សង្គម​ស៊ីវិល​ថា​ អាជ្ញាធរ​អាច​រៀប​ចំ​ទីតាំង​​លក់​ដូរ​ជូន​ពលរដ្ឋ​តាម​វិធាន​សុខា​ភិបាល​ ជាជាង​ការ​បិទ​ផ្សារ​រដ្ឋ​និង​ផ្សារ​តូច​តាច​ទាំង​ស្រុង

ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ទីតាំងផ្សារអូរឫស្សី ក្រោយត្រូវបានផ្អាកបណ្ដោះអាសន្នក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩។ (ជន ចាន់រ៉ែន)

សង្គមស៊ីវិលបានលើកឡើងថា អាជ្ញាធរក្រុងភ្នំពេញអាចរៀបចំទីតាំងសមស្របណាមួយ​សម្រាប់លក់ដូរទំនិញដែលជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋអំឡុងពេលបិទខ្ទប់ក្រុងភ្នំពេញនិងក្រុងតាខ្មៅ ល្អជាងការសម្រេចបិទផ្សារលក់ដូររបស់រដ្ឋឬផ្សារមិនរៀបរយទាំងស្រុង។

កាលពីម្សិលមិញ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយដោយសម្រេចបិទផ្សារលក់ដូររបស់រដ្ឋនិងផ្សារមិនរៀបរយទាំងអស់នៅទូទាំងរាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមហេតុផលដើម្បីកាត់ផ្តាច់ខ្សែចម្លង និងបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ការសម្រេច​បិទផ្សាររដ្ឋនិងផ្សារមិនរៀបរយ គឺជាយន្តការមួយដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅកាន់សហគមន៍កាន់តែច្រើនបន្ថែមទៀត។

ប៉ុន្តែលោកថា ដើម្បីធ្វើឱ្យប្រសើរជាងនេះបន្ថែមទៀត រដ្ឋាភិបាលគួរតែគិតគូរពីបញ្ហាសេដ្ឋកិច្ច​របស់ពលរដ្ឋ​​អ្នកប្រកបរបរលក់ដូរតូចតាចទាំងនោះ និងតម្រូវការចាំបាច់របស់ពលរដ្ឋដែលមានធនធានតិចតួចនៅក្នុងតំបន់​រាំងខ្ទប់ផងដែរ។

លោក វន់ ពៅ និយាយទៀតថា ត្បិតរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម​ បានរៀបចំកន្លែង​និងរថយន្តចល័តរបស់ខ្លួន ដើម្បីលក់ដូរទំនិញចាំបាច់ជូនពលរដ្ឋអំឡុងពេលរាំងខ្ទប់នេះក៏ដោយ ប៉ុន្តែលោកថា​ មិនអាចគ្រប់គ្រាន់សម្រាប់​ពលរដ្ឋ​​ឡើយ។

លោកមានប្រសាសន៍ថា៖ «គួរតែមានរៀបចំយន្តការ ដើម្បីទប់ស្កាត់មិនឱ្យឆ្លង ​[កូវីដ-១៩] ហ្នឹង ដោយឱ្យគាត់លក់ដូរឱ្យមានសុវត្ថិភាព គម្លាតឆ្ងាយៗពីគ្នាទៅ ហើយអាជ្ញាធរមូលដ្ឋានកម្រិតអ្នកចូលទិញក្នុងផ្សារហ្នឹង​ កម្រិតចំនួនមនុស្សទៅថាចូលម្តងប៉ុន្មាននាក់ៗអ៊ីចឹងទៅ។ អាហ្នឹងខ្ញុំគិតថាជាចំណុចមួយល្អ មើលទៅប្រទេសជិតខាង ដូចនៅថៃនៅអីហ្នឹង ក៏គេធ្វើអ៊ីចឹងដែរ។ គេឱ្យលក់ដូរនៅឆ្ងាយៗពីគ្នា ហើយរក្សាគម្លាតសុវត្ថិភាព កម្រិតចំនួនមនុស្សអ៊ីចឹងទៅ។ ខ្ញុំគិតថា ការធ្វើយន្តការអ៊ីចឹងល្អជាង។ ទីមួយ គឺអាចឱ្យប្រជាពលរដ្ឋអាចរកស៊ី លក់ដូរ លក់បន្លែបង្ការគ្រប់បែបយ៉ាងជូនអ្នកក្រីក្រដូចគ្នា។ ទីពីរ អាចរក្សាលំនឹងប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ ក៏ដូចជាមុខរបរកំប៉ិកកំប៉ុករបស់ពួកគាត់ផង ហើយក៏ជាការជួយដល់ពលរដ្ឋដែលមាន​ធនធានតិចតួច ដែលមិនអាចទៅផ្សារទំនើបផ្សារអីដូចគេបាន»។

​អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា​ ដោយសារស្ថានភាពទីផ្សារ​លក់ដូររបស់រដ្ឋនិងទីផ្សារលក់ដូររបស់ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ពិបាកគ្រប់គ្រងមនុស្សចេញ​-ចូល ដែលធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ខុសប្លែកពីទីផ្សារនៅប្រទេសជឿនលឿន​ដែលអាចបញ្ចៀសហានិភ័យនៃការឆ្លងជំងឺនេះបានច្រើន។

លោកថា ការសម្រេចបិទផ្សាររដ្ឋនិងផ្សារមិនរៀបរយនៅភ្នំពេញនេះជារឿងល្អមួយ ប៉ុន្តែបញ្ហា​ត្រង់ថា ​ពលរដ្ឋ​ប្រកបរបរក្រៅប្រព័ន្ធទាំងនោះនឹងត្រូវប្រឈម​ជីវភាពរស់នៅ ដែលទាមទារឱ្យ​​រដ្ឋាភិបាល​ត្រូវគិតគូរដល់ពួកគាត់ផងដែរ។ ​

លោកមានប្រសាសន៍ថា៖ «ប៉ុន្តែបញ្ហាធំនោះ គឺបញ្ហានៃមុខរបររបស់អ្នករកស៊ីហ្នឹង។ បើផ្សារទំនើប​ គេនៅតែអាចបើកបន្ត ហើយគេក៏អាចមានលទ្ធភាពគ្រប់គ្រង អ៊ីចឹងវាមិនមានបញ្ហាអីទេ។ ប៉ុន្តែសម្រាប់អ្នករកស៊ីក្រៅប្រព័ន្ធហ្នឹង កាលណា​បិទផ្សារ គឺស្មើនឹងបិទឆ្នាំងបាយ។ ​ត្រង់នេះមួយជារឿងដែលខ្ញុំគិតថា ជារឿងធំដែលរដ្ឋាភិបាលត្រូវតែគិតឱ្យបានស៊ីជម្រៅ។ ទីមួយ ទៅលើវិធានការត្រូវតែរឹងរ៉ឹង ប៉ុន្តែការដោះស្រាយ​បញ្ហាជីវភាព​របស់ពលរដ្ឋហ្នឹងក៏ជារឿងសំខាន់ដែរ»។ 

ផ្សាររដ្ឋនៅក្នុងក្រុងភ្នំពេញដែលអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្នដំបូងគេ គឺផ្សារអូរឫស្សី បន្ទាប់ពីអាជីវករ បុគ្គលិក សន្តិសុខ និងពលរដ្ឋដែលធ្លាប់មកផ្សារនេះរាប់រយនាក់ ​ត្រូវបានអាជ្ញាធររកឃើញ​មានអ្នកឆ្លងជំងឺកូវីដ-១៩។

ក្រោយពេលផ្សារអូរឫស្សីបានបិទ ផ្សារផ្សេងទៀតដូចជាផ្សារចាស់ ផ្សារកណ្តាល ផ្សារទួលទំពូង ផ្សារបឹងត្របែក ផ្សារអូឡាំពិច ផ្សារទួលគោក ផ្សារស្ទឹងមានជ័យ ផ្សារច្បារអំពៅ ជាដើម ក៏ត្រូវបានអាជ្ញាធរសម្រេចបិទជាបន្តបន្ទាប់ ដោយសាររកឃើញអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩នេះ។

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងពីការ​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥១១នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៦២នាក់បានជាសះស្បើយនិងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

គិតត្រឹម​ព្រឹកថ្ងៃទី២៤ ខែមេសា កម្ពុជា​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៩ ៣៥៩នាក់ និងបណ្តាលឱ្យមានអ្នក​​ស្លាប់កើនដល់៧១នាក់។ ដោយឡែក អ្នកជាសះស្បើយពីជំងឺនេះចំនួន៣ ២១០នាក់ និង ៦ ០៧២​នាក់​កំពុងសម្រាកព្យាបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ