អ្នកធ្វើការប្រព័ន្ធផ្សព្វផ្សាយនិងសិទ្ធិមនុស្សខ្លះថា សេរីភាពសារព័ត៌មាននៅបន្តធ្លាក់ចុះនាពេល៥ឆ្នាំមកនេះ

ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ ឈរនៅក្រៅអគារដើម្បីចាំយកព័ត៌មានក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ«អាស្ត្រាហ្សេនីកា (Astra Zeneca)» នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមអង្គការ​សង្គមស៊ីវិលមួយចំនួនបានលើកឡើង​ក្នុងទិវា​សេរីភាពសារព័ត៌មាន​ពិភព​លោក​នៅ​ថ្ងៃនេះ​ថា សេរីភាព​សារព័ត៌មាន​នៅកម្ពុជាបា​ន​​បន្តធ្លាក់ចុះជាបន្តបន្ទាប់ជិត​៥ឆ្នាំមកនេះ ដែលនោះ​ជាការព្រួយបារម្ភដល់ការគំ​​​រាម​កំហែងទៅលើយន្តការជំរុញអភិបាលកិច្ចល្អ នៅរដ្ឋបាលថ្នាក់ក្រោ​មជាតិ តាមបែបប្រ​ជា​ធិបតេយ្យ។

ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បានថ្លែងក្នុងកិច្ចពិភាក្សាតាមអនឡាញ ក្នុងទិវាសារព័ត៌មានពិភពលោកនៅថ្ងៃនេះថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយ​ពី​រដ្ឋាភិបាលបាន​បញ្ឈប់ការផ្សាយ​របស់​​សារព័ត៌មាន​ឯករាជ្យមួយ​ចំនួនកាលពី​ខែសីហា ឆ្នាំ២០១៧​​​មក។

លោក ប៉ា ងួន​ទៀង បាន​គូសបញ្ជាក់ថា ការបញ្ឈប់ការផ្សាយ​នៅពេលនោះ CCIM ក៏​បានក្លាយជាអ្នករងគ្រោះមួយនិងដំបូងគេបង្អស់ក្នុងចំណោមស្ថាប័នសារព័ត៌មានឯករាជ្យ​ដទៃទៀត​ ដោយគ្មានហេតុផលច្បាស់លាស់។

លោកថា៖ «ចំពោះខ្ញុំ ខ្ញុំមានទស្សនថា នៅក្នុងសង្គមណាក៏ដោយនៅពេលដែលមានការរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងៗ គឺសង្គមនោះ​វាកាន់តែបាត់បង់នូវការគ្រប់គ្រងបែបអភិបាលកិច្ចល្អ […] ហើយនៅពេលនោះដែរ សង្គមនេះបានប្រើប្រាស់នូវអំណាចផ្តាច់ការធ្វើជាមធ្យោបាយក្នុងការធ្វើសេចក្តីសម្រេចឬក៏ចាត់ការទៅលើបញ្ហាសង្គមផ្សេងៗ»។

លោកបានរំឭកថា របាយការណ៍របស់ CCIM ដែលបានសម្ភាសអ្នកសារព័ត៌មានឯករាជ្យក្នុងឆ្នាំ២០២០ បង្ហាញថា អ្នកសារព័ត៌មាន៩៥,៥ភាគរយ ឆ្លើយថា ពួកគេបារម្ភអំពីការធ្វើព័ត៌មានរឿងអាស្រូវនៃអំពើពុករលួយ។

ក្នុង​នោះ ជិត៩០ភាគរយ (៨៩,៧២%) ឆ្លើយថា បារម្ភអំពីការធ្វើព័ត៌មានរឿងបទល្មើស​​ព្រៃឈើ និង ៨៥,០៥ភាគរយ បារម្ភអំពីការធ្វើព័ត៌មានពាក់ព័ន្ធនឹងធនធានធម្មជាតិនិង​បញ្ហានយោបាយ។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី កត់សម្គាល់​ដែរ​ថា រយៈពេលមួយ​ឆ្នាំ​ចុងក្រោយនេះ មានអ្នកសារព័ត៌មាន​ខ្លះមិនបានបំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​អ្នកសារព័ត៌មាន​​​​លើសពី​៥០ភាគរយកំពុង​រងការគំរាមកំហែង បើទោះបីពួកគេគោរពវិជ្ជាជីវៈអ្នកសារព័ត៌មានហើយក៏ដោយ។

លោកបានគូសបញ្ជាក់ថា តាមការតត់ត្រារយៈពេល១ឆ្នាំចុងក្រោយ មានអ្នកសារព័ត៌មានរងការគំរាមកំហែងតាមការប្រើប្រាស់ផ្លូវច្បាប់មាន៦ករណី ក្នុងឆ្នាំ២០២០ កើតលើអ្នកសារព័ត៌មាន៨រូប ការប្រើប្រាស់ហិង្សាមាន១១ករណីលើអ្នកសារព័ត៌មាន​២២រូប ការចាប់ឃុំឃាំងពី៧ទៅ៨ម៉ោងនៅថ្នាក់មូលដ្ឋានមាន៣ករណីលើអ្នកសារព័ត៌មាន១១រូបដែលបានធ្វើសេចក្តីរាយការណ៍ហើយចូលទៅតំបន់ក្រុមហ៊ុនឯកជន និង ១៥ករណីលើអ្នកសារព័ត៌មាន​៣១រូបត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ​ ក្នុងនោះមានករណី​ខ្លះពាក់ព័ន្ធបញ្ហាផ្ទាល់ខ្លួន។

លោកថា៖ «ចាប់ពីឆ្នាំ២០១៧មក សេរីភាពសារព័ត៌មានយើងបានធ្លាក់ចុះជាបន្តបន្ទាប់ បើសិនជាយើងមិនទទួលស្គាល់អំពីការធ្លាក់ចុះទេ គឺយើងមិនដឹងថាយើងនៅកន្លែងណាទេ តែយើង​ទទួលស្គាល់ហើយ បើយើងចាប់ផ្តើមធ្វើកិច្ចការនេះរួមគ្នា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ ធ្វើឱ្យមានភាពល្អប្រសើរឡើងវិញ ឱ្យស្របទៅនឹងអ្វីដែលរដ្ឋាភិបាលធ្លាប់ប្តេជ្ញាចិត្តថា អ្នកសារព័ត៌មានថាគឺជាដៃគូល្អរបស់រាជរដ្ឋាភិបាល»។

តែយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានច្រានចោលការលើកឡើងនេះ ដោយថា ជានិច្ចជាកាល រដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មាន តែងតែយកចិត្តទុកដាក់លើកកម្ពស់វិស័យនេះ រួមទាំងបង្កើនកិច្ចសហការជាមួយអ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ​នានា។ លោកបានចាត់ទុកការលើកឡើងនេះថា ជាទស្សនៈ​មនុស្សមួយក្រុមតូចដែល​មិនឆ្លុះបញ្ចាំងពី​វិស័យសារព័ត៌មាន​នៅកម្ពុជាទេ។

លោកថា៖ «កម្មវិធីថ្ងៃនេះក៏បានបង្ហាញឱ្យឃើញនូវបុគ្គលមួយចំនួនបានយកវេទិកា​នេះធ្វើជារបៀបវារៈមួយក្នុងការលើកឡើងពីការផ្តល់និងកេងចំណេញនូវផលប្រយោជន៍ផ្ទាល់ខ្លួន សម្រាប់ខ្លួនឯង សម្រាប់ក្រុមខ្លួនឯង ក៏ដូចជាក្រុមគោលដៅរបស់ខ្លួន ហើយក៏បានលើកនូវការជ្រៀតជ្រែកទៅដល់កិច្ចការផ្ទៃក្នុងសាធារណៈ ជាពិសេសរបស់ក្រ​សួងព័ត៌មានផងដែរ»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព មាន​ប្រសាសន៍ថា​ ការធានាបាននូវសេរីភាពសារព័ត៌មាននិងសេរីភាពមូលដ្ឋាន គឺ​មានសារៈសំខាន់ណាស់​នៅ​ក្នុងសង្គមប្រជាធិបតេយ្យ។

លោកស្រីផ្តល់​ជាយោបល់ទៅ​ភាគីពាក់ព័ន្ធដែល​​វាយតម្លៃពីសេរីភាពសារព័ត៌មាននេះថា ត្រូវ​ឈរលើគោលការណ៍សិទ្ធិមនុស្ស និងឈរ​លើការពិត ជាជាងព្យា​យា​​មការពារព្រោះតែ​​និន្នាការណាមួយ។

លោកស្រីថា៖ «ខ្ញុំជឿថា ប្រទេសកម្ពុជាយើងនឹងទទួលបានសេរីភាពព័ត៌មានមួយពិតប្រាកដ នៅពេលដែលមានភាពចម្រុះបែបហ្នឹង ត្រូវបានធានាមិនថាមាននិន្នាការខាងណាទេ គួរតែអនុញ្ញាត​ឱ្យមានលំហដោយសេរី។ ប៉ុន្តែបន្ថែម​ពីហ្នឹង ត្រូវធ្វើយ៉ាងម៉េចសម្រាប់ស្ថាប័នព័ត៌មានខ្លួនឯងហ្នឹង ត្រូវធ្វើយ៉ាងម៉េច​ពង្រឹងនូវវិជ្ជាជីវៈ ត្រូវផ្តល់ព័ត៌​មាន​ប្រកប​ដោយ​ឯករាជ្យ»។

លោកស្រី ចក់ សុភាព ក៏បានអំពាវនាវដល់​រដ្ឋាភិបាលអនុញ្ញាតឱ្យ​​ស្ថានីយផ្សាយ​តាម​រលកធាតុអាកាសជាង៣០ដែលបានបិទការផ្សាយនា​ពេលកន្លងមក អាច​ដំណើរការឡើងវិញ ដើម្បីគាំពារឱ្យមានការផ្សាយ​​សំឡេងចម្រុះ។

របាយការណ៍ឆ្នាំទី៥នៃការឃ្លាំមើលសេរីភាពមូលដ្ឋានដែលបានកត់ត្រា ៣៨៤ករណីពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន (មិនមែនចំពោះសារព័ត៌មានទេ) ក្នុងនោះ ៥៧ភាគរយរំលោភបំពានសិទ្ធិមូលដ្ឋាន ១៩ភាគរយរឹតបន្តឹង ២៣ភាគរយមានការគាំពារពីអាជ្ញាធររដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានថ្ងៃទី៣ ខែ​មេសានេះ បានថ្លែង កោតសរសើរនិងវា​យតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាននិងអ្ន​កសារព័ត៌មានទាំងអស់ដែល​បានខិតខំចូល​រួមបំពេញ​ការងារ​ជូន​សង្គម ពិ​សេ​សកា​រ​ចូលរួម​​រាយការណ៍ពន្យល់ពលរដ្ឋអំពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយថា ក្នុង​កាលៈ​ទេសៈដ៏លំបាកនិងប្រឈមដោយគ្រោះថ្នាក់នៃជំងឺរាតត្បាតសកលនេះ រដ្ឋាភិបាលតែម្នាក់ឯងពិត​ជាពិបាកក្នុងទប់ស្កាត់ឱ្យ​​​ទទួលបានជោគជ័យ។

អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីម្នាក់ដែលកំពុងជាប់បណ្តឹងនៅតុលាការ លោក យៀង សុធារិន និយាយថា រយៈពេលជាង​៣ឆ្នាំ​មកហើយ​ រូប​គាត់និងសហការីម្នាក់ទៀតនៅមិនទាន់ទទួលបានយុត្តិ​ធម៌នៅឡើយ​។

​​​ក្នុងឱកាសទិវាសេរីភាពអ្នកសារព័ត៌មាននៅថ្ងៃនេះ លោកបាន​ស្នើ​ដល់​រដ្ឋាភិបាលគួរពិនិត្យឡើងវិញទៅលើសេរីភាពសារព័ត៌មាននៅកម្ពុជា និងមិន​គួរមានការ​ចាប់​ខ្លួនឬឃុំខ្លួន​​អ្នកសារព័ត៌​មានដែ​លគ្មានកំហុសនោះទេ។

លោកថា៖ «ខ្ញុំសូមទទូច ក្រោយកូវីដ បើថាកូវីដធ្វើមិនបាន សូមតុលាការជួយពន្លឿននីតិវិធី មិនមែនតែករណីខ្ញុំទេ ករណីអ្នកផ្សេងៗទៀត សូមមេត្តា​ជួយពន្លឿនហើយ​ជម្រះសំណុំរឿង​ពួកគាត់​ឱ្យលឿន រហ័ស ដើម្បីបង្ហាញថាយើង [រដ្ឋាភិបាល] មានការប្តេជ្ញាចិត្តក្នុងការ​ការពារ​អ្នកកាសែតដែលគ្មានកំហុស»។

ក្នុងរបាយការណ៍របស់ខ្លួនស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០២០ អង្គការអ្នកសារព័ត៌មានគ្មានព្រំ​ដែនដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ​ប្រទេសបារាំង បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៨០ ដែលតួលេខនេះបង្ហាញពីការធ្លាក់ចុះជាបន្តបន្ទាប់ចាប់​តាំងពីឆ្នាំ២០១៧មក៕

កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌទី១៦៖ «របាយការណ៍ដែលបានកត់ត្រា៥ឆ្នាំមកនេះ រកឃើញថា មាន៣៨៤ករណីបានកើតឡើងលើអ្នកសារព័​ត៌មាន ក្នុងនោះ ៥៧ភាគរយរំលោភបំពានសិទ្ធិមូលដ្ឋាន ១៩ភាគរយរឹតបន្តឹង ២៣ភាគរយមានការគាំពារពីអាជ្ញាធររដ្ឋាភិបាល។» ខ្លឹមសារដែលត្រឹមត្រូវគឺ «របាយការណ៍ឆ្នាំទី៥នៃការឃ្លាំមើលសេរីភាពមូលដ្ឋានដែលបានកត់ត្រា ៣៨៤ករណីពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋាន (មិនមែនចំពោះសារព័ត៌មានទេ) ក្នុងនោះ ៥៧ភាគរយរំលោភបំពានសិទ្ធិមូលដ្ឋាន ១៩ភាគរយរឹតបន្តឹង ២៣ភាគរយមានការគាំពារពីអាជ្ញាធររដ្ឋាភិបាល។»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ