គម្រោង​វិនិយោគ​ធំ​មួយ​ដែល​លុប​សមុទ្រ​ក្នុង​ខេត្ត​កំពត​នៅ​តែ​បន្ត ខណៈ​វិវាទ​នឹង​សហ​គមន៍​នៅ​តែ​មាន​

តំបន់សហគមន៍ប្រជានេសាទព្រែកត្នោត​ ស្ថិតនៅ​ក្នុង​ឃុំ​ព្រែកត្នោត ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ (យាង សុជាមេត្តា/ ០៣ មីនា ២០២០)

​គម្រោង​វិនិយោគកំពង់ផែ និង​តំបន់​សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពត ​របស់​ក្រុម​ហ៊ុនអតីតសមាជិកព្រឹទ្ធសភា​មួយរូប នៅតែបន្តតាមការគ្រោងទុក បើទោះ​ជា​គម្រោងនេះត្រូវបានសហគមន៍អះអាងថា នៅមានវិវាទ​ពាក់ព័ន្ធការ​លុបសមុទ្រ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់ជីវភាពរស់នៅរបស់ពួកគាត់ក្តី។​

របាយការណ៍វិនិយោគរបស់ក្រុមហ៊ុន ជីងគ័រ ដែល វីអូឌី ​ទទួលបាន​កាលពីពេលថ្មីៗនេះ បង្ហាញថា គិតចាប់​ពី​ឆ្នាំ​២០​១២ រហូតដល់ពេលបច្ចុប្បន្ន ទាំងក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ទីស្តី​​ការគណៈ​​រដ្ឋមន្រ្តី បានអនុញ្ញាត​ឱ្យក្រុមហ៊ុន ជីងគ័រ ​វិនិយោគលើទីតាំងដែល​កំពុង​មាន​វិវាទ​ជា​មួយ​សហគមន៍នេសាទចំនួន​២ នៅក្នុងខេត្តកំពត។

របាយការណ៍ដដែលនោះបញ្ជាក់ថា អ្នកស្រី កែវ ម៉ាលី ជាអតីតសមាជិកព្រឹទ្ធសភាមកពី​គណ​បក្ស​គ្រប់គ្រងអំណាច ជា​ម្ចាស់​​ក្រុមហ៊ុន ជីងគ័រ​ ទទួលបាន​​សិទ្ធិចាក់​ដីលុប​សមុទ្រ​ចំនួន៦៤០​ហិកតា។ ប៉ុន្តែរបាយ​ការណ៍នៅក្នុងឧបសម្ព័ន្ធដាច់ដោយឡែកមួយផ្សេងទៀតដែល​បាន​ភ្ជាប់​​​ជាមួយនឹង​សំណើ​​ទៅ​ក្រសួងរៀបចំ​ដែនដី កាលពីខែ​កញ្ញា ឆ្នាំ២០២០ បាន​បង្ហាញ​​​​ថា ក្រុម​ហ៊ុន​​មួយនេះបាន​​ស្នើ​​ចាក់​​ដី​លុប​​ឆ្នេរ​​សមុទ្រនៅ«ប្លុកអេ» និង «ប្លុកប៊ី» ចំនួន១ពាន់​ហិក​តា​។ តួលេខនេះ មិន​ទាន់​រាប់​បញ្ចូល​​ផ្ទៃ​ដី​ដែល​ក្រុមហ៊ុន​កំពុង​កាន់កាប់ចំនួន៣០ហិកតា និងការវិនិយោគ​​រោងម៉ាស៊ីន​កិនស្រូវ​ខ្នាត​អន្តរ​ជាតិ នៅឡើយ​​ទេ។

ពលរដ្ឋនានារស់នៅនិងកម្សាន្តនៅសហគមន៍​នេសាទ​ត្រពាំង​រពៅ ដែលជា​សហគមន៍​មួយ​ក្នុងចំណោមសហគមន៍​ចំនួន៥ ស្ថិតនៅ​ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្តកំពត កាលពីអំឡុងឆ្នាំ២០២០។

តំណាងក្រុមហ៊ុន ជីងគ័រ (Ching Kor) និងជាជំនួយការផ្ទាល់របស់លោកស្រី កែវ ម៉ាលី អតីតម្ចាស់ក្រុម​ហ៊ុននេះ គឺលោក ស៊ឹម សុភា មានប្រសាសន៍នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះថា បើទោះជាលោកស្រី កែវ ម៉ាលី បានទទួលមរណភាពកាលពីខែតុលា ឆ្នាំ២០២០ និងស្របពេល​ដែលក្រុមហ៊ុនមានភាពស្ងៀមស្ងាត់ក្នុងគម្រោងអភិវឌ្ឍន៍នេះ ប៉ុន្តែ​មិនមែន​មាន​ន័យថា ក្រុម​​ហ៊ុន​បោះបង់ចោល​​​ការ​វិនិយោគរបស់​​ខ្លួន​នៅខេត្តកំពតនេះ​​​ទេ​។ ​

​លោកបន្ថែម​ថា ក្នុងដំណាក់​កាល​​នេះ ខាង​ក្រុម​ហ៊ុន​កំពុង​សិក្សា​ពី​ផលប៉ះពាល់​បរិស្ថានឱ្យ​​បាន​គ្រប់ជ្រុង​ជ្រោយ​ជា​មុន​សិន។

លោក ស៊ឹម សុភា បញ្ជាក់ថា៖ «ដូចជាមិនមានការមិនពេញចិត្តពីប្រជាពលរដ្ឋអីទេ។ ប្រសិនបើមានការតវ៉ាពីប្រជាពលរដ្ឋ អាហ្នឹងខ្ញុំអត់ដឹងទេ មានតែថ្នាក់លើទេដែលជាអ្នកដោះស្រាយ»។

ពាក់ព័ន្ធនឹង​ផែនការវិនិយោគរបស់ក្រុមហ៊ុន ជីងគ័រ អ្នកស្រី កែវ ម៉ាលី កាលនៅមានជីវិត ​ធ្លាប់​អះអាង​ថា ​​នឹងប្រើប្រាស់​តំបន់នេះឱ្យ​ប្រែ​ក្លាយ​​ទៅជាគម្រោងអភិវឌ្ឍន៍ «មហាសមុទ្រទេសចរណ៍កំពត»  ដូច​ជា សាង​សង់​កំពង់ផែ មណ្ឌល​លំហែ​កាយ ខុនដូ និងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។ តាម​រយៈ​គម្រោងនេះ ក្រុមហ៊ុនត្រូវចំណាយ​ដើម​​ទុន​​ក្នុងការវិនិយោគចំនួន១​ ៥០០​លានដុល្លារ​អាមេរិក ក្នុង​រយៈពេល​៥០ឆ្នាំ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ធ្លាប់បាន​បញ្ជាក់នាពេលកន្លងមក​​ថា អង្គភាពរបស់លោកមិនមាន​​មធ្យោ​បាយណាមួយដើម្បីទប់ស្កាត់ការអភិវឌ្ឍនេះទេ។ លោកបន្ថែមថា លោកអាចមានសិទ្ធិត្រឹម​ឯក​ភាព​​ប៉ុ​ណ្ណោះ​​​។

ចំណែករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ធ្លាប់បានបដិសេធក្នុងការអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​។

ប្រធានសហគមន៍ព្រែកត្នោត ខេត្តកំពត លោក អ៊ុក សុវណ្ណារិទ្ធិ លើកឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ​ថា ក្រោយពីអ្នកស្រី កែវ ម៉ាលី បាន​​ទទួលមរណភាពទៅ​ ផែនការថានឹងលុបសមុទ្រក្រោមហេតុផលវិនិយោគរបស់​ក្រុមហ៊ុន ជីងគ័រ នេះ ដូចមិនមាន​សកម្ម​ភាព​អ្វីទេ។ លោកបន្ថែមថា ប្រសិនបើ​គម្រោង​អភិវឌ្ឍន៍​នេះពិត​ជាត្រូវ​អសារបង់មែន នោះ​​​​​ជាសំណាងរបស់ប្រជាពលដ្ឋនៅក្នុងសហគមន៍ដែលរស់​ពឹង​លើ​ផល​​នេសាទ​តែម្តង។ ​

លោក​បន្តថា៖ «គាត់ [ពលរដ្ឋ] យកលុយគេ ដូចថាបង់រម្លស់តាមរយៈធនាគារអីជាដើម ដូចយកលុយធ្វើផ្ទះ។ ដល់អ៊ីចឹងទៅ គាត់អាចរកលុយបង់រម្លស់ធនាគារបាន អាចរកលុយឱ្យកូនទៅរៀនបាន អាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។ ខ្ញុំគិតថា វាអត់មានបញ្ហាអីទេ បើសិននៅតំបន់ហ្នឹងអត់មានការអភិវឌ្ឍ»។

លោក អ៊ុក សុវណ្ណារិទ្ធិ អះអាងថា ប្រសិនបើគម្រោងវិនិយោគរបស់ក្រុមហ៊ុន​ដំណើរការ នឹង​បណ្តាល​ឱ្យ​ពលរដ្ឋជាង១ ០០០គ្រួសារ នៅក្នុង​ស​ហគ​មន៍ចំនួន​​២ រួមមាន «សហគមន៍​ព្រែកត្នោត» និង «សហគមន៍​ត្រពាំងរពៅ» ស្ថិតនៅក្នុងស្រុកទឹកឈូ ​ខេត្តកំពត នឹងត្រូវរងផលប៉ះពាល់​ដោយផ្ទាល់ និងរាប់ពាន់គ្រួ​សារ​​ផ្សេង​​​ទៀតត្រូវរងផលប៉ះ​ពាល់​​ដោយប្រយោល។

សហគមន៍​នេសាទ​ត្រពាំង​រពៅ ជា​សហគមន៍​មួយ​ក្នុងចំណោមសហគមន៍​ចំនួន៥ ស្ថិតនៅ​ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្តកំពត។

បើតាមប្រធានសហគមន៍រូបនេះ ផ្ទៃទឹកសរុបដែលប្រជាពលរដ្ឋតែងទទួលផល​នេសាទប្រចាំថ្ងៃ​នៅតំបន់នោះ មានទំហំជាង​២​ ៤០០ហិកតា។

មេឃុំព្រែកត្នោត លោក គង់ ប៊ុនរៀ មានប្រសាសន៍ថា ជាធម្មតា ការអភិវឌ្ឍចៀសមិនផុត​ពីមានផល​ប៉ះពា​ល់​ទេ​ ហេតុដូច្នេះ ការដោះស្រាយគឺត្រូវមើលទៅលើភាពជាក់ស្តែងដែលប្រជាពលរដ្ឋត្រូវការ។

ទាក់ទិនបញ្ហានេះ វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេ នៅថ្ងៃនេះ។ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីស៊ី បញ្ជាក់ថា ស្ថាប័នរបស់ខ្លួនមិនផ្តល់បទសម្ភាសន៍តាមទូរសព្ទដល់អ្នកសារព័ត៌មាន ដោយ​​តម្រូវឱ្យធ្វើលិខិតស្នើសុំជាមុន។

មន្រ្តីសម្របសម្រួលសមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្តកំពត លោក យន់ ផល្លី យល់ឃើញថា ក្នុងទំហំនៃផលប៉ះពាល់ដែលធំបែបនេះ រដ្ឋាភិបាលគួរដកឃ្លាពិចារណា​ឡើង​វិញ។ លោកបន្ថែមថា ប្រសិនបើបន្តវិនិយោគទៀត នឹងធ្វើឱ្យ​​ពលរដ្ឋបាត់ចំណូល ត្រូវបង្ខំចិត្ត​ធ្វើ​ចិត្ត​​ចំណាកស្រុក និងធ្លាក់ខ្លួនក្រ​ព្រោះជាប់​បំណុល​ធនាគារ​ ជា​ដើម។

លោកបានថ្លែងថា៖ «បើសិនជាលុបទៅ ធ្វើឱ្យប្រជាពលរដ្ឋត្រូវធ្វើចំណាកស្រុក។ និងទី២ទៀត ចំណូលសេដ្ឋកិច្ចគ្រួសារគាត់នឹងមានការកើនឡើង បើសិនជាយើងទប់ស្កាត់ការលុបនេះបាន។ តែបើទប់ស្កាត់អត់បានទេ ចំណាកស្រុកក៏ចំណាក ហើយសេដ្ឋកិច្ចគ្រួសារគាត់ក៏ធ្លាក់ចុះ»។

កាលពីខែកុម្ភៈ ឆ្នាំ២០១២ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចរបស់ខ្លួនស្តី​ពី​​​ការ​កំណត់​តំបន់​ឆ្នេរសមុទ្រ។ សេចក្តីសម្រេចនោះសរសេរថា ការចាត់ទុកជាឆ្នេរសមុទ្រ ត្រូវ​កំណត់​ចាប់​ពីខ្សែ​បន្ទាត់​ទឹកជោរខ្ពស់បំផុតនៃទឹកសមុទ្រឡើងមកលើ រហូតដល់ខ្សែបន្ទាត់ហាម​ឃាត់។ ​បញ្ញត្តិ​នេះគឺមិនអនុញ្ញាតឱ្យមានការវិនិយោគ រួមមាន ការកាន់កាប់ ឬសាងសង់នានាជាថ្មឬខ្សាច់ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ