រដ្ឋា​ភិបាល​ឱ្យ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ហានិភ័យ​ដើម្បី​បញ្ចៀស​ការ​បិទខ្ទប់​ជា​ថ្មី​ទៀត​

គ្រូពេទ្យម្នាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនអ្នកមកទទួលការចាក់វ៉ាក់សាំង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)។ (ជន ចាន់រ៉ែន)

​រដ្ឋាភិបាល​បានដាក់ចេញវិធានការថ្មី​មួយទៀ​តសំ​ដៅ​ដល់​ការធានាប្រសិទ្ធ​ភាពគ្រ​ប់​គ្រង​កា​រឆ្លងរាលដាលនៃជំ​ងឺកូវី​ដ-​១៩ ដើ​ម្បី​ប​​​ញ្ចៀ​​​ស​កា​របិ​ទខ្ទប់​រាជធានី​ភ្នំពេញ និងក្រុងតាខ្មៅ​ ជាថ្មីទៀត ខណៈក្រសួងសុខាភិបាលមិនទាន់អាចទប់ស្កាត់ការឆ្លងរាលដា​លក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបាននៅឡើយ រយៈពេលជាង២ខែមកនេះ។

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានសម្រេចឱ្យបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ការបិទខ្ទប់នេះបានធ្វើឡើងម្តងរួចមកហើយ រយៈពេល១៤ថ្ងៃ​ ​ដោយអនុវត្តចាប់ពីថ្ងៃទី១៥​ ដល់ថ្ងៃទី២៨ ខែមេសា ក្រោយពីជំងឺសកលនេះបានបន្តឆ្លងដល់អាជីវករផ្សារមួយចំនួននៅរាជធានីភ្នំពេញ និងកម្មកររោងចក្រកាត់ដេរ ដែលសុទ្ធតែជាកន្លែងប្រមូលផ្ដុំមនុស្សច្រើន។

រដ្ឋាភិបាលបញ្ជាក់ផងដែរថា រយៈពេលនៃការបិទខ្ទប់នេះអាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើកាចូ​ល​​រួមអនុវត្តរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាព​ការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

មួយវិញទៀត រដ្ឋាភិបាលតាមរយៈសេចក្តីសម្រេចកម្រាស់១៤ទំព័រដដែល បានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងគោលដៅធានាប្រសិទ្ធភាពគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីបញ្ចៀសឱ្យបាននូវការបិទខ្ទប់ជាថ្មីទៀតសម្រាប់ភូមិសាស្ត្រទាំងនេះ។

នាយករដ្ឋមន្ត្រីណែនាំឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយរបស់ជាតិ ជំ​រុ​ញ​ដល់ការចាក់វ៉ាក់សាំងឱ្យបានលឿនក្នុងរយៈពេលដ៏ខ្លី សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅឱ្យបានគ្រប់គ្នា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងទីប្រជុំជនធំៗនៃខេត្តកណ្តាល ដែលមានមនុស្សច្រើនកុះករ សំដៅបង្កើតឱ្យមានភាពស៊ាំ​នៅក្នុងសហគមន៍កាន់តែច្រើន ដើម្បី​ «ធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេស​បញ្ចៀសឱ្យបាននូវការបិទខ្ទប់ជាថ្មីសម្រាប់ភូមិសាស្ត្រនេះ»។

ប្រធានគណៈកម្មការចំពោះកិច្ចដឹកនាំការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្រុមការងារកំពុងត្រៀមខ្លួនប្រើប្រាស់ធនធានដែលមាននៅក្នុងដៃដើម្បីអនុវត្តនូវអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល​នេះ ។

លោកស្រីថា៖ «យើងកំពុងរៀបចំផែនការសម្រាប់ចាក់វ៉ាក់សាំងជូនដល់បងប្អូនយើងនៅរាជធានីភ្នំពេញ និងតំបន់ដែលប្រជាពលរដ្ឋខេត្តកណ្តាលរស់នៅជាប់នឹងរាជធានីភ្នំពេញ។ ហើយការចាក់នេះ វាអាស្រ័យលើវ៉ាក់សាំងដែលយើងមាននៅក្នុងដៃ ប៉ុន្តែវត្ថុបំណងរបស់យើងៗនឹងចាក់ជូនបងប្អូនប្រជាពលរដ្ឋទៅតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី»

កម្មកររោងចក្រកាត់ដេរម្នាក់ រស់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម លោក ធ្លក សុគុណ អាយុ៣០ឆ្នាំ និយាយថា គាត់នឹងទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ បើមានការជូនដំណឹងពីអាជ្ញាធរ។

លោកថា៖ «ខ្ញុំកំពុងចាំមើលគេដែរហ្នឹង! បើគេឱ្យទៅចាក់ ខ្ញុំទៅចាក់! ព្រោះអីបើយើងបានចាក់ បានការពារដែរ»។

កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរម្នាក់ទៀតនៅក្រុងតាខ្មៅ ជាតំបន់បិទខ្ទប់ដូចគ្នា អ្នកស្រី គង់ ណារ៉ា អាយុ៣៩ឆ្នាំ បានអះអាងប្រហាក់ប្រហែលគ្នានេះដែរ ។

អ្នកស្រីថា៖ «បើគេជូនដំណឹង ខ្ញុំទៅចាក់! ព្រោះអីរោងចក្រខ្ញុំគេតម្រូវឱ្យចាក់។ ព្រោះអីរោងចក្រខ្ញុំគេធ្លាប់ប្រមូលកាតទៅម្តងហើយ ខ្ញុំសួរគេៗថា ប្រមូលយកទៅចាក់វ៉ាក់សាំង តែគ្រាន់ថា​ស្ថិតិប៉ុន្មាន គេអត់ទាន់ជូនដំណឹង»។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី យល់ឃើញថា ការចាក់វ៉ាក់សាំងជាផ្នែកមួយជួយបង្ការហានិភ័យនៃជំងឺឆ្លងសកលនេះ បើរដ្ឋាភិបាលផ្តល់វ៉ាក់សាំងដល់មនុស្សប្រមាណ​១០លាននាក់តាមការគ្រោងទុក។

ប៉ុន្តែលោកបារម្ភថា បញ្ហានេះនឹងមិនជោគជ័យទេ បើអាជ្ញាធរអនុវត្តតែវិធានបិទខ្ទប់ តែមិនអាចអនុវត្តវិធានរក្សាគម្លាតសុវត្ថិភាពសង្គមនៅកន្លែងទទួលវ៉ាក់សាំងឬកន្លែងយកសំណាកជាដើមទេនោះ។

លោកថា៖ «ប៉ុន្តែច្រកមួយដែលជំរុញឱ្យមានការជួបជុំហ្នឹង គឺការទៅទទួលអំណោយនិងការទៅចាក់វ៉ាក់សាំងហ្នឹងឯង​ អាហ្នឹងសំខា​​ន់ណាស់! ប្រសិនបើការគ្រប់គ្រងកន្លែងជួបជុំហ្នឹងមិនបានល្អ ហើយគាត់មិនមានគម្លាតសង្គមអីមិនបានល្អដូចការណែនាំរប​ស់​​ក្រ​សួងសុខាភិបាលទេ កន្លែងហ្នឹងដូចជាប្រភពចម្លងអ៊ីចឹងដែរ»។

យ៉ាងណា ក្នុងសេចក្តីសម្រេចនោះ រដ្ឋាភិបាលក៏បានណែនាំផងដែរចំពោះយុទ្ធនាការជាតិចាក់វ៉ាក់សាំងនេះ ដោយត្រូវធានាឱ្យបាននូវរបៀបរៀ​បរយ​និងសណ្តាប់ធ្នាប់ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អំឡុងនៃកិច្ចដំណើរការនាំយកសេវាទៅកៀកនឹងប្រជាពលរដ្ឋនេះ​។

សូមជម្រាបថា គិត​​ត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួនជាង១លាននាក់ ( ១ ២៩៥  ៦៦០ នាក់)។

យ៉ាងណា វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៤០០ ០០០ដូសទៀត ជាជំនួយរបស់ចិន នឹងមកដល់កម្ពុជានៅថ្ងៃទី២៨ ខែមេសា​ ស្អែកនេះ ដែលធ្វើឱ្យកម្ពុជាទទួលបានជំនួយវ៉ាក់សាំងទាំង៣លើកសរុប ១លាន ៧សែនដូស។ គិតត្រឹមព្រឹកថ្ងៃអង្គារម្សិលមិញ ការឆ្លងរីករាលដាលកូវីដ-១៩ ចូលទៅកាន់សហគមន៍ជាលើកទី៣ ដែលរដ្ឋាភិបាលហៅថាជា«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» បានសម្លាប់មនុស្សអស់៧៩នាក់ និងឆ្លងដល់មនុស្សជាង១ម៉ឺននាក់ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយសរុបទាំងមុនព្រឹត្តិការណ៍នេះមានចំនួនជាង៣ពាន់នាក់ (៣ ៥៧៧) និងជាង៦ពាន់នាក់ (៦ ៨៩២) កំពុងសម្រាកព្យាបាលនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ