កសិករ​និង​អាជីវករ​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​រក​ទី​ផ្សារ​ និង​បញ្ឈប់​ការ​ចាប់​យក​បន្លែ​របស់​ពួកគេ​

បន្លែជាច្រើនមុខដែលកសិករយកមកឱ្យម៉ូយជាអាជីវករលក់បន្តនៅភូមិសាស្ត្រខណ្ឌដង្កោ យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ)

អាជីវករនិងកសិករមួយចំនួននៅស្រុកស្អាង ខេត្តកណ្តាល ស្នើសុំទៅអាជ្ញាធរឱ្យជួយរកទីផ្សារ និងបញ្ឈប់ការចាប់យកបន្លែបង្ការរបស់ពួកគេដែលបានដឹកយក​មកលក់នៅរាជធានីភ្នំពេញ និង​កន្លែងផ្សេងទៀត។

លោក តុំ សុគីម ជាអាជីវករទិញបន្លែពីកសិករនៅស្រុកស្អាង យកមក​លក់នៅរាជធានីភ្នំពេញ និងចែកចាយបន្តទៅខេត្តផ្សេងទៀត ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍​នេះថា កាលពីយប់មិញនេះ អាជ្ញាធរបានចាប់យកបន្លែ រួមទាំង​រ៉ឺម៉កម៉ូតូរបស់លោក​​ ខណៈលោកយកបន្លែពីស្រុកស្អាង មកបោះឱ្យម៉ូយនៅម្តុំស្តុប​បាគូរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាជីវកររូបនេះអះអាងថា ក្រុម​ល្បាតរបស់អាជ្ញាធរខណ្ឌដង្កោ គំរាមកំហែង និងចាប់យកបន្លែ រួមទាំងរ៉ឺម៉ក​ម៉ូតូរបស់លោក រហូតមកដល់ថ្ងៃព្រហស្បតិ៍​នេះនៅ​ពុំទាន់ប្រគល់ឱ្យលោកវិញនៅ​ឡើយ។

លោកបន្ថែមថា៖ «ក្រុមពួកអ្នកជិះល្បាតហ្នឹង បានចុះមករុញរបស់របរខ្ញុំធ្លាក់ពីលើរ៉ឺម៉កមកផ្ទប់ជាមួយឡាន ហើយបើកយករ៉ឺម៉កបន្លែខ្ញុំទៅបាត់។ ខ្ញុំយល់ថា ទង្វើនេះជាទង្វើបំពាននិងល្មើសច្បាប់ទាំងស្រុង ព្រោះរ៉ឺម៉កខ្ញុំជារ៉ឺម៉កដឹកបន្លែ។ ហើយមិនមែនមកប៉ាតណាប៉ាតណីតាមផ្លូវដែរ គឺខ្ញុំបោះឱ្យម៉ូយដែលឡានគេចាំយកកន្លែងហ្នឹងទេ»

លោក តុំ សុគីម បន្ថែមថា បន្លែរបស់លោកដែលអាជ្ញាធរខណ្ឌដង្កោចាប់យកនោះមានតម្លៃជាង១លានរៀល។ លោកបានទាមទារឱ្យអាជ្ញាធរចេញថ្លៃខូចខាត និងទាមទាររ៉ឺម៉កម៉ូតូមកវិញផងដែរ។

កសិករ​ជួលដីដាំ​បន្លែ​នៅ​ឃុំព្រែកគយ និងឃុំទឹកវិល ស្រុកស្អាង លោក តៃ សុង និយាយថា ករណីអាជ្ញាធរចាប់យកបន្លែ និងរារាំងមិនឱ្យអាជីវករអាចចរាចរបន្លែបាននេះ នឹងធ្វើឱ្យប៉ះពាល់ដល់ពួកគាត់ដែរ។

កសិកររូបនេះបន្តថា អាជីវករទាំងនោះបានមកជួយប្រមូលទិញបន្លែពីកសិករ ដើម្បីយកទៅលក់នៅរាជធានីភ្នំពេញ និងចែកចាយទៅបណ្តាខេត្តផ្សេងទៀត ខណៈដែលបន្លែរបស់ពួកគាត់​កំពុងប្រឈមការឈូសឆាយចោលដោយសារគ្មានទីផ្សារសម្រាប់លក់ចេញ។

លោក តៃ សុង បន្ថែមថា សកម្មភាពអាជ្ញាធរចាប់យកបន្លែរបស់អាជីវករនេះ បានធ្វើឱ្យអាជីវករនិងកសិករ​ខាតបង់ផលប្រយោជន៍ជាច្រើនផងដែរ។

លោកបន្ថែមថា៖ «បើគាត់មិនឱ្យយើងលក់កន្លែងណា សុំឱ្យគាត់ប្រាប់ឱ្យត្រង់ ហើយគាត់ត្រូវរកកន្លែងឬទីតាំង​ណាមួយសម្រាប់ឱ្យពួកយើងបានលក់បន្លែឱ្យសមរម្យ។ រាល់ថ្ងៃ ពួកយើងពិបាករកកន្លែងលក់ណាស់ ពេលខ្លះត្រូវបានគេចាប់​ខ្លួន។ បើសិនយើងមិនខំដើរលក់ទេ វានឹងត្រូវបាត់បង់ទាំងស្រុងហើយ»

បើតាមព័ត៌មានដដែល លោក តៃ សុង ​ចាប់តាំងពីរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ​មានច្រើនករណីហើយដែលអាជ្ញាធរបានរារាំង និងចាប់យកបន្លែរបស់កសិករនិងអាជីវករ​ដែលយកមកលក់នៅជាយរាជធានីភ្នំពេញ។

អភិបាលខណ្ឌដង្កោ អ្នកស្រី គឹម ញឹប សុំមិនឆ្លើយ​តបទេ ដោយប្រាប់ថាកំពុងជាប់រវល់ប្រជុំ។ ចំណែកនាយករដ្ឋបាលខណ្ឌ លោក ម៉ុក ពុទ្ធា ទូរសព្ទចូលគ្មានអ្នកទទួល។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន មានប្រសាសន៍ថា ករណីអាជ្ញាធរហាមឃាត់ឬចាប់យកបន្លែរបស់អាជីវករមិនឱ្យលក់ដូរនិងចែកចាយបន្តនោះ បង្ហាញថា អាជ្ញាធរគ្រប់គ្រងនៅតំបន់នោះមិនបានយល់ដឹង និងបានអនុវត្តផ្ទុយពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលអនុញ្ញាតឱ្យមានការចរាចរគ្រឿងឧបភោគបរិភោគ និងដឹកទំនិញចេញចូលរាជធានីភ្នំពេញ ដោយសេរីបាន។

លោកបន្ថែមថា៖ «អ៊ីចឹងបើគាត់ប្រព្រឹត្តនូវទង្វើបែបនេះ ខ្ញុំគិតថា សាលារាជធានីភ្នំពេញ ឬមន្ត្រីរដ្ឋាភិបាល ត្រូវត្រួតពិនិត្យនៃការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមឱ្យបានមែនទែន ពីព្រោះថា គាត់មិនបានជួយសម្រួលដល់ការប្រកបមុខរបរ ការរកស៊ីនិងការផ្គត់ផ្គង់ដែលពួកគាត់ចង់ចូលរួមចំណែកក្នុងការផ្តត់ផ្គង់ ខណៈដែលមានការរីករាលដាលជំងឺកូវីដហ្នឹង ធ្វើឱ្យមនុស្សក្នុងរាជធានីភ្នំពេញ កង្វះនូវអាហារ និងម្ហូបអាហារកំពុងឡើងថ្លៃនោះ»

ពាក់ព័ន្ធករណីនេះ វីអូឌី បានសុំការឆ្លើយតបពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែរ ប៉ុន្តែទូរសព្ទចូលគ្មានអ្នកទទួល។

យ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង​ សាខុន ប្រាប់ វីអូឌី កាលពីថ្ងៃទី២២ ខែមេសានេះ​ថា ក្រសួ​ងកំពុង​រិះរក​មធ្យោបាយ និងកំពុងសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីនាំបន្លែពីកសិករនៅតាមបណ្តាខេត្តនានា​​​ជិតរាជធានីភ្នំពេញ យកទៅចែកចាយ​នៅតាមតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ ខណៈបន្លែនៅតំបន់នោះបានឡើងថ្លៃខ្ពស់។

ដោយសារគ្មានទីផ្សារលក់បន្លែចេញ ប្រជាកសិករ​មួយចំនួន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល បានសម្រេចឈូសបន្លែសាលាដ​ចោលជាច្រើនតោន ​ស្រប​ពេល​រដ្ឋាភិបាលបាន​​បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ