រដ្ឋា​ភិបាល​កាត់​បន្ថយ​​ចំណាយ​​មិន​ចាំ​បាច់​ ​ដើម្បី​បង្វែរ​ថវិកា​មក​ជួយ​លើ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយការចំណាយថវិកាមិនចាំបាច់នៅតាមក្រសួង​ ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយចំនួន ដើម្បីបង្វែរថវិកាទាំងនោះយកទៅជួយលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ។

នៅក្នុងសារាចរណែនាំស្តីពី«ការធ្វើវិចារណកម្ម ឬកាត់បន្ថយការចំណាយថវិកាមិនចាំបាច់ និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិសម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៤ ខែឧសភា បានសម្រេចកាត់បន្ថយការចំណាយថវិកានៅថ្នាក់ជាតិ ដោយក្រសួងស្ថាប័នរដ្ឋបាលកណ្តាល ត្រូវកាត់ឬព្យួរការចំណាយប្រមាណ​ ៥០% លើឥណទានថវិកា ៥០% នៃឥណទានដែលបានអនុម័ត។

ការកាត់បន្ថយការចំណាយទាំងនោះ រួមមាន ការចំណាយលើមុខទំនិញ សម្ភារការិយាល័យ សម្ភារប្រើប្រាស់ សម្ភារនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា និង សម្ភារនិងបរិក្ខារបច្ចកទេសនិងព័ត៌មានវិទ្យា ជាដើម។

បន្ថែមលើនេះ ត្រូវព្យួរការចំណាយ ៧៥% លើឥណទានថវិកា ៥០% នៃឥណទានអនុម័ត លើមុខសញ្ញាចំណាយ ដូចជាគ្រឿងសង្ហារឹម សោហ៊ុយបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស សោហ៊ុយទទួលភ្ញៀវជាតិនិងភ្ញៀវបរទេស កិច្ចប្រជុំសិក្ខាសាលានិងសន្និសីទ ថ្លៃទិញវត្ថុអនុស្សាវរីយ៍ក្នុងនិងក្រៅប្រទេស ការតាំងពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ការឃោសនានិងផ្សព្វផ្សាយ បេសកកម្មក្នុងប្រទេស ការរៀបចំពិធីបុណ្យ និងការថែទាំជួសជុលអគារផ្សេងៗនិងប្រាសាទ ជាដើម។

បន្ថែមលើនេះ ក្រសួងក៏បានសម្រេចព្យួរការចំណាយ ១០០% លើឥណទានថវិកា ៥០% នៃឥណទានអនុម័ត លើប្រេងឥន្ធនៈនិងប្រេងរំអិលដែលក្រសួងស្ថាប័នរដ្ឋនិងអង្គភាពបានចុះកិច្ចសន្យារួចហើយ ត្រូវបង្កកបរិមាណប្រេងឥន្ធនៈនិងប្រេងរំអិលចំនួន ៥០% នៅនឹងក្រុមហ៊ុនផ្គត់ផ្គង់តែម្តង។

យ៉ាងណាក្តី សារាចរណែនាំនេះត្រូវបានលើកលែងចំពោះការចំណាយថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី-ខេត្តទាំងអស់ ដែលកំពុងមានភារកិច្ចច្រើនក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ ការចំណាយរបស់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ដែលបាននិងកំពុងចូលរួមផ្ទាល់ក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នោះ ក៏ត្រូវបានលើកលែងផងដែរ។

លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា គោលដៅនៃសារាចរណែនាំនេះ គឺដើម្បីកាត់បន្ថយការចំណាយថវិកាមិនចាំបាច់នៅតាមក្រសួងស្ថាប័នរដ្ឋមួយចំនួន ដើម្បីបង្វែរយកថវិកាទាំងនោះមកចំណាយលើវិស័យអាទិភាពបំផុតនៅពេលនេះ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដោយសារក្នុងពេលបិទខ្ទប់​ [Lockdown] គឺក្រសួងមួយចំនួនមិនអាចអនុវត្តបាននូវកម្មវិធីនិងអនុកម្មវិធីមួយចំនួន មានន័យថា អនុគណនេយ្យមួយចំនួន គណនេយ្យមួយចំនួន ជំពូកមួយចំនួន​យើងចាយអត់បាន។ អ៊ីចឹងយើងអត់បានកន្លែងខ្លះ យើងអាចសន្សំទុក ដោយយកទៅដាក់នៅក្នុងជំពូកផ្សេងដែលចាយបាន ហើយជំពូកផ្សេងទៀតដែលអត់ចាយបានសោះតែម្តង យើងបង្វែរឬសន្សំទុកវិញ មានន័យថា យើងសន្សំទុកចំណាយចាំបាច់ អាទិភាពកន្លែងណាមួយវិញ»។

ផ្អែកលើគោលការណ៍កាត់ព្យួរឥណទានខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំជាតារាងឧបសម្ពន្ធផ្ញើទៅគ្រប់ក្រសួងស្ថាប័ននិងគ្រឹះស្ថានសាធារណៈរដ្ឋបាលពាក់ព័ន្ធ អំពីទំហំឥណទានដែលត្រូវបានធ្វើវិចារណកម្មចំណាយ និងឥណទានដែលនៅមានសម្រាប់បន្តបញ្ជាចំណាយបាន។

​ច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០២១ ​​​បញ្ជាក់ថា រដ្ឋាភិបាលគ្រោងចំណាយសម្រាប់ឆ្នាំនេះ គឺមានចំនួនប្រមាណ៧ ៥០០លានដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះថយចុះជិត២ភាគរយ (១,៩%) បើប្រៀបធៀបនឹងច្បាប់ថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០២០។​

ប្រធានកម្មវិធីសមធម៌សេដ្ឋកិច្ចសង្គមក្នុងការអភិវឌ្ឍនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក ម៉ារ សុផល បានគាំទ្រចំពោះសេចក្តីសម្រេចនេះ។ បើតាមលោក ម៉ារ សុផល អង្គការសង្គមស៊ីវិលធ្លាប់បានផ្តល់អនុសាសន៍នេះរួចមកហើយ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កន្លែងនេះ ដូចជាអនុសាសន៍ដែលសង្គមស៊ីវិលបានលើកឡើងតាំងពីដំបូង មុននឹងធ្វើ[ច្បាប់]ថវិកាឆ្នាំ២០២១ គឺយើងបានលើកជាអនុសាសន៍ស្នើឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធនានាហ្នឹង ព្យាយាមគិតគូរអំពីផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ ដើម្បីកាត់បន្ថយការធ្វើវិចារណកម្មហ្នឹង។ ឥលូវនៅពេលនេះ ឃើញថា នៅតែចៀសពុំរួចធ្វើវិចារណកម្មឡើងវិញ ដោយសារផលប៉ះពាល់ដោយសារជំងឺកូវីដហ្នឹងវាធំធេងហួសពីការរំពឹងទុក»។

បើតាមលោក ម៉ារ សុផល កម្ពុជាធ្លាប់ធ្វើវិចារណកម្មថវិកាជាតិទ្រង់ទ្រាយធំម្តងកាលពីវិបត្តិសេដ្ឋកិច្ចពិភពលោក គឺនៅចន្លោះឆ្នាំ១៩៩៧-១៩៩៨។ យ៉ាងណាក្តី លោកថា វាជាសញ្ញាវិជ្ជមានដែលរដ្ឋាភិបាលកាត់បន្ថយការចំណាយ​មិនចាំបាច់មួយចំនួន ដោយបង្វែរមកជួយលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ