កម្មករជាង១២០០នាក់នៅតាកែវតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩

ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ មន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធ ចុះឃាត់រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ ស្ថិតនៅឃុំពត់សរ តាមចេញសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ ស្តីពីផ្អាកជាបណ្តោះអាសន្ន នូវរោងចក្រចំនួន៤ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ក្រោយមានកម្មករខ្លះបានពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគំន៍២០កុម្ភ:។ (ហ្វេសប៊ុក៖ រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ)

កម្មករ-កម្មការិនីជាង១ ២០០នាក់ដែលបម្រើការងារតាមបណ្តារោងចក្រចំនួន៤ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ បានតម្រូវឱ្យយកសំណាកទៅពិនិត្យនិងធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយរកឃើញថា ពួកគេជាប់ពាក់ព័ន្ធដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩។

ក្នុងលិខិតមួយចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកដំណើរអាជីវកម្មនូវរោងចក្រចំនួន៤ជាបណ្តោះអាសន្ន ដែលមានកម្មករសរុប១ ២០១នាក់ ក្រោយអាជ្ញាធររកឃើញថា កម្មករជាច្រើននាក់នៅរោងចក្រទាំងនោះ​បានប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩។

លិខិតដដែលនេះឱ្យដឹងថា រោងចក្រដែលផ្អាកដំណើរការបណ្តោះអាសន្ននោះ រួមមាន រោងចក្រ ភីវី អ៊ិនដាសស្ទ្រី (ខេមបូឌា) មានកម្មករសរុប៧៦៤នាក់, រោងចក្រ ហួរលីម៉ី (ខេមបូឌា) មានកម្មករ១៤០នាក់, រោងចក្រ លូន វៃ ផេកស្តាយ (ខេមបូឌា) មានកម្មករ១៩នាក់, និងរោងចក្រ លីន គុន មេនូហ្វេធើរីង ​មានកម្មករសរុប២៧៨នាក់។

ក្នុងលិខិតដដែល​ រដ្ឋបាលខេត្តតាកែវ​បានតម្រូវឱ្យកម្មករទាំងអស់របស់រោងចក្រទាំង៤នេះ ត្រូវយកសំណាកទៅពិនិត្យរកវីរុស​កូវីដ-១៩ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តតាកែវ ក៏ព្រមានចាត់វិធានការច្បាប់ផងដែរ ចំពោះកម្មករឬបុគ្គលទាំងឡាយណាមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធរក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

នាយករដ្ឋបាលនៃរដ្ឋបាល​ខេត្តតាកែវ លោក មាស អ៊ុយ បានឱ្យដឹងថា នៅ​ព្រឹកថ្ងៃចន្ទនេះ អាជ្ញាធរបានឃាត់​កម្មករជាច្រើនរថយន្តរបស់រោងចក្រទាំង៤ ដើម្បីយកទៅធ្វើចត្តាឡីស័កនិងពិនិត្យសំណាករបស់ពួកគាត់។

លោកបន្តថា មូលហេតុដែលអាជ្ញាធរឃាត់រថយន្តដឹកកម្មករទាំងនោះ ដោយសារតែមន្ទីរការងារខេត្ត មិនបានជូនដំណឹងទៅកម្មករនិងម្ចាស់រោងចក្របានទាន់ពេលវេលា។ លោកបន្តថា រដ្ឋបាលខេត្តបានរៀប​​ចំកន្លែងចំនួន៤ទៅ៥ទីតាំង ​ស្ថិតស្រុកបាទី សម្រាប់ដាក់ឱ្យកម្មករធ្វើចត្តាឡីស័ក។

លោកបន្ថែមថា«យើងខាងរដ្ឋបាល យើងបានចេញលិខិតសម្រេចផ្អាករោងចក្រទាំង៤ហ្នឹងហើយ ប៉ុន្តែមន្ទីរការងារហ្នឹងគាត់អត់បានជូនដំណឹងទៅខាងម្ចាស់រោងចក្រនិងកម្មករ។ ដល់អញ្ចឹង កម្មករគាត់ជិះឡានមកធ្វើការ ក៏កងកម្លាំងយើងចុះទៅឃាត់មិនឱ្យទៅ ហើយនាំគាត់ទៅធ្វើចត្តាឡីស័ក។ យើងបានរៀបចំកន្លែង៤ទៅ៥កន្លែង តែ​ចាំមិនច្បាស់ទេ»។

បើតាមមន្ត្រីរូបនេះ នៅក្នុងខេត្តតាកែវ មានតែរោងចក្រ៤នេះទេដែលជាប់ពាក់ព័ន្ធតំបន់មានជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។

អ្នកគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម័្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មានប្រសាសន៍ថា កន្លងមក ពេលដែលកម្មករជាប់ធ្វើចត្តាឡីស័កនិងជាប់ក្នុងតំបន់បិទខ្ទប់ គឺកម្មករមួយចំនួនបានប្រឈមការខ្វះខាតស្បៀងនិង​មានបញ្ហាចំពោះការទទួលបានប្រាក់ឈ្នួលអំឡុងពេលឈប់សម្រាក ជាដើម។

លោក ឃុន ថារ៉ូ ស្នើឱ្យរដ្ឋាភិបាលឬអាជ្ញាធរបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតចំពោះកម្មករ ទាំងបញ្ហាសុខសុវត្ថិភាពនិងបញ្ហាស្បៀងអាហារ ហើយនិយោជកត្រូវតែផ្តល់ប្រាក់ឈ្នួលពេញទៅដល់កម្មករ ខណៈពួកគេជាប់ធ្វើចត្តាឡីស័ក ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកបន្ថែមថា«យើងគិតថា អាហ្នឹងវាជាការទទួលខុសត្រូវរបស់និយោជក ពីព្រោះកត្តាកូវីដនេះ វាជាកត្តាសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិត។ អ៊ីចឹងការឱ្យកម្មករគាត់ឈប់សម្រាក ដើម្បីធ្វើតេស្តរកកូវីដ ហើយដើម្បីទប់ស្កាត់កុំឱ្យមានហានិភ័យនៃការឆ្លងរីករាលដាល អាហ្នឹងវាជាកាតព្វកិច្ចរបស់និយោជក ហើយអាហ្នឹងវាក៏កាតព្វកិច្ចរបស់រដ្ឋាភិបាលដែរ។ ហើយក៏មិនមានច្បាប់ណាចែងថា ការដែលឱ្យកម្មករឈប់សម្រាកហ្នឹង មិនត្រូវទទួលបានប្រាក់ឈ្នួល អាហ្នឹងវាអត់មានទេ»។

វីអូឌី មិនអាចរកការបញ្ជាក់ពីមន្ទីរការងារខេត្តតាកែវ និងតំណាងរោងចក្រទាំង៤បានទេ នៅថ្ងៃចន្ទនេះ។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) អំពាវនាវដល់សមាជិករបស់ខ្លួនផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយទៅដល់កម្មករនិយោជិតរបស់ខ្លួនដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ ដោយថា ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់។

ប៉ុន្តែយ៉ាងណា កាលពីថ្ងៃទី២ ខែឧសភានេះ អង្គការ សមាគម និងសហជីពជិត៤០ បានចេញសេចក្តីថ្លែងការណ៍​មួយ ដោយអំពាវនាវទៅរដ្ឋាភិបាល ត្រូវធានាសុខភាពនិងសុវត្ថិភាពដល់កម្មករនិយោជិតនៅកន្លែងធ្វើការងារអំឡុងពេលជួបវិបត្តិកូវីដ-១៩ ខណៈបច្ចុប្បន្ន ពួកគេកំពុងជួបបញ្ហាប្រឈមជាច្រើនទាំងផ្នែកសុខភាពនិងសុវត្ថិភាពស្បៀង បន្ទាប់ពីរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឱ្យដឹង​ថា មានកម្មករនិយោជិត១ ៧០០នាក់ បម្រើការងារនៅរោងចក្រជាង២០០ (២០៦) នៅតាមបណ្តា​រាជធានី-ខេត្ត បានឆ្លងជំងឺកូវីដ-១៩។

លោកបន្តថា ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល២សប្តាហ៍ ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមកនោះ គឺកម្មកររោងចក្រប្រមាណ៤០០ ០០០នាក់ មិនអាចចេញទៅធ្វើការបានឡើយ ខណៈកម្មករនិយោជិតជាង១លាន២សែននាក់បានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលទៅក្នុងសហគមន៍នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ