សង្គម​ស៊ីវិល​ជំរុញ​រដ្ឋា​ភិបាល​ឱ្យ​ចាត់វិធាន​ការ​ច្បាប់​តឹងរ៉ឹង​លើ​​អ្នក​រំលោភ​យក​ដី​ព្រៃ​កោងកាង​និង​លិច​ទឹក​នៅ​កោះកុង​

ដីព្រៃកោងកាងនិងព្រៃលិចទឹក ក្រោយត្រូវបានឈូសឆាយហើយមួយចំនួន និងមានទាំងរបងដាក់បោះធ្វើព្រំថែមទៀត នៅភូមិចំការក្រោម ឃុំស្រែអំបិល ខេត្តកោះកុង នាដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

មន្ត្រីសង្គមស៊ីវិលជំរុញទៅអាជ្ញាធរខេត្តកោះកុង ឱ្យស្រាវជ្រាវនិងចាត់វិធានការច្បាប់ចំពោះអ្នកដែលឈូសឆាយរំលោភយកដីព្រៃកោងកាងនិងព្រៃលិចទឹកដោយខុសច្បាប់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ការជំរុញនេះធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមនៅក្នុងសប្តាហ៍នេះ អំពីសកម្មភាពឈូសឆាយនិងកាយក្រវាត់ព័ទ្ធធ្វើជាព្រំដី រំ​លោភចូលព្រៃកោងកាង និងព្រៃលិចទឹករបស់រដ្ឋជាង៣០ហិកតាដោយខុសច្បាប់ ស្ថិតនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ដោយពុំមានអាជ្ញាធរណាចុះហាមឃាត់។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍នៅថ្ងៃអង្គារនេះថា នៅក្នុងខេត្តកោះកុង មានករណីជនខិលខូចលួចចាក់ដីរំលោភចូលព្រែក ចូលសមុទ្រ និងទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្ម​សិទ្ធិដោយខុសច្បាប់ បានកើតឡើងជាបន្តបន្ទាប់។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ករណីព្រៃកោងកាងនិងព្រៃលិចទឹកជាង៣០ហិកតា នៅភូមិចំការក្រោម ឃុំស្រែអំបិល ដែលកំពុងរងការឈូសឆាយនិងព័ទ្ធយក​នោះ គឺមានតែអ្នកមានលុយមានអំណាចប៉ុណ្ណោះដែលហ៊ានធ្វើសកម្មភាពបែបនេះបាន។

បញ្ហានេះ លោក ប៉ែន វុទ្ធា ជំរុញឱ្យរដ្ឋាភិបាលត្រូវស្រាវជ្រាវរកមុខជនល្មើសនិងអ្នកពាក់ព័ន្ធ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។

លោកបន្ថែមថា៖ «ខ្ញុំមើលឃើញថា សកម្មភាពទន្ទ្រានទៅលើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងព្រៃកោងកាង ព្រៃលិចទឹក មាត់ព្រែកឆ្នេរសមុទ្រហ្នឹង វានៅតែបន្តកើតឡើងជាហូរហែ ដោយពុំមានចំណាត់ការផ្លូវច្បាប់ណាមួយឱ្យតឹងរ៉ឹង ដើម្បីព្រមានទៅដល់ជនខិលខូចទាំងអស់ហ្នឹង ក្រៅតែពីឱ្យធ្វើកិច្ចសន្យាហើយកាយអាចម៍ដីឡើងវិញនោះ។ អញ្ចឹងហើយពុំអាចទប់ស្កាត់បទល្មើសទាំងអស់នេះមានប្រសិទ្ធភាពទ ហើយវាធ្វើឱ្យប្រជាពលរដ្ឋអស់ទំនុកចិត្តទៅលើអាជ្ញាធរមូលដ្ឋាននិងថ្នាក់ខេត្ត ថាអត់សមត្ថភាពចាត់វិធានការច្បាប់ទៅលើជនខិលខូចដែលជាអ្នកមានលុយមានអំណាចទាំងអស់ហ្នឹង»

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង មើលឃើញថា ហេតុផលពីរដែលបណ្តាលឱ្យបទល្មើសធនធានធម្មជាតិបន្តកើតមាន និងមិនអាចទប់ស្កាត់មានប្រសិទ្ធភាពនោះ គឺទី១ បញ្ហាដោយសារអាជ្ញាធរមិនបានចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះជនល្មើស និងមួយទៀតបញ្ហាធ្វេសប្រហែសឬគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយរវាងអាជ្ញាធរមូលដ្ឋាននិងជនល្មើស។

លោកបន្តថា រដ្ឋាភិបាលឬអាជ្ញាធរថ្នាក់ខេត្តត្រូវយកយន្តការច្បាប់ជាគោលក្នុងការដោះស្រាយបញ្ហានេះ ដោយ​ចាត់វិធានការច្បាប់ឱ្យតឹងរ៉ឹងទាំងអ្នកប្រព្រឹត្តនិងអាជ្ញាធរពាក់ព័ន្ធដែលបានគប់គិតបណ្តាលឱ្យមានការរំលោភបំពានដីសាធារណៈរបស់រដ្ឋនិងការបំផ្លាញធនធានធម្មជាតិ។

លោកបន្ថែមថា៖ «ត្រូវចាប់ឃាត់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធ ទាំងអ្នកដែលធ្វើផ្ទាល់ និងអ្នកបញ្ជាឱ្យធ្វើសកម្ម​ភាព​បំពានទៅលើដីសាធារណៈរបស់រដ្ឋនេះ។ ទី២ ត្រូវពិនិត្យថា តើមានជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយទេ! បើសិនជាជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ មន្ត្រីដែលពាក់ព័ន្ធដែលជំរុញ ដែលបើកចំហ ដែលផ្តល់ភាពងាយស្រួលឱ្យក្រុមពួកអ្នករំលោភយកដីសាធារណៈរបស់រដ្ឋហ្នឹង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា ទាំងបទធ្វេសប្រហែសផង ទាំងបទបង្កឱ្យមានការខូចខាតដីសាធារណៈរបស់រដ្ឋផង និងបញ្ហាជាប់ពាក់ព័ន្ធអំពើពុករលួយផង»។

វីអូឌី មិនអាចរកការឆ្លើយតបពីបុគ្គលដែលរងការចោទថាបានរំលោភយកដីព្រៃកោងកាងនោះបានទេ។

ប៉ុន្តែអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី មានប្រសាសន៍ថា ដីដែលកំពុងរងការឈូសឆាយនិងក្រវាត់ព្រំនោះជាដីដែលប្រជាពលរដ្ឋអាចអាស្រ័យផលបាន គ្រាន់តែថា អ្នកដែលធ្វើ​សកម្មភាពឈូលឆាយលើដីនោះពុំទាន់មានបណ្ណកម្មសិទ្ធិប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ជាសរុបរួមខ្លី ដីនេះ មានន័យថា ប្រជាពលរដ្ឋអាចអាស្រ័យផលបាន ប៉ុន្តែខុសតែមួយទេ គ្រាន់តែគាត់អត់ទាន់បានធ្វើបណ្ណកម្មសិទ្ធិ។ ឥលូវនេះ រដ្ឋបាលខេត្តបានកំពុងណែនាំឱ្យបុគ្គលដែលប្រើប្រាស់ដី​ហ្នឹង ត្រូវទៅធ្វើបណ្ណកម្មសិទ្ធិជាមុនសិន មុននឹងប្រើប្រាស់ដីនេះ»

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ អង្គការ​សង្គមស៊ីវិលនិងពលរដ្ឋ​មួយចំនួនបានរិះគន់អាជ្ញាធរខេត្តកោះកុង ដោយមិនបានចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គលដែលបានចាក់ដីរំលោភចូលដីចំណីព្រែកនិង​ព្រៃកោងកាង ស្ថិតក្នុង​ចំណុច​ភូមិ​ទួល​គគីរ​ក្រោម ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា។

ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ នៅ​ខេត្តកំពត​ កាលពី​ខែធ្នូ ​ឆ្នាំ២០១៩​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវការ​ពារ​ឆ្នេរសមុទ្រ​ឱ្យ​បាន​គង់វង្ស​ ដោយ​មិន​ត្រូវ​ឱ្យ​មានការ​​ចាក់​ដី​ចូល​សមុទ្រ ​ឬ​កាប់ព្រៃ​កោងកាង​ ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជាកម្មសិទ្ធិនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ