កសិករ​ចិញ្ចឹម​ត្រី​ស្នើ​រដ្ឋា​ភិបាល​​ជួយ​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ត្រី​ចុះ​ថោក​និង​គ្មាន​ទីផ្សារ​

សកម្ម​ភាព​ខ្លះ​ៗនៅ​កំពង់ផែ​មាត់ទន្លេ​សាប ក្នុង​រដូវ​ធ្វើ​ផ្អក​ប្រហុក ស្ថិតនៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ (Michael Dickison​)

ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមត្រីមួយចំនួនស្នើទៅក្រសួង​ពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាតម្លៃត្រីចុះថោកនិងគ្មានទីផ្សារលក់ចេញ ខណៈពួកគេអះអាងថា ប្រសិនបើគ្មានដំណោះស្រាយ​នឹងអាចបោះបង់ចោលមុខរបរនេះតែម្តង។

កសិករចិញ្ចឹមត្រីមួយរូបនៅស្រុកបាធាយ ខេត្តកំពង់ចាម លោក ឆាយ ឈាង បានអំពាវនាវទៅក្រសួងឬស្ថាប័នជាប់ពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាតម្លៃ​ត្រី​ធ្លាក់ចុះខ្លាំង ដោយសារការនាំចូលត្រីច្រើនពីប្រទេសជិតខាង ខណៈលោកបង្ហាញពីក្តីអស់សង្ឃឹម​ក្នុងការប្រកបរបរនេះតទៅទៀត។ ​

បុរសវ័យ៤០​ឆ្នាំ ដែលប្រកបរបរចិញ្ចឹមត្រី​ឆ្ដោ និងត្រីប្រា ជាង២០ឆ្នាំមកហើយនេះ បានឱ្យដឹងទៀតថា ឈ្មួញបានឱ្យតម្លៃ​ត្រីរបស់លោកថោកជាងថ្លៃដើមផលិតទៅទៀត ដែលធ្វើឱ្យលោកត្រូវខាតបង់ ហើយប្រសិនបើលោកមិនលក់ឱ្យពួកគេទេ ឈ្មួញនឹងទិញ​ត្រីពីវៀតណាមតែម្តង។

ទោះជាយ៉ាងណា លោកថា លោកត្រូវបង្ខំចិត្ត​​លក់ត្រីមួយចំនួនក្នុងតម្លៃថោក ដើម្បីបញ្ចៀសការងាប់នៅរដូវរាំងស្ងួត និងបង្វិលលុយសងគេត្រលប់ទៅវិញ។

បើតាមអ្នកប្រកបរបរចិញ្ចឹមត្រីនៅស្រុកបាធាយរូបនេះ ករណីត្រីធ្លាក់ថ្លៃខ្លាំងនិងគ្មានអ្នកទិញនេះបានកើតឡើងរយៈពេលជិតមួយឆ្នាំមកហើយ។

លោកមានប្រសាសន៍ថា៖ «ឈប់ចិញ្ចឹម លក់ដីសងធនាគារ សល់លុយខ្លះទុករកអីផ្សេងរបរអីផ្សេង បើរបរហ្នឹងជួបឧបសគ្គតាំងពីដើមមករហូត។ បើប្រុងអ៊ីចឹងទៀត [អត់ទីផ្សារនិងតម្លៃថោក] សូម្បីតែលក់ដីហើយ សងធនាគារក៏អត់គ្រប់ដែរ»។

អ្នកប្រកបរបរចិញ្ចឹមត្រីម្នាក់ទៀតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោក ជុក លឹមហ៊ាន់ រៀបរាប់ថា បច្ចុប្បន្នមិនមានឈ្មួញមកទិញត្រីរបស់ពួកគាត់នោះទេ។

បញ្ហានេះ លោកស្នើទៅរដ្ឋាភិបាលឱ្យកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេស ដើម្បីឱ្យត្រីក្នុងស្រុកអាចលក់ចេញទៅកាន់ទីផ្សារបានទូលំទូលាយ ខណៈលោកអះអាងថា ដោយសារតែមានការនាំចូលត្រីពីខាងក្រៅប្រទេសច្រើន ទើបឈ្មួញក្នុងស្រុកមិនអាចទិញត្រីពីកសិករខ្មែរ។

លោកមានប្រសាសន៍ថា៖ «មិនមែនថាឈ្មួញឱ្យតម្លៃថោកម៉េចទេ លក់មិនចេញហ្មង! មូលហេតុអត់មានឈ្មួញទិញ ឈ្មួញរាល់ដងគាត់ថាគេនាំចូលច្រើន អ៊ីចឹងគាត់លក់អត់បាន គាត់ថាគាត់លក់អត់បាន! ប៉ុន្តែឥលូវវាកូវីដ ឈ្មួញនៅក្នុងស្រុកគាត់ថាលក់អត់សូវដាច់ដែរ ប៉ុន្តែលំហូរនាំចូលមកក្រៅ វានៅតែចូលមកអ៊ីចឹង»។

​កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សមាគមវារីវប្បករនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ​ឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១​ ត្រីច្រើនប្រភេទរបស់ប្រជាពលរដ្ឋដែលជាសមាជិកវារីវប្បករចំនួន៣១៥កន្លែង ដែលមានបរិមាណត្រីចំនួន៥ ៥២៧តោន ត្រូវកកស្ទះនៅសល់ក្នុងស្រះនៅឡើយ។ ត្រីទាំងនោះមានជាច្រើនប្រភេទ ដូចជា​ ត្រីប្រា ត្រីឆ្ដោ ត្រីពោ ត្រីអណ្ដែង ត្រីឆ្ពិន ត្រីទីឡាព៉្យា ត្រីក្រាញ់ និងត្រីធម្មជាតិដទៃទៀត។

សេចក្ដីប្រកាសព័ត៌មាន​ដដែលបន្តថា ក្នុងខែឧសភានេះ ប្រជាពលរដ្ឋជាសមាជិកវារីវប្បករទាំងនោះមានត្រីចំនួន៤ ៨២៩តោនដែលត្រូវចាប់លក់ជាបន្តទៀតផងដែរ។

សមាគមមួយនេះបានស្នើទៅក្រសួងចំនួន៣ រួមមាន ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ឱ្យជួយបន្តរឹតបន្តឹងគ្រប់គ្រងត្រីនាំចូលឱ្យបានកាន់តែម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាទីផ្សារ ព្រមទាំងហានិភ័យរបស់កសិករចិញ្ចឹមត្រីនៅកម្ពុជា។

ប្រធានសមាគមវារីវប្បករនៅកម្ពុជា លោក សុខ រ៉ាដែន ​មានប្រសាសន៍ថា តម្លៃទីផ្សារត្រីមានការធ្លាក់ចុះនិងគ្មានឈ្មួញទិញនេះ ដោយសារតែការនាំចូលប្រភេទត្រីពីក្រៅប្រទេសច្រើន​​ដែលជាប្រភេទត្រីមានលក់នៅក្នុងស្រុកស្រាប់ ដូចជា ត្រីពោ​ ត្រីឆ្ដោ និងត្រីប្រា ជាដើម។

យ៉ាងណាក៏ដោយ លោកស្នើឱ្យក្រសួងពាក់ព័ន្ធ ត្រូវប្រមូលពន្ធលើការនាំចូលត្រីឱ្យបានត្រឹមត្រូវ ដើម្បីជំរុញឱ្យផលិតផលត្រីទាំងនោះមានតម្លៃប្រហាក់ប្រហែលនឹងទីផ្សារក្នុងស្រុក និងពិនិត្យមើលគុណភាពត្រីទាំងនោះ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋក្នុងការទទួលទានផងដែរ។

លោកនិយាយថា៖ «ស្នើសុំធ្វើម៉េចប្រមូលពន្ធឱ្យគ្រប់ ពេលគេប្រមូលពន្ធគ្រប់ទៅ អាតម្លៃនាំចូលមកអាចប្រកួតប្រជែងដោយយុត្តិធម៌ សមធម៌ជាមួយត្រីយើងផលិតក្នុងស្រុក»។

​វីអូឌី មិនអាចសុំ​ការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី បានទេ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គីម សុភៈ បានប្រាប់ វីអូឌី តាមរយៈតេឡេក្រាម នៅថ្ងៃទី៦ ខែឧសភា ថាចាប់តាំងពីមានការលើកឡើងជាសាធារណៈ ស្តីពីការនាំចូលត្រីច្រើនធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមត្រីក្នុងស្រុក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញលិខិតណែនាំ ដើម្បីពង្រឹងបន្ថែមទៀតលើការគ្រប់​គ្រង និងទប់ស្កាត់ការរត់ពន្ធមុខទំនិញនេះ ឱ្យកាន់តែមានប្រសិទ្ធភាព។

លោកបន្តថា ការនាំចូលត្រីត្រូវបានអនុញ្ញាតឱ្យនាំចូលដោយការបង់ពន្ធនិងអាករបាន លុះត្រាមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម។

លោក​ថា៖ «អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដាក់ចេញភ្លាមលិខិតណែនាំលេខ ៥៨៤/២១ អគរ ចុះថ្ងៃទី២៦ មីនា ២០២១ ដើម្បីពង្រឹងបន្ថែមទៀត ការគ្រប់គ្រង និងការទប់ស្កាត់ការរត់ពន្ធមុខទំនិញនេះ [ត្រី] ឱ្យកាន់តែមានប្រសិទ្ធភាព»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជំរុញឱ្យរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយជុំវិញករណីនេះ ​ដើម្បីធានាថា ការប្រកបរបរចិញ្ចឹមត្រីរបស់កសិករខ្មែរនឹងទទួលបានផលចំណេញ។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវតែធ្វើការជំរុញ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយទិញនូវផលិតផលប្រជាពលរដ្ឋក្នុងស្រុកឱ្យបានច្រើន និងរៀបចំធ្វើម៉េចឱ្យទីផ្សារសម្រាប់លក់ផលិតផលត្រីហ្នឹង ទាំងកម្រិតទីផ្សារសហគមន៍ តាមខេត្តៗតំបន់នីមួយៗ រួមជាមួយនឹងការបោះចែកចាយត្រីតាម​ទីផ្សារធំៗទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ