កម្មករ​រោងចក្រ​មួយ​នៅ​ខេត្ត​កណ្តាល​សុំ​ថៅកែ​ផ្តល់​ប្រាក់​ឈ្នួល​ពេញ​ពេល​​ឈប់​សម្រាក​ ក្រោយ​​​រោងចក្រ​ផ្ទុះ​​កូវីដ-១៩​

ព្រឹកថ្ងៃទី២៩ ខែមេសា អាជ្ញាធរថ្នាក់ខេត្តស្រុក និងមន្ទីរពាក់ព័ន្ធ ចុះយកសំណាកកម្មករនិងនិយោជិតនៅរោងចក្រមួយក្នុងខេត្តកណ្ដាល។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកណ្ដាល)

កម្មករ-កម្មការិនី បម្រើការងារ​នៅរោងចក្រ ចេង ហាវ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្នើសុំឱ្យថៅកែផ្តល់ប្រាក់ឈ្នួល​ពេញ និង​​សុំច្បាប់ឈប់សម្រាករយៈពេល១៤ថ្ងៃ ដោយបារម្ភពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ក្រោយពីកម្មករ​រោងចក្រនេះជាច្រើននាក់ឆ្លង​ជំងឺកូវីដ-១៩។

កម្មការិនីផ្នែកដេរម្នាក់ អ្នកស្រី សាន ផល្លា​ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា កាលពីថ្ងៃទី១០ ខែឧសភា កម្មករ១៣នាក់របស់រោងចក្រ ចេង ហាវ (CHENGHAO CAMBODIA FASHION CO., LTD) ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរកឃើញវិជ្ជមានជំងឺកូវី-១៩។

អ្នកស្រីបន្តថា ក្រោយរកឃើញបែបនេះ មានកម្មករជាច្រើននាក់​​បានបង្ខំចិត្តសុំច្បាប់ឈប់សម្រាកពីការងាររយៈពេល១៤ថ្ងៃ ដោយ​បារម្ភខ្លាចឆ្លងជំងឺ​កូវីដ-១៩ ​ប៉ុន្តែពួកគេមិនទទួលបានប្រាក់ឈ្នួលទេ។

កម្មការិនីរូបនេះអះអាងថា​ បើទោះបីជាក្នុងរោងចក្រ​ផ្ទុះជំងឺកូវីដ-១៩ក៏ដោយ ក៏ថៅកែមិនបានឱ្យកម្មករឈប់សម្រាកនោះទេ ហើយថែមទាំងបង្ខំឱ្យកម្មករធ្វើការងារធម្មតា​ទៀតផង។

អ្នកស្រីបន្ថែមថា៖ «កម្មករគ្នាភ័យ គ្នាខ្លាចឆ្លង​ តែខាងរោងចក្រគេនិយាយថា បើអ្នកណាភ័យខ្លាច អត់ធ្វើការ ដាក់ច្បាប់១៤ថ្ងៃទៅផ្ទះ ដោយអត់លុយ។ អ្នកឈប់អត់ដាក់ច្បាប់ គេលុបឈ្មោះចោល។ ឥលូវអ្នកភ័យខ្លាចគេដាក់ច្បាប់ទៅផ្ទះអស់ហើយ គេសុខចិត្តអត់លុយ»

កម្មការិនីម្នាក់ទៀត អ្នកស្រី ណន ស្រីរ័ត្ន និយាយថា ពួកគាត់បារម្ភពីការឆ្លងរាលដាលជំងឺផ្លូវដង្ហើមនេះ និងចង់ឈប់សម្រាករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ប៉ុន្តែរយៈពេលឈប់សម្រាក១៤ថ្ងៃនោះ គឺពួកគាត់​ទាមទារឱ្យភាគីរោងចក្រផ្តល់ប្រាក់ឈ្នួលពេញ ខណៈកម្មករមួយចំនួនកំពុងជាប់បំណុលធនាគារ។

អ្នកស្រីបន្ថែមថា៖ «ពេលរោងចក្រផ្ទុះកូវីដអ៊ីចឹង ខ្ញុំបារម្ភ ខ្ញុំភ័យខ្លាចដែរ!  អ៊ីចឹងខ្ញុំចង់ឱ្យក្រសួងការងារជួយអន្តរាគមន៍ដោះស្រាយឱ្យពួកខ្ញុំមានលុយ កុំឱ្យពេលដែលខ្ញុំដាក់ច្បាប់ឈប់ទាំងគ្មានលុយបែបនេះ ពីព្រោះពួកខ្ញុំត្រូវការលុយបង់សងធនាគារជាប្រចាំខែ»

កម្មការិនីរោងចក្រ ចេង ហាវ ម្នាក់ទៀត កញ្ញា ស្រី វី ប្រាប់ វីអូឌី ថា កញ្ញា​ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ​-១៩កាលពីម្សិលមិញនេះ ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅវិទ្យាល័យមួយស្ថិតក្នុងឃុំកន្ទួត ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

កម្មការិនីរូបនេះបន្តថា កញ្ញាមានការតក់ស្លុតពេលដឹងថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ ហើយមានការអាណិតអាសូរដល់សមាជិកគ្រួសារ​ដែលបានជាប់ព័ន្ធ និងត្រូវបានគេយកទៅធ្វើចត្តាឡីស័ក ព្រមទាំងយកសំណាកទៅពិនិ​ត្យផងដែរនោះ។

កញ្ញាចង់ឱ្យភាគីរោងចក្រផ្តល់ប្រាក់ឈ្នួលពេញដល់កញ្ញានិងកម្មករផ្សេងទៀតដែលបានឆ្លងជំងឺកូវីដ-១៩ និងកំពុងឈប់សម្រាកធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬបន្ទប់ជួល ជាដើម។

កញ្ញាបន្ថែមថា៖ «ខ្ញុំចង់ឱ្យខាងរោងចក្រផ្តល់ប្រាក់ឈ្នួលដល់ពួកយើង អំឡុងពេលយើងនៅសម្រាកព្យាបាល ឬជាប់ធ្វើចត្តាឡីស័កហ្នឹង ពីព្រោះគ្មានអ្នកណាចង់កើតឬឆ្លងជំងឺមួយនេះទេ។ អ្នកខ្លះគាត់ត្រូវការចំណាយផ្សេងៗ និងអ្នកខ្លះត្រូវការបង់សងគេដែរ អ៊ីចឹងដែរណា»

វីអូឌី មិនអាចរកការឆ្លើយតបពីភាគីរោងចក្រ ចេង ហាវ បាននៅឡើយទេ ពាក់ព័ន្ធករណីនេះ។

នាយនគរបាលប៉ុសិ៍្តឃុំសៀមរាប លោក ឡាយ ទូច មានប្រសាសន៍ថា នៅព្រឹកមិញនេះ កម្មករប្រហែលជិត១ ០០០នាក់ បានប្រមូលផ្តុំមុខរោងចក្រ និងបានដាក់ពាក្យសុំច្បាប់សម្រាកពីការងារ ដោយសារពួកគេភ័យខ្លាចឆ្លងជំងឺកូវីដ-១៩។ លោកថា ពាក់ព័ន្ធករណីនេះ​ មន្ទីរនិងក្រសួងការងារ រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានជួបប្រជុំគ្នាដើម្បីដោះស្រាយហើយ​ដែរ។

លោកបន្ថែមថា៖ «នៅក្នុងរោងចក្រហ្នឹងវាផ្ទុះមេរោគ [កូវីដ-១៩] អ៊ីចឹងកម្មករផ្អើលអត់ព្រមចូលធ្វើការងារ ដោយសារភ័យខ្លាចឆ្លង ឥលូវក្រសួងការងារនិងអាជ្ញាធរពាក់ព័ន្ធគេកំពុងប្រជុំរកដំណោះ​ស្រាយ»។

ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុល នាង ប្រាប់ថា កំពុងជាប់រវល់ប្រជុំ មិនអាចនិយាយបាន ខណៈអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនបានឆ្លើយតបឡើយនៅថ្ងៃទី១២ ខែឧសភានេះ។ ​

អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ ធ្លាប់ជំរុញឱ្យរដ្ឋាភិបាលពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះកម្មករជាប់ធ្វើចត្តាឡីស័ក និងកម្មករផ្សេងទៀតដែលកំពុងរាំងខ្ទប់ដោយសារជំងឺកូវីដ-១៩។ លោក ឃុន ថារ៉ូ បន្តថា និយោជកត្រូវតែផ្តល់ប្រាក់ឈ្នួលពេញទៅដល់កម្មករ ខណៈពួកគេជាប់ធ្វើចត្តាឡីស័ក ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកបន្ថែមថា៖ «អ៊ីចឹងការដែលឱ្យកម្មករគាត់ឈប់សម្រាក ដើម្បីធ្វើតេស្តរកកូវីដ ហើយដើម្បីទប់ស្កាត់កុំឱ្យមានហានិភ័យនៃការឆ្លងរីករាលដាល អាហ្នឹងវាជាកាតព្វកិច្ចរបស់និយោជក ហើយអាហ្នឹងវាក៏ជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែរ។ ហើយក៏មិនមានច្បាប់ណាចែងថា ការដែលឱ្យកម្មករឈប់សម្រាកហ្នឹង មិនត្រូវទទួលបានប្រាក់ឈ្នួល អាហ្នឹងវាអត់មានទេ»

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឱ្យដឹង​ថា មានកម្មករនិយោជិត១ ៧០០នាក់ បម្រើការងារនៅរោងចក្រជាង២០០ (២០៦) នៅតាមបណ្តា​រាជធានី-ខេត្ត បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែរហូតមកទល់ពេនេះ ក្រសួងនៅពុំទាន់បង្ហាញតួលេខថ្មីស្តីពីការឆ្លងជំងឺសកលនេះទៅលើកម្មករនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ