CYN​ និង​សកម្ម​ជន​បរិស្ថាន​ប្តេជា​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា​បន្ត​វេន​​ពី​លោក ឈុត​ វុទ្ធី​

​ស្ថាបនិកនិង​​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក​ ឈុត វុទ្ធី។ (Global Witness)

សមាគម​បណ្ដាញយុវជនកម្ពុជា (CYN) និងសកម្មជនបរិស្ថាន បានបង្ហាញការ​ប្ដេជ្ញាចិត្តការពារធនធានធម្មជាតិនិងព្រៃឈើ ដើម្បីបន្តបេសកកម្មរបស់លោក​ ឈុត វុទ្ធី ​ស្ថាបនិក ​និង​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០១២។

ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងខួប៩ឆ្នាំ​នៃការ​បាញ់​សម្លាប់​ស្ថាបនិកនិង​​ជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក​ ឈុត វុទ្ធី។

លោក​ ឈុត វុទ្ធី ដែល​​ជាសកម្ម​ជន​បរិស្ថាន​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​លេចធ្លោ​ម្នាក់​នៅ​កម្ពុជា ​ត្រូវ​បាន​គេ​បាញ់សម្លាប់​​កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅពេល​ដែល​លោក​ចុះ​ស៊ើបអង្កេត​ករណី​រំលោភ​យក​ដីនិង​ការ​កាប់​ឈើ​ខុសច្បាប់​ក្នុង​ខេត្តកោះកុង។

ក្នុងលិខិតចំហរបស់សមាគម​បណ្ដាញយុវជនកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ការបាត់បង់ជីវិតលោក ឈុត វុទ្ធី បានបន្សល់ទុកនូវវីរភាពសម្រាប់ប្រជាពលរដ្ឋ យុវជន ដើម្បីបន្តការចូលរួមកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ ក្នុងនោះមាននៅតំបន់ព្រៃឡង់ ព្រៃព្រះរការ តំបន់ជួរ​ភ្នំក្រវាញ និងព្រៃឈើដទៃទៀត​នៅជុំវិញប្រទេសកម្ពុជា បើ​ទោះ​បី​ជា​ត្រូវ​រងការ​​គំរាមកំហែងនិងការយាយីជាប្រចាំពីក្រុមជនទុច្ចរិតក៏ដោយ។

លិខិតចំហដដែលបន្តថា ក្រៅពីរងការគំរាមកំហែងពីក្រុមជនទុច្ចរិតនោះ សកម្មជនការពារធន​ធាន​ធម្មជាតិនិងបរិស្ថាន មួយចំនួនត្រូវចាប់ខ្លួន និងរង​​ការរឹតត្បិតពីសំណាក់អាជ្ញាធរដែល​មិនឱ្យពួកគេ​​ចុះ​ល្បាត​ព្រៃនៅតំ​បន់ការពារ ប៉ុន្តែក្រុមយុវជនជំនាន់ក្រោយនៅតែបន្តខិតខំ ដើម្បីការពារធនធានធម្មជាតិនិងព្រៃឈើដែលកំពុងរងការកាប់បំផ្លាញ។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង បន្ថែមថា បច្ចុប្បន្ន ក្រុមយុវជននិងប្រជាពលរដ្ឋបាននិងកំពុងបន្តវេនពីលោក ឈុត វុទ្ធី ក្នុងការការពារធនធានធម្មជាតិនៅកម្ពុជា។ លោកបន្តថា ការបាត់បង់ជីវិតរបស់លោក ឈុត វុទ្ធី ដោយការពារធនធានធម្មជាតិ គឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយ។

លោកបន្តថា៖ «យើងមិន​ព្រួយបារម្ភទេ [ពីសកម្មភាព]របស់ក្រុមណាមួយ​ដែលចង់រឹតត្បិតសិទ្ធិសេរីភាពរបស់យើង មានតែយើងយកច្បាប់ជាគោលហើយ យើងធ្វើទៅតាមច្បាប់​។ ​ចំពោះការរឹតត្បិត ការធ្វើទុក្ខបុកម្នេញ ចំពោះអ្នកស្រឡាញ់ការពារព្រៃឈើ អានោះជាការទទួលខុសត្រូវក្រុមទាំងអស់នោះ ​គឺពួកគាត់ក៏ត្រូវទទួលខុសត្រូវចំពោះខ្លួនឯងនិងចំពោះមុខច្បាប់។ យើងទាំងអស់គ្នាត្រូវតែបន្តស្របទៅតាមច្បាប់»។

សកម្មជនបរិស្ថានម្នាក់ដែលធ្លាប់រងការចាប់ខ្លួនកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ អំឡុងពេលចុះស៊ើបអង្កេតករណីកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ លោក ហេង ស្រស់ ឱ្យដឹងថា រូបលោកនិងយុវជនដទៃទៀតមានការសោកស្ដាយចំពោះការបាត់បង់លោក ឈុត វុទ្ធី។

លោកបន្តថា ទោះបីជាលោក​ ឈុត វុទ្ធី បានបាត់បង់ជីវិតក្ដី ប៉ុន្តែសម្រាប់លោកជាយុវជននៅតែបន្តចូលរួមការពារធនធានធម្មជាតិ ដោយចុះស៊ើបអង្កេតបទល្មើស ដើម្បីស្វែងរកភស្តុតាងដាក់ទៅរដ្ឋាភិបាល បើទោះមានការរារាំង រងការគំរាមកំហែង និងរងការធ្វើទុក្ខបុកម្នេញ​ក៏ដោយ។

លោកថា៖ «យើង​នៅតែបន្តរុករក ស្វែងរកភស្តុតាង ដើម្បីដាក់ជូនទៅរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់​កុំឱ្យមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា ដូចដែលលោកពូ ឈុត វុទ្ធី ​បានលើកឡើង ដូចជាគាត់បានធ្វើកន្លងមកអ៊ីចឹង គឺគាត់ព្យាយាមប្រមូលភស្តុតាងគ្រប់ក្រុមហ៊ុនទាំងអស់​​ គាត់ព្យាយាមប្រមូលឯកសារគ្រប់ក្រុមហ៊ុនទាំងអស់ ​ដើម្បីធ្វើការបិទអាជីវកម្ម​ក្រុមហ៊ុនទាំងនោះ កុំឱ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃការពារបន្តទៀត»។  

លោកបន្ថែមថា​៖ «យើងក៏ដូចគ្នា ​យើងក៏ធ្វើការប្រមូលភស្តុតាង​ ឯកសារ ភស្តុតាងផ្សេងៗ ដើម្បី​ដាក់​​ជូនរាជរដ្ឋាភិបាល ដើម្បីបិទកុំ​ឱ្យមានក្រុមហ៊ុនអារឈើនៅក្នុងប្រទេសកម្ពុជា»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានទេនៅថ្ងៃនេះ៕

ចែករំលែកព័ត៌មាននេះ

Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

  • ព័ត៌មានថ្មីៗ
  • កូវីដ-១៩