អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ គ្រោង​បញ្ជូន​បុរស​​ម្នាក់​ដែល​​​​​ក្លែង​បន្លំ​ឯក​សណ្ឋាន​សមត្ថ​កិច្ច​​ទៅ​តុលាការ​

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ ហេង វិចិត្រ)

អាជ្ញាធរខេត្តព្រះសីហនុ គ្រោងនឹងបញ្ជូនបុរសជនជាតិខ្មែរម្នាក់ទៅតុលាការនៅថ្ងៃពុធស្អែកនេះ បន្ទាប់ពីបុរសរូបនេះត្រូវបានឃាត់ខ្លួនពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ (តំបន់ក្រហម) ដោយចេតនា។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ឱ្យ​ដឹងនៅថ្ងៃអង្គារនេះ​ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននិងគ្រោង​បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តនោះ មាន​​ឈ្មោះ លូ គឹមហ្វាត អាយុ២៧ឆ្នាំ មានទីលំនៅ​​សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំណែកជនជាតិចិនដែលជិះនៅក្នុងរថយន្តនោះ លោកថា អាចត្រឹមតែរងការផាកពិន័យរដ្ឋបាលតែប៉ុណ្ណោះ។

លោក ជួន ណារិន្ទ បញ្ជាក់ថា៖ «ករណីនេះ គាត់មានបទល្មើសហើយ! គាត់ចល័តចេញពីតំបន់មួយទៅតំបន់មួយ កន្លែងបិទខ្ទប់។ ហើយទី២ គាត់ក្លែងបន្លំជាសមត្ថកិច្ចទៀត​ ដូច្នេះ​រឿង​នេះ​យើងបញ្ជូនទៅអនុវត្តវិធានការច្បាប់ហើយ»។

តាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ នៅ​​មុនពេលឃាត់ខ្លួន ជន​សង្ស័យ​ឈ្មោះ លូ គឹមហ្វាត ដែល​មានមុខរបរជាអ្នកបកប្រែភាសា បាន​​ជិះរថយន្ដម៉ាកតូយូតាកាមេរី (Toyota Camry) ពណ៌ស ធ្វើសកម្មភាព​ដឹកបុរស​​ជនជាតិចិនម្នាក់ឈ្មោះ​ CHEN XUBO អាយុ២៧ឆ្នាំ ពីម្ដុំសណ្ឋាគារ​ណានហៃ ស្ថិតនៅ​សង្កាត់លេខ៣ ក្រុង​​ព្រះសីហនុ ដែល​ជា​គោលដៅហាមឃាត់ ហើយត្រូវសមត្ថកិច្ចប្រចាំការគោលដៅត្រួតពិនិត្យ K៩៦ ដែលនៅក្បែរនោះ បាន​ឃាត់​ខ្លួននិងសួរនាំ​នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត។

របាយការណ៍៍ដដែលបន្តថា នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យឈ្មោះ លូ គឹមហ្វាត បានសារភាពថា ឯកសណ្ឋាន​នគរបាលដែលខ្លួន​បាន​ពាក់នៅលើកៅអីឡានខាងមុខនោះ​ ជារបស់​បង​ថ្លៃខ្លួនដែល​​បម្រើ​ការងារនៅ​នាយកដ្ឋាននគរបាលព្រំដែនគោកនៃក្រសួងមហាផ្ទៃ។ ចំណែកមួកថ្នាក់ឧត្ដមសេនីយ៍ ដែលទុកនៅលើតាបឡូរថយន្ដខាងមុខ ជារបស់មិត្ដភក្តិខ្លួនជាមន្ដ្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយ​ថា សម្ភារទាំងនេះ បងថ្លៃនិងមិត្ដភក្តិខ្លួនបានភ្លេចក្នុងរថយន្ដរបស់ខ្លួនតែប៉ុណ្ណោះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បាន​ឱ្យដឹងដែរថា​ គិតត្រឹមថ្ងៃទី៤ ខែឧសភានេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានចាត់វិធានការទៅលើអ្នកល្មើសបម្រាមនិងវិធានការបិទខ្ទប់របស់ក្រុងព្រះសីហនុ​ចំនួន​៤៣នាក់ ក្នុង​​នោះ​មានជនជាតិ​ចិនម្នាក់ អ្នកមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាសមាន១៦នាក់ ក្នុងនោះមានជនជាតិចិន៣នាក់ និងអ្នកគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ៥នាក់ ក្នុងនោះមានជនជាតិខ្មែរ២នាក់ វៀតណាមម្នាក់ និងចិនម្នាក់។

ក្រៅពីនោះ លោកថា ក៏មានជនសង្ស័យចំនួន៦នាក់​ផ្សេងទៀតត្រូវបានបញ្ជូនខ្លួនទៅតុលាការ​ផងដែរ ក្រោយពីពួកគេល្មើសវិធានការរដ្ឋបាល និងគេចចេញពីទីតាំងធ្វើចត្តាឡីស័ក។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បានចាប់ផ្តើមរឹតបន្តឹងការចេញចូលចាប់តាំងពីដើមខែមីនាមកម៉្លេះ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ហើយចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភានេះ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុទាំងស្រុង ខណៈភូមិចំនួន៥ រួមមាន ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ត្រូវបានដាក់ជា «តំបន់ក្រហម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ