ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជនក្នុងតំបន់។

លោក ប៉ា ចន្ទរឿន គូសបញ្ជាក់​​ថា៖ «កន្លងមក [អាស៊ាន] ហាក់ដូចជាមិនទាន់បំពេញកាតព្វកិច្ចនិងតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសទាក់ទងទៅនឹង​នយោបាយ ការរំលោភ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដែលជាបញ្ហាក្ដៅ ដែលកន្លងមកយើងមិនសូវឃើញ​ការឆ្លើយតបឬក៏ប្រតិកម្មណាមួយឱ្យមានលក្ខណៈផ្លូវការ ឬចាត់វិធានការឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់អំពើហិង្សាឬក៏ការកាប់សម្លាប់នៅក្នុងរឿង​នយោបាយនៅក្នុងតំបន់ ជាក់ស្ដែង រឿងរដ្ឋប្រហារប្រទេសភូមា ជាដើម»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចំអកឱ្យក្រុមអតីតតំណាងរាស្ត្រនិងសមាជិកសភាគណបក្សប្រឆាំង​នៃប្រទេសដែលចូលរួមបង្កើតអង្គការនេះថា ជាក្រុមប្រឆាំងនៅក្រៅរដ្ឋាភិបាលដែលទំនងជាគ្មានការទទួលស្គាល់ចំពោះស្ថាប័នមួយនេះទេ។

លោក​មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប្រឆាំងចូលរួមជាមួយប្រឆាំងអាហ្នឹងគឺជាសិទ្ធិរបស់គេ ក៏ប៉ុន្តែត្រង់អ្នកឯងចេញសេចក្តីថ្លែងការណ៍ឬគោលការណ៍អី គឺគ្មាននរណាយកចិត្តទុកដាក់ទេ ព្រោះតំបន់អាស៊ាននេះមានរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលដែលគេហៅថា សមាគមអាស៊ាន ដែលទទួលស្គាល់ជាផ្លូវការតាមគោលការណ៍ច្បាប់និងធម្មនុញ្ញអាស៊ាន គេមិនយកក្រុមឧទ្ទាមក្រៅច្បាប់មកទទួលស្គាល់ទេ បាទ»។

ចំណែកលោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា នៅពេលដែលសំឡេងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលនោះ រួមគ្នាជាសំឡេង​​មួយ វា​ជាកម្លាំង​មួយ​ទាញស្មារតីឬការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិឬពីប្រទេស​​លោកសេរី ឱ្យគិត​ពិចារណា​​ទៅលើលក្ខ​ខណ្ឌឬការអំពាវនាវរបស់សំឡេង​ប្រឆាំង​នៅក្រៅរដ្ឋាភិបាល។

បើតាមលោក ឯម សុវណ្ណរ៉ា អាស៊ាននឹងថមថយឥទ្ធិពលឬបាត់បង់តម្លៃរបស់ខ្លួន បើមិនពិចារណាធ្វើវិសោធនកម្មលើធម្មនុញ្ញរបស់ខ្លួន ទាក់ទងនឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកទេនោះ។

លោកមានប្រសាសន៍ថា៖ «មិនថាអង្គការទើបបង្កើតឡើងថ្មីនោះទេ ទោះបីជាបណ្តាប្រទេស​នៅក្នុងក្របខណ្ឌអាស៊ាន ដែលមានធម្មនុញ្ញមួយចែងអំពីការលើកស្ទួយសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅក្នុងក្របខណ្ឌអាស៊ាននេះ ហើយ​រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិក៏គេចែងនេះ ក៏មិនអាចជំរុញ​ឱ្យប្រទេសមួយចំនួនដែលប្រកាន់របបកុម្មុយនីស្តហ្នឹងផ្លាស់ប្តូរទេ ពីព្រោះនៅក្នុងគោលការណ៍អាស៊ានមានចំណុចមួយ ថាមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃរដ្ឋជាសមាជិក»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ