អាជ្ញាធរខេត្តព្រះសីហនុស្នើចាត់វិធានការច្បាប់លើបុគ្គលគេចវេះពីតំបន់បិទខ្ទប់១៤នាក់ទៅកាន់ខេត្តសៀមរាប

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះអនុវត្តបិទខ្ទប់ការធ្វើដំណើរចេញចូលនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អភិបាលខេត្តព្រះសីហនុបានស្នើឱ្យអាជ្ញាធរខេត្តសៀមរាបចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលចំនួន១៤នាក់ដែលបានគេចចេញពីតំបន់បិទខ្ទប់ខេត្តព្រះសីហនុ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែមេសា ហើយក្នុងនោះមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨នាក់។

យោងតាមលិខិតមួយច្បាប់របស់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ផ្ញើទៅកាន់អភិបាលខេត្តសៀមរាប នៅថ្ងៃទី១ ខែឧសភា បានឱ្យដឹងថា បុគ្គលទាំង១៤រូបនោះ (ស្រីចំនួន៥រូប) បានលួចគេចចេញពីតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុ ដែលត្រូវបានដាក់ជាតំបន់បិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដោយបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប។

អភិបាលខេត្តព្រះសីហនុបានចាត់ទុកទង្វើនេះថា ជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។

យោងតាមមាត្រា១០ នៃច្បាប់ថ្មីនេះចែងថា «ការមិនគោរពចំពោះវិធានការរដ្ឋបាលដែលដាក់ចេញស្របតាមច្បាប់ ត្រូវពិន័យអន្តរការណ៍ពី១លានរៀល ដល់៥លានរៀល និងដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ»។ ក្នុងករណីអំពើល្មើសនេះ បណ្តាលឱ្យឆ្លងកូវីដ-១៩ ទៅអ្នកដទៃ «ត្រូវផ្តន្ទាទោសពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥ ទៅ២០លានរៀល»

វីអូឌី មិនទាន់អាចទាក់ទងអភិបាលខេត្តសៀមរាប លោក ទៀ សីហា បាននៅឡើយទេជុំវិញករណីនេះ។

យ៉ាងណាក្តី លោក ណា និត ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១៤នាក់ដែលអាជ្ញាធរខេត្តព្រះសីហនុកំពុងតាមរកនោះ បានប្រាប់ វីអូឌី នៅថ្ងៃសៅរិ៍នេះថា មូលហេតុដែលពួកគេទាំង១៤នាក់បានសម្រេចចិត្តលួចចេញពីតំបន់បិទខ្ទប់ ដោយសារទីតាំងដែលពួកគាត់ស្នាក់នៅបានបិទផ្សារទាំងអស់ ហើយក្រុមរបស់លោកមិនមានប្រាក់និងស្បៀងអាហារសម្រាប់បម្រុងទុកបរិភោគនោះឡើយ។

កម្មករសំណង់រូបនេះបន្តថា ពួកគាត់មិនបានដឹងអំពីព័ត៌មានពីតំបន់បិទខ្ទប់ ថាត្រូវមានទោសទណ្ឌឬរងការផាកពិន័យនោះឡើយ ដោយគ្រាន់តែដឹងថា សមត្ថកិច្ចបិទមិនឱ្យចេញដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។

លោក ណា និត បានបញ្ជាក់ដូច្នេះថា៖ «ពួកខ្ញុំទៅជិះរថយន្តម្នាក់១០ម៉ឺន ដោយលុយអ្នកផ្ទះជាអ្នកផ្ដល់ឱ្យ ព្រោះពួកខ្ញុំគ្មានលុយទេ ខានធ្វើការហើយនៅជំពាក់លុយថ្លៃម្ហូបគេទៀត។ ពួកខ្ញុំមិនចង់ទៅទេ តែបើនៅគ្មានអីហូប ដេកអត់ ព្រោះអត់មានអ្នកណាលក់អីទេ»។

កម្មករសំណង់រូបនេះបានអះអាងថា ពួកគាត់ទាំង១៤នាក់បានទៅដល់ខេត្តសៀមរាបកាលពីថ្ងៃទី២៨ ខែមេសា ប៉ុន្តែមិនទាន់ទៅដល់ស្រុកកំណើតនៅឡើយទេ ដោយត្រូវដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងខេត្តសៀមរាប។

លោក ណា និត ដែលអាជ្ញាធរខេត្តព្រះសីហនុបញ្ជាក់ថាមានឆ្លងជំងឺកូវីដ-១៩នោះ បានអះអាងថា បច្ចុប្បន្ន ពួកគាត់កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តសៀមរាប។

យ៉ាងណាក្តី នៅពេលសួរថា តើអាជ្ញាធរប្រកាសអនុវត្តច្បាប់ថ្មីស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត» ចំពោះពួកគេទាំង១៤នាក់នេះដែរឬយ៉ាងណានោះ លោក ណា និត បានឆ្លើយតបថា ពួកគាត់គ្មានប្រាក់សម្រាប់បង់ថ្លៃផាកពិន័យនេះទេ គឺមានតែក្រុមគ្រួសារនិងឪពុកម្ដាយខ្ចីប្រាក់ពីធនាគារដើម្បីបង់តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ