រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​កំណត់​តំបន់​ក្រហម​ លឿងទុំ​ និងលឿង​ ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​

ឧបសម្ព័ន្ធ (ផែនទី) នៃសេចក្ដីសម្រេចលេខ ០៩៧/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ រូបថត ផេកហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញជាផ្លូវការនូវភូមិសាស្ត្រដែលត្រូវកំណត់ជាតំបន់​ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្រោយរដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ ខេត្តកណ្តាល រហូតដល់ថ្ងៃទី៥ ខែឧសភា។

សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានលើកឡើងថា ភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបាន​កំណត់ជា៣តំបន់ រួមមាន តំបន់ក្រហម ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ​​នៃជំងឺកូវីដ-១៩, តំបន់លឿងទុំ មានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ និង តំបន់លឿង មានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩។

តំបន់ក្រហម ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ថាមានការឆ្លងរាលដាលធ្ងន់ធ្ងរ​នៃជំងឺកូវីដ-១៩នោះ រួមមាន ​ភូមិ១៤ ភូមិ១៦ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក, ភូមិប្រការ សង្កាត់ព្រៃស និង ភូមិ​ម័ល ភូមិថ្មី ភូមិសំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ, សង្កាត់​ស្ទឹង​មានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ, សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

រដ្ឋបាលរាជធានីភ្នំពេញ បន្តថា តំបន់លឿងទុំ រួមមាន សង្កាត់ទួលទំពូងទី២ សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (ភូមិ៩ និង ភូមិ១៦) ខណ្ឌចំការមន, សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ, សង្កាត់អូរឫស្សីទី១ សង្កាត់អូរឫស្សីទី២ សង្កាត់អូរឫស្សីទី៣ សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត (ភូមិ៤ ភូមិ៥ និង ភូមិ៦) ខណ្ឌ៧មករា, សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង (លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧) ខណ្ឌទួលគោក, សង្កាត់​ព្រៃស (លើកលែងភូមិប្រការ) និង សង្កាត់ដង្កោ (លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ខណ្ឌដង្កោ។

ក្រៅពីនោះ តំបន់លឿងទុំ ក៏មាននៅ​​សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ, សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ, សង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ, សង្កាត់ចោមចៅទី២ សង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ, សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ, សង្កាត់ព្រែកព្នៅ (ភូមិព្រែកព្នៅ ភូមិកណ្ដាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល) សង្កាត់ពញាពន់ (ភូមិធំត្បូង) និងសង្កាត់គោករការ (ភូមិគោករការ ភូមិអណ្ដូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម) ខណ្ឌព្រែកព្នៅ, សង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់ព្រែកប្រា និង​សង្កាត់និរោធ (លើកលែងតំបន់បុរី ប៉េងហួត បឹងស្នោ) ខណ្ឌច្បារអំពៅ, សង្កាត់បឹងកេង​កង​ទី៣ និងសង្កាត់ស្វាយព្រៃទី១ ខណ្ឌបឹងកេងកង និង​សង្កាត់កន្ទោក (ភូមិកន្ទោកខាងជើង) និងសង្កាត់ស្នោរ (ភូមិទួលលៀប) ខណ្ឌកំបូល។

ក្រៅពីភូមិ-សង្កាត់ដែលកំណត់ជាតំបន់ក្រហម និងតំបន់លឿនទុំទាំង​​នេះ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ជាតំបន់លឿង។

សេចក្តីសម្រេចនោះ ក៏បានហាមឃាត់​ពីការធ្វើដំណើរ ការជួបជុំ និងសកម្មភាពការងារមួយចំនួននៅតំបន់ក្រហម និងតំបន់លឿងទុំ រួមនឹងការអនុវត្ត​វិធានការមួយចំនួនទៀតក្នុងអំឡុងពេលបិទខ្ទប់​នេះផងដែរ លើកលែងតែ​​តំបន់លឿង ដែលមានការអនុញ្ញាតឱ្យធ្វើដំណើរ ប៉ុន្តែត្រូវបន្ត​អនុវត្តបម្រាមគោចរ ដោយ​ផ្អាកជាបណ្តោះអាសន្ន​នូវការធ្វើចរាចរណ៍ និងរាល់សកម្ម​ភាព​ការ​ងារនិងអាជីវកម្ម នៅចន្លោះម៉ោង​៨យប់ ដល់ម៉ោង៥ភ្លឺ​។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីសម្រេចនោះថា បុគ្គលណាបំពានវិធានការហាម​ឃាត់​ការធ្វើដំណើរ វិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងវិធានការ​ហាមឃាត់ការជួបជុំឬការប្រមូលផ្តុំមនុស្ស ក្នុងភូមិសាស្ត្រ​តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង នឹងត្រូវរងនូវការអនុវត្តច្បាប់​យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ន​នូវមធ្យោបាយ​ធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា បន្ថែមលើវិធានការខាងលើ បុគ្គល​ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមប្រការមួយចំនួនក្នុងសេចក្តីសម្រេចនេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ទៅតាមច្បាប់ ស្តីីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ​ និងប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរផ្សេងទៀត» និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការកំណត់ភូមិសាស្ត្រជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១តទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ