សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​រក​​ជន​ល្មើស​​ដែល​គប់​ដុំ​ថ្ម​​លើ​កូន​អតីត​មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​បណ្តាល​ឱ្យ​​​រង​របួស​​

ជនរងគ្រោះ កាក់ សុវណ្ណច្ឆ័យ មកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្រោយរងរបួសដោយជនអនាមិកគប់នឹងដុំថ្មបែកក្បាល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ (យុវជនអតីតបក្សសង្គ្រោះជាតិ)

សមត្ថកិច្ចរាជធានីភ្នំពេញ កំពុងស្រាវជ្រាវករណីហិង្សាមួយ​ដែលកើតឡើងទៅលើ​កូន​ប្រុស​​​របស់អតីតមន្ត្រី​គណបក្សសង្រ្គោះជាតិ វ័យ១៥ឆ្នាំ ដែលត្រូវ​បានជនមិនស្គាល់មុខជិះម៉ូតូយកដុំឥដ្ឋតាន់គប់លើ បណ្តាលឱ្យ​រងរបួសក្បាលធ្ងន់ធ្ងរកាលពីថ្ងៃម្សិលមិញ លើផ្លូវបេតុងមួយកន្លែង​នៅស្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។​

ជនរងគ្រោះរូបនេះឈ្មោះ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិនស្គាល់មុនវាយកាលពីថ្ងៃម្សិលមិញ ខណៈដែលគាត់​កំពុងឌុបម្តាយត្រឡប់មកពីទិញដំឡូងនៅក្បែរផ្ទះ។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុនទី១​ លោក ឈឹម ចំរើន លើកឡើងថា សមត្ថកិច្ចមិនទាន់អាចកំណត់មុខសញ្ញាជនសង្ស័យបាននៅឡើយ ដោយសារកាមេរ៉ាសុវត្ថិភាពបំពាក់តាមផ្ទះក្បែរកន្លែងកើតហេតុនៅឆ្ងាយ ចាប់ចំណុចទីតាំងកើតហេតុមិនបាន​។

តែយ៉ាងណាលោកថា​ នឹងបន្តស្រាវជ្រាវកាមេរ៉ាតាមដងផ្លូវបន្ថែមទៀត ហើយនឹងកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើដើម្បីចាត់ការបន្ត ដោ​យ​មិនឱ្យលើសពី១សប្តាហ៍ឡើយ។  ​

លោក ឈឹម ចំរើន និយាយថា៖ «យើងព្យាយាមបន្តឆែកតាមផ្លូវហ្នឹងរហូត ប៉ុន្តែជាក់ស្តែង យើងឆែកតាំងពីម្សិលមិញ ហើយថ្ងៃនេះទៀត គឺអត់ទាន់មានអត្តសញ្ញាណអីដែលកំណត់សម្គាល់ឃើញបានទេ ព្រោះជិះលើផ្លូវ កាមេរ៉ាភាគច្រើនគេដាក់តែមុខផ្ទះគេ ហើយអានេះវាតាមផ្លូវ អ៊ីចឹងវាអត់ទាន់បានលទ្ធផលអីទេ»

ជនរងគ្រោះ កាក់ សុវណ្ណច្ឆ័យ ជាកូនប្រុសរបស់​លោក កាក់ កុម្ភា​រ អតីត​​សមាជិក​​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​​ នៃ​​អតីត​​គណបក្ស​​សង្គ្រោះជាតិ​ ដែល​ត្រូវ​​បាន​តុលាការ​​សម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារព្រៃស ១ឆ្នាំ៨ខែ កាលពី​ចុងខែ​មិថុនា ​ឆ្នាំ២០២០ ​ក្រោម​ការ​ចោទ​ពី​បទ​ «ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខជាតិ»

អ្នកស្រី ព្រុំ ចាន់ថា ម្តាយជនរងគ្រោះឈ្មោះ កាក់ សុវណ្ណច្ឆ័យ ប្រាប់ វីអូឌី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ​ថា ជនដៃដល់មានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿ​ងម៉ាក PCX ពណ៌ស មិ​នចាំស្លាកលេខ ក្នុងទិសដៅស្របគ្នា បានយកដុំឥដ្ឋតាន់ គប់ទៅ​លើកូនប្រុសគាត់ត្រូវចំក្បាលខាង​ឆ្វេង ក្នុងចម្ងាយប្រហែល១ម៉ែត្រកន្លះពីគ្នា ខណៈកូនគាត់កំពុងជិះម៉ូតូឌុបអ្នកស្រីត្រឡប់ពីទិញដំឡូង តាមផ្លូវបេតុងលេខ៤៥BT ក្បែរវិទ្យាស្ថានអាជីវកម្មនៃកម្ពុជា ចម្ងាយប្រ​មាណ២០០ម៉ែត្រពីផ្ទះអ្នកស្រី។

អ្នកស្រីបន្តថា កូនគាត់រងរបួសបែកក្បាលខាងឆ្វេង​ ដេរអស់ចំនួន២០ថ្នេរ នៅគ្លីនិកឯកជនមួយកន្លែង បន្ទាប់ពីម​ន្ទីរ​ពេទ្យរដ្ឋចំនួន២បានបដិសេធ​មិនទទួលព្យាបាល។ ​

អ្នកស្រីនិយាយថា៖ «អរុណរះ [ឈ្មោះពេទ្យឯកជនមួយកន្លែង] ហ្នឹង គេទទួលខ្ញុំ ពេទ្យឯកជន ប៉ុន្តែគេដេរហើយចាក់ថ្នាំឃាត់ឈាមឱ្យកូនខ្ញុំហើយ គេប្រាប់អាការកូនខ្ញុំថា បើសិនជាហូរឈាមច្រើនពេកក៏គេអត់មានឈាមបញ្ចូលឱ្យដែរ។ អ៊ីចឹងគេឱ្យកូនខ្ញុំមកផ្ទះវិញ គេអត់ទទួលឱ្យកូ​ន​ខ្ញុំដេកទេ»

ភរិយាអតីតមន្រ្តីគណបក្សប្រឆាំងដែលសកម្មក្នុងការតវ៉ាទាមទារឱ្យដោះលែងប្តី និងអតីតមន្ត្រីបក្សប្រឆាំងដែលជាប់ឃុំ​​ផ្សេងទៀតរូបនេះ និយាយថា នៅក្បែរកន្លែងកើតហេតុមានកាមេរ៉ាសុវត្ថិភាពបំពាក់នៅ២ទីតាំង ប៉ុន្តែម្ចាស់ទីតាំងបដិសេធមិនផ្តល់រូបភាពដល់អ្នកស្រីឡើយ ​ដោយថា កាមេរ៉ាពួកគេខូចនិងដា​​​​​​ក់បែរមិនចំចំណុចកើតហេតុ ហើយអ្នកស្រីថា សមត្ថកិច្ចបានចុះទៅឆែកកាមេរ៉ារបស់ពួកគេមុនអ្នកស្រីរួចទៅហើយ។

​ប្រភពដដែលបញ្ជាក់ថា ក្រោយកើតហេតុ អ្នកស្រីបានដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាលស​ង្កា​ត់បឹងទំពុនទី១ រួចហើយ កាលពីរសៀលថ្ងៃម្សិលមិញ​ ប៉ុន្តែអ្នកស្រីមិនសង្ឃឹមទទួលបានយុ​ត្តិធម៌នោះទេ។

អ្នកស្រីបានចាត់ទុកករណីនេះថា ជាការ​បំបាក់ស្មារតីផ្នែកន​យោបាយ ខណៈគ្រួសារអ្នកស្រី រួមទាំងកូនប្រុសដែលមានជំងឺម៉្យាងដែលចូ​លចិត្តនៅម្នាក់ឯង គ្មា​នជម្លោះឬគំនុំជាមួយអ្នកណាទេនាពេល​កន្លងមក។

អ្នកស្រី ចាន់ថា និយាយថា៖ «ហៅមិនចូល ទិញក៏មិនចូល ចង់ប្រើហិង្សាម៉េចក៏មិនចូល ក៏មិនញញើត អ៊ីចឹងពួកគាត់មានតែធ្វើវិធីបែបហ្នឹងហើយ ដើម្បីបំបាក់ស្មារតីក្រុមស្ត្រីខ្ញុំ ហើយនិងក្រុមប្រពន្ធអ្នកនយោបាយទាំងអស់។ ប៉ុន្តែកុំសង្ឃឹមឱ្យសោះ គ្រាន់តែប្រាប់ថា កុំសង្ឃឹម! ទោះជាអ្នកឯងសម្លាប់ដល់ជីវិតទៀត ក៏ខ្ញុំអត់ចុះញ៉មដែរ»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា លើកឡើងថា កន្លងមកមានការប្រើអំពើហិង្សាលើអតីតសមាជិកបក្សប្រឆាំងមួយចំនួនដូចជា លោក ស៊ិន បូណា និង លោក ឌិន វ៉ារិន ប៉ុន្តែលោកមិនអា​ចបូកសរុបចំនួនករណីទាំងនោះបានទេ ដោយសារក្នុងរបាយការណ៍ពីមន្រ្តីមូលដ្ឋានមិនបានបញ្ជាក់ពីអតីតភាពការងារ ឬនិន្នាការនយោបាយរបស់ពួកគេនោះឡើយ។

លោកបន្ថែមថា ចំពោះករណីទាំងនោះ ខាងសមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវ ដោយមិនមានការរើសអើងនិន្នាការនយោបាយ ឬស្ថានភាពក្រុមគ្រួសារជនរងគ្រោះទេ។

លោក សាន សុខសីហា បានគូសបញ្ជាក់​ថា៖ «ដូចខ្ញុំធ្លាប់បានបញ្ជាក់តាំងពីដើមកាលពីមុនអ៊ីចឹង ការស្រាវជ្រាវមិនប្រាកដថាឃើញ ហើយមិនប្រាកដថានេះទេ ព្រោះវាស៊ីសងលើស្ថានភាពទីតាំងជាក់ស្តែង ថាតើមានភស្តុតាងអីខ្លះ មានកាមេរ៉ាច្បាស់ឬអត់អ៊ីចឹង។ ការស្រាវជ្រាវ វាទាក់ទងនឹងបញ្ហាហ្នឹង»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានបង្ហាញក្តី​​បារម្ភកាន់តែខ្លាំងចំពោះករណីហិង្សាកើតឡើងជាថ្មីទៀត ទៅលើក្រុមគ្រួសារអតីតគណបក្សប្រឆាំង អំឡុងរដ្ឋាភិបាលកំពុងបិទខ្ទប់ទីក្រុង និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខណៈករណីហិង្សាលើអតីតសកម្មជនជាច្រើននាក់នាពេលកន្លងមក នៅមិនទាន់ត្រូវបានដោះស្រាយនិងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនៅឡើយ។

លោកថា សមត្ថកិច្ចគួរតែខំប្រឹងប្រែងស៊ើបអង្កេតនិងចុះស្រាវជ្រាវបន្ថែមទៀត ដើម្បីរកឱ្យឃើញជនជាប់សង្ស័យមកដាក់ទោសទណ្ឌតាមច្បាប់ ដើម្បីបញ្ចប់ការរិះគន់ពីតម្លាភាព ភាពអយុត្តិធម៌ក្នុងការអនុវត្តច្បាប់ និងទប់ស្កាត់បញ្ហានិទណ្ឌភាពក្នុងសង្គម។ 

លោក អំ សំអាត មានប្រសាសន៍ថា៖ «យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សហ្នឹង នៅតែទទូចទោះបីកាលៈទេសៈណាក៏ដោយ។ បទល្មើសដែលកើតឡើង អាជ្ញាធរដែលមានសមត្ថកិច្ចហ្នឹងត្រូវតែធ្វើការស៊ើបអង្កេត និងស្វែងរកអ្នកដែលប្រព្រឹត្តហ្នឹងយកទៅអនុវត្តតាមផ្លូវច្បាប់ ដើម្បីបំបាត់និទណ្ឌភាព និងការភ័យខ្លាចរបស់អ្នកផ្សេងតទៅទៀត»។

កុមារា កាក់ សុវណ្ណច្ឆ័យ ធ្លាប់ត្រូវបានសមត្ថកិច្ចរាជធានី​ភ្នំពេញ ឃាត់ខ្លួនរយៈពេល​៤៨ម៉ោងកាលពីខែតុលា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការចូល​ទៅ​កាន់ស្នាក់​ការអតីត​​​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការចាត់ទុកថាជាតំបន់​ហាម​ឃាត់​​។

​​ការដោះលែងពេលនោះ បន្ទាប់ពីក្មេងប្រុសរូបនេះបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច​ដោយឈប់​ចូលទៅក្នុងបរិវេណទីស្នាក់ការអតីត​​គណបក្សសង្គ្រោះជាតិ និងឈប់បង្ហោះសកម្មភាព​ឬរូបភាពផ្សេងៗទៀតដែលមានខ្លឹមសារមិនពិតនិងបង្ក​ឱ្យ​មាន​ការភាន់ច្រឡំ​។

បើតាមលោក អំ សំអាត ឱ្យដឹងថា មកទល់ពេលបច្ចុប្បន្ន​ មានអតីតសកម្មជនបក្សប្រឆាំងប្រមាណ២០រូបហើយដែលត្រូវបានជនមិនស្គាល់មុខវាយឱ្យរងរបួសជាបន្តបន្ទាប់៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ