តើកម្ពុជាគួរមានយុទ្ធសាស្ត្របែបណាដើម្បីដោះស្រាយបញ្ហាទីផ្សារកសិកម្មជូនកសិករ?

ប្រជាកសិករប្រមូលនិងរៀបចំផ្លែល្ពៅសម្រាប់យកទៅលក់ នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

កម្ពុជា ជាប្រទេសកសិកម្ម ហើយពលរដ្ឋប្រមាណ៨៥ភាគរយជាកសិករ។ នេះជាអ្វីដែលត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ចំណេះដឹងទូទៅ ហើយពលរដ្ឋខ្មែរជាច្រើនតែងទន្ទេញរត់មាត់នូវឃ្លាមួយនេះរហូតមក។

កសិករខ្មែរភាគច្រើនតែងនាំគ្នាប្រកបរបរកសិកម្ម និងកសិ-ឧស្សាហកម្ម ការចិញ្ចឹមសត្វ និងការនេសាទ។  ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន ដំណាំស្រូវ ដំឡូង ពោត សណ្តែក ល្ង អំពៅ ថ្នាំជក់​ ម្រេច កៅស៊ូ និង​ស្វាយចន្ទី ជាដើម ព្រមទាំងបន្លែបង្ការនិង​ឈើហូប​ផ្លែ​ជាច្រើនទៀត សម្រាប់ហូបចុកក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់​លក់ដូរដើម្បីបាន​ប្រាក់ផ្គត់ផ្គង់គ្រួសារ​។

ការធ្វើកសិកម្មរបស់កសិករខ្មែរ​ក៏ចេះតែវិវត្តទៅតាមសម័យកាល ពីការធ្វើដោយប្រវាស់មេឃឬបែបយថាផល ទៅជាការធ្វើកសិកម្មបែបទំនើបឬបែបប្រពលវប្បកម្ម ហើយផលទទួលបានក៏វិវត្តទៅតាមនោះដែរ ដោយចេញពីមុខរបរបែប​ចិញ្ចឹមឆ្នាំង ទៅជាការធ្វើកសិកម្មបែបផ្គត់ផ្គង់ទីផ្សារទៀតផង។

ប៉ុន្តែកសិករខ្មែរនៅតែត្រូវបានគេមើលឃើញថាជួបបញ្ហាប្រឈមជាច្រើន​ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាង ពិសេសគឺបញ្ហាទីផ្សារ។ 

ជាក់ស្តែង កាលពីពេលថ្មីៗនេះ កសិករនៅខេត្តកណ្តាលមួយចំនួន​បានបង្ខំចិត្តឈូសឆាយបន្លែបង្ការរបស់ខ្លួនចោល​ ដោយ​សារគ្មានទីផ្សារសម្រាប់លក់ចេញ​ ក្រោយពេលរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងបិទ​ផ្សារលក់ដូររបស់រដ្ឋនិងផ្សារមិនរៀបរយទាំងអស់។

ដោយឡែក នៅមុននិង​ក្នុងស្ថានភាពបិទខ្ទប់រាជធានី​ភ្នំពេញនិងតំបន់ផ្សេងទៀត ខាងសមាគមវារីវប្បករនៅកម្ពុជា ក៏បានត្អូញត្អែរពីបញ្ហាតម្លៃត្រីចិញ្ចឹមក្នុងស្រុកមានតម្លៃថោកពេក និងត្រូវបានកកស្ទះក្នុងស្រះមិនអាចចាប់យកទៅលក់បាន ដោយសារបញ្ហាទីផ្សារនេះ ស្របពេលមាន​ការនាំចូលត្រីពីក្រៅប្រទេសច្រើន។

សេចក្តីប្រកាសព័ត៌មានរបស់សមាគមវារីវប្បករនៅកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ត្រីជាច្រើនប្រភេទរបស់កសិករ ៣១៥​កន្លែង នៅទូទាំងប្រទេស ដែលមានបរិមាណជាង៥ ០០០តោន ​(៥៥២៧តោន​) ត្រូវកកស្ទះក្នុងស្រះនៅឡើយ។ រីឯត្រីដែលនឹងត្រូវចាប់លក់បាននៅក្នុងខែឧសភានេះ ខាងសមាគមបញ្ជាក់ថា មានជាង៣០០​កន្លែងទៀត ក្នុងបរិមាណជិត៥ ០០០​តោនផងដែរ។

ក្រៅពីបញ្ហាជាឧទាហរណ៍ទាំង​នេះ កសិករខ្មែរ​កន្លងមកក៏​ធ្លាប់ជួបបញ្ហាប្រឈមជាច្រើនទៀតដែលតែងកើត​ឡើងស្ទើរ​ជារៀងរាល់ឆ្នាំ។

សំណួរត្រង់ថា តើកម្ពុជាគួរមានយុទ្ធសាស្ត្របែបណាដើម្បីដោះស្រាយបញ្ហាទីផ្សារជូនកសិករ?  

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា មានកត្តាមួយចំនួន​ដែលធ្វើឱ្យបញ្ហាទីផ្សារកសិកម្មនៅកម្ពុជានៅតែចោទឡើងនោះ​ ដោយសារកង្វះកិច្ចពិភាក្សារវាង​អ្នកដាំដុះ ជាមួយក្រុមអ្នកទំនាក់ទំនងធ្វើពាណិជ្ជកម្ម ឬ រដ្ឋាភិបាលនិង​ក្រុមអ្នកបញ្ជាទិញ។

ក្រៅពីនេះ លោក​មើលឃើញថា កង្វះប្រព័ន្ធបច្ចេកទេស ទាំងការផលិតឬដាំដុះ ថែទាំ និងវេចខ្ចប់របស់កសិករខ្មែរនៅមានកម្រិត។ ចំណែក ប្រព័ន្ធធារាស្ត្រឬការផ្គត់ផ្គង់ទឹក និងដើមទុន ព្រមទាំងការស្វែងរកទីផ្សារនៅក្រៅប្រទេស​ និង​ការជួយរបស់រដ្ឋាភិបាល នៅមានកម្រិតនៅឡើយ។

លោកបន្តថា ​ការផលិតរបស់កសិករកន្លងមក ទាំងបច្ចេកទេស ទឹក ដើមទុន និងព័ត៌មានទីផ្សារជាដើមនោះ គឺ​ពលរដ្ឋជាអ្នក​ស្វែងរកដោយខ្លួនឯង។

មន្ត្រីសង្គមស៊ីវិលរូបនេះយល់ឃើញថា មានតែការរៀបចំយុទ្ធសាស្ត្រមួយជាក់លាក់ និងមានកិច្ចសហការល្អជាមួយគ្នារវាងរាស្ត្រនិងរដ្ឋ ព្រមទាំងវិស័យឯកជនទេ ទើបអាចដោះស្រាយបញ្ហានេះបាន។

លោក ថេង សាវឿន បន្ថែមថា៖ «ការរៀបចំឱ្យមានយុទ្ធសាស្ត្រ​​ការជជែកគ្នារវាងកសិករ អាជ្ញាធរ និងអ្នកទិញ អាហ្នឹងជារឿងសំខាន់។ ទីពីរ ទាក់ទងការវិនិយោគទៅលើវិស័យហ្នឹង ទាក់ទងធនធានមនុស្ស ធនធានថវិកា និងការគាំទ្រហ្នឹង នៅមានកម្រិត។ នេះជាការមើលឃើញ អ៊ីចឹងបើសិនជាយើងបាត់បង់នូវយុទ្ធសាស្ត្រក្នុងការរៀបចំ លក់ ឬរៀបចំប្រមូលនូវទិន្នផលនិងលើកកម្ពស់ទិន្នផលដែលមានស្រាប់ ហើយកែច្នៃទៅរបៀបម៉េចហ្នឹង យើងមិនអាចដោះស្រាយបញ្ហាទីផ្សារហ្នឹងបានទេ។ អ៊ីចឹងវានឹងបន្ត [បញ្ហាទីផ្សារ] ពីមួយឆ្នាំទៅមួយ​ឆ្នាំបែបហ្នឹងតែរហូត»។

នាយិកាមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) អ្នកស្រី តុង ចាន់ធាង មានប្រសាសន៍ថា ផលិតផលកសិកម្មខ្មែរ បើប្រៀបធៀបទៅនឹងប្រទេសវៀតណាម ក៏មិនថោកប៉ុន្មានដែរ ប៉ុន្តែបញ្ហាទីផ្សារសម្រាប់លក់ផលិតផលទាំងនោះឱ្យបានជាទៀងទាត់ គឺ​ជារឿងពិបាក។

អ្នកស្រី​​ថា រឿងពិបាកអាច​ដោយសារការផលិតរបស់កសិករខ្មែរមួយចំនួនមិនអាចផ្គត់ផ្គង់ផលិតផលជាទៀងទាត់​ដល់ទីផ្សាររបស់គេ​ ដែលធ្វើឱ្យអ្នកបញ្ជាទិញពិបាកក្នុងការសហការជាមួយ។ បន្ថែមពីនេះ ការប្រែប្រួលនៃ​ទីផ្សារអន្តរជាតិ និងការផលិតលើសតម្រូវការ ក៏ជាបញ្ហាប្រឈមសម្រាប់​កសិករខ្មែរដែរ ខណៈការកែច្នៃវត្ថុធាតុដើមទៅជាផលិតផលសម្រេចនៅកម្ពុជា នៅ​មានភាពខ្វះខាតនៅឡើយ។

អ្នកជំនាញកសិកម្មដដែលផ្តល់យោបល់ថា ទាំងរាស្ត្រនិងរដ្ឋគប្បីមានកិច្ចសហការល្អជាមួយគ្នា ហើយត្រូវមានគោលនយោបាយរយៈពេលវែង ម៉្យាងគប្បីសិក្សារៀនសូត្រពីបណ្តាប្រទេសជិតខាងដែលជោគជ័យលើវិស័យកសិកម្មនេះ។

អ្នកស្រី តុង ចាន់ធាង មានប្រសាសន៍​ថា៖ «ផែនការយុទ្ធសាស្ត្ររយៈពេលវែង ចាំបាច់ត្រូវមាន​ទាំង​ការ​ចូលរួមសហការគ្នា ជាពិសេសរដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រហ្នឹង។ ជាទូទៅយើងឃើញថា ការធ្វើផែនការផលិតនិងផែនការក្នុងការប្រើប្រាស់ដីសម្រាប់កសិករ ថាតំបន់ខ្លះត្រូវដាំដំណាំប្រភេទអី! ដាំប៉ុណ្ណាអីប៉ុណ្ណា! យើងនៅខ្វះអាហ្នឹងច្រើន។ ជាទូទៅ កសិករនៅកម្ពុជាយើង ដាំច្រើនតែឃើញគេ ឃើញគេដាំអាហ្នឹងបានអីបាន ក៏ដាំតាម។ ដល់អ៊ីចឹងអត់មានផែនការច្បាស់លាស់ ហើយណាមួយខាងរដ្ឋាភិបាលយើងក៏អត់ទាន់មានផែនការរៀបចំការដាំដុះហ្នឹងបានច្បាស់លាស់ទៅដែរ»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក​​បណ្ឌិត សេង សារី លើកឡើងដោយប្រៀបធៀបទៅនឹងទីផ្សារកសិកម្ម​នៅប្រទេសថៃ ដោយថា ប្រទេសនេះបានបែងចែកទីផ្សាររបស់គេជា៣ រួមមាន ទីផ្សារកសិករខ្លួនឯង​ ដែលដើរតួជាអ្នកផលិតផងនិងអ្នកប្រើប្រាស់ផង។ ទីពីរ លោកថា ជាទីផ្សារកម្រិតសហគមន៍ឬក្នុងស្រុក ដែលជាការផលិតសម្រាប់ប្រើប្រាស់ឬបរិភោគ​ក្នុងប្រទេស និងទី៣ ជាផលិតផល​សម្រាប់បម្រើការនាំចេញទៅក្រៅប្រទេស។

ទីផ្សារទាំង៣កម្រិតនេះ លោកថា រដ្ឋាភិបាលថៃជាអ្នកបង្កើតយន្តការសម្រប​សម្រួលមួយ ​ដើម្បីធានាថាផលិតផលកសិកម្មទាំងនោះបានចូលទៅកាន់ទីផ្សារទាន់ពេលវេលានិងមានប្រសិទ្ធភាព។

សម្រាប់កម្ពុជា លោកសង្កេតឃើញថា ​ទីផ្សារផលិតផលកសិកម្ម​មិនមែនជាបញ្ហាទេ ត្បិតការនាំចូល​ផលិតផលកសិកម្ម​មកកម្ពុជា ដោយគ្រាន់តែបន្លែមួយមានទំហំទឹកប្រាក់ប្រមាណ៥០០លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែបញ្ហាត្រង់ឈ្មួញកណ្តាល ដែលមានអ្នកនយោបាយនៅពីក្រោយខ្នង បានធ្វើឱ្យផលិតផលកសិកម្មខ្មែរខ្លួនឯងមិនអាចចូលទៅកាន់ទីផ្សារក្នុងស្រុកបាន។

លោកបន្ថែមថា៖ «អ៊ីចឹងបញ្ហានៅក្នុងនេះ បើយើងកំណត់ប្រភពបញ្ហាមិនច្បាស់ទេ ហើយយើងចោទទៅលើបញ្ហាទីផ្សារនោះ ខ្ញុំថា វាមិនមែនជាបញ្ហាទីផ្សារទេ។ បញ្ហាទាក់ទងទៅនឹងការគ្រប់គ្រង បញ្ហាទាក់ទងរឿងថាតើឥទ្ធិពលឈ្មួញកណ្តាលដែលមានអ្នកនយោបាយនៅពីក្រោយខ្នង នៅពីក្រោយផលប្រយោជន៍៥០០​លានដុល្លារក្នុងមួយឆ្នាំនេះ ថាតើគេបើកច្រកសម្រាប់ផលិតផលកសិកម្មខ្មែរប៉ុណ្ណា! ហើយចំណុចមួយទៀត​ដែលខ្ញុំចាប់អារម្មណ៍ដែរ ទាក់ទងទៅនឹងសមត្ថភាពរបស់ពលរដ្ឋនៅក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែរ»។

លោក​បណ្ឌិត សេង សារី មើលឃើញថា មានចំណុចមួយចំនួន​ដែលធ្វើឱ្យបញ្ហាប្រឈមរបស់កសិករខ្មែរត្រូវបានដោះស្រាយ ក្នុងនោះ ក្រសួងកសិកម្ម ​ត្រូវរៀបចំជាប្រព័ន្ធក្នុងការផលិត ហើយចាត់ទុកប្រព័ន្ធកសិកម្មកម្ពុជាជារោងចក្រជំនាញផលិតនូវផលិតផលកសិកម្មតែម្តង ស្របតាមយន្តការមួយចំនួនដូចជា យន្តការផលិតនូវរាល់ផលិតផលកសិកម្មដែលមានស្តង់ដារ ការផលិតនូវផលិតផល​ដែលសម្បូរបែប និងផលិតសម្រាប់លក់ ព្រមទាំងមានបរិមាណគ្រប់គ្រាន់ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

បណ្ឌិតរូបនេះបន្ថែមថា ការកាត់បន្ថយឥទ្ធិពលឈ្មួញកណ្តាល និងការត្រួតពិនិត្យគុណភាពទំនិញ​ក្នុងការនាំចូលមកកម្ពុជាឱ្យបានត្រឹមត្រូវ ក៏ជាផ្នែកមួយជួយដល់កសិករខ្មែរដែរ។

លោកបន្តថា៖ «ផ្នែកខាងទីផ្សារក៏ដូចគ្នាដែរ រដ្ឋត្រូវធានាធ្វើម៉េចបន្ថយឥទ្ធិពលឈ្មួញកណ្តាលឱ្យបាន ជាពិសេសឈ្មួញកណ្តាលដែលមានខ្សែ មានខ្នង ជាអ្នកនយោបាយ មន្ត្រីរាជការដែលនៅពីក្រោយខ្នងហ្នឹង។ បន្ថយឥទ្ធិពលគាត់ ហើយធានាធ្វើម៉េចថាផលិតផលណាដែលគួរអនុញ្ញាតឱ្យនាំចូល ហើយផលិតផលណាដែលមិនគួរអនុញ្ញាតនាំចូល ហើយកុំយកលេសរឿងទីផ្សារសេរី។ កាលណាយើងនិយាយបែបនេះ [ទីផ្សារសេរី] គ្រាន់តែជាលេសដើម្បីឆ្លើយតបទេ។ ទីផ្សារសេរី គេមានប្រព័ន្ធរបស់គេ»។  

រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៦១, ៦២ និង៦៣ បានចែងថា រដ្ឋត្រូវជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាល ដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និង មធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និងប្រព័ន្ធឥណទាន។

លើសពីនេះ រដ្ឋត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ និងជួយរកទីផ្សារលក់ផលិតផល ដើម្បីជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។

លោកបណ្ឌិត សេង សារី មើលឃើញថា ប្រសិនបើបញ្ហាប្រឈមរបស់កសិករខ្មែរមិនត្រូវបានដោះស្រាយទេនោះ នឹងបណ្តាលឱ្យបាត់បង់នូវទម្រង់កសិកម្មក្នុងស្រុក បាត់បង់នូវទម្រង់វប្បធម៌ក្នុងការរស់នៅរបស់ពលរដ្ឋ ហើយ​​​បន្ថែមពីនេះ ពលរដ្ឋខ្មែរនឹងងាកទៅរកមុខរបរផ្សេងក្រៅពីកសិកម្ម ហើយការចំណាកស្រុកនឹងកើតមានឡើងបន្ថែមទៀតផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ