ក្រសួង​​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​​លើ​​អ្នក​សារ​ព័ត៌មាន​ដែល​​ផ្សាយ​​រឿង​កូវីដ-១៩​ បង្ក​ឱ្យ​​មាន​​ការ​ភ័ន្ត​ច្រឡំ​ក្នុង​សង្គម ​

ផ្សារចាស់ ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងព័ត៌មាន បានព្រមានចាត់វិធានការច្បាប់លើអ្នកសារព័ត៌មានដែលចុះផ្សាយព័ត៌មានពាក់ព័ន្ធវិធានការបិទខ្ទប់និងវិធានការសុខាភិបាលបំភ្លៃខុសពីការពិត ហើយធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំនិងបង្កភាពច្របូកច្របល់ក្នុងសង្គម​ នៅអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃនេះថា ម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ និងអ្នកសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសកម្មភាពនិងវិធានការរបស់រដ្ឋាភិបាល សកម្មភាពនិងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ក្នុងការប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បានជោគជ័យនាពេលកន្លងមក។

ប៉ុន្តែទន្ទឹមនឹងនេះ ក្រសួងក៏សង្កេតឃើញ​​មានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមួយចំនួនបានចុះផ្សាយព័ត៌មាន និងធ្វើការផ្សាយផ្ទាល់ពីសកម្មភាពនានានៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាពិសេសនៅតំបន់ក្រហម និងតំបន់ហាមឃាត់ ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យរដ្ឋនិងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមរថយន្តសង្គ្រោះបន្ទាន់ ដោយធ្វើការផ្សាយផ្ទាល់ ធ្វើការអត្ថាធិប្បាយខុសពីការពិត ធ្វើសាធារណជនមានការភ័ន្តច្រឡំ ជាដើម។

ក្រសួង​បញ្ជាក់ថា៖ «អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមួយចំនួនបានធ្វើការអត្ថាធិប្បាយពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិ​បាល និងធ្វើការសន្និដ្ឋានវាយតម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់​លាស់​ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ បង្កឱ្យមានភាពជ្រួលច្របល់ក្នុងសង្គម និងប្រឈមគ្រោះថ្នាក់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅៗ ជាដើម»។

ករណីនេះ ក្រសួងព័ត៌មានបានព្រមានថា បើអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់នៅតែផ្សព្វផ្សាយព័ត៌មានដែលនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ និងធ្វើឱ្យច្របូកច្របល់ក្នុងសង្គម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ មានប្រសាសន៍​ថា​ ដើមចមដែលនាំឱ្យក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹងនោះ ដោយសារតែអំឡុងពេលរដ្ឋាភិបាលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមួយចំនួនតែងតែចុះប្រមូលព័ត៌មាននិងធ្វើការផ្សាយផ្ទាល់​ជាដើម ដោយមិនមានប្រភពច្បាស់លាស់ ដែលអាចធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ។

លោកអំពាវនាវទៅអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មាន ជាពិសេសពាក់ព័ន្ធរឿងតំបន់បិទខ្ទប់ ឱ្យមានប្រភពច្បាស់លាស់ មានវិជ្ជាជីវៈ និងមានក្រមសីលធម៌ ដើម្បីរួមផុតពីការចោទប្រកាន់រឿងព្រហ្មទណ្ឌ។

លោកអំពាវនា​វដូច្នេះ​ថា៖ «ក្រសួងតែងតែលើកទឹកចិត្តទៅដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រកបវិជ្ជាជីវៈ សូមឱ្យគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ រួមទាំងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន ព្រមទាំងគោរពឱ្យបានក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈរបស់សខ្លួនផងដែរ ដើម្បីរក្សា ក៏ដូចជាការផ្តល់នូវគុណតម្លៃនៃសេចក្តីថ្លែថ្នូរនៅក្នុងការអនុវត្តវិជ្ជាជីវៈមួយនេះផងដែរ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា «ខេមបូចា»  លោក ណុប វី មានប្រសាសន៍ថា អ្នកសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះ ជាពិសេសប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អនឡាញដែលបាន​ផ្សាយព័ត៌មានមិនមានប្រភពច្បាស់លាស់។ ប៉ុន្តែលោក​លើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងនោះ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដោយផ្សព្វផ្សាយព័ត៌មាន​ឱ្យមានវិជ្ជាជីវៈនិងមានក្រមសីលធម៌ ជាពិសេសពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​នេះ ដើម្បី​ចៀសវាងការចោទប្រកាន់ផ្លូវច្បាប់ពីសំណាក់អាជ្ញាធរ។

លោកបន្ត​ថា៖ «[ក្រសួងព័ត៌មាន] ក៏​ត្រូវបែងចែកឱ្យបានច្បាស់លាស់ ហើយបើកាលណាយើងរួមបញ្ចូលអ្នកសារព័ត៌មានទាំងអស់នៅក្នុងស្ថានភាព [ការឆ្លងរាលដាលនៃជំងឺកូវីដ] ហ្នឹង ខ្ញុំគិតថា វាមានផលប៉ះពាល់ជាអវិជ្ជមានទៅដល់កិច្ចការងាររបស់បងប្អូនអ្នកសារព័ត៌មានផង។ ហើយមួយវិញទៀត វាមានផលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈផង ហើយខ្ញុំលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគួរតែបន្តស្វែងយល់ ហើយពង្រឹងឱ្យបានខ្ជាប់ខ្ជួននូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ»។

សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិលចំនួន៤៥ ដែលបាន​ផ្សព្វផ្សាយ​កាលពីថ្ងៃម្សិលមិញ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ឱ្យដឹងថា​ គិតចាប់តាំងពី​អំឡុងខែមករា ដល់ខែមេសាឆ្នាំនេះ មានអ្នកកាសែត៣នាក់ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយចំនួន៦ត្រូវបានក្រសួងព័ត៌មានដកអាជ្ញាបណ្ណ ដោយសារតែសកម្មភាព​រាយការណ៍ព័ត៌មានទាក់ទងនឹងជំងឺកូវីដ-១៩ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ