សង្គម​ស៊ីវិល​ស្នើ​​អាជ្ញាធរ​ពង្រឹង​វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​ផលិត​ផល​ក្លែង​ក្លាយ​បន្ថែម​ទៀត​

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុល ប្រមាណជិត១២តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

មន្ត្រីអង្គការ​សង្គមស៊ីវិល ជំរុញទៅអាជ្ញាធរ​ពាក់ព័ន្ធពង្រឹងវិធានការទប់ស្កាត់ផលិតផលក្លែងក្លាយ​បន្ថែមទៀត​ ព្រមទាំងចាត់វិធានការច្បាប់ចំពោះអ្នកនៅពីក្រោយខ្នងបទល្មើសទាំងនោះ ដើម្បីធានាប្រសិទ្ធភាព ខណៈពួកគេសង្កេតឃើញមានការ​​ចរាចរផលិតផលក្លែងក្លាយនៅកម្ពុជា​នៅតែកើតមានឡើង។

ការជំរុញនេះធ្វើឡើង​​បន្ទាប់ពីមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម​ បានរឹបអូសនិងបំផ្លាញចោលនូវអាល់កុលក្លែងក្លាយឬមេតាណុលជិត១២តោន នៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារនេះ។

ទំព័រហ្វេសប៊ុក​របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែឧសភា ​ឱ្យដឹងថា អាល់កុល​ឬមេតាណុលក្លែងក្លាយ​ជិត១២តោននោះ ​បានរឹបអូសពីតាមបណ្តាឃ្លាំងស្តុក ​មធ្យោបាយដឹកជញ្ជូន និង​ឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុល ប្រមាណជិត១២តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព លោក យង់ គិមអេង មានប្រសាសន៍នៅថ្ងៃទី១២ ខែឧសភានេះ​ថា​ អាជ្ញាធរត្រូវពង្រឹងវិធានការ​ទប់ស្កាត់ការនាំចូលផលិតផលក្លែងក្លាយចូលមកកម្ពុជា។ លោកបន្តថា ប្រជាពលរដ្ឋខ្មែរជាច្រើនរងគ្រោះដោយ​សារ​ជំងឺកូវីដ-១៩​ ហើយត្រូវរងគ្រោះដោយសារតែផលិតផលក្លែងក្លាយទាំងនេះបន្ថែមទៀត។ ​

លោកក៏បានជំរុញដល់​ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តទៅតាមច្បាប់ឱ្យមានប្រសិទ្ធភាព បើ​​មានអំពើពុករលួយណាមួយកើតឡើងរវាងឈ្មួញនិងអាជ្ញាធរ ជុំវិញការ​នាំចូលផលិតផលក្លែងក្លាយបែបនេះ​ចូលមកកម្ពុជា ពិសេសត្រូវ​​ដាក់ទោសទណ្ឌទៅលើអ្នកប្រព្រឹត្តឬអ្នកនៅពីក្រោយខ្នង ដើម្បីចៀសវាងការបង្កឱ្យមានវិបត្តិសុខភាពសាធារណៈកើត​ឡើង។

លោក យង់ គិមអេង មានប្រសាសន៍ថា៖ «ទាមទារឱ្យអាជ្ញាធរទប់ស្កាត់ឱ្យខានតែបានលើបញ្ហាហ្នឹង ដើម្បីកុំឱ្យមានរបស់ក្លែងក្លាយនាំចូលកម្ពុជា។ ប្រសិនបើកម្ពុជាចាត់វិធានការបានតឹងរ៉ឹង យកជនដែលនាំចូលផលិតផលក្លែងក្លាយចូលក្នុងស្រុកយកទៅដាក់ពន្ធនាគារឱ្យខានតែបាន រិះរកជីកកកាយដល់ឫសគល់ ប្រហែលជាអ្នកដែលរកស៊ីរបស់ក្លែងក្លាយលែងហ៊ានតទៅទៀតដែរ»។

នាយក​ប្រតិបត្តិ​នៃអង្គ​ការ​តម្លា​ភាព​កម្ពុជា​ លោក ប៉ិច ពិសី ក៏បាន​ជំរុញឱ្យអាជ្ញាធរ​ពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយធ្វើយ៉ាងណា​ទប់ស្កាត់ការនាំចូលផលិតផលក្លែងក្លាយនិងខូចគុណភាពកុំ​ឱ្យចូលទៅកាន់ទីផ្សារនៅកម្ពុជាបាន ​។

លោកមានប្រសាសន៍ថា៖ «ផលិតផលក្លែងក្លាយមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ដល់សុខភាពសាធារណៈដល់ប្រជាជនយើង។ ជាពិសេសប្រសិនជាការនាំចូល យើងអត់ចាប់បានវិញ បានន័យថា របស់ក្លែងក្លាយនឹងនៅទីផ្សារ ប្រជាពលរដ្ឋគាត់អាចទិញ គាត់អាចប្រើប្រាស់ទៅ ប៉ះពាល់សុខភាពសាធារណៈ។ អ៊ីចឹងនេះជារឿងមួយដែលសំខាន់ យើងត្រូវទប់ស្កាត់»។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឱ្យ វីអូឌី ដឹងតាមរយៈប្រព័ន្ធតេឡេក្រាម​ថា តាំងពីប្រទេសកម្ពុជា ទទួលរងនូវវិបត្តិជំងឺកូវីដ-១៩មក ពោលគឺចាប់តាំងពីដើមឆ្នាំ២០២០ រហូត​ដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ។

លោកថា វិធានការទាំងនោះមាន​ដូចជា ការឃ្លាំមើលនិងពិនិត្យទំនិញយុទ្ធសាស្ត្រ ក៏ដូចជាទំនិញបម្រើវិស័យសុខាភិបាល រួមមាន អាល់កុល ជែលលាងដៃ ម៉ាស និងឧបករណ៍ឬសម្ភារផ្សេងទៀត។

លោកថា គិតតាំងពីដើមឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានមួយនេះ​បានរឹបអូសនិងបំផ្លាញចោលនូវមេតាណុលដែលគេបន្លំប្រើជាអាល់កុលបានចំនួន១០៦​តោន បង្គារចាក់ចាហួយចូលចំនួន២០តោន និងបាន​រឹបអូសនូវសម្ភារក្លែងក្លាយឬគ្មានគុណភាពតាមស្តង់ដារបានជាង៣០០​តោនផងដែរ។

អ្នកនាំពាក្យរូបនេះអះអាងទៀត​ថា អាជ្ញាធរនៅតែបន្តពិនិត្យទំនិញសេវា និងបានកំណត់ច្បាស់​​លាស់​ក្នុងការបង្ក្រាបនូវរាល់ការធ្វើចរាចរណ៍ ការស្តុកទុក និងការលក់ដូរនូវទំនិញក្លែងក្លាយឬគ្មានគុណភាពបន្ថែមទៀត។

ទោះជាបែបនេះក្តី កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​​ ​បាន​រិះគន់​ការបង្ក្រាបផលិតផលក្លែងក្លាយកន្លងមក ដោយថា ពួកគេ​បង្ក្រាប​បាន​តែ​ទំនិញ ប៉ុន្តែ​មិន​ឃើញ​មាន​ការ​ចាប់​ខ្លួនអ្នក​ទទួល​ខុស​ត្រូវ​យកមក​ផ្ដន្ទា​ទោសឡើយ។ លោកថា ប្រសិនបើបញ្ហានេះនៅតែកើតមានឡើងទៀត លោកនឹងមិនចូលរួម​កម្មវិធីបំផ្លាញផលិតផលក្លែងក្លាយទៀតឡើយ។

លោកបន្តថា ការ​ចាប់​ទំនិញ​ក្លែងក្លាយ​បាន​ហើយ​យក​ទៅ​កម្ទេច​ចោល​ ដោយ​មិន​មាន​ចាត់​វិធានការ​លើជន​ដែល​ប្រព្រឹត្ត​ល្មើស​ គឺ​មិន​អាច​បញ្ឈប់​ការ​ចរាចរ​ទំនិញ​ក្លែងក្លាយនិង​ខូច​គុណ​ភាព​ទាំង​នោះ​នៅលើទីផ្សារបាន​ទេ។

លោក ស ខេង បន្ថែមពេលនោះ​ថា ទំនិញ​ក្លែងក្លាយ​និងខូច​គុណភាព​​ គឺធ្វើ​ឱ្យ​​​ប៉ះពាល់​ខ្លាំង​ដល់​សុខភាពពលរដ្ឋ​ រហូត​ឈាន​ដល់ការ​បាត់​បង់​ជីវិត​ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់ប្រទេសជាតិទៀត​ផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ