សង្គមស៊ីវិលថាបើរដ្ឋាភិបាលបើករាជធានីនិងក្រុងឡើងវិញ នឹងធ្វើឱ្យពលរដ្ឋអាចរកចំណូលខ្លះបានវិញ

ផ្លូវធ្វើដំណើរមួយកន្លែងស្ថិតនៅខណ្ឌដូនពេញ ត្រូវបានដាក់របាំងខ្សែហាមឃាត់ចេញចូលឆ្លងកាត់ អនុវត្តតាមគោលការណ៍រដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

មន្ត្រីសង្គមស៊ីវិលនិងពលរដ្ឋលើកឡើងថា បើរដ្ឋាភិបាលបើករាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល មួយផ្នែកឡើងវិញក្រោយថ្ងៃទី៥ ខែឧសភានេះ នឹងធ្វើឱ្យប្រជា​ពលរដ្ឋមាន​ឱកាស​រក​ប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ ក្រោយពី​ពួក​គេ​ជួបបញ្ហា​ប្រឈមជា​ច្រើន​ក្នុងជីវភាពអំឡុងពេលបិទខ្ទប់កន្លងមក។

ការលើកឡើងនេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋនៅក្នុង    បណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២ ខែឧសភា ម្សិលមិញ ដែល​ស្នើឱ្យបើករាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ ឡើង​វិញ​ថារដ្ឋាភិបាល​មិន​បន្ដ​បិទ​រាជធានីភ្នំពេញនិងតាមបណ្ដាខេត្តទៀតឡើយ គ្រាន់តែបិទតំបន់តូចៗ​មួយចំនួនដែលនៅ​មានហានិភ័យខ្ពស់នៃការឆ្លងរីករាលជំងឺកូវីដ-១៩ប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់​ថា៖ «ពុំមានហេតុផលបន្តបិទទេ យើងនឹងបើក! តែខេត្តឬរាជធានី​អាច​បិទ​តំបន់តូចៗដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្ត​ ដើម្បី​កាត់បន្ថយ​កា​រ​ឆ្លងនិងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍​ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍នៅថ្ងៃចន្ទនេះ​​ថា ក្រោយ​ពី​រដ្ឋាភិបាល​សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជិត១ខែមកនេះ ជាបទពិសោធន៍មួយធ្វើឱ្យរដ្ឋាភិបាលអាចកំណត់ថា តំបន់ណាដែលត្រូវបិទបន្ត និង​តំបន់​ណា​ដែល​ត្រូវបើក​ឱ្យពលរដ្ឋ​ធ្វើ​ដំណើរ ដើម្បី​ឱ្យ​ពលរដ្ឋក៏​ដូច​ជា បុគ្គលិក​ក្រុមហ៊ុនឯនជន សង្គមស៊ីវិល និងមន្ត្រីរាជការ បាន​ទៅ​ធ្វើ​ការងារនិងប្រកបមុខរបររក​ប្រាក់ទ្រទ្រង់​ជីវភាព។

លោកមានប្រសាសន៍ថា៖ «បិទខ្ទប់ក្នុងមួយរយៈចុងក្រោយនេះ ប្រហែលជារដ្ឋាភិបាលមានបទពិសោធន៍ថាតើ ទីតាំងណាខ្លះដែលជាតំបន់ហានិភ័យខ្ពស់ ហើយអាចមានលទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យហ្នឹងបានហើយ។ អញ្ចឹង​បានជាទាំងអស់ហ្នឹងហើយ [បទពិសោធន៍] ដែលធ្វើឱ្យរដ្ឋាភិបាលសម្រេចចិត្តបើក [រាជធានី និងក្រុង] ក្រោយថ្ងៃ៥ [ខែឧសភា] នេះ ហើយ​ការបើកនេះក៏វាជួយដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​ចាប់​ផ្តើម​ជីវភាពរបស់គាត់។ មួយវិញទៀត ក៏អាចជួយបន្ធូរបន្ថយបន្ទុករបស់រដ្ឋនៅក្នុងការជួយផ្គត់ផ្គង់ដល់ពលរដ្ឋដែរ»។

ទោះជាបែបនេះក្តី លោក យង់ គិមអេង ស្នើទៅរដ្ឋាភិបាលត្រូវយក​ចិត្តទុកដាក់ផ្គត់ផ្គង់ស្បៀង​បន្ថែម​ទៀតដល់​ពលរដ្ឋ​ដែល​កំពុង​ស្ថិត​នៅ​តំប​ន់បិទខ្ទប់ទាំងអស់ ជាពិសេសពលរដ្ឋដែលក្រីក្រ នោះ​ទើបអាច​រួមគ្នាទប​់ស្កាត់ការឆ្លង​រាល​ដាលនៃជំងឺកូវីដ-១៩ បានប្រសិទ្ធភាពខ្ពស់។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍​គាំទ្រ ​បើសិនជារដ្ឋាភិបាលបើកឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ធ្វើដំណើរឡើងវិញក្រោយថ្ងៃទី៥ ខែឧសភា ដោយបន្តបិទតែតំបន់តូចៗដែលកំពុងរងគ្រោះនោះ។

ប៉ុន្តែដើម្បីឱ្យ​ការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានការចូលរួមពីពលរដ្ឋនោះ លោកស្រី​អំពា​វនាវ​ទៅ​រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងផ្តល់ស្បៀងជូនពលរដ្ឋ ឬប​ន្ធូរបន្ថយ​ការបង់ទឹកភ្លើងដល់ពលរដ្ឋនៅតំបន់​បិទ​ខ្ទប់ ទើប​ជួយដោះស្រាយបញ្ហាប្រឈមនិង​ហានិភ័យនានាដល់ពលរដ្ឋ​នៅ​តំប​ន់ទាំង​នោះបាន។

លោកស្រីមានប្រសាសន៍ថា៖ «ការបិទខ្ទប់នេះ ពលរដ្ឋជាច្រើនប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬក៏បងប្អូនកម្មករត្រូវបាត់បង់ចំណូល ខ្ញុំគិតថា រដ្ឋត្រូវតែមានការសម្របសម្រួលជាមួយភ្នាក់ងាររដ្ឋ ភ្នាក់ងារអគ្គិសនី ភ្នាក់ងារទឹក គួរតែជួយសម្របសម្រួលបន្ធូរបន្ថយអ្នកដែលនៅក្នុងតំបន់បិទខ្ទប់ឱ្យបានច្រើន ព្រោះការបិទខ្ទប់នេះប៉ះពាល់ជីវភាពគាត់រួចទៅហើយ រដ្ឋត្រូវពិនិត្យមើលលទ្ធភាពដែលអាចជួយសម្រួលផ្នែកជីវភាព»។

លោក ស៊ា ម៉ន ជាពលរដ្ឋម្នាក់​អះអាងថារស់​នៅ​ក្នុងតំបន់លឿងទុំ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ និយាយថា គាត់រីករាយនៅពេលទទួលបានព័ត៌មានថា រដ្ឋាភិបាលគ្រោងបើករាជធានី និងក្រុងតាខ្មៅ មួយផ្នែកនោះ។ លោកបន្តថា ការបើករាជធានីនិងក្រុងនោះ នឹងធ្វើឱ្យគាត់និងពលរដ្ឋផ្សេងទៀតមានឱកាសរកប្រាក់ចំណូល​បានឡើង​វិញ ដើម្បី​ទ្រទ្រង់ជីវភាពគ្រួសារ។

លោកនិយាយថា៖ «ខ្ញុំគិតថា បើបើក [រាជធានី និងក្រុង] ឱ្យដំណើរការវិញល្អ យើងអាចចេញចូលបាន ជួយឱ្យយើងបានទៅធ្វើការបានប្រាក់ចំណូលខ្លះ។ ប៉ុន្តែយើងនៅតែអនុវត្តតាមគោលការណ៍របស់ក្រសួង “៣ការពារ ៣កុំ” ដដែល ដើម្បីការពារការឆ្លងរីករាលដាលនិងការពារសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា។ កុំឱ្យពេលគេបើកហើយ យើងមិនការពារ វានឹងពិបាកលើសដើម»។

វីអូឌី មិនអាចសុំការបញ្ជាក់​​​ជុំ​វិញករណីនេះពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី​ បានទេ ដោយពួកគាត់ថាជាប់រវល់ប្រជុំ។

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Video Conference នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ថ្លែងថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ នៅថ្ងៃទី៦ ខែឧសភា។

ប៉ុន្តែលោក ឃួង ស្រេង បន្តថា សម្រាប់ភ្នំពេញ នៅតែរក្សាបិទខ្ទប់តំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមដដែល ដោយគ្រាន់តែបង្រួមតំបន់លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ ដើម្បីបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព ចៀសវាងការបន្តរីកររាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ជាដើម។

ក្រោយពីការឆ្លងរាលដាលក្នុងសហគមន៍ជាថ្មី​ដែល​មាន​ឈ្មោះថា​ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» កាន់​តែ​ខ្លាំងនោះ រដ្ឋាភិបាលបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១មក និងបន្តបិទខ្ទប់តំបន់​ហានិភ័យ​រហូត​ដល់​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ រួមនឹងដាក់ចេញនូវ​​វិធានការមួយ​ចំនួនទៀត ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះក៏មានការកំណត់តំបន់​ក្រហម តំបន់លឿងទុំ និងតំបន់​លឿង​ ផងដែរ។  ​

ក្រៅពីនោះ រដ្ឋបាល​រាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំ​ទៅអាជ្ញាធរទាំង១៤ខណ្ឌ ផ្អាកដំណើរការលក់ដូរ​នៅផ្សាររដ្ឋ​និងផ្សារមិនរៀបរយទាំងអស់ រួមមាន ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម។ វិធានការបិទផ្សារ​នេះ តម្រូវឱ្យផ្អាកជា​បណ្តោះអាសន្ន​​រយៈ​ពេល១៤ថ្ងៃ​ គិតចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៧​ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ បន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ