លោក​​​ ទៀ​​ បា​ញ់​ ឱ្យ​​ពន្លឿន​ការ​​​ផ្តល់​​ស្បៀង​ដល់​ពលរដ្ឋ​ស្រប​​ពេល​​ធ្វើ​​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម ​

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញ​ជា​អធិបតី ក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ជំរុញដល់​​កងយោធពលខេមរភូមិន្ទពន្លឿនការដឹកជញ្ជូនស្បៀងរបស់​រដ្ឋាភិបាលជូនពលរដ្ឋ​​​ដែលកំពុងជួបការលំបាកនៅតំបន់​បិទខ្ទប់ ស្របពេលដែលក្រសួងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូន​ពលរដ្ឋនៅតំបន់ក្រហមចាប់ពីថ្ងៃស្អែកនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះទៅ ដោយ​ប្រើរយៈ​ពេល៣០​ថ្ងៃ​ គ្របដណ្តប់លើតំបន់​​មួយចំនួន​ក្នុង​ខណ្ឌចំនួន​៤ រួម​មាន ខណ្ឌពោធិ៍សែន​ជ័យ ខណ្ឌ​មាន​ជ័យ ខណ្ឌកំបូល និង​ខណ្ឌដង្កោ។ យុទ្ធនាការនេះក៏គ្រោងនឹងប្រើប្រាស់​​​វ៉ាក់​សាំងដែលជាជំនួយរបស់​ប្រទេសចិន​ចំនួន៩០០ ០០០​ដូស ចាក់ជូន​ប្រជាពលរដ្ឋជាង៨០​០ ០០០​នាក់។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ មា​​នប្រសាសន៍ក្នុងពិធី​បើក​យុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់​ក្រហម​ ក្នុងរាជធា​នីភ្នំពេញ នា​ថ្ងៃសុក្រនេះថា​ លោក​មាន​មោទក​ភាព​ចំពោះ​រដ្ឋាភិបាលដែល​បាន​ប្រគល់​ភារកិច្ច​នេះឱ្យ​ក្រសួង​​ការ​ពារជាតិ​ ទទួលបន្ទុក​​ចា​ក់វ៉ាក់សាំង​ជូន​​ប្រជាពលរដ្ឋនៅតំបន់ក្រហម​នៃខណ្ឌទាំង៤ដែលមានហានិភ័យខ្ពស់នៃការឆ្លង​ជំងឺកូវីដ-១៩។

អាជ្ញាធរខណ្ឌសហការជាមួយកងទ័ពជើងគោក ដឹកជញ្ជូនស្បៀងអាហារចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

ស្របពេលគ្នានោះ លោកក៏បាន​ណែនាំដល់កម្លាំងកងយោធពលខេមរភូមិន្ទដែលមានភារកិច្ច​ចាក់វ៉ាក់សាំងជូនពលរដ្ឋ​នោះ​​ថា ភាពជោគជ័យនៃយុទ្ធនាការនេះអាស្រ័យលើការចូលរួមពីគ្រប់​ភាគី​ពាក់​ព័ន្ធ ក្នុង​ការ​រួម​គ្នា​ជួយប្រជា​ពលរដ្ឋក្នុង​​គ្រា​ដ៏​លំបាក​នេះ។ លោក​បន្តថា ក្រៅពីការ​ផ្តល់​វ៉ាក់​សាំង កត្តាចាំបាច់មួយទៀតដែលត្រូវធ្វើនោះ គឺ​​មន្ត្រីពាក់ព័ន្ធក៏​ត្រូវ​​បញ្ជូន​ស្បៀង​ទៅ​ដល់ដៃ​ប្រជាពល​រដ្ឋក្រីក្រនៅតំបន់បិទ​ខ្ទប់ឱ្យ​បានទាន់ពេលវេលា​ផងដែរ។

លោកថា៖ «ចំពោះចំណុចនេះ​ជាចំណុច​មួយ​ដែល​មាន​សារៈសំខាន់​ណាស់ យើងបិទ​ខ្ទប់​មិន​ឱ្យគ្នាចេញ គឺ​ជា​រឿងចំបាច់ ក៏ប៉ុន្តែជី​វភាពមា​នអ្នកមួយចំនួនគ្នាក្រលំបាក​ រកព្រឹកទទួលទានពេលល្ងាច​អីជាដើម ដល់បិទ​អ៊ីចឹង វា​លំបាក​ដែរ! សម្តេច [ហ៊ុន សែន] លោកបានប្រាប់មកហើ​យដែរ គឺជំហានដំបូង គឺ [ស្បៀង​] ១ម៉ឺនកញ្ចប់ដែលខ្ញុំចង់បានបំផុត ដាក់ឱ្យចំអ្នកក្រលំបាកមែនទែន អាហ្នឹងគឺជាការចាំបាច់»។

មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ លោក ម៉ៅ សុផាន់ បានគាំទ្រការផ្តល់អនុសាសន៍របស់រដ្ឋមន្ត្រីនេះ។

លោកថា៖ «យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងប្រតិបត្តិការចុះចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋនៅពេលនេះ​ ប្រ​កបដោ​យការទទួលខុសត្រូវ ពិសេសធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ វិធានការការពារជំងឺកូវីដ-១៩ និងចាក់រហ័សតាមពេលវេ​លា​កំណត់»។

ក្នុងពិធីនោះដែរ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បាន​ក្រើនរំឭក​​ពី​បែប​បទ​បច្ចេកទេស និង​វិធាន​បង្ការដល់​ក្រុម​ការងារ​ក្រសួងការពារជាតិ ដើម្បី​​កុំឱ្យយុទ្ធនាការ​​នេះក្លាយ​ជា​ប្រភព​​ចម្លង​ជំងឺ​កូវីដ-១៩ ទៅដល់អ្នកទៅទទួលសេវានិងផ្តល់​សេវា។

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិភាក្សាជាមួយលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

លោកស្រី​ថា៖ «យើងខ្ញុំសូមធ្វើការណែនាំដល់ក្រុមចុះចាក់វ៉ាក់សាំងទាំងអស់ សូមគោរពឱ្យបានតាមស្តង់ដារប្រតិបត្តិនិងបច្ចេ​កទេ​សនៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុវត្តការការពារ​វីរុសកូវីដ-១៩ ឱ្យម៉ត់ចត់មែនទែន ដើម្បីធានា​បាន​នូវ​សុវត្ថិភាព​ផ្ទាល់​ខ្លួ​ន ​ក៏ដូចជាអ្នកដែលមកចាក់វ៉ាក់​សាំងផងដែរ»។

កម្មការិនីធ្វើការនៅរោងចក្រ​មួយក្នុងរាជធានីភ្នំពេញ និងជាអ្នកស្នាក់នៅបន្ទប់ជួលក្នុងតំបន់ក្រហម ក្នុងខណ្ឌដង្កោ អ្នកស្រី ឃួន សុខុន និយាយ​ថា គាត់​ប្រ​ឈ​ម​នឹងបញ្ហា​​​ដាច់​ស្បៀង​ ហើយ​គាត់​បានព្យាយាម​ផ្ញើសារទៅកាន់ក្រុមតេឡេក្រាម​របស់​រដ្ឋបាលរាជធានីភ្នំពេញ ប្រមាណ២សប្តាហ៍មក ប៉ុន្តែពុំមានការ​ឆ្លើយតបឬមានការជួយពីសំណាក់អាជ្ញាធរនៅឡើយ។

ស្ត្រីវ័យ៣៣ឆ្នាំរូបនេះបានអំពាវនាវដល់អាជ្ញាធរនិងក្រសួងស្ថាប័នពាក់ព័ន្ធ ជួួយពន្លឿនការផ្តល់ស្បៀងដល់ពួកគាត់ឱ្យបានឆាប់ផង ព្រោះបច្ចុប្បន្ន​កំពុងតែខ្វះស្បៀងខ្លាំង។

អ្នកស្រីថា៖ «ខ្ញុំដាក់យូរដែរហើយ តាំងពីថ្ងៃទី១៤ [មេសា] មក ដាក់ពីរដងហើយ! ដាក់លើកទី១ ខ្ញុំមានលុយខ្លះទិញម្ហូបខ្លះបានពីរបីពេល បានម៉ា [ម្ចាស់ផ្ទះជួល​] គាត់ចែក [អង្ករ] ឱ្យបាន៥គីឡូក្រាម​ ហើយខ្ញុំហូប​ប៉ុន្មានថ្ងៃមុនអា៥គីឡូហ្នឹង ហើយបានបងជាប់បន្ទប់ គាត់ឱ្យខ្លះ [ឥលូវសល់ប៉ុន្មាន?] សល់ប្រហែល១គីឡូ»។

ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សង្កេតឃើញថា ក្នុងអំឡុងពេល​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​បិទខ្ទប់ដើម្បី​ទប់​ស្កាត​ជំងឺ​កូវីដ-១៩ប្រមាណ៣សប្តាហ៍មក​នេះ មាន​ប្រជាពលរដ្ឋជា​ច្រើន​រយ​គ្រួសារបាន​ប្រើប្រាស់បណ្តាញសង្គម ដើម្បី​អំពាវនាវ​រក​ស្បៀងជាបន្ត​បន្ទាប់ពី​រដ្ឋាភិបាលដើម្បីសុំជំនួយ ខណៈដែលពួកគាត់កំពុងជួបការលំបាកក្នុងជីវភាពនិងដាច់ស្បៀង។

លោក​បន្ត​ថា ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវដើរទន្ទឹមគ្នារវាងវិធានបិទខ្ទប់ ការចាក់ថ្នាំ​បង្ការ និ​ងការដោះស្រាយបញ្ហាស្បៀង និងជីវភាព​របស់​ប្រជាពលរដ្ឋ​​ដែលរងផល​ប៉ះពាល់។

លោកថា៖ «ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព រដ្ឋត្រូវគិតទាំងសេដ្ឋកិច្ច គិតទាំងសុវត្ថិភាពនៃការឆ្លងជំងឺកូវីដ-១៩»។

បើតាមក្រសួងការពារជាតិ យុទ្ធនាការចុះចាក់វ៉ាក់សាំងនៅតំបន់ក្រហមក្នុង​​ខណ្ឌទាំង៤នេះ ប្រើកម្លាំង​យោធពលខេមរភូមិន្ទ ឬកម្លាំងយោធា​​សរុប១ ៤៩០​នាក់ ក្នុងនោះ​គ្រូពេទ្យ​សម្រាប់​ចាក់​វ៉ាក់​សាំង​៤៥០​នាក់ ក្រុម​បម្រើកា​រងារ​សណ្តាប់​ធ្នាប់៩០០​នាក់ ក្រុមដឹក​ជញ្ជូនស្បៀង​៥០នាក់​ និងក្រុមធ្វើបណ្ណចាក់​វ៉ាក់​សាំង៩០នាក់​។

ការវាយលុកនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ គិតត្រឹមថ្ងៃ២៩ ខែ​មេសានេះ បានសម្លាប់​​​មនុស្សជិត១០០នាក់​ ឆ្លង​ទៅ​ដល់​មនុស្ស​ជាង១ម៉ឺន​នាក់ ក្នុងនោះជាង៨ ០០០នាក់កំពុងសម្រាកព្យាបាលនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ