អាជ្ញាធរខេត្តកណ្ដាលចុះព្រមានកសិករដាំបន្លែម្នាក់កុំឱ្យបង្ហោះរូបភាពអវិជ្ជមានលើបណ្តាញសង្គម

លោក តៃ សុង កសិករដាំបន្លែម្នាក់រស់នៅក្នុងភូមិព្រែកគយ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ (ហ្វេសប៊ុករបស់លោក តៃ សុង)

អាជ្ញាធរខេត្តកណ្តាល ដែលរួមមានអនុប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅធ្វើកំណត់ហេតុជាមួយកសិករដាំបន្លែម្នាក់ ស្ថិតនៅក្នុងភូមិព្រែកគយ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ឱ្យបញ្ឈប់ការបង្ហោះព័ត៌មានអវិជ្ជមានលើបណ្តាញសង្គមហ្វេសប៊ុក។

ការចុះធ្វើកិច្ចសន្យានេះបានធ្វើឡើងក្រោយពីកសិករដាំបន្លែម្នាក់ លោក តៃ សុង បានបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែមេសា ស្តីពីការឈូសបន្លែសាលាដចោល ដោយសារតែគ្មានទីផ្សារ និងដោយសារតែសាលាដចាស់ខែមិនអាចកាត់លក់បានទៀតឡើយ។

លោក តៃ សុង បានប្រាប់​ វី​អូ​ឌី​ កាលពី​ថ្ងៃអង្គារ​សប្តាហ៍នេះ​​ថា រូប​លោកសម្រេចឈូសបន្លែសាលាដដែលលោកបានដាំលើដីទំហំ​​កន្លះហិកតាចោល និងត្រៀមឈូសចោលកន្លះហិកតាបន្ថែមទៀត ប្រសិនបើនៅតែមិនមានទីផ្សារសម្រាប់លក់។ លោកបន្តថា សាលាដដែលដាំលើដីទំហំកន្លះហិកតានោះ បើសិន​ប្រមូល​ផល​បានប្រមាណជាង១០តោន។

ជុំវិញបញ្ហានេះ អនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាល លោក ហ៊ សុផល បានមានប្រសាសន៍ថា ខាងមន្ទីរពិតជាបានចុះទៅណែនាំលោក តៃ សុង ពិតមែន។ លោកបន្តថា សាលាដដែលកកស្ទះច្រើន គ្មានទីផ្សារ បណ្ដាលមកពីវិបត្តិកូវីដ-១៩ ខណៈទីផ្សារធំៗនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបិទខ្ទប់។

អនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាលរូបនេះបន្តថា មូលហេតុដែលខាងមន្ទីរមិនឱ្យបង្ហោះរូបភាពទាំងនោះ គឺដោយសារតែវាបានធ្វើឱ្យប៉ះពាល់ដល់ស្មារតីកសិករដទៃទៀត និងធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិផង។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «នេះជាលើកទី២របស់គាត់ហើយ អ៊ីចឹងបានយើងទៅណែនាំគាត់ ហើយឥលូវគាត់បានធ្វើកំណត់ហេតុអីហើយ គាត់ថាឈប់បង្ហោះជាសាធារណៈទៀត ហើយគាត់បង្ហោះទៀតកុំឱ្យប៉ះពាល់ដល់អ្នកដាំដុះកសិករយើង។ គេរកបន្លែលក់មិនបានផង គាត់ទៅបង្ហោះបន្លែគាត់ភ្ជួរចោលទៅវិញ»។

ប៉ុន្តែយ៉ាងណាក្តី កសិករដាំបន្លែនៅស្រុកស្អាងមួយចំនួនបានសម្ដែងការហួសចិត្តចំពោះមន្ត្រីមន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលនេះ។

លោក តៃ សុង កសិករដាំបន្លែដែលរងការព្រមាននិងបង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះរូបភាពអវិជ្ជមាននេះ បានបង្ហាញការខកចិត្តចំពោះមន្ទីរពាណិជ្ជកម្ម និងកសិកម្មខេត្តកណ្តាល ដែលមិនជួយដោះស្រាយបញ្ហាទីផ្សាររបស់លោក តែបែរជាមកព្រមាននិងបង្ខំឱ្យលោកធ្វើកិច្ចសន្យាទៅវិញ។ លោកបន្តថា ការដែលលោកបង្ហោះរូបបន្លែកន្លងមក គ្រាន់តែចង់ឱ្យមន្ទីរកសិកម្មនិងស្ថាប័នពាក់ព័ន្ធបានដឹង ហើយជួយរកដំណោះស្រាយ ដោយមិនមានបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នណាមួយឡើយ។

លោកថា៖ «ខ្ញុំខកចិត្តខ្លាំងពេកឡើងធ្លាក់ទឹកមុខអស់ហើយ អស់អីនិយាយជាមួយគាត់ ឱ្យគាត់ចុះទៅមើលបន្លែនៅភូមិខ្ញុំ គាត់មិនចុះទៅមើលផងហ្នឹង។ អំពៅអីរាប់រយហិកតាប្រឈមនឹងភ្ជួរចោលនៅពេលខាងមុខដូចគ្នា ហើយបន្លែមិនក្រោមរាប់ពាន់តោនទៀតទេដែលគាត់អត់ជួយដោះស្រាយ គាត់គិតតែបង្គាប់ខ្ញុំ។ គាត់មិនឱ្យខ្ញុំបង្ហោះនិងប្រើហ្វេសប៊ុកទូលំទូលាយទៀតទេ។ ចំពោះខ្ញុំ! ករណីហ្នឹងខ្ញុំបារម្ភដែរ ខ្ញុំមិនដឹងគាត់គិតម៉េចបានជាគាត់បង្គាប់ខ្ញុំខ្លាំងយ៉ាងនេះ ខ្ញុំគ្រាន់តែជាកសិករធម្មតាសោះ»។

ចំណែកកសិករម្នាក់ទៀត លោក ប៊ុនលី លើកឡើងថា ពួកគាត់បង្ហោះរូបភាពនេះ ដើម្បីឱ្យក្រសួងពាក់ព័ន្ធជួយរកដំណោះស្រាយ ខណៈកសិករមួយចំនួនកំពុងប្រឈមនឹងការជំពាក់បំណុលធនាគារ ក្រោយពីបន្លែដែលពួកគាត់ដាំគ្មានទីផ្សារសម្រាប់លក់។

លោក ប៊ុនលី ថ្លែងទាំងហួសចិត្តថា៖ «គាត់ចុះមករាំងស្ទះផលលំបាកប្រជាកសិករវិញ ដល់អ៊ីចឹងពួកខ្ញុំមិនដឹងនិយាយរបៀបម៉េចដល់គាត់និយាយភាសាហ្នឹងមក។ ពួកខ្ញុំបាក់ទឹកចិត្ត ព្រោះពួកខ្ញុំផ្ដល់ព័ត៌មានដល់ពួកគាត់ ដើម្បីឱ្យពួកគាត់ជួយដោះស្រាយ ដល់ពេលគាត់ថាការបង្ហោះអ៊ីចឹងដើម្បីបំពុលសង្គមអ៊ីចឹង»។

លោក ប៊ុនលី បន្តថា៖ «អាហ្នឹងគួរតែលើកតម្កើងប្រជាកសិករមានការវៃឆ្លាត ដើម្បីជំរុញឱ្យថ្នាក់លើជួយរកទីផ្សារ អ៊ីចឹងបានត្រឹមត្រូវ! តែគាត់បែរជាឱ្យពួកខ្ញុំបិទការផ្សព្វផ្សាយ កុំឱ្យថាអត់ទីផ្សារអ៊ីចឹង ប៉ុន្តែរាល់ថ្ងៃអត់ទីផ្សារអ៊ីចឹងមែន»។

រីឯកសិករម្នាក់ទៀតបន្តថា ពួកគាត់នឹងផ្អាកផ្សព្វផ្សាយពាក់ព័ន្ធនឹងរឿងនេះមួយរយៈសិន ដើម្បីរង់ចាំមើលការដោះស្រាយរបស់មន្ទីរកសិកម្ម និងមន្ទីរពាណិជ្ជកម្មខេត្ត។ ប៉ុន្តែបើគ្មានដំណោះស្រាយទេ ពួកគាត់នឹងបន្តផ្សព្វផ្សាយទៀត ដើម្បីឱ្យថ្នាក់ដឹកនាំបានដឹងពីបញ្ហាទុក្ខលំបាករបស់កសិករ។

នៅក្នុងកំណត់ហេតុខាងមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះដល់ផ្ទះរបស់លោក តៃ សុង ដែលត្រូវបានគេចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា មន្ត្រីមន្ទីរកសិកម្មខេត្តកណ្ដាល លោក ឡុង សុខុន បានចុះទៅណែនាំលោក តៃ សុង ដោយមុននឹងបង្ហោះត្រូវផ្ដល់ព័ត៌មានទៅឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធបានដឹងជាមុនសិន។

បើតាមកំណត់ហេតុនេះបញ្ជាក់ថា ការទាមទារឱ្យកសិករផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធនានាមុននឹងបង្ហោះព័ត៌មាន ដោយមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម អះអាងថា ដើម្បីចៀសវាងការបង្ហោះព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ធ្វើឱ្យសាធារណជនយល់ខុស និងធ្វើឱ្យការខិតខំប្រឹងប្រឹងរបស់មន្ត្រីនាពេលកន្លងមកក្លាយជាអសារបង់។

ក្រៅពីឱ្យកសិករដាំបន្លែផ្ដល់ព័ត៌មានហើយ ខាងមន្ទីរក៏បង្គាប់ឱ្យលោក តៃ សុង ធ្វើកិច្ចសន្យាដោយឈប់បង្ហោះរូបឈូសបន្លែចោលទៀត ដោយថា ការបង្ហោះនោះបានធ្វើឱ្យប៉ះពាល់ដល់ស្មារតី អារម្មណ៍សាធារណៈ ឬបង្ហោះរូបភាពញុះញង់ឱ្យមានការរើសអើងនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ