អ្នក​សារ​ព័ត៌មាន​ VOD ម្នាក់​​ត្រូវ​អាជ្ញាធរ​ដក​យក​សម្ភារ​និង​មិន​ឱ្យ​ថត​ពេល​​​ចុះ​​យក​​ព័ត៌មាន​​រឿង​​ដី​ធ្លី​

អាជ្ញាធរពាក់ព័ន្ធចុះសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីនៅពេល​ពលរដ្ឋ​ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រមូលផ្តុំគ្នាតវ៉ារកដំណោះស្រាយ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

អាជ្ញាធរខេត្តពោធិ៍សាត់ បាន​ដកយកសម្ភារ និងហាមឃាត់​អ្នកសារព័ត៌មាន​សំឡេងប្រជាធិបតេយ្យវីអូឌី (VOD) ម្នាក់​មិនឱ្យថតរូប អំឡុងពេលលោកចុះយកព័ត៌មានរឿងពលរដ្ឋ​នៅខេត្ត​កំពង់ឆ្នាំងតវ៉ា​​​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ដែល​​​ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់​ ដើម្បីទាម​ទារឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីរបស់ពួកគេ។

អ្នករាយការណ៍ព័ត៌មានវីអូឌី​ លោក ឃុត សុគន្ធ លើកឡើងថា នៅព្រឹកមិញនេះ រូបលោកបានចុះទៅយកព័ត៌មាននៅឃុំអន្សាចំបក់ ស្រុកក្រគរ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងអភិបាលរងខេត្តពោធិ៍សាត់ចុះទៅប្រាប់​ពលរដ្ឋខេត្តកំពង់ឆ្នាំងដែលមានដីនៅក្នុង​ខេត្តពោធិ៍សាត់ មិនឱ្យអាស្រ័យផលលើដីនោះទៀត។

លោកបន្តថា អំឡុងពេលដែលអភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ និយាយទៅកាន់ប្រជាពលរដ្ឋ រូបលោកបានយកឧបករណ៍​មក​ថត​សំឡេងនិងយកសៀវភៅមកកត់ត្រា ប៉ុន្តែត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ ហើយបានឆក់យកឧបករណ៍ថតសំឡេងនិងសៀវភៅពីលោក​។

លោកថា៖ «សមត្ថកិច្ចបានហៅខ្ញុំទៅ ហើយបានចាប់ក៏ឆក់យកសៀវភៅ និង Recorder ឬឧបករណ៍ថតសំឡេងពីខ្ញុំ ហើយបានលុបចោលសំឡេងដែលខ្ញុំបានថត ហើយគាត់បានព្យាយាមមិនឱ្យយើងថតទៅទៀត។ ហើយគាត់ថា បើថត គាត់ចាប់យកទូរសព្ទអីអ៊ីចឹងទៅ។ ហើយ​រហូតខ្ញុំបានទៅនិយាយជាមួយអភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ ហ្នឹង ថាមូលហេតុអីមិនឱ្យខ្ញុំថត តែគាត់មិនបានឆ្លើយទេ គ្រាន់តែគាត់ប្រាប់ថា ឥលូវហ្នឹងគាត់កំពុងធ្វើការអស់ហ្នឹង ហើយគាត់មិនឱ្យមានការថតអីទេ»។

លោក សុគន្ធ បន្តថា ក្រៅពីឆក់សម្ភាររបស់លោកហើយ សមត្ថកិច្ចក៏បានបា្រប់​លោកមិនឱ្យថតផ្ដិតយករូបភាពផ្សេងៗ ពាក់ព័ន្ធទិដ្ឋភាពតវ៉ានោះឡើយ ទោះបីជារូបលោកបានប្រាប់ទៅសមត្ថកិច្ចថា ខ្លួនជាអ្នកយកព័ត៌មានរួចហើយក៏ដោយ។

លោកថា៖ «ខ្ញុំបានប្រាប់ហើយ ព្រោះពេលគាត់ហៅខ្ញុំទៅ គាត់សួរខ្ញុំ អ្នកឯងមកពីណា! ខ្ញុំបានប្រាប់ថា ខ្ញុំអ្នកសារព័ត៌មានវីអូឌី​ ហើយគាត់បានថតរូបយើងផង ហើយបានថតទាំងកាតស្ថាប័ន​​យើង ថតទៅទាំងអស់ ហើយគាត់សួរ ប៉ុន្តែមិនដឹងទៅក្នុងគោលបំណងយ៉ាងម៉េច ខ្ញុំមិនដឹងទេ»។

អ្នករាយការណ៍ព័ត៌មានដែលមានពិការភាព​រូបនេះ បន្តថា សមត្ថកិច្ចបានប្រគល់ឧបករណ៍ថតសំឡេងនិងសៀវភៅមកឱ្យលោកវិញ បន្ទាប់ពីមានការសម្របសម្រួល និងក្រោយពេលជំនួបរវាងអភិបាលរងខេត្ត លោក ចេង ឡៃ ជាមួយពលរដ្ឋ ត្រូវបានបិទបញ្ចប់។

អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ មានប្រសាសន៍ថា មូលហេតុដែលសមត្ថកិច្ចមិនឱ្យថតនិងលុបសំឡេងចោល ដោយសារអាជ្ញាធរកំពុងធ្វើការ។

លោកថា៖ «Recorder ឬឧបករណ៍ថតសំឡេង​ គេយកមកមើលតើ!​ ចាំបាច់យកសំឡេងធ្វើអី! គេលុបចោល គ្រាន់តែប៉ុណ្ណឹងតើ! ខ្ញុំឱ្យថតជារូបថតបានតើ! ព្រោះព្រឹកមិញ រដ្ឋបាលចម្រុះមក ជាសមត្ថកិច្ច។ ខ្ញុំអត់បាម្ភអីទេកន្លែងហ្នឹង ព្រោះសមត្ថកិច្ចគេធ្វើការ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា​ លោក ណុប វី ចាត់ទុកការដកឧបករណ៍ថតសំឡេងយកទៅលុបចោលនិងដកយកសម្ភាររបស់​អ្នកសារព័ត៌មានអំឡុងពេលកំពុងបំពេញតួនាទីនេះ ថាជាការគំរាមកំហែងនិងរំលោភសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។

លោកថា៖ «វាជាការគំរាមកំហែង ជារូបភាពបំភិតបំភ័យទៅដល់កិច្ចការអ្នកសារព័ត៌មាន។ មួយវិញទៀត វា​​ជាការរំលោភបំពានធ្ងន់ធ្ងរទៅដល់កិច្ចការងារអ្នកសារព័ត៌មានដែលមានច្បាប់ការពារ។ ទង្វើបែបហ្នឹង វាអាចជះឥទ្ធិពល​អវិជ្ជមាន វាធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់ ហើយនិងកិច្ចសហការល្អ ក៏ដូចជាការដែលរដ្ឋាភិបាលបានលើកឡើងថា អ្នកសារព័ត៌មានមិនអាចខ្វះបាននៅក្នុងការពិនិត្យតាមនៅក្នុងរឿងករណីផ្សេងៗដែលកើតមានឡើងនៅ​ក្នុងសង្គម»។

លោក ណុប វី បន្តថា រដ្ឋាភិបាលគួរមានវិធានការទៅលើមន្ត្រីទាំងឡាយណាដែលបំភិតបំភ័យ គំរាមកំហែង និងរំខានដល់កិច្ចការអ្នកសារព័ត៌មាន ដើម្បីបង្ហាញពីឆន្ទៈនិងបំណងដែលរដ្ឋាភិបាលតែងតែលើកឡើងថា អ្នកសារព័ត៌មានជាដៃគូសហការល្អមួយពិតមែន។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ពុំអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃនេះ។

អង្គការអ្នកកាសែតគ្មានព្រំដែន កាលពីពេលថ្មីៗនេះ បានបន្តផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​១៨០ប្រទេសនៅ​លើពិភព​លោក។ ចំណាត់ថ្នាក់នេះបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែស្ថិតនៅក្នុងរូបភាពអាក្រក់ដដែល។   ​

​សេរីភាពសារព័ត៌មានដែលអង្គការនេះវាយតម្លៃ បង្ហាញ​ថា កម្ពុជាបានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក ពោលគឺចំណាត់ថ្នាក់លេខ១៤២ នៅឆ្នាំ២០១៨ ចំណាត់ថ្នាក់លេខ១៤៣ នៅឆ្នាំ២០១៩ និងចំណាត់ថ្នាក់លេខ១៤៤ នៅឆ្នាំ២០២០ និង​ឆ្នាំ២០២១នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ