អ្នកប្រកបរបរធាក់ស៊ីក្លូនិងរត់រ៉ឺម៉កកង់បីមួយចំនួនដែលពុំមានផ្ទះសម្បែង បានត្អូញត្អែរពីផលលំបាកនិងការបាត់បង់ចំណូលទាំងស្រុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដោយពួកគាត់ខ្លះថា ការរស់នៅប្រចាំថ្ងៃពឹងលើជំនួយជាស្បៀងអាហារពីសំណាក់សប្បុរសជនតែប៉ុណ្ណោះ។
អ្នកប្រកបរបរធាក់ស៊ីក្លូមួយរូបនៅរាជធានីភ្នំពេញ លោក ឈុន ថន ដែលតែងតែសម្រាន្តតាមចិញ្ចើមផ្លូវនៅម្តុំមន្ទីរពេទ្យព្រះអង្គឌួង និងត្រូវបានអាជ្ញាធរខណ្ឌដូនពេញលើកលែងឱ្យនោះ បានលើកឡើងថា ការបិទខ្ទប់រាជធានីភ្នំពេញមិនអនុញ្ញាតឱ្យមនុស្សចេញពីផ្ទះលើកលែងករណីចាំបាច់នោះ បានធ្វើឱ្យអ្នកប្រកបរបររត់ស៊ីក្លូជាច្រើនបាត់បង់ចំណូល។ បច្ចុប្បន្ន លោក ថន រស់នៅដោយពឹងផ្អែកលើអំណោយមនុស្សធម៌ពីសប្បុរសជនតែប៉ុណ្ណោះ។
លោកបាននិយាយថា៖ «រាល់ថ្ងៃនេះ ពួកយើងញ៉ាំអាហារដែលគេបរិច្ចាគឱ្យ ព្រោះគ្មានអ្នកណាលក់នៅក្នុងផ្សារទៀតទេ។ ពេលខ្លះមានអ្នកជិះឡានឬក៏កង់បី មកជាមួយអាហារ។ យប់មិញ ខ្ញុំមិនមានអីហូបទេ ព្រោះមិនបានទទួលអំណោយ»។
ក្នុងអំឡុងពេលបិទខ្ទប់នេះ លោក ថន តែងអង្គុយនៅមុខផ្សារថ្មី ក្នុងខណ្ឌដូនពេញ ជាមួយនឹងស៊ីក្លូរបស់គាត់ រហូតដល់គាត់ត្រូវបានអាជ្ញាធរខណ្ឌស្នើសុំឱ្យចាកចេញពីតំបន់នោះនៅម៉ោងប្រមាណ៥ល្ងាច។ លោកថា បើសិនជាដល់ពេលនោះ គាត់មិនទាន់ទទួលបានជំនួយអាហារទេ គាត់នឹងត្រូវដាច់បាយ។
លោកបន្ថែមថា៖ «យើងអង្គុយនៅទីនោះពេញមួយថ្ងៃ ហើយបើមានគេអាណិត គេឱ្យអាហារខ្លះៗយើងហូប»។
វិធានការថ្មីនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រដ្ឋាភិបាលបានសម្រេចបន្តរហូតដល់ថ្ងៃទី៥ ខែឧសភា និងបានចែករាជធានីភ្នំពេញជា៣តំបន់ រួមមាន តំបន់ក្រហម ដែលបន្តការរឹតត្បិតខ្លាំងនិងរារាំងស្ទើរតែគ្រប់ការធ្វើដំណើរទាំងអស់ ដោយសារតំបន់នេះមានការឆ្លងរាលដាលធ្ងន់ធ្ងរនូវជំងឺកូវីដ-១៩។ ដោយឡែក តំបន់លឿនទុំ មានការរឹតត្បិតតិចជាងតំបន់ក្រហម ដោយសារការឆ្លងរាលដាលជំងឺនេះមានកម្រិតមធ្យម និង តំបន់លឿង មានការអនុញ្ញាតឱ្យធ្វើដំណើរ ប៉ុន្តែនៅបន្តអនុវត្តបម្រាមគោចរចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។
អ្នករត់ស៊ីក្លូម្នាក់ទៀត លោក ងួន សុខ អាយុ៨២ឆ្នាំ បាននិយាយថា អំឡុងពេលបិទខ្ទប់នេះ រូបគាត់ក៏មិនអាចរកចំណូលសម្រាប់ចាយវាយប្រចាំថ្ងៃបានដែរ។ លោកបន្តថា ក្រៅពីការធ្លាក់ចុះចំណូល រូបគាត់តែងត្រូវបានអាជ្ញាធរបណ្តេញចេញពីកន្លែងដែលគាត់សម្រាន្តនៅតាមចិញ្ចើមផ្លូវ ដោយពេលខ្លះមានការប្រើរំពាត់ឫស្សីគំរាមរូបគាត់ផងដែរ។
លោកបានបញ្ជាក់ថា៖ «ពួកគេព្រមានយើងថា ពួកគេនឹងរឹបអូសស៊ីក្លូរបស់យើង។ ពួកគេអត់ដឹងទេថាយើងក្រប៉ុណ្ណាទេ! កូវីដជាបញ្ហាមួយហើយ ហើយមួយទៀតនោះគឺអត់អីហូប។»
បុរសវ័យចំណាស់រូបនេះបន្តថា ក្នុងអំឡុងពេលបិទខ្ទប់នេះ រូបគាត់មានក្តីបារម្ភខ្លាចត្រូវអាជ្ញាធរក្នុងតំបន់ឃាត់ខ្លួននិងរឹបអូសយកសម្ភាររបស់គាត់ ខណៈលោកអះអាងថា កាលពីប៉ុន្មានថ្ងៃមុន អ្នករត់ស៊ីក្លូនិងរ៉ឺម៉កកង់បីដែលគាត់ស្គាល់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅ ហើយពុំទាន់ដោះលែងនៅឡើយទេ។
ចំណែកអ្នករត់ម៉ូតូកង់បីមួយរូបនៅរាជធានីភ្នំពេញ លោក តុង សាថៃ បាននិយាយថា លោកបានអនុវត្តទៅតាមវិធានការច្បាប់ក្នុងអំឡុងពេលបិទខ្ទប់នេះ ខណៈដែលលោកមានឯកសារអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យដែលចេញដោយអាជ្ញាធរក្នុងតំបន់លោករស់នៅ។
តែយ៉ាងណា លោកថា ទោះបីជាអាជ្ញាធរក្នុងតំបន់ខ្លះអនុញ្ញាតឱ្យគាត់ធ្វើដំណើរឆ្លងកាត់ ក៏ប៉ុន្តែអាជ្ញាធរក្នុងតំបន់មួយចំនួនទៀតមិនអនុញ្ញាតឱ្យគាត់ឆ្លងកាត់ទេ ដែលធ្វើឱ្យគាត់មិនអាចដឹកភ្ញៀវ ទំនិញ និងអាហារបានឡើយ។
លោកបានបន្ថែមថា៖ «នៅពេលដែលខ្ញុំបង្ហាញកាតទៅអាជ្ញាធរ គាត់សុំឱ្យខ្ញុំត្រឡប់ទៅវិញ។ អ្នកផ្សេងទៀតស្នើសុំឱ្យខ្ញុំជិះក្នុងទិសដៅផ្សេង។ យើងត្រូវធ្វើតាមអាជ្ញាធរ»។
លោក សាថៃ ក៏បានត្អូញត្អែរពីចំណូលធ្លាក់ចុះខ្លាំងក្នុងអំឡុងពេលបិទខ្ទប់នេះ និងពិបាកក្នុងការស្វែងរកស្បៀងអាហារសម្រាប់ទទួលទាន ដោយសារទីតាំងលក់អាហារស្ទើរទាំងអស់បានបិទ។
លោកថា៖ «នៅពេលសំបកកង់ម៉ូតូមិនវិល វាមានន័យថា យើងរកលុយអត់បានដែរ។ ដូច្នេះយើងអត់ហ៊ានទិញម្ហូបទេ ដោយសារតែយើងរកមិនបាន»។
លោក ប៊ុនពេជ្រ ជាអ្នករត់ម៉ូតូកង់បីម្នាក់ទៀត បាននិយាយថា គាត់ពុំមានឯកសារសម្រាប់ឆ្លងកាត់កន្លែងត្រួតពិនិត្យរបស់អាជ្ញាធរនោះទេ។ ករណីនេះ គាត់អាចទទួលតែភ្ញៀវដែលធ្វើដំណើរឆ្លងកាត់តែក្នុងខណ្ឌដូនពេញប៉ុណ្ណោះ ដែលធ្វើឱ្យចំណូលប្រចាំថ្ងៃរបស់គាត់ធ្លាក់ចុះខ្លាំង។
បុរសរូបនេះបន្តថា លោកពុំមានផ្ទះស្នាក់អាស័្រយក្នុងរាជធានីភ្នំពេញនោះទេ ពោលគឺគាត់សម្រាកនៅលើម៉ូតូកង់បីនៅពេលយប់ ប៉ុន្តែនៅពេលមានការបិទខ្ទប់នេះ អាជ្ញាធរមិនអនុញ្ញាតឱ្យមានការសម្រាកនៅតាមដងផ្លូវទៀតឡើយ។
លោកបន្ថែមថា៖ «ឥលូវនេះ យើងត្រូវរកកន្លែងគេងដែលបិតបាំងនិងស្ងប់ស្ងាត់ ព្រោះខ្លាចអាជ្ញាធរនិងសន្តិសុខមកបណ្តេញចេញឬចាប់»។
ជុំវិញករណីនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរបានត្រៀមរួចជាស្រេច ដើម្បីជួយពួកគេទាំងនោះហើយ។
លោកនិយាយថា៖ «ខ្ញុំមានយន្តការគ្រប់គ្រាន់ហើយ ចង់ច្បាស់ឱ្យគាត់ទាក់ទងទៅខណ្ឌសាម៉ី ខណ្ឌដែលគាត់រស់នៅ គេនឹងចាត់ចែងជូនគាត់ហើយ»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ស្នើឱ្យរដ្ឋាភិបាលត្រូវដោះស្រាយករណីនេះជាបន្ទាន់ ដើម្បីកុំមានការដាច់ស្បៀងអាហារកើតឡើងចំពោះពួកគាត់។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវតែមានដំណោះស្រាយឱ្យគាត់ជាបន្ទាន់ទៅ ដើម្បីកុំឱ្យគាត់ដាច់ស្បៀងដាច់អាហារ ព្រោះគាត់សង្ឃឹមទៅលើអ្វីដែលជាការជួយរបស់រាជរដ្ឋាភិបាលហ្នឹងហើយ សប្បុរសធម៌អីបានតិចតួចតែប៉ុណ្ណោះ»។
លោកបន្តថា អ្នកប្រកបរបរក្រៅប្រព័ន្ធ រត់រ៉ឺម៉កកង់បីនិងស៊ីក្លូមួយចំនួនប្រឈមកាន់តែខ្លាំង ដោយសារពួកគេគ្មានផ្ទះសម្បែងឬកន្លែងស្នាក់នៅសមរម្យផងដែរ។
លោកបន្ថែមថា៖ «ពួកគាត់ពិបាករស់នៅ អ្នកខ្លះអត់មានផ្ទះសម្បែងអ៊ីចឹង ដេកលើរ៉ឺម៉ក ត្រូវបានគេដេញអ៊ីចឹងទៅ ឬក៏ដេកតាមចិញ្ចើមផ្ទះរបស់គេ។ អ្នកមួយចំនួនជួលផ្ទះគេ អ៊ីចឹងគាត់ផលលំបាកអស់ថ្លៃជួលផ្ទះ ហើយអាហារហូបចុកប្រចាំថ្ងៃ ហើយលុយបង់ធនាគារបង់អីទៅ អាហ្នឹងបញ្ហាលំបាកហើយ។ មកដល់ពេលនេះឃើញថា រដ្ឋបានជួយតិចតួចតែប៉ុណ្ណោះ ពួកគាត់ជាច្រើនទៀតនៅមិនទាន់មានការឧបត្ថម្ភពីអាជ្ញាធររដ្ឋនៅឡើយ ត្រូវរង់ចាំ។ ក្នុងស្ថានភាពបែបនេះ អ្នកខ្លះសឹងតែដាច់អាហារម្ដងៗហើយ ដាច់ស្បៀងអាហារហូបចុកប្រចាំថ្ងៃ អ៊ីចឹងសង្ឃឹមតែលើរដ្ឋប៉ុណ្ណោះឯង»។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពាវនាវឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈរដ្ឋាភិបាលទើបតែដាក់ចេញនូវវិធានការបន្ថែមជុំទី៨ ក្នុងការបន្តជួយ និងឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរនិងទេសចរណ៍ដែលត្រូវបានរោងចក្រព្យួរការងារចាប់ពីខែមេសាដល់ខែមិថុនា។
លើសពីនេះ រដ្ឋបានបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចអំឡុងពេលវិបត្តិជំងឺកូវីដ-១៩៕