«ផ្សារណាត់ជ្រោយចង្វារ» បើកដំណើរការបម្រើសេវាផ្នែកគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ)

ក្រសួង​ពាណិជ្ជ​កម្ម​ច្រាន​ចោល​ព័ត៌មាន​ដែល​ចោទ​ខ្លួន​​ថា​លក់​ស្បៀង​នៅ​តំបន់​ក្រហម​ផ្ទុយ​ពី​វិធាន​រដ្ឋា​ភិបាល​

លោក ណាត សុភាព

កូវីដ-១៩

ក្រសួងពាណិជ្ជកម្ម បានច្រានចោលព័ត៌មានមិនពិត​ដែលចោទថា ក្រសួងលក់ស្បៀង​ជូន​ពលរដ្ឋ​នៅ​ក្នុង​តំបន់ក្រហម មិនត្រឹមត្រូវតាមតួនាទី និងដើរតួនាទី​ជំនួសអាជីវករ ផ្ទុយពីវិធានរដ្ឋាភិបាល។

សេចក្តីបំភ្លឺរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២១​ បានឱ្យដឹង​ថា មាន​ព័ត៌មាន​មួយ​ចំនួន​បានផ្សព្វ​ផ្សាយ​មិន​ពិត និង​វាយ​ប្រហារ បន្ទច់បង្អាក់សកម្មភាពរបស់ក្រសួងដែលលក់ស្បៀងជូន​ប្រជាពលរដ្ឋ​នៅតំបន់បិទខ្ទប់​ ដោយ​ក្នុងនោះក៏មាន​​ការបង្ហោះរូបភាពមួយចំនួននៅក្នុង​បណ្ដាញសង្គមដែលមានលក្ខណៈបំភ្លៃការពិត បង្កឱ្យ​​មានការភ័ន្ត​​ច្រឡំពីសំណាក់​សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឱ្យ​​បាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ករណីនេះ ក្រសួងពាណិជ្ជកម្មបំភ្លឺថា ការចេញលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ គឺ​​ក្រសួងបាន​ធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងលក់ក្នុងតម្លៃក្រោមទីផ្សារ ហើយដឹកជញ្ជូនដល់ទីតាំងដោយមិនគិតថ្លៃសេវាដឹកជាដើម ពោលគឺ​​មិនមែនដូចព័ត៌មានមួយចំនួនផ្សាយដោយបំភ្លៃផ្ទុយពីការពិតនោះទេ។

ក្រសួងបញ្ជាក់ថា ការលក់ស្បៀងនៅតាមផ្ទះពលរដ្ឋ និងនៅលើទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម បានផ្តល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម បានចំនួន៦០០​ការបញ្ជាទិញ ដោយមិនគិតថ្លៃឈ្នួល សំដៅចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់និងត្រឹមត្រូវបំផុតនូវវិធានការការពារកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល។

ក្រសួងបន្ថែមថា ការលក់ផ្គត់ផ្គង់ស្បៀងនិងគ្រឿងឧបភោគបរិភោគចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនោះ ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារ តាមរយៈរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរបស់ក្រសួងចំនួន៨គ្រឿង និងបើកស្ដង់លក់ទំនិញរបស់ក្រសួងពាណិជ្ជកម្ម សរុបមាន១១ទីតាំង ដែលមាន២៥ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញជាស្បៀងមូលដ្ឋាន ក៏ដូចជាទប់ស្កាត់ការឡើងថ្លៃហួសហេតុដែលបង្កឡើងដោយជនឆក់ឱកាសនិងជនខិលខូចមួយចំនួនផងដែរ។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ទៀត​​ថា បច្ចុប្បន្ននេះ ក្រសួងបានចាត់មន្ត្រីរបស់ខ្លួនឱ្យ​​បន្តចុះត្រួតពិនិត្យនិងតាមដានសន្ទស្សន៍ថ្លៃទំនិញតាមទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឱ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឱ្យ​មានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់។

ក្នុងករណីមានការលួចបន្លំ ដំឡើងថ្លៃណាមួយកើតឡើង ក្រសួងលើកទឹកចិត្តដល់ពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់វិធានការ ឱ្យបានទាន់ពេលវេលា។

បើតាមមន្ត្រីក្រសួងពាណិជ្ជកម្ម គិតចាប់ពីថ្ងៃទី២២ ដល់ទី២៦ ខែមេសា ឆ្នាំ២០២១ គឺរយៈពេល៥ថ្ងៃ ក្រសួងពាណិជ្ជកម្ម បានលក់ស្បៀងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម បានអង្ករ១ ៤៥២បាវ, មី៤ ២៨៣កេស, ត្រីខ ២ ៨០៣យួរ,​ ទឹកត្រី ១ ១៦១យួរ, ទឹកស៉ីអ៉ីវ ១ ០៩៧យួរ, ទឹកបរិសុទ្ធ ២៣០យួរ, ឆៃប៉ូវ ៦០២ថង់ (១ថង់ ២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត៕