ពលរដ្ឋ​​១៤​​នាក់​ដែល​​​រត់​គេច​​ពី​​​​ខេត្ត​​​​​​ព្រះ​សីហនុ​ទៅ​​​សៀមរាប​​​ព្រោះ​​​​ខ្វះ​​​ស្បៀង​ នឹង​​​​​ត្រូវ​​ប្រឈម​​​​​មុខ​​​​​​​ច្បាប់​

រដ្ឋបាលខេត្តសៀមរាប បិទខ្ទប់ការចេញចូលជាបណ្ដោះអាសន្ននៅទីតាំងផ្សារកន្រ្តក ភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

​កម្មករសំណង់​ចំនួន១៤នាក់ដែល​លួចចេញពីតំបន់​បិទ​ខ្ទប់ក្នុងខេត្តព្រះសីហនុ​ ដើម្បី​ធ្វើដំណើរ​ទៅ​ស្រុក​កំណើត​​នៅ​​ខេត្តសៀមរាប នឹងត្រូវ​​ប្រឈម​មុខផ្លូវ​​ច្បាប់ ​បើទោះបីជា​ពួកគេអះ​អាង​ថា ការលួចចេញនោះ​​ដោយសារតែ​បញ្ហាគ្មានប្រាក់ចំណូលនិងខ្វះស្បៀងអាហារសម្រាប់បរិ​ភោគ​ក្តី។

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តសៀមរាប បានរកឃើញករណីវិជ្ជមាន​វីរុសកូវីដ-១៩ លើពលរដ្ឋចំនួន៨នាក់ ក្នុងចំណោម​ពលរដ្ឋជាកម្មករសំណង់​ទាំង​១៤​នាក់ដែលបាន​​លួច​ធ្វើដំណើរចេញ​ពីតំបន់​បិទ​ខ្ទប់​ក្នុង​​ខេត្ត​ព្រះសីហនុ ទៅកាន់ខេត្តនោះ។

ក្រោយទទួលបានព័ត៌មាននេះ អាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា បានស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀម​រាប ចាត់វិធានការច្បាប់ ​ជុំវិញករណីគេចវេះដោយចេតនា មិនគោរពវិធានរដ្ឋ​បាល​ដែលមាន​ចែងក្នុង​មាត្រា៤ និង​មាត្រា​១០ នៃច្បាប់ស្ដីពី«វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​និងជំងឺឆ្លងកាចសាហាវ» ចំពោះបុគ្គលល្មើសទាំងនោះ ឱ្យបានតឹងរ៉ឹងបំផុត។

អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានមានប្រសាសន៍កាលពីម្សិលមិញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលគេចវេះពីតំបន់បិទខ្ទប់ក្នុងខេត្តព្រះសីហនុទាំង១៤នាក់នោះ អាជ្ញាធរបាន​រកឃើញករណី​​វិជ្ជមានវីរុសកូវីដ-១៩ កើនដល់​ចំនួន៩នាក់ហើយ​​។

លោកបន្ត​ថា អាជ្ញាធរខេត្តនឹង​អនុវត្តការផាកពិន័យ​​ទៅតាមច្បាប់​​ទៅលើពួកគេ ក្រោយព្យាបាល​​ជំងឺកូវីដ-១៩បានជាសះស្បើយនិងក្រោយការធ្វើចត្តាឡីស័ក​រួច។

លោក លី សំរិទ្ធ មានប្រសាសន៍ថា៖ «គាត់ត្រូវប្រឈមហើយ ប៉ុន្តែសំខាន់យើងព្យាបាលគាត់សិន គ្រាន់តែទោសហ្នឹងវាមិនធំដុំអីទេណា៎! គ្រាន់តែជាការពិន័យ […] បងប្អូនទាំងអស់គ្នាត្រូវប្រយ័ត្ន ធ្វើដំណើរ ជាពិសេសគឺខ្លួនឯង រៀបចំខ្លួនមិនឱ្យឆ្លងទៅអ្នកដទៃ រៀបចំខ្លួនមិនឱ្យចម្លងទៅអ្នកដទៃ អាហ្នឹងគឺជាកាតព្វកិច្ចយើងក្នុងដំណាក់កាលនេះហើយ»។

ពលរដ្ឋដែលអះអាងថាជាកម្មករសំណង់នៅខេត្តព្រះសីហនុ លោក ណា និត អាយុ២០​ឆ្នាំ បានឱ្យដឹងថា លោកមិនមានការងារធ្វើជាង១០ថ្ងៃហើយ ខណៈ​អាហារសម្រាប់ហូបចុកក៏មិនមានដែរ ទើបលោក​បង្ខំចិត្ត​​វិលមកកាន់ស្រុកកំណើត​នៅឯស្រុកពួក ខេត្តសៀមរាបវិញ។

លោកថា៖ «នៅនោះវាអត់មានការងារធ្វើ ហើយមួយអត់មានអីហូបអី ការហូបចុកដែរ»។

បុរសដែលទើបតែធ្វើការបានជាង២ខែនៅខេត្តព្រះសីហនុរូបនេះ បន្តថា លោកបានចាកចេញពីខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមេសា​ តាមរថយន្តឈ្នួល និងបានទៅដល់ខេត្តសៀមរាបនៅថ្ងៃទី​២៩ ខែ​មេសា ហើយ​​ក៏​ត្រូវបានអាជ្ញាធរឱ្យធ្វើចត្តាឡីស័ក។ លោកបន្តថា អំឡុងពេលធ្វើចត្តាឡីស័កនោះ អាជ្ញាធរបានយកសំណាកលោកទៅពិនិត្យនិងបានរកឃើញ​វិជ្ជមានវីរុស​​កូវីដ-១៩។

លោក ឆាត រតនា អះអាងថាជា​កម្មករសំណង់ចំណាកស្រុកពីខេត្តសៀមរាប ទៅធ្វើការ​នៅខេត្តព្រះសីហនុដែរ​នោះ ​បានឱ្យដឹងថា ការ​ដែលលោកសម្រេចចិត្តវិលទៅស្រុកកំណើតវិញនោះ ដោយសារតែលោក​ទទួលដំណឹង​ថា​ មានការបើកផ្លូវធ្វើចរាចរណ៍​ឆ្លងខេត្តឡើងវិញ ខណៈដែល​លោកក៏មិន​មានការងារធ្វើផងដែរ។​

ករណីនេះ លោកស្នើដល់អាជ្ញាធរ​​លើកលែងទោសដល់ពួកគាត់ និងអំពាវនាវទៅពលរដ្ឋផ្សេងទៀតមិនត្រូវរត់គេចចេញពីតំបន់បិទខ្ទប់​ដូចខ្លួននោះឡើយ។

លោកនិយាយ​​ថា៖ «ខ្ញុំសំណូមពរឱ្យកុំបាច់ព្រមាន [ដាក់ទោស] អ៊ីចឹងទេ។ ខ្ញុំវាក្រដែរហ្នឹង! បើខ្ញុំវា​បានជាខុសទៅហើយ លើកលែងទោសបានម្ដងទៅ អារឿងច្បាប់រឿងអីខ្ញុំមិនសូវដឹងដែរបង សុំ​លើកលែង[ទោស] បង! បើមានអ្នកណាធ្វើដូចខ្ញុំអី សូមកុំធ្វើឱ្យសោះ»។

តែយ៉ាងណា អធិការនគរបាលស្រុកពួក លោក ទេព ពុំសែន មានប្រសាសន៍ថា ក្នុងចំណោមអ្នក​ទាំង១៤​នាក់​​នោះ មាន៧​នាក់រស់នៅក្នុងស្រុកពួក ហើយបច្ចុប្បន្ន ពួកគេកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅឯក្រុងសៀមរាប។

លោកបន្ត​ថា អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយពុំមានការយោគយល់ឡើយ ប្រសិន​បើករណីនេះ រដ្ឋបាលខេត្តបញ្ជូនឱ្យមន្ត្រីមូលដ្ឋានដោះស្រាយ។ ​

លោក​ថា៖ «ច្បាប់បង្កើតមកហើយ ត្រូវតែអនុវត្ត ត្រូវតែចាប់បង្ខំ ជួនកាលមនុស្សខ្លះឆ្លើយបំពាន ឆ្លើយដើម្បីឱ្យរួចពីសំណាញ់​ច្បាប់ ជួនកាលគាត់គិតថាឆ្លើយថាអត់ទៅវាស្រួល ស្រណុកគេបន្ធូរ។ អ៊ីចឹងប្រសិនបើយើងបន្ធូរគ្រប់គ្នា ឆ្លើយមកថាអត់គ្រប់តែគ្នា អ៊ីចឹងវាទៅជាយើងមិនសូវគោរពច្បាប់ មិនសូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទេ»។

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ ចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី​២៣ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ ក្នុង​សហគមន៍។

ប្រធាន​មជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់​ គិមអេង បានជំរុញឱ្យអាជ្ញាធរត្រូវប្រឹងប្រែងដោះស្រាយករណីជីវភាពពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដើម្បីបញ្ចៀសបញ្ហានេះកុំឱ្យ​កើតមានឡើង ខណៈលោកថា កត្តា​​ជីវភាពជារឿងសំខាន់របស់ពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរគួរតែប្រឹងប្រែងធ្វើយ៉ាងណាកំណត់អ្នកដែលខ្វះខាត​ ធ្វើយ៉ាងណាឱ្យគាត់ទទួលស្បៀងអាហារហូបចុក ជាពិសេសអ្នកចំណាកស្រុកទៅធ្វើការអី ហូរហែជាដើមអ៊ីចឹង។ កាលណាអត់មានផ្គត់ផ្គង់អាហារ ពិបាកណាស់ អ្នកខ្លះធ្វើសំណង់ អ្នកខ្លះ​ធ្វើអី ជួនកាលក៏គ្នាមិនទាន់បា​នបើកលុយបើកកាក់ ជួនកាលក៏គ្នារកការងារមិនបានធ្វើ នៅក្នុងស្ថានភាពលំបាកអីចឹងគួរតែដោះស្រាយឱ្យគ្នា»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បាន​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន​៩៣៨នាក់ និងមានឣ្នកជាសះស្បើយចំនួន៣៦១នាក់ ។

ដោយឡែក នៅ​ខេត្តសៀមរាប រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួនម្នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប​នៅខេត្តនេះមានចំនួន៥៦នាក់។ ប្រភពដដែលបន្តថា អ្នកជាសះស្បើយសរុបមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល​ចំនួន៣៣នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ