អាជ្ញាធរ​ឃាត់​ខ្លួន​តំណាង​សមាគម​ IDEA​ ម្នាក់​ក្រោយ​ចុះ​ស្រង់​​ឈ្មោះ​ពលរដ្ឋ​​រង​គ្រោះ​ដោយ​កូវីដ-១៩​

អាជ្ញាធរខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យនៅតំបន់ប្រជុំជនមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនតំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំនៅក្រុងប៉ោយប៉ែតម្នាក់ ដើម្បីសួរនាំ ក្រោយពីបុរសរូបនោះបាន​​ដើរចុះស្រង់ឈ្មោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ-១៩។​

អធិការរងនគរបាល​ក្រុង​ប៉ោយប៉ែត ​លោក ប៊ន សីហា បានប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ការឃាត់ខ្លួនលោក កង ណាកន នេះ គឺដើម្បីសួរនាំជុំវិញសកម្មភាពរបស់គាត់​​ដែលដើរចុះស្រង់ឈ្មោះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ប្រមាណជា១៧០នាក់​ នៅក្នុងគោលបំណងអ្វី។

លោកបន្តថា តែអាជ្ញាធរមិនទាន់បានសួរនាំផង ក៏បានបញ្ជូនលោក កង ណាកន ទៅធ្វើចត្តាឡីស័កនៅឯមណ្ឌលវិទ្យាល័យនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ភ្លាមៗ បន្ទាប់ពីអាជ្ញាធរបានអះអាងថា​ លោក កង ណាកន បានចូលទៅពិសាកាហ្វេនៅក្នុងហាងគុយទាវមួយដែល​អ្នកឆ្លងជំងឺកូវីដ-១៩ ចូលទៅទីនោះ។

លោក ប៊ន សីហា ថ្លែងថា៖ «មិនបានឃាត់ខ្លួនទេ បង! យើងហៅគាត់មកសួរនាំ ហៅគាត់មកសួរនាំអារឿងគាត់ប្រមូល[ឈ្មោះ]ប្រជាពលរដ្ឋ១៧០នាក់ យកទៅធ្វើអី! ប្រជាពលរដ្ឋបានប្តឹងមក យើងហៅគាត់ទៅសួរនាំ តែអត់ទាន់បានសួរនាំគាត់ទេ ក៏ដឹងថា គាត់ហ្នឹងទៅជាប់ពាក់ព័ន្ធជាមួយហាងកាហ្វេហាងគុយទាវមួយដែលមានអ្នកដែលឆ្លងមេរោគ អ៊ីចឹងទៅសម្រេចយកគាត់ទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅឯសង្កាត់និមិត្ត»។

កាលពីថ្ងៃទី១១ ខែឧសភា ម្សិលមិញនេះ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចេញសេចក្តីប្រកាសព័ត៌មានមួយ​ថា ការឃាត់ខ្លួនតំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ប្រចាំសាខាខេត្តបន្ទាយមានជ័យ លោក កង ណាកន បានធ្វើ​ឡើង​​នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយមិនដឹងពីមូលហេតុនោះឡើយ។ ប៉ុន្តែបើតាមតែសាម៉ីខ្លួនបានបញ្ជាក់ ថាការឃាត់ខ្លួននេះគឺបន្ទាប់ពីលោកបានចុះស្រង់ឈ្មោះសមាជិកដែលរងគ្រោះដោយសារកូវីដ-១៩កាលពីសប្តាហ៍មុន ហើយសមត្ថកិច្ចក៏បានតាមរកឃាត់ខ្លួនលោកតែម្តង។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចោទជាសំណួរថា ប្រសិនបើការឃាត់ខ្លួននេះដោយសារលោក កង ណាកន ពាក់ព័ន្ធករណីកូវីដ-១៩ នៅក្នុងហាងគុយទាវមួយនោះមែន ហេតុអ្វីអាជ្ញាធរមកឃាត់ខ្លួនតែចំពោះលោក កង ណាកន ម្នាក់បែបនេះ?

លោក វន់ ពៅ បានបន្តទៀតថា៖ «ខ្ញុំយល់ថា វាដូចជារឿងតក់ក្រហល់មួយ ហើយវាក៏ជារឿងមួយហាក់ដូចជាមិនប្រក្រតី ព្រោះអ្នកដែលទៅផឹកកាហ្វេហ្នឹងមិនមែនតែបង កង ណាកន ម្នាក់ឯងឯណា! មនុស្សមួយគំនរ ហេតុអ្វីបានជាហៅសាកសួរតែបង ណាកន ម្នាក់ឯង! ហើយមួយទៀត ការចុះទៅស្រង់ចំនួនសមាជិកយកលេខអត្តសញ្ញាណបណ្ណ ហើយនិងឈ្មោះតាមអត្តសញ្ញាណបណ្ណ គឺគាត់ធ្វើឡើងតាមការខលទូរសព្ទហ្នឹង ផ្ញើតាមស្មាតហ្វូនបញ្ជូនពីមួយទៅមួយឱ្យគាត់តែប៉ុណ្ណោះ។ អ៊ីចឹងអាហ្នឹងគ្រាន់តែជារឿងសប្បុរសធម៌ សកម្មភាពសប្បុរសធម៌សុទ្ធសាធ មិនមែនជារឿងនយោបាយញុះញង់អីទេ គឺជារឿងសប្បុរសធម៌។ អ៊ីចឹងខ្ញុំគិតថា វាជារឿងមួយមិនប្រក្រតីដែលហៅគាត់ទៅសាកសួរ។ បាទ! វាគួរឱ្យសោកស្តាយ»។

លោក វន់ ពៅ បន្ថែមថា ​លោក កង ណាកន បច្ចុប្បន្នកំពុងមានរោគប្រចាំកាយលើសឈាម និងឡើងជាតិអាស៊ីតផង។ ករណីនេះ លោកបានអំពាវនាវឱ្យអាជ្ញាធរដោះលែងសមាជិករបស់លោកឱ្យមានសេរីភាពឡើងវិញ។

យ៉ាងណាក្តី លោក ប៊ន សីហា អធិការរងនគរបាលក្រុងប៉ោយប៉ែត នៅមិនទាន់បញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ ថាតើបន្ទាប់ពីការធ្វើចត្តាឡីស័ក១៤ថ្ងៃរួចហើយ អាជ្ញាធរនឹងដោះលែងលោក កង ណាកន ឱ្យមានសេរីភាពវិញឬយ៉ាងណានៅឡើយ ដោយសារតែអាជ្ញាធរកំពុងស៊ើបអង្កេតនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ