បុគ្គលិក​កាស៊ីណូ​មួយ​ចំនួន​នៅ​ប៉ោយប៉ែត​ប្រឈម​បញ្ហា​​ស្បៀង​និង​បំណុល​ដោយ​​ការ​បិទ​ខ្ទប់​ក្រុង​

បុគ្គលិកដែលបម្រើការងារនៅកាស៊ីណូ ដាយមិន ស៊ីធី អង្គុយរង់ចាំផ្ដល់សំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅទីតាំងកាស៊ីណូផ្ទាល់ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

បុគ្គលិកកាស៊ីណូមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងប្រឈមបញ្ហាខ្វះអាហារ ស្របពេលបាត់បង់ការងារនិងការកើ​នឡើងនៃបំណុលធនាគារ ខណៈពួកគេមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភឬស្បៀងអាហារ អំឡុងពេលបិទខ្ទប់ដើម្បីកាត់ផ្តាច់រលកចម្លងជំងឺកូវីដ-១៩នៅឡើយ។

បុគ្គលិកកាស៊ីណូ DNA Star Vegas ផ្នែកល្បែង លោក ស៊ិន រក្សា ឱ្យដឹងនៅថ្ងៃនេះថា លោកនិងភរិយា ព្រមទាំងបុគ្គលិក​​ប្រមាណ៤​០នាក់ផ្សេងទៀត ជាប់ក្នុងអាគារស្នាក់នៅរបស់កាស៊ីណូកម្ពស់៧ជាន់ ជាង១សប្ដាហ៍មកហើយ។ លោ​កថា អាជ្ញាធរដាក់របាំងមុខច្រកផ្លូវ និងអនុញ្ញាតឆ្លងកាត់ចេញត្រឹម១០នាទីដើម្បីទិញអាហារដែលមានល​ក់ក្នុងផ្ទះជាប់រោងចក្រ និងមានអ្នកដឹកតាមរទេះម្តងម្កា​លប៉ុណ្ណោះ។

បុរសវ័យ២០ឆ្នាំរូបនេះអះអាងថា លោកហូបបាយជាមួយត្រីខកំប៉ុង ពងទា និងមីកញ្ចប់ ជាប្រចាំ និងទិញសាច់ជ្រូកប្រឡាក់ទុកហូប​ម្តងម្កាលប៉ុណ្ណោះ ដើម្បីត្បិតត្បៀតលុយកាក់សេសសល់ពីប្រាក់ខែចុងក្រោយ ទុកសម្រាប់ត្រៀមទប់ទល់បានមួយរយៈពេលខ្លីទៀត។

បើតាមលោក រក្សា បុគ្គលិកដទៃទៀត រួមទាំងលោកផង​ ដែលកំពុងជាប់ក្នុងអាគារស្នាក់នៅ កំពុងប្រឈមនឹងបញ្ហាដាច់ស្បៀង ប្រសិ​នបើការបិទខ្ទប់បន្តអូសបន្លាយ ដោយសារពួកគេមិនទទួលបានប្រាក់ខែ ប្រាក់ឧបត្ថម្ភ ឬស្បៀ​​ងអាហារពីថៅកែឬអាជ្ញាធរ​នៅ​​ឡើយ។

លោក ស៊ិន រក្សា និយាយថា៖ «ក្តីបារម្ភខ្ញុំមានតែរឿងស្បៀងនិងទឹកដោះគោកូន ព្រោះអីអត់មានចំណូល អត់ការងារធ្វើ កូនទើបបាន២ខែ។ កូនអឹមទឹកដោះគោរហូត ហើយប្រពន្ធនៅជុំគ្នានៅអាគារនេះ»

បុគ្គលិកផ្នែកចែកបៀរនៅកាស៊ីណូ Great Lion ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត លោក យ៉ុង យិន និយាយថា លោកត្រូវបានអនុញ្ញាតឱ្យមកស្នាក់នៅបន្ទប់ជួលជាមួយគ្រួសារដែលមានគ្នា៥នាក់ ជាប់ខ្សែក្រវាត់តំបន់ក្រហមមួយថ្ងៃមុនបិទខ្ទប់ថ្ងៃទី២៤ ខែមេសា។

​បុរសវ័យ៣៩ឆ្នាំ និងមានកូនតូចពីរនាក់ក្នុងបន្ទុករូបនេះ បន្ថែមថា​ លោកនិងបុគ្គលិកដទៃទៀតដែលមានប្រមាណ៧០នាក់ មិនទាន់ទទួលបា​នប្រាក់ឧបត្ថម្ភឬប្រាក់ឈ្នួលអំឡុងពេលបិទខ្ទប់ ដូចកម្មករក្នុងវិស័យរោងចក្រដេរសម្លៀកបំពាក់និងបុ​គ្គលិកកាស៊ីណូដែលមានសហជីពតំណាងមួយចំនួននោះទេ។

លោក​ យ៉ុង យិន និយាយថា៖ «បញ្ហាធំហ្នឹង បុគ្គលិកក៏ដូចជាប្រជាជននៅខ្មែរយើងភាគច្រើនជួបទៅ ឮថា យើងខ្ចីខាងធនាគារ។ អ៊ីចឹងកន្លែងការងារត្រូវបានបិទ អ៊ីចឹងយើងជួបផលវិបាកខ្លាំងតែម្តង បន្ទាប់ពីអត់ការងារធ្វើហើយ យើងមិនដឹងថាទៅចាប់អាជីពកា​រងារអីផ្សេងនៅឡើយ»

បុគ្គលិកកាន់ផ្នែកស្តុក ដែលធ្វើការប្តូរវេននៅកាស៊ីណូ Grand Diamond City លោក សូ សំរិទ្ធិសិលា លើកឡើងថា លោកស្នាក់នៅប្លុកបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្បែរកន្លែងធ្វើការដែលជាតំបន់ផ្ទុះជំងឺ​ខ្លាំង​មួយ។ លោកថា អាជ្ញាធរបានដាក់ប៉ារ៉ាស់ព័ន្ធខ្សែបិទច្រកចេញចូល​នីមួយៗ និងដាក់កម្លាំងយាមកាមមិនឱ្យនរណាម្នាក់ចេញឬចូលសូម្បីទិញអាហារ។

លោកថា ចាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០២០មក ក្រុមហ៊ុនកាស៊ីណូបានបែកចែកវេនសម្រាប់បុគ្គលិកធ្វើការ ហើយលោកអាចបន្តធ្វើការបានក្នុង១ត្រីមាសបាន១ខែប៉ុណ្ណោះ ដោយលោកត្រូវរត់ម៉ូតូឌុបឬរករបរផ្សេងបន្ថែម ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាព។

លោកបន្ថែមថា​ ​ចាប់ពីពេលបិទខ្ទប់លើកនេះ លោកត្រូវបាត់បង់ចំណូលទាំងស្រុង និងកំពុងប្រឈមការដាច់ស្បៀង និងអស់ប្រាក់ទិញម្ហូបអាហារ ដោយសារអង្ករ ត្រីខ មីកញ្ចប់ ប្រហុក និងអាហារក្រៀមៗដែ​លទិ​​ញ​ស្តុកមុនពេលបិទខ្ទប់កាន់តែខើច ហើយមិនទាន់ឃើញមានអាជ្ញាធរចុះមកចែកស្បៀងនៅឡើយ។

លោក សំរិទ្ធិសិលា និយាយថា៖ «ថ្ងៃខ្លះក៏ដាំបបរទៅ យើងរិះថាំ យើងត្បិតត្បៀត យើងសន្សំសំចៃ។ យើងសង្ឃឹមថាដល់ថ្ងៃទី៨ គេបើក។ ឥលូវដល់ថ្ងៃទី៥ នៅសល់៣ថ្ងៃទៀត។ បើសិនជាគេបិទបន្តទៀត កន្លះខែទៀត អាហ្នឹងគឺយើងយ៉ាប់មែនទែន គឺមានន័យថាដាច់ស្បៀងហើយ»

ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៅកាស៊ីណូ Sand Palace ក្នុងសង្កាត់ប៉ោយប៉ែត​ លោក វ៉ាន់ ចំរើន អះអាងថាបុគ្គលិកកាស៊ីណូរបស់លោកមិនសូវប្រឈមនឹងបញ្ហា​ទេ ដោយសារអ្នកដែលជាប់ក្នុងអាគារប្រមាណ៣០នាក់ ទទួលបានការឧបត្ថម្ភអា​ហារ១ថ្ងៃ៣ពេល និងការស្នាក់នៅពីថៅកែ។ យ៉ាងណា លោកថា ខាងក្រុមហ៊ុនមិនផ្តល់ប្រាក់ឧបត្ថម្ភឬប្រាក់លើកទឹកចិត្ត អំឡុងពេលអាជីវកម្មកាស៊ីណូផ្អាកដំណើរការនោះឡើយ។

លោក វ៉ាន់ ចំរើន និយាយថា៖ «យើងបារម្ភខ្លាំងដែរ ដោយសារ​បើសិនមានការរីករាលដាលធ្ងន់ធ្ងរទៅ បុគ្គលិកយើងក៏អត់ការ​ងារធ្វើយូរដែរ ព្រោះអីយើងអត់បានដំណើរការអាជីវកម្មរកស៊ីកាស៊ីណូយើង»។

មន្រ្តីសម្របសម្រួលសិទ្ធិការងារប្រចាំខេត្តបន្ទាយមានជ័យ របស់សម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៊ុន សុធី លើកឡើ​ងថា បុគ្គលិកកាស៊ីណូក្នុងក្រុងប៉ោយប៉ែតកំពុងជួបបញ្ហាគ្មានការងារធ្វើ បំណុលកើនឡើង គ្មានលុយផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ និងបារម្ភពីការរីករាលដាលជំងឺកូវីដ-១៩ ទៀតផង។

បើតាមមន្រ្តីសហជីពរូបនេះ នៅក្រុងប៉ោយប៉ែតមានបុគ្គលិក​ប្រមាណ២ម៉ឺននាក់បម្រើការនៅកាស៊ីណូតូចនិងធំសរុបប្រហែល៥០កន្លែង។ លោកថា បុគ្គលិកក្នុងវិស័យនេះគួរតែទទួលបានការយកចិត្តទុកដាក់សមរម្យមួយ ​​ដូចទៅនឹងកម្មករក្នុងវិស័យកាត់ដេរដែរ។

លោក សុធី និយាយថា៖ «វិស័យកាស៊ីណូ គឺ​អត់រលីងហ្មង ស្អីក៏មិនឱ្យដែរ! រដ្ឋាភិបាលក៏មិនបានជួយ៣០ដុល្លារ ថៅកែក៏មិនបានជួយ៤០[ដុល្លារ]។ អ៊ីចឹងស្អីក៏គាត់អត់ទទួលបានដែរ ហើយបុគ្គលិកអី គាត់រស់នៅតាមយថាកម្ម មានន័យថា អ្នកមានលទ្ធភាពប៉ុណ្ណា រស់ប៉ុណ្ណា ទៅនៅណាក៏ទៅហ្នឹងទៅ»

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១នេះ។

ដោយឡែក ​អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ​ នៅមិនទាន់អាចជម្រាបបានទេ ជុំវិញបញ្ហាប្រឈមរបស់បុគ្គលិកកាស៊ីណូនេះ ដោយថាជាប់រវល់។

លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ទាន់នេះទេបង កំពុងតែជាប់ដៃ សុំពេលបន្តិចទៀតបង។ ចាំតិចទៀត អត់ទាន់ទេ មនុស្សច្រើនណាស់»

កាលពីថ្ងៃទី១ ខែឧសភា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានកំណត់តំបន់មួយចំនួនក្នុងភូមិសាស្រ្តសង្កាត់ប៉ោយប៉ែត ជាតំបន់ក្រហម បន្ទាប់ពីប្រកាសឱ្យផ្អាកអាជីវកម្មកាស៊ីណូទាំងអស់នៅទូទាំងក្រុង នៅថ្ងៃទី២៧ ខែមេសា។ វិធានការបិទខ្ទប់នេះនឹងអនុវត្តរហូតដល់​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។

គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅខេត្តបន្ទាយមានជ័យចំនួន៦១៦ករណី ដែលភាគច្រើនឋិតនៅក្រុងប៉ោយប៉ែត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ