ពលរដ្ឋ​មួយ​ចំនួន​នៅ​​តាម​បណ្តា​ខេត្ត​ខ្លះ​​បារម្ភ​ពី​ការ​ដាច់​ស្បៀង​អំឡុង​ពេល​មាន​ការ​បិទ​ខ្ទប់​

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះអនុវត្តបិទខ្ទប់ការធ្វើដំណើរចេញចូលនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

ប្រជាពលរដ្ឋមួយចំនួននៅតាមបណ្តាខេត្តនានាបានឱ្យដឹងថា ពួកគេជួបបញ្ហាប្រឈមខ្វះស្បៀង ដោយសារតែអាជ្ញាធរបានបិទខ្ទប់តំបន់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក ឡង់ បញ្ញា អះអាងថាជាកម្មករសំណង់ រស់នៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ​​ ខេត្តព្រះសីហនុ និយាយនៅថ្ងៃសុក្រនេះ​ថា កាលពីថ្ងៃ​ម្សិលមិញ ប្រធាន​ក្រុមនិង​អាជ្ញាធរភូមិ-ឃុំ​បាន​ចុះស្រ​ង់​ឈ្មោះពលរដ្ឋ​នៅតំបន់នោះ​ ដើម្បីចែកស្បៀង​ជូនពលរដ្ឋ​ ដោយសារនៅតំបន់នោះ​ត្រូវបានអាជ្ញាធរកំណត់ថាជាតំបន់ក្រហម និងមិនអនុញ្ញាតឱ្យពួកគេចេញទៅក្រៅផ្ទះនោះទេ។

លោកបន្តថា នៅពេលអាជ្ញាធរចុះស្រង់ឈ្មោះមិនទាន់បានអស់គ្នាផងក៏ត្រឡប់ទៅវិញ ដោយថា ពលរដ្ឋនៅតំបន់នោះប្រជ្រៀតគ្នាមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។ ករណីនេះធ្វើឱ្យពួកគាត់មិនបានចុះឈ្មោះ ខណៈស្បៀងកំពុងខ្វះខាត ដោយសារអាជ្ញាធរបិទខ្ទប់​រយៈពេល៧ថ្ងៃមកហើយ។

លោកនិយាយថា៖ «អត់ទាន់បានចុះឈ្មោះ [បើកស្បៀងពីរដ្ឋបាល​ខេត្ត] ហើយមិនទាន់ដឹងថា គេបិទដល់ពេលណាផង ព្រោះថា គេបិទហ្នឹងបានប្រហែល១អាទិត្យ។ ណាមួយបិទអញ្ចឹងទៅ រកលុយមិនបានដែរ ព្រោះធ្វើការ! ពេលបិទអញ្ចឹង ខ្ញុំទៅធ្វើការមិនកើត គេឃុំយើងនៅតែក្នុងផ្ទះ»។

កម្មករសំណង់មួយរូប​ លោក សំ សុដន ដែល​មានកូនក្នុងបន្ទុក១០នាក់ រស់នៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ រៀបរាប់ថា ក្នុងមួយថ្ងៃ គ្រួសារគាត់ត្រូវចំណាយអង្កររហូតដល់១៣កំប៉ុងសម្រាប់​​ដាំបាយពីរពេលនិងបបរមួយពេល។

លោក​បន្តថា នៅពេលដែលអាជ្ញាធរបិទខ្ទប់​តំប​ន់របស់គាត់​ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យគ្រួសារ​​គាត់ជួបបញ្ហាប្រឈមខ្លាំង​ក្នុងជីវភាព។ ករណីនេះ លោកស្នើទៅអាជ្ញាធរមូលដ្ឋានចុះស្រង់ឈ្មោះពួកគេនៅតាមផ្ទះ ដើម្បីផ្តល់ជាស្បៀងជូនពួកគាត់ឱ្យមានតម្លាភាព។

លោកស្នើដូច្នេះថា៖ «បើសិនជាអាច គាត់ [អាជ្ញាធរភូមិ-ឃុំ] ដើរកត់ [ស្រង់ស្ថិតិពលរដ្ឋនៅតំបន់ក្រហមដើម្បីចែកស្បៀង] តាមផ្ទះ បានគាត់កត់តាមផ្ទះវិញ ស្រួលជាង ឱ្យដឹងថា ផ្ទះណាអត់ៗ ព្រោះអ្នកខ្លះគាត់មានសម្បូរហូបចុកហើយនៅតែគេបានអំណោយទៀត ហើយខ្ញុំអត់មែនទែន ទៅជាអត់បានអំណោយនឹងគេវិញ»។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា ក្រុងព្រះសីហនុ​ត្រូវបានអាជ្ញាធរ​​សម្រេច​បិទ​ក្រុង​ជា​បណ្តោះអា​សន្ន ដោយសារមានអ្នកឆ្លងជំងឺកូវីដ-១៩។ លោកប្រាប់ប្រជាពលរដ្ឋឱ្យមានការអត់ធ្មត់បន្តិច ដោយសារក្នុងគោលការណ៍របស់រដ្ឋបាលក្រុងគ្រោងចែកស្បៀងជូនពលរដ្ឋវគ្គទី១ ឱ្យបាន១២ ០០០គ្រួសារ ខណៈបច្ចុប្បន្នចែកបានជាង១០ ០០០​គ្រួសារហើយ។

លោកបន្តថា ស្បៀងដែលរដ្ឋបាល​​ខេត្តត្រៀមចែកជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជាពិសេសនៅតំបន់ក្រហមនោះ មានមិនខ្វះទេ។ ប៉ុន្តែលោកថា រដ្ឋបាល​ខេត្តត្រូវការប្រមូលស្ថិតិពលរដ្ឋនៅតំបន់ដែលកំពុងប្រឈមនោះពីអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមបញ្ជូនស្បៀងជូនពលរដ្ឋឱ្យបានទាន់ពេល។

មន្ត្រី​សម្របសម្រួល​សមាគមអាដហុកប្រចាំខេត្ត​ព្រះសីហនុ​ លោកស្រី ជាប សុធារី ដែលអះអាងថា គាត់កំពុងជាប់នៅក្នុងតំបន់ក្រហមដែរនោះ សង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន​បាន​ខិតខំ​ចុះស្រង់ស្ថិតិពលរដ្ឋនៅក្នុងតំបន់ក្រហម ដើម្បីឱ្យ​រដ្ឋបាលខេត្តផ្តល់ស្បៀងជូនពលរដ្ឋ​ដែរ។ ប៉ុន្តែលោកស្រីថា ការស្រង់ឈ្មោះនោះហាក់មានភាពយឺតយ៉ាវនិងមិនទាន់បានគ្រប់គ្នានៅឡើយ។

ករណីនេះ លោកស្រីអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានចុះស្រង់ស្ថិតិពលរដ្ឋឱ្យមានតម្លាភាព និងពន្លឿនការ​ចែកស្បៀងដល់ពលរដ្ឋឱ្យបានឆាប់ ដោយ​សារ​​ពលរដ្ឋ​​ក្រីក្រកំពុងជួបបញ្ហាប្រឈមខ្លាំង​ក្នុង​​ជីវភាព។

លោកស្រីអំពាវនាវដូច្នេះថា៖ «ប្លុកផ្ទះជួល ប្លុកកន្លែងរញ៉េរញ៉ៃ ចង្អៀតណែនណាន់តាន់តាប់ ពួកគាត់មិនសូវមានអ្វីហូបទេ អញ្ចឹងត្រូវទៅមើលម្តុំអស់ហ្នឹង ព្រោះអាជ្ញាធរគាត់ដឹង មេភូមិ មេក្រុមគាត់ដឹងហើយ សូមឱ្យមានការជជែកគ្នាជាមួយអាជ្ញាធរមូលដ្ឋាន។ ខ្ញុំថា គួរតែមានការយកចិត្តទុកដាក់ជួយដោះស្រាយពួកគាត់ឱ្យបានទាន់ពេលវេលា»។

ចំណែកលោក លន់ សុផាត រស់នៅ​ខេត្តសៀមរាប ដែលអះអាងថាជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនបានចេញក្រៅរកប្រាក់មកទ្រទ្រង់ជីវភាពគ្រួសារនោះទេ បន្ទាប់ពីអាជ្ញាធរបិទតំបន់ខ្លះនៅក្នុងខេត្តសៀមរាប ជាពិសេសតំបន់ដែលគាត់រស់នៅ​ត្រូវបានអាជ្ញាធរកំណត់ថាជាតំបន់ក្រហម។

ទោះជាយ៉ាងណា លោកថា បច្ចុប្បន្ននេះមិនឃើញមានអាជ្ញាធរភូមិឃុំនិងខេត្ត​ចុះមកស្រង់ស្ថិតិពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហម ដើម្បីផ្តល់ជាស្បៀងជូនពលរដ្ឋ​​ដែលរងផលប៉ះពាល់នៅឡើយ​ ជាហេតុ​ធ្វើឱ្យពួកគាត់ខ្វះស្បៀងនិង​ប្រឈមនឹងការបង់លុយធនាគារ ជាដើម។

លោកនិយាយដូច្នេះថា៖ «បើសិនជាបញ្ហាបិទខ្ទប់រយៈពេលមួយខែទៅពីរខែទៀត វានឹងប្រឈមនឹងបញ្ហាអត់អាហារដែរ។ ​អត់ស្បៀង អត់មានលទ្ធភាពទិញអ្វីហូប អត់​មាន​លុយ​ទិញ​អង្ករ អត់មានលុយទិញម្ហូប​ដោះស្រាយ ដោយសារទី១ យើងនៅផ្ទះអត់មានចំណូល។ ហើយបញ្ហាសងលុយធនាគារក៏អត់មានការបន្ធូរបន្ថយ ព្រោះយើងនៅផ្ទះ អត់មានចំណូលផង ហើយគាត់នៅតែយកលុយពីប្រជាពលរដ្ឋ ហើយមិនមានការយោគយល់ លើសថ្ងៃក៏មិនបាន អត់មានការបន្ធូរបន្ថយ»។

អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ មានប្រសាសន៍ថា នៅក្នុងខេត្តសៀមរាប អាជ្ញាធរបានបិទតំបន់ឆ្លងរាលដាលជំងឺកូវីដ-១៩មួយចំនួន ប៉ុន្តែតំបន់ដែលបិទនោះក៏អនុញ្ញាត​ឱ្យពលរដ្ឋចេញចូលធ្វើដំណើរទៅផ្សារទិញគ្រឿងឧបភោគបរិភោគ​ដែរ។

​លោក​បន្ត​​​ថា បច្ចុប្បន្ននេះ ខេត្តមិនទាន់មានគម្រោងផ្តល់ស្បៀង​ជូនដល់ពលរដ្ឋ​នៅតំបន់បិទខ្ទប់នោះទេ ដោយ​សារ​មិន​ទាន់មាន​អ្នក​ដែល​ប៉ះពាល់​ធ្ងន់​ធ្ងរនៅឡើយ។

ក្រៅពីខេត្តព្រះសីហនុ និងខេត្តសៀមរាប ក៏មានខេត្តមួយចំនួនទៀតបានបិទខ្ទប់ក្រុងនិងតំបន់មួយចំ​នួនផងដែរ​ ក្នុងនោះ​មានខេត្ត​មណ្ឌលគិរី បាត់ដំបង តាកែវ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កោះកុង បន្ទាយមានជ័យ និង​​កំពង់ស្ពឺ ជាដើម។

ទាក់ទិននឹងការបិទខ្ទប់ក្រុងនិងតំបន់មួយចំនួន​​នេះដែរ កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលបាន​សម្រេច​ បន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ  ខេត្តកណ្តាល រយៈពេល៧ថ្ងៃទៀត ចាប់ពីម៉ោងសូន្យថ្ងៃទី២៩ ខែមេសា​ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ហើយ​ការបិទខ្ទប់​នេះអាចត្រូវបាន​បន្តបន្ថែមទៀត អាស្រ័យ​លើការចូលរួមអនុវត្ត​​​របស់​ប្រជាពលរដ្ឋ និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ