មន្ត្រី​ថា​ក្រសួង​មហា​ផ្ទៃ​គ្មាន​សិទ្ធិ​កាត់​ដី​ជាង​៣​ពាន់​ហិកតា​ចេញ​ពី​តំបន់​ព្រៃ​ការពារ​ឡើយ​

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សា​ស្រែ​ក្លេង ក្នុង​ភូមិ​ឡាំ​មេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ក្រសួងមិនមានសិទ្ធិសម្រេច​​កាត់ផ្ទៃដីជាង៣ ០០០ហិកតា ចេញពីតំបន់ដែនជម្រកសត្វព្រៃណាំលៀរ ជូនអាជ្ញាធរខេត្តមណ្ឌលគិរី តាម​ការស្នើសុំឡើយ ដោយ​ថា អ្នកដែលមានសិទ្ធិសម្រេចលើរឿងនេះ គឺមានតែប្រមុខរដ្ឋាភិបាលតែប៉ុណ្ណោះ។​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ វីអូឌី នៅថ្ងៃនេះថា ក្រសួងមហាផ្ទៃមិនទាន់ទទួលបានលិខិតរបស់អភិបាលខេត្តមណ្ឌលគិរី ដែលស្នើសុំកាត់ដីជាង៣ ០០០​ហិកតា (៣ ២៦១,៣៦ហិកតា) ចេញពីដែនជម្រកសត្វព្រៃណាំលៀរ សម្រាប់យកទៅប្រើប្រាស់ជាតំបន់សេដ្ឋកិច្ចពិសេសនៅឡើយទេ។

លោកបន្តថា បើទោះបីជាអាជ្ញាធរខេត្តមណ្ឌលគិរីបានដាក់សំណើនេះមកក្រសួងមហាផ្ទៃក៏ដោយ ក៏ក្រសួងគ្មាន​សិទ្ធិសម្រេចនោះដែរ ដោយអ្នកដែលមានសិទ្ធិសម្រេចក្នុងរឿងនេះគឺមានតែប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។

លោកថា៖ «ដូចថាក្រុមប្រឹក្សាខេត្តកាត់ដី១ ០០០​ហិកតា គាត់អត់មានសិទ្ធិទេ! ​ក្រុមប្រឹក្សាខេត្តហ្នឹង អភិបាលខេត្តក៏គ្មានសិទ្ធិដែរ។ ​​រដ្ឋមន្ត្រីមហាផ្ទៃ ក៏គ្មានសិទ្ធិកាត់ដីដែរ អ្នកដែលមានសិទ្ធិគឺប្រមុខរដ្ឋាភិបាល»។

ដោយឡែក អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះឡើយ ដោយសារ​ លោកមិនទាន់ឃើញលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី។

លោកថា៖ «ខ្ញុំមិនទាន់មានព័ត៌មានហ្នឹងទេ អ៊ីចឹងខ្ញុំមិនទាន់អត្ថាធិប្បាយបានពាក់ព័ន្ធនឹងករណីនេះទេ»។

យោង​តាម​លិខិត​មួយច្បាប់របស់រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ២០២១ ដែល​បានស្នើក្រសួងមហាផ្ទៃកាត់ឆ្វៀលដីទំហំជាង៣ ០០០​ហិកតា ចេញពីតំបន់ដែនជម្រកសត្វព្រៃណាំលៀរ នឹង​រៀបចំ​ជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​ជាប់​ព្រំដែនវៀតណាម ​​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិពូលុ (វ៉ាល់យោង) ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី។

​រដ្ឋបាលខេត្តបញ្ជាក់ថា ការស្នើសុំ​គោលការណ៍ទៅក្រសួងនេះ​​ ​ដើម្បី​គ្រប់គ្រងរក្សា​ការពារ​ផ្ទៃ​ដី​ទំហំជាង៣ ០០០​ហិកតានោះ​ឱ្យបាន​គង់វង្ស ចៀសវាង​បាត់​បង់​ដោយសារ​ការ​រំលោភ​បំពាននិងការកាប់​ទន្ទ្រាន​រុករាន​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃទាំងនោះ ​ធ្វើ​ជា​កម្ម​សិទ្ធិ​ពី​សំណាក់​ជន​អនាធិបតេយ្យ​​ដោយ​ខុស​ច្បាប់។

លិខិតរដ្ឋបាល​ថា៖ «ផ្អែក​តាម​ស្ថានភាព​បែប​នេះ រដ្ឋបាល​ខេត្ត​បាន​គ្រោង​សុំ​រក្សា​ផ្ទៃដី​មាន​ទំហំ​សរុប៣ ២៦១,៣៦ហិកតា កាត់​ឆ្វៀល​ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀរ​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន និង​ស្នើសុំ​ប្តូរ​ទីតាំង​ច្រក​ទ្វារ​ព្រំដែន​ចាស់មក​ទីតាំង​ថ្មី​វិញ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង២គីឡូម៉ែត្រ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​ច្រក​ទ្វារ​ព្រំដែន​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ និង​រៀបចំ​ប្រែ​ក្លាយ​បង្កើត​ជា​តំបន់​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​ពិសេស»។

​អភិបាលរងខេត្តមណ្ឌលគិរី លោក ឈឹម កាន សុំមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះឡើយ ដោយលោកឱ្យទៅសួរអ្នកនាំពាក្យសាលាខេត្តវិញ។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក ស៊ន សារុន បានទេនៅថ្ងៃអង្គារនេះ។

យ៉ាងណា តាមលិខិតដែលចុះហត្ថលេខាដោយអភិបាលខេត្តមណ្ឌលគិរី​ លោក ស្វាយ សំអ៊ាង ដដែល បញ្ជាក់​ថា ទំហំ​ដី​ដែល​បាន​ស្នើសុំ​នេះនឹង​រៀបចំ​ជា​សំណង់​អគារ​រដ្ឋបាល ទីស្នាក់ការ​ច្រក​ទ្វារ​ត្រួត​ពិនិត្យ បង្កើត​តំបន់​ទីផ្សារ ឃ្លាំង​ផ្លាស់​ប្តូរ​ទំនិញនិង​កសិផល​នានា តំបន់​ឧស្សាហកម្ម តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ​តាម​ព្រំដែន តំបន់​កសិកម្ម​ចម្រុះ ជាដើម។

ក្រៅពីនេះ ​នឹងរៀបចំតំបន់នោះទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប សណ្ឋាគារ កាស៊ីណូ ​ ស្ថានីយចម្រោះ​ទឹក​ស្អាត កសិដ្ឋាន​បណ្តុះនិង​ដាំ​ស្តារព្រៃ​ឡើង​វិញ​ផងដែរ។

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើនៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា មានប្រសាសន៍ថា រូបលោកនិងពលរដ្ឋរស់នៅខេត្តនេះមិនចង់ឱ្យរដ្ឋាភិបាលកាត់ដីចេញពីតំបន់ដែនជម្រកសត្វព្រៃណាំលៀរឡើយ ដោយការកាត់ដីជាង៣ ០០០​ហិកតានោះនឹងធ្វើឱ្យដីព្រៃការពារកាន់តែរួមតូច ហើយបាត់បង់ជម្រកសត្វទៀតផង។ លើសពីនេះ លោក​បារម្ភខ្លាចដីដែលស្នើសុំ​នោះនឹងធ្លាក់ទៅលើដៃឈ្មួញឬក្រុមហ៊ុនឯកជន​​ទៀតផង។

លោកថា៖ «ទី១ បានលើអ្នកមានអំណាច ឥលូវសុទ្ធតែតំបន់អភិវឌ្ឍន៍ពិសេសអី តាមពិតនៅពេលដែលបាន គាត់យកទៅលក់ឱ្យឈ្មួញទេ គាត់លក់ឱ្យក្រុមហ៊ុនទេ គាត់មិនធ្វើតាមការស្នើសុំរបស់គាត់ទេ។ អ៊ីចឹងបទពិសោធន៍របស់ខ្ញុំនិងប្រជាពលរដ្ឋ ឆ្អែតឆ្អន់ហើយអារូបភាពហ្នឹង»។

ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀរ ត្រូវ​រដ្ឋាភិបាលបាន​ដាក់​បញ្ចូល​ជា​ដែន​ជម្រក​សត្វ​ព្រៃ​កាល​ពី​ឆ្នាំ​២០១៦ ដោយស្ថិតនៅក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែលមាន​ផ្ទៃ​ដី​ជាង២​ម៉ឺន​ហិកតា (២១ ៩៣៣ហិកតា) ​មានព្រំប្រទល់ជាប់នឹង​ព្រំដែនប្រទេស​វៀតណាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ