ពលរដ្ឋ​នៅ​ភ្នំពេញ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​សង​បំណុល​ ខណៈ​ចំណូល​ធ្លាក់​ចុះ​ដោយ​សារ​កូវីដ-១៩​

ទីតាំងធនាគារមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវណតប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ (ហង់ សុខហុង)

ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានឱ្យដឹងថា បុគ្គលិកធនាគារនិងមីក្រូហិរញ្ញវត្ថុ នៅតែទារការប្រាក់និងប្រាក់ដើមដែលត្រូវបង់រម្លស់ជារៀងរាល់ខែដដែល ខណៈពួកគេរកចំណូលមិនបានក្នុងអំឡុងពេលរដ្ឋាភិបាលបិទខ្ទប់ក្រុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចបិទខ្ទប់រាជ​ធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត​កណ្តាល រយៈពេល១៤ថ្ងៃ ដោយ​អនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែឆ្នាំដដែល ក្រោយហេតុផលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក ឌួង បញ្ញា ដែលអះអាងថា ជំពាក់លុយធនាគារចំនួន៥ ០០០ដុល្លារ និយាយថា គាត់ត្រូវបង់សងត្រឡប់ទាំងដើមនិងការប្រាក់ទៅធនាគារជិត២០០ដុល្លារក្នុងមួយខែ។ លោកបន្តថា ចាប់តាំង​ពីខ្ចីលុយធនាគារ លោកមិនដែលខកខានបង់ក្នុងមួយខែណានោះទេ ប៉ុន្តែក្រោយការឆ្លងរាលដាលជំងឺកូវីដ-១៩ អំឡុងថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ២០២១​នេះ ធ្វើឱ្យចំណូលរបស់គាត់ធ្លាក់ចុះស្ទើរពាក់កណ្តាល។

លោក បញ្ញា អះអាងថា បញ្ហាដែលកាន់តែប្រឈមនោះ នៅពេលរដ្ឋាភិបាលប្រកាសបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ បាន​ធ្វើឱ្យគាត់បាត់បង់ចំណូលស្ទើរទាំងស្រុង ហើយគាត់បានស្នើទៅធនាគារសុំពន្យារពេល​បង់រម្លស់ប្រាក់ដើមនិងការប្រាក់ដែរ ប៉ុន្តែមន្ត្រីធនាគារមិនព្រមតាមការស្នើសុំនោះទេ។

លោកនិយាយថា៖ «ធនាគារអត់បានជួយយើងទេ និយាយរួមគេអត់មានថាប្អូនមិនបាច់បង់សងទេ ព្រោះអីបញ្ហាកូវីដ ប្អូនឯងចាំខែក្រោយ ចាំខែមួយទៀតចាំបង់តែម្តង គេអត់មាននិយាយជាមួយយើងទេ​ គឺយើងជួបផលវិបាកច្រើន។ ណាមួយថ្លៃផ្ទះផង ថ្លៃទឹក ភ្លើង ថ្លៃធនាគារ ហើយខ្ញុំមិនដឹងទៅរកលុយឯណាបាន បើគាត់បិទខ្ទប់ទាំងអស់ ហើយយើងមិនមែនជាអ្នកមានដូចគេ មានលុយវាល់លានចាំតែអង្គុយចាយឯណា យើងអ្នកក្រ រកព្រឹកខ្វះល្ងាចហ្នឹង»។

អ្នកលក់គ្រឿងទេសតូចមួយនៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ លោក ឌី សម្បត្តិ អះអាងថា គាត់​បាន​​ខ្ចីលុយធនាគារចំនួន៧ ០០០ដុល្លារ ដើម្បីយកមករកស៊ី ហើយត្រូវបង់រម្លស់ទាំងដើមនិងការប្រាក់ជាង២០០ដុល្លារក្នុងមួយខែ។ លោកបន្តថា ក្រោយពីរដ្ឋាភិបាលខ្ទប់ក្រុង ធ្វើឱ្យគាត់បាត់បង់ចំណូលស្ទើរទាំងស្រុង។

លោក សម្បត្តិ ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅធនាគារផ្អាកទាមទារលុយដើមនិងការប្រាក់ពីអតិថិជនក្នុងអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈពួកគេកំពុងជួបបញ្ហាប្រឈមនឹងជីវភាព គ្មានលុយបង់រម្លស់ធនាគារ​នោះទេ។

លោកអំពាវនាវដូចនេះថា៖ «សម្រាប់ខ្ញុំ សុំ​ស្នើទៅសម្តេច [ហ៊ុន សែន​] សុំជួយឱ្យផ្អាកបង់ទៅធនាគារមួយរយៈនៅពេលដែលគាត់បិទខ្ទប់ លុយទឹក លុយភ្លើង សុំឱ្យផ្អាកមួយរយៈនៅពេលដែលគាត់បិទខ្ទប់សិន។ នៅពេលដែលគាត់បើកឱ្យដំណើរការធ្វើការរកស៊ីធម្មតា ចាំឱ្យគាត់រកបង់ជាអចិន្ត្រៃយ៍ធម្មតាវិញ ព្រោះឥលូវយើងបាត់បង់មុខរបរ ទី១! មិនអាចរកប្រាក់កម្រៃចូល ជីវភាពលំបាក មួយថ្ងៃរកប្រាក់កម្រៃចូលមិនបានផង មានតែប្រាក់ចំណាយហូប»។

កម្មកររោងចក្រមួយក្នុងរាជធានីភ្នំពេញ អ្នកនាង អេង រតនា ដែលខ្ចីលុយមីក្រូហិរញ្ញវត្ថុចំនួន៣ ០០០ដុល្លារ ដោយត្រូវបង់ក្នុងមួយខែជាង១០០ដុល្លារ បានលើកឡើង​ថា បុគ្គលិកមីក្រូហិរញ្ញវត្ថុដែលគាត់ខ្ចី តែងតែទូរសព្ទ​មកសួរនាំឱ្យ​គាត់ជួយបង់ប្រាក់ដើមនិងការប្រាក់ដែរ។

អ្នកនាងបានបង្ហាញក្តីបារម្ភខ្លាចមីក្រូហិរញ្ញវត្ថុរឹបអូសដីនិងផ្ទះរបស់គាត់ ដោយសារតែគាត់​ពុំមាន​ប្រាក់បង់ ខណៈរោងចក្រដែលគាត់ធ្វើការ​បានផ្អាកដំណើរការជាបណ្តោះអាសន្ន​។

អ្នកនាងនិយាយ​ថា៖ «ខ្ញុំពិបាកណាស់ បើរោងចក្រយើងបើកដំណើរការទៅ យើងមានការងារធ្វើមានអី! ប៉ុន្តែយើងអត់មានការងារធ្វើដែរ ការងារក៏អត់ អីក៏អត់ទាំងអស់ ខ្ញុំភ័យខ្លាចគេរឹបអូសយកប្លង់ដីយើង។ បើមិនអញ្ចឹងទេ! គេឱ្យយើងដាក់លក់ដើម្បីយកលុយសងគេ [មីក្រូហិរញ្ញវត្ថុ]»។

ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី មានប្រសាសន៍ថា អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ មីក្រូហិរញ្ញវត្ថុមិនលើកទឹកចិត្តឱ្យអតិថិជនរបស់ខ្លួនទៅបង់ប្រាក់នៅគ្រឹះស្ថានដែលពួកគេខ្ចីនោះទេ ប៉ុន្តែពួកគេអាចបង់តាមរយៈប្រព័ន្ធឌីជីថល (ទូរស័ព្ទដៃ) ដើម្បីរួមគ្នាទប់ស្កាត់កូវីដ-១៩។ ចំណែកអតិថិជនដែលមិនបានទៅបង់ប្រាក់ ក៏មិនរងការផាកពិន័យ រហូតដល់រដ្ឋាភិបាលបើកតំបន់បិទខ្ទប់ឡើងវិញផងដែរ។

លោក តុងងី បញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុ មិនអាចផ្អាកការបង់រម្លស់ប្រាក់ដើមនិងការប្រាក់ពីអតិថិជនទាំងអស់បាននោះទេ។ ប៉ុន្តែលោកថា សមាគមអនុគ្រោះផ្អាកបង់រម្លស់ប្រាក់ដើមនិងការប្រាក់បានតែចំពោះអ្នកដែលបាត់បង់ចំណូលទាំងស្រុងក្នុងអំឡុងពេលបិទខ្ទប់តែប៉ុណ្ណោះ។

លោកបញ្ជាក់ដូច្នេះថា៖ «យើងមិនអាចប្រើដំណោះស្រាយមួយសម្រាប់មនុស្សរាប់សែនរាប់លាននាក់បានទេ ដំណោះស្រាយដែលយើងធ្វើ ដែល​យើងដាក់ជូន គឺអាស្រ័យលើលក្ខខណ្ឌជាក់ស្តែងរបស់អតិថិជននីមួយៗ។ បើគាត់រងផលប៉ះពាល់មធ្យម យើងមានដំណោះស្រាយផ្សេងទៅ ឬក៏គាត់អត់មានរងផលប៉ះពាល់ទេ យើងសុំឱ្យគាត់បង់ជាធម្មតា។ បើសិនជាគាត់រងផលប៉ះពាល់ធ្ងន់ធ្ងរ គាត់មានជម្រើសដែលគាត់អាចផ្អាកការសងរយៈពេល ៣ទៅ៦ខែ គឺផ្អាកទាំងដើម ផ្អាកទាំងការបាន»។

ដោយឡែក ទាក់ទងនឹងទ្រព្យសម្បត្តិដែលអតិថិជនដាក់បញ្ចាំនោះ លោក តុងងី អះអាងថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ សម្រេចដាក់គោលការណ៍មិនធ្វើការរឹបអូសទ្រព្យសម្បត្តិឬលក់ឡាយឡុងនៅអំឡុងពេលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះទេ ដោយគ្រាន់តែតម្រូវឱ្យអតិថិជនដែលមិនបានបង់ប្រាក់ដើមឬការប្រាក់ ទៅជជែកជាមួយភ្នាក់ងារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលពួកគេខ្ចី ដើម្បីសុំពន្យារការបង់ប្រាក់ដើមឬការប្រាក់ ឬរៀបចំកម្ចីឡើងវិញ តាមការព្រមព្រៀងគ្នា។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ដំណាក់កាលឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំ​ង ហើយស្របពេលដែលរដ្ឋាភិបាលបិទខ្ទប់ក្រុងមួយរយៈនេះ ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋក្នុងការរកចំណូល ជាពិសេសកម្មកររោងចក្រជាដើម។

ករណីនេះ លោកស្នើទៅធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុ អនុគ្រោះដល់អតិថិជនរបស់ខ្លួន ដោយផ្អាកការសងត្រឡប់ទាំងដើមនិងការប្រាក់ ទើបរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានប្រសិទ្ធភាពខ្ពស់។

លោកស្នើដូច្នេះថា៖ «វាជារឿងទូទៅ មិនមែនជារឿងបុគ្គលណាមួយ ដែលគាត់មិនសងទេ ប៉ុន្តែកាលៈទេសៈនៃបញ្ហាកូវីដ-១៩ ដែលបង្ខំពួកគាត់ការពារសុខុមាលភាព ការពារសុវត្ថិភាព សុខភាពរបស់គាត់។ អញ្ចឹង! រដ្ឋាភិបាលត្រូវបង្ខំដាក់ lockdown [បិទខ្ទប់] ទៅ មិនមែនជាបញ្ហារបស់គាត់ទេ ពីព្រោះឧទាហរណ៍ដូចកម្មកររោងចក្រខ្លះ គាត់ខ្ចីបំណុល ចុះបើរោងចក្របិទ ហើយមានបញ្ហាអញ្ចឹង តើទៅទារគាត់យ៉ាងម៉េច? អាហ្នឹងគឺត្រូវតែមានដំណោះស្រាយមួយសមស្របហើយ»។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានឱ្យដឹងកាលពីដើមខែមេសានេះថា សមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្រេច​​រៀបចំឥណទានឡើងវិញ ពន្យារពេល​បង់ប្រាក់ដើម លើកលែងបង់ការប្រាក់ និងមិនធ្វើការផាកពិន័យចាប់ពី១ខែដល់៦ខែ បើសិនជាអតិថិជនទាំងនោះ ជាប់ធ្វើចត្តាឡីស័ក ឬឆ្លងជំងឺកូវីដ-១៩ ឬទទួលមរណភាពដោយជំងឺកូវីដ-១៩ ជាដើម។

ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ៤ប៊ីលានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះបានជ្រើសយកបង់តែការប្រាក់ក្នុងរយៈពេល៣ទៅ៦ខែ ពន្យារពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់និងប្រាក់ដើមរយៈពេល៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនណារងផលប៉ះពាល់ខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ