ពលរដ្ឋ​ថា​ដី​ជាង​៣​ពាន់​ហិកតា​ក្នុង​​សហ​គមន៍​មួយ​នៅ​ឧត្តរ​មានជ័យ​ រង​ការ​ទន្ទ្រាន​​និង​ទិញ​លក់​យ៉ាង​អនា​​ធិប​តេយ្យ​

ទីតាំងដីព្រៃសហគមន៍ «សាមគ្គីសង្គ្រោះព្រៃឈើ» មួយកន្លែង ស្ថិតនៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងទិដ្ឋភាពក្រោយរងការទន្ទ្រានយកធ្វើកម្មសិទ្ធិពីសំណាក់ជនខិលខូច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ពលរដ្ឋអះអាងថា ដីជាង៣ ០០០​ហិកតា របស់សហគមន៍មួយស្ថិតក្នុងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងរងការទន្ទ្រានយកធ្វើកម្មសិទ្ធិនិងទិញលក់ពីសំណាក់ជនខិលខូចយ៉ាងអនាធិប​តេយ្យ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។

ប្រធានបណ្តាញសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ លោក សា ថ្លៃ បានអះអាង​ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា ដីព្រៃសហគមន៍ «សាមគ្គីសង្គ្រោះព្រៃឈើ» ជាង៣ ០០០​ហិកតា ​ត្រូវបាន​​បុគ្គល​ឈ្មោះ នូ ឌីណា អាយុ៣៦ឆ្នាំ​ មុខរបរជាអ្នកលក់គ្រឿងដែក រស់នៅ​ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ជាអ្នករំលោភយក ដោយ​បាន​គប់គិតគ្នាទិញដីព្រៃសហគមន៍ពីបុគ្គលឈ្មោះ ព្រួញ រស់នៅខេត្តសៀមរាប និងបុគ្គលម្នាក់ទៀតឈ្មោះ វួន រស់នៅភូមិអូរតាម៉ែង ឃុំអន្លង់វែង។

ប្រធានបណ្តាញសហគមន៍ព្រៃឈើ លោក សា ថ្លៃ បន្ថែមថា កន្លងមក ប្រជាសហគមន៍ធ្លាប់បានធ្វើរបាយការណ៍ដាក់ជូនសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង និងដាក់បណ្តឹងទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីឱ្យមានវិធានការ​លើរឿងនេះ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានចំណាត់ណាមួយទៅលើជនល្មើសទាំងនោះនៅឡើយទេ។

លោកបន្ថែមថា៖ «ការសំណូមពររបស់ខ្ញុំ ធ្វើម៉េច​ឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការឱ្យមានប្រសិទ្ធភាព។ យើងដឹងហើយចរិតនៃច្បាប់មិនលើកលែង គឺមិនលើកលែងឱ្យបុគ្គលណាមួយទេ មិនគិតថាអ្នកមានអ្នកក្រ អ្នកតូចឬអ្នកធំទេ តែខុសច្បាប់ ត្រូវអនុវត្តទៅតាមច្បាប់។ បើអាជ្ញាធរមិនចាត់វិធានការតឹងរ៉ឹង នៅតែលើកលែង នៅតែធ្វើស្ទើរៗ អ៊ីចឹងវានឹងអស់ហើយព្រៃ​ហ្នឹង។ នៅស្រុកអន្លង់វែង មិនមែនមានតែសហគមន៍ហ្នឹងមួយទេដែលរងការកាប់បំផ្លាញ សហគមន៍មួយទៀតនោះទំហំជាង៦ ០០០​ហិកតា ក៏ស្ទើរតែអស់ទាំងស្រុងដែរ»

ប្រធានសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ លោក សត់ ពេក និយាយថា ប្រជាសហគមន៍បានខិតខំការពារព្រៃសហគមន៍មួយនេះណាស់ ប៉ុន្តែការពារមិនឈ្នះនោះទេ ដោយសារតែអ្នកដែលចូលទៅទន្ទ្រានយកនោះមានខ្នងនិងមានអំណាច។

ប្រធានសហគមន៍រូបនេះបន្តថា អ្នកទន្ទ្រាននិងទិញលក់ដីព្រៃសហគមន៍ បានគំរាមប្តឹងលោកទៅតុលាការ និងបានដាក់កម្លាំងមួយឡានមកតាមរកលោកដល់ផ្ទះ ក្រោយលោកផ្សព្វផ្សាយពីសកម្មភាពបុគ្គលនោះទិញលក់ដីព្រៃសហគមន៍ ប៉ុន្តែមិនបានជួបលោកនោះទេ ហើយលោកកំពុងបារម្ភពីសុវត្ថិ​ភាពផ្ទាល់ខ្លួន។

លោកបន្ថែមថា៖ «កាលចុះល្បាតព្រៃនៅឆ្នាំ២០២០ ខ្ញុំសាកសួរគាត់ ហើយគាត់បានប្រាប់ខ្ញុំថា ឈ្មោះ ឌីណា គាត់ជាទាហាននៅកងពលលេខ៥ ចំណុះឱ្យលេខ២ និងមុខរបរគាត់មួយទៀតជាអ្នកលក់គ្រឿងដែកនៅខេត្តសៀមរាប។ អ៊ីចឹងហើយខ្ញុំបារម្ភពីសុវត្ថិភាព ហើយខ្ញុំបានរាយការណ៍ទៅប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានរជ័យដែរ។ ទី១ ខ្ញុំបារម្ភពីសុវត្ថិភាព និងទី២ ខ្ញុំបារម្ភពីការបាត់បង់ព្រៃឈើសហគមន៍តែម្តង ពីព្រោះបទល្មើសហ្នឹងប្រព្រឹត្តដោយអ្នកមានអំណាច»

បើតាមលោក សត់ ពេក សហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ មានផ្ទៃដីសរុប៤ ១៥១ហិកតា ប៉ុន្តែបច្ចុប្បន្ននៅសល់ព្រៃប្រហែលជាង២០ភាគរយតែប៉ុណ្ណោះ។

វីអូឌី មិនអាចរកការឆ្លើយតបពីលោក នូ ឌីណា និងបុគ្គលពីរនាក់ទៀត ដែលរងនូវការចោទប្រកាន់ពីប្រជាពលរដ្ឋនោះទេ។

នាយរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ លោក អឹម សៅរិទ្ធ បានទទួលស្គាល់ថា ពិតជាមានករណី​កាប់រាននិងទិញលក់ដីព្រៃសហគមន៍ «សាមគ្គីសង្គ្រោះព្រៃឈើ» នេះ​ពិតមែន ហើយ​ថា ករណីនេះ លោកបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយដែរ។

លោកបន្ថែមថា៖ «បាទ! ករណីនេះ យើងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ»

មន្រ្តីការពារសិទ្ធិមនុស្សសមាគមអាដហុកប្រចាំខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ករណីដីព្រៃសហគមន៍នៅខេត្តឧត្តរមានជ័យ បន្តបាត់បង់នេះ គឺដោយភាពកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបានបារម្ភពីវិនាសកម្មព្រៃឈើសហគមន៍នៅក្នុងខេត្តឧត្តរមានជ័យ ប្រសិនអាជ្ញាធរនៅតែបណ្តែត​បណ្តោយ និងមិនបានចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះជនខិលខូចដែលបានល្មើសនោះទេ។

លោកបន្ថែមថា៖ «ជនខិលខូចបានគប់គិតជាមួយអ្នកមានអំណាចមួយចំនួន បានចូលទៅរុករានទៅលើដីព្រៃសហគមន៍ហ្នឹង ហើយប្រជាសហគមន៍គាត់បានធ្វើរបាយការណ៍និងដាក់បណ្តឹងសព្វគ្រប់មករដ្ឋបាលព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ហ្នឹង ប៉ុន្តែបើនិយាយពីចំណាត់ការវិញ អត់មានទេ! យើងមានការព្រួយបារម្ភណាស់ បើចេះតែបណ្តែតបណ្តោយអ៊ីចឹងទៀត នឹងរលាយហិនហោចអស់ព្រៃឈើនៅក្នុងខេត្តឧត្តរមានជ័យហ្នឹង»

ប្រធានបណ្តាញសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ លោក សា ថ្លៃ ឱ្យដឹងថា នៅក្នុងខេត្តឧត្តរមានជ័យ មានសហគមន៍ព្រៃឈើចំនួន១៣សហគមន៍ ដោយសហគមន៍មួយចំនួនបានបាត់បង់ស្ទើរទាំងស្រុងទៅហើយ ដូចជាសហគមន៍ព្រៃឈើអណ្តូងបរ សហគមន៍ព្រៃឈើដុងបេង និងសហគមន៍ព្រៃឈើផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ