អ្នក​នាំ​ពាក្យ​ថា​ ហា​និភ័យ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​ក្នុង​ពន្ធនា​គារ​ឋិត​ក្នុង​ភាព​អាសន្ន​

ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធពន្ធនាគារ ចុះពិនិត្យស្ថានភាពសុខភាព និងផ្សព្វផ្សាយណែនាំនូវគោលការណ៍អនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅពន្ធនាគារខេត្តកោះកុង អំឡុងខែមករា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ – Directorate General of Prisons)

មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋានពន្ធនាគារ លើកឡើងថា លទ្ធភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំតាមពន្ធនាគារក្នុងប្រទេស កំពុងឋិតក្នុងហានិភ័យខ្ពស់ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើអ្នកជាប់ឃុំនៅពន្ធនាគារខេត្តព្រះសី​ហនុ ជាង៣០នាក់។

បើតាមរបាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែឧសភា អ្នកជាប់ឃុំចំនួន៣៥នាក់នៅពន្ធនាគារក្នុង​ខេត្តជាប់មាត់សមុទ្រ​​មួយ​នេះ​ ត្រូវបានរកឃើ​ញវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១២៦នាក់។ ​

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត​ សវនា លើកឡើងនៅថ្ងៃចន្ទនេះ​ថា ចាប់ពីពេលនេះ ជនជាប់ឃុំថ្មីៗត្រូវឆ្លងកាត់ការធ្វើវិភាគរកវិជ្ជមានកូវីដ-១៩ ​ចាប់ពីពេលអាជ្ញាធរឃាត់ខ្លួននិងឡើងតុលាការ មុ​​ននឹងបញ្ជូនមកដាក់ខ្លួនដាច់ដោយឡែក១៤ថ្ងៃ តាមវិធានសុខាភិបាលនៅពន្ធនាគារបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «ឥលូវនេះ ត្រូវតែពិនិត្យសំណាក ព្រោះយើងមើលខាងក្រៅ យើងមើលអត់ដឹងទេ ទោះបីធ្វើចត្តាឡីស័ក១៤ថ្ងៃ ក៏អាចមានហានិភ័យឆ្លងចូលដល់ក្នុង[ពន្ធនាគារ]ដែរ»។

​ប្រភពដដែលឱ្យដឹងទៀតថា សម្រាប់មន្រ្តីអនុរក្សប្រចាំការនៅតាមពន្ធនាគារទាំងអ​ស់ មិនអនុញ្ញាតឱ្យធ្វើដំណើរដោយសេរី ហើ​យ​​​ត្រូវរា​យការណ៍ជាប្រចាំមកអង្គភាពរបស់ពួកគេ។ លើសពីនេះ សម្រាប់អ្នកដែលមានភារកិច្ចចូលក្នុងពន្ធនាគារ ត្រូវតែសួរនាំពីប្រវត្តិនៃការធ្វើដំណើរជាមុន។

លោក នុត សវនា មានប្រសាសន៍ថា៖ «ពេលនេះគឺជាពេលអាសន្ន ដែលយើងទាំងអស់គ្នា គ្រប់គោលដៅទាំងអស់ ត្រូវយកចិត្តទុ​កដា​ក់ខ្ពស់ក្នុងការងារនេះ។ សូម្បីតែមន្រ្តីដែលគាត់មានសិទ្ធិធ្វើដំណើរពីនេះទៅនោះ ពេលនេះត្រូវតែកម្រិតចលនារបស់ពួកគាត់ កម្រិតស​ក​​ម្មភាពចល័តរបស់គាត់»​

បើ​តាមមន្រ្តីអ្នកនាំពាក្យរូបនេះ អាជ្ញាធរបានបិទខ្ទប់ការចេញចូលពន្ធនាគារខេត្តព្រះសីហនុ និងស្រាវជ្រាវរកមូល​ហេ​​​​​តុឆ្លង ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីយកសំណាកនិងដាក់ខ្លួនដាច់ដោយឡែកសម្រាប់អ្នកប៉ះផ្ទាល់ ហើយពន្លឿនការចាក់វ៉ា​ក់សាំងលើ​​អ្នកជាប់ឃុំនៅតំបន់ហានិភ័យខ្ពស់ផងដែរ។

អ្នកស្រី ឡុច ទូច ភរិយារបស់លោក កៅ ហួរ ដែលបានជាប់ឃុំនៅពន្ធនាគារខេត្តព្រះសីហនុ ដោយសារ​វិវាទដីធ្លី លើ​កឡើងថា អ្នកស្រីមានការបារម្ភពីបញ្ហាសុខភាពប្តីរបស់គាត់ជាខ្លាំង បន្ទាប់ពីដឹង​ថា ជំងឺកូវីដ-១៩ បានឆ្លងរាលដាលចូ​លពន្ធនាគារខេត្ត ហើ​​យមន្រ្តីពន្ធនាគារប្រាប់គាត់ថា មានអ្នកវិជ្ជមានកូវីដ-១៩ ស្នាក់នៅបន្ទប់ជាមួយប្តីរបស់គាត់ទៀតផង។

អ្នកស្រីបានស្នើឱ្យមានការដោះលែងស្វាមីរបស់ខ្លួន ដោយថា ប្តីអ្នកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារទាំងអយុ​ត្តិធម៌ និងទាំងដែល​គាត់មានជំងឺវង្វេងស្មារតីថែមទៀត។

អ្នកស្រី ឡុច ទូច និយាយថា៖ «ប្តីខ្ញុំគ្មានអ្នកណាទីពឹង គាត់មិនដឹងទីពឹងនរណា! ហើយដេកយប់ឡើង កូនចៅយំ​ចង់ងាប់អស់ហើយ ដោយសារឮកូរ៉ូណា យំ! នាំគ្នាជុំគ្នាយំទ្រហឹងអឺងអាត់ ហើយ​ព្រួយបារម្ភខ្លាចគាត់ឆ្លងកូរ៉ូណា ព្រោះគាត់មានជំងឺចាំ​បាច់អ៊ីចឹង ហើយគាត់វិកលចរិតទៀត»។

ដោយឡែក អ្នកស្រី ឡុញ គង់ វ័យ២៥ឆ្នាំ ដែលមានម្តាយឈ្មោះ អេង វ៉ាន់ អាយុ៥៨ឆ្នាំ កំពុងជាប់ពន្ធនាគារខេត្តព្រះសីហនុដែរនោះ ប្រាប់ វីអូឌី ថា ម្តាយរបស់អ្នកស្រីបានជាប់ឃុំរយៈពេល១០ខែ ពីបទប្រើប្រាស់អំពើហិង្សាក្នុងជម្លោះដីធ្លីមួយកន្លែង។

អ្នកស្រីថា ម្តាយរបស់គាត់មានរោគក្រពះប្រចាំកាយ ហើយគាត់មិនដឹងពីសុខទុក្ខម្តាយរបស់ខ្លួន និងមិនដឹងថាត្រូវទាក់ទងទៅអ្នកណានោះទេ បន្ទាប់ពីមានការហាមឃាត់សាច់ញាតិអ្នកជាប់ឃុំមិនឱ្យចូលពន្ធនាគារសួរសុខទុក្ខចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក។

អ្នកស្រី ឡុញ គង់ និយាយថា៖ «ខ្ញុំសំណូមពរថា គាត់ជួយធ្វើម៉េចឱ្យអ្នកនៅក្នុងហ្នឹងជួយកុំឱ្យមានការឆ្លងតៗគ្នា ព្រោះខ្ញុំខ្លាចតែគាត់ឆ្លងនៅក្នុងហ្នឹងដែរ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ករណីវិជ្ជមានកូវីដ-១៩ ដែលរកឃើញនៅព​ន្ធ​នាគារខេត្តព្រះសីហនុ ជាមេរៀនមួយក្រើនរំឭកដល់អ្នកគ្រប់គ្រងពន្ធនាគារទាំងអស់នៅទូទាំងប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្ន និងរកដំ​ណោះ​ស្រាយកាត់បន្ថយភាពចង្អៀតណែនក្នុងបន្ទប់ឃុំខ្លួន ដែលនាំឱ្យមានហានិភ័យនៃការឆ្លងខ្ពស់និងលឿនរហ័​ស​​។

លោក អំ សំអាត មានប្រសាសន៍ថា៖ «កន្លងមក អង្គការសង្គមស៊ីវិលយើងក៏ទទូចដែរ ទាក់ទងនឹងគ្រប់ពន្ធនាគារទាំងអស់ ជាពិ​សេសទាក់ទងនឹងបញ្ហាត្រូវតុលាការ ប្រសិនជាបទល្មើសណាដែលវាជាបទល្មើសព្រហ្មទណ្ឌកម្រិតស្រាល អាចអនុញ្ញាតឱ្យនៅក្រៅឃុំបា​ន គួរតែឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីកាត់បន្ថយភាពចង្អៀតណែននិងហានិភ័យខ្ពស់នៅក្នុងពន្ធនាគារហ្នឹង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ