រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកបំផុសព័ត៌មានបែបញុះញង់

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលព្រមានជាថ្មីថា នឹង​​ចាត់វិធានការ​ផ្លូវ​ច្បាប់ទៅលើ​អ្នកដែល​​​រិះ​គន់និងបំផុសព័ត៌មាន​ក្នុងន័យ​ញុះញង់និងបង្កើតចលាចល​សង្គម រួមទាំង​រិះគន់​​រឿង​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​​បិទ​​ខ្ទប់​ខ្វះ​ស្បៀង​អាហារ។

សេចក្តីប្រកាសព័ត៌មាន​របស់​អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​ បាន​​លើកឡើងថា មានជនឆ្លៀតឱកាសមួយចំនួនបាន​បំផុសព័ត៌មាន​ក្នុង​ន័យ​ញុះ​ញង់និង​បង្កើត​ភាព​ចលាចល ក្នុង​ពេល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩។

អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានចាត់ទុកការ​ផ្សព្វផ្សាយទាំងនោះ ថាជាទង្វើវាយប្រហារ​និងរំលោភច្បាប់ និងបានព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ដោយពុំលើកលែង​ ប្រសិនបើរកឃើញនៅមានអ្នកបន្តផ្សព្វផ្សាយព័ត៌មាន​បែប​​នេះ​​ទៀត។

អង្គភាពដដែលនេះក៏បាន​អំពាវនាវជាថ្មីដល់​ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ ខេត្តកណ្តាល ​ដែលមានតម្រូវការស្បៀង​អាហារ​បន្ទាន់​ចំពោះ​មុខ អាច​ទាក់​ទង​ទៅ​កាន់ប្រព័ន្ធទូរសព្ទមួយចំនួន​របស់​រដ្ឋបាលរាជធានីភ្នំពេញ និង​រដ្ឋបាលក្រុងតាខ្មៅ រួម​នឹង​​អង្គ​ភាពនេះផ្ទាល់​ផងដែរ​។​

ស្របពេលគ្នានេះដែរ ប្រធាន​អតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានអំពាវនាវ​ដល់​សហគមន៍អន្តរជាតិ ជួយផ្តល់ស្បៀង​អាហារជាបន្ទាន់​​ដល់​កម្ពុជា ដោយលោកថា ដើម្បីចៀសវាងសោកនាដកម្ម​ទុរភិក្ស​ដូចកាលសម័យខ្មែរក្រហម។ ​

​សំណេរជាភាសាអង់គ្លេស​កម្រា​ស់​​​​មួយទំព័ររបស់​លោក សម រង្ស៊ី បានលើកឡើង​ថា ប្រទេស​កម្ពុជាពិតជាត្រូវការជំនួយ​ជា​បន្ទាន់​​​​ពី​អន្តរជាតិ ដើម្បី​រួម​​ចំ​ណែកប្រយុទ្ធប្រឆាំង​នឹងការខ្វះស្បៀង​​​របស់​ប្រជាពលរដ្ឋ​​កម្ពុជានៅ​​ពេល​នេះ​។ ​លោក​បន្ថែមថា ប្រសិន​បើពុំ​មាន​កិច្ចអន្តរាគម​ន៍ផ្នែក​ជំនួយ​​ណាមួយ​ពីអន្តរជាតិ​ទេ ភាពខ្វះខាតស្បៀង​​នឹង​បន្ត​កើន​ឡើង​​​​កាន់​តែ​ខ្លាំងថែមទៀត​ ស្របពេលដែលរដ្ឋាភិបាលបាន​និងកំពុងបិទខ្ទប់តំបន់ខ្លះ។

ជាមួយគ្នានេះដែរ លោក សម រង្ស៊ី​ ដែលកំពុងហ៊ុមព័ទ្ធ​ទៅដោយបណ្តឹងជាច្រើនករណី បាន​ហៅ​វិធាន​ការ​​​​ទប់ស្កាត់ជំងឺកូវីដ-១៩ របស់​រដ្ឋា​​ភិបាលកម្ពុជា ថាធ្វើឡើងផ្ទុយ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់និង​​ពិភព​លោកផងដែរ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​ពីលោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​បាន​ទេ ឆ្លើយតបទៅ​នឹង​​ការ​លើកឡើងរប​ស់អតីតមេបក្សប្រឆាំងរូបនេះ នៅថ្ងៃចន្ទនេះ។

ពាក់ព័ន្ធនឹងបញ្ហាខ្វះស្បៀងនេះដែរ អ្នកស្រី ហុក ណាវី ជាពលរដ្ឋម្នាក់អះអាងថា​រស់នៅ​ក្នុងតំបន់ក្រហម ក្នុង​ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និយាយថា គាត់​បាន​ផ្ញើ​សារនិងលេខទូរសព្ទទៅក្នុង​តេឡេ​ក្រាម​របស់​​គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំ​អនុវត្ត​វិធាន​ការ​បិទខ្ទប់ «គ.ប.ខ»  ជិតមួយខែ​ហើយ ប៉ុន្តែអាជ្ញាធរពាក់​ព័ន្ធមិនទាន់​យកស្បៀង​ចែក​ជូន​​ពួកគាត់ដែល​រស់នៅ​ផ្ទះជួល​នៅ​តំបន់​​​​នេះទេ។

អ្នកស្រីស្នើទៅរដ្ឋាភិបាលជួយផ្តល់ស្បៀងជូនពួកគាត់ឱ្យបានលឿនផង ខណៈពួកគាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ដាច់​ស្បៀង និងបញ្ហាប្រឈមនានាមួយចំនួនទៀត។

អ្នកស្រីស្នើដូច្នេះថា៖ «ជួយអ្វីក៏បានដែរ ចង់និយាយថា អាហារហូប សុំឱ្យគាត់ជួយ​ថវិកា​បន្តិច​បន្តួច​មក គ្រាន់ទប់ទល់ដល់ថ្ងៃគេបើកផ្លូវវិញ។ ព្រោះមិនប្រាកដថា ផ្លូវហ្នឹងប៉ុន្មាន​ថ្ងៃបើក​ដែរ ព្រោះមិនទាន់ប្រាកដទេ ព្រោះវានៅតែក្រហមនៅហ្នឹង ហើយពួកខ្ញុំសុទ្ធតែជា​អ្នក​មក​ពី​ខេត្ត មកជួលបន្ទប់គេនៅភ្នំពេញ។ ពេលយើងមិនរកស៊ី យើងមិនមានចំណូលចូល ណាមួយត្រូវ​ចំណាយ​ថ្លែបន្ទប់​ជួលផង ថ្លែទឹកភ្លើងផង ហើយនិងអាហារហូបប្រចាំថ្ងៃផង»។

អង្គការលើកលែងទោសអន្តរជាតិ Amnesty បានប៉ាន់ប្រមាណថា ​​នៅរាជធានី​ភ្នំពេញ មាន​ប្រជា​ពលរដ្ឋ​​​​​ប្រមាណ៣០ម៉ឺននាក់កំពុងរស់នៅក្នុងតំបន់ក្រហម ហើយថ្មីៗ​នេះ ដោយ​សារ​ភាព​ខ្វះខា​ត​ស្បៀង​អាហារ កម្មករ​និងពលរដ្ឋមួយចំនួន​នៅក្នុងខណ្ឌមានជ័យ បាន​​នាំគ្នា​ប្រមូលផ្តុំតវ៉ាស្នើ​ឱ្យអាជ្ញាធរ​​ផ្តល់ស្បៀងដល់ពួកគាត់​។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេតឃើញថា ក្នុងរយៈកាល​ចុងក្រោយនៃការបិទ​ខ្ទប់នេះ បាន​ធ្វើឱ្យ​​ប្រជាពលរដ្ឋដែលជួបបញ្ហា​​ខ្វះខាតស្បៀងកាន់តែមាន​​វិសាល​ភាព​រីកធំទៅៗ​​។

លោកបន្ថែមថា៖ «គណៈកម្មការអន្តរក្រសួងរបស់រដ្ឋាភិបាលក៏បានបង្ហាញថា តម្រូវការនេះវាកាន់តែធំទៅៗពីគ្រប់កន្លែង​ទាំង​​​​អស់។ ​​អ៊ីចឹងហើយបានជាយើងឃើញមកដល់ពេលនេះ ការជួយរបស់រដ្ឋាភិបាលឆ្លើយ​​តប​ទៅនឹង​​តម្រូវ​​​ការ​​ហ្នឹង​ ទំនងដូចជា​មាន​កម្រិត​ ដែល​មិន​អាច​ឆ្លើយ​តប​​​ទៅ​នឹងតម្រូវការទាំងស្រុង​ដែលពលរដ្ឋ​កំពុង​​តែ​​​​​​ត្រូវការ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ