RSF ​បន្ត​ចាត់​ថ្នាក់​សេរី​ភាព​សារ​ព័ត៌មាន​កម្ពុជា​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​

ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ ឈរនៅក្រៅអគារដើម្បីចាំយកព័ត៌មានក្នុងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ«អាស្ត្រាហ្សេនីកា (Astra Zeneca)» នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អង្គការអ្នកកាសែតគ្មានព្រំដែន បានបន្តផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ ស្ថិតនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​១៨០ប្រទេសនៅ​លើពិភពលោក ដែលចំណាត់ថ្នាក់នេះស្ថិតនៅក្នុងស្ថានភាពលំបាកដដែលបើប្រៀបធៀបនឹងឆ្នាំមុន។

យោងតាមសន្ទស្សន៍​សេរីភាព​សារព័ត៌មានពិភពលោក​ របស់​អង្គការអ្នកកាសែតគ្មានព្រំដែន​ នៅឆ្នាំ២០២១នេះ បានរកឃើញថា​ ការងាររបស់អ្នកសារព័ត៌មាន​ត្រូវ​បាន​រារាំងទាំងស្រុងឬ​យ៉ាងធ្ងន់ធ្ងរ​ នៅក្នុង​ប្រទេស​ចំនួន​៧៣ ខណៈ​ការ​រារាំងនៅក្នុងប្រទេស​ចំនួន​៥៩ផ្សេងទៀត​មាន​សភាព​ដោយផ្នែក​។

បើតាម​អង្គការអ្នកកាសែតគ្មានព្រំដែន រដ្ឋាភិបាលនៃ​ប្រទេសជាច្រើន​បានប្រើប្រាស់​វិធានការ​ទប់ស្កាត់​ការ​រាតត្បាតនៃជំងឺ​ឆ្លង​កូវីដ-​១៩​ ដើម្បី​បង្កើន​ការបង្ក្រាបទៅលើ​អ្នក​សារព័ត៌មាន​។ ក្នុងចំណោមប្រទេស១០នៅអាស៊ាន ប្រទេសថៃបានកើនឡើង៣លេខ ស្ថិតនៅចំណាត់ថ្នាក់ទី១៣៧ ហ្វីលីពីនធ្លាក់ចុះ២​លេខ ស្ថិតនៅចំណាត់ថ្នាក់ទី១៣៨ ឥណ្ឌូនេស៊ីកើន៦លេខ ស្ថិតនៅចំណាត់ថ្នាក់ទី១១៣ ខណៈប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ដដែលគឺ១៤៤។

ដោយឡែក ប្រទេសដែលមានសេរីភាពសារព័ត៌មានអាក្រក់បំផុតឬបាតតារាង គឺប្រទេសអេរីត្រេ កូរ៉េខាងជើង តួកម៉េនីស្ថាន ចិន និង ជីប៊ូទី ខណៈប្រទេសន័រវែស ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក និង កូស្តារីកា ជាប់ចំណាត់ថ្នាក់ល្អជាងគេ ក្នុងការផ្តល់នូវសេរីភាពសារព័តមាន។

សម្រាប់ប្រទេសកម្ពុជា ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានដែលអង្គការនេះវាយតម្លៃ បានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៧មក ពោលគឺចំណាត់ថ្នាក់លេខ១៤២ នៅឆ្នាំ២០១៨ ចំណាត់ថ្នាក់លេខ១៤៣ នៅឆ្នាំ២០១៩ និងចំណាត់ថ្នាក់លេខ១៤៤ នៅឆ្នាំ២០២០ និង​ឆ្នាំ២០២១នេះ។

របាយការណ៍ឆ្នាំ២០២១ របស់អង្គការអ្នកកាសែតគ្មានព្រំដែន លើកឡើងថា ដោយបារម្ភខ្លាចចាញ់ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨កន្លងទៅ លោកនាយករដ្ឋមន្រ្តីបានប្រើយុទ្ធនាការប្រឆាំងនឹង​ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលការនេះបណ្តាលឱ្យប៉ះពាល់ដល់លំហសារព័ត៌មាននៅកម្ពុជា។ អង្គការនេះកត់សម្គាល់ថា ​ស្ថានីយវិទ្យុ និងកាសែតជាច្រើនត្រូវបានបិទ ខណៈអ្នកកាសែតក្នុងស្ថាប័នមួយចំនួនត្រូវបានបញ្ឈប់។ អង្គការអ្នកកាសែតគ្មានព្រំដែន បន្តថា​ ជាលទ្ធផលនៃយុទ្ធនាការនេះ ពលរដ្ឋកម្ពុជានាពេលនេះ អាចទទួលបានព័ត៌មានតែពីស្ថាប័នដែលស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះ ដូចជា សារព័ត៌មាន Fresh News ជាដើម ដែលអង្គការនេះថា ជា​ស្ថាប័នដែលឃោសនាឱ្យរដ្ឋាភិបាល។

ប៉ុន្តែលោក លឹម ជាវុត្ថា អគ្គនាយកគេហទំព័រហ្វ្រេសញូ (Fresh News) បានការពារស្ថាប័នរបស់លោកថា បេសកកម្មរបស់ខ្លួនគឺដើម្បីផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ ដើម្បីប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិតែប៉ុណ្ណោះ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដូចខ្ញុំបញ្ជាក់ពីដើមអញ្ចឹង វាជាទម្លាប់ច្រើនដងហើយថា ខ្ញុំឬកន្លែងសារព័ត៌មានហ្វ្រេសញូនេះ គឺជារោងចក្រផលិតព័ត៌មានក្លែងក្លាយ ខ្ញុំហួសចិត្តដែរពេលខ្លះ ខ្ញុំមិនតបតអីទេ! តែខ្ញុំសូមបញ្ជាក់ទៅវិញថា ហ្រ្វេសញូ បានចូលរួមផ្សព្វផ្សាយព័ត៌មានប្រយោជន៍ដល់ប្រជាពលរដ្ឋ ប្រយោជន៍ដល់សង្គមជាតិ ហើយយើងផ្សព្វផ្សាយព័ត៌មានអ្វីដែលជាផ្លូវការ ហើយព័ត៌មានជាច្រើនដែលបច្ចុប្បន្នដែលគេហៅថា Fake News កំពុងតែ risk [ហានិភ័យ] នៅក្នុងបណ្តាញសង្គម ហើយយើងមានតួនាទីប្រាប់ការពិតទៅដល់ប្រជាពលរដ្ឋ ហើយយើងយកព័ត៌មានពីរដ្ឋាភិបាល ពីអាជ្ញាធរ ពីក្រសួងទៅផ្សព្វផ្សាយ ថាខ្ញុំ ឬអង្គភាពហ្រ្វេសញូកាន់ជើងរដ្ឋាភិបាល។ ខុសឬត្រូវសូមបងពិចារណាមើល»។

ក្រៅពីនេះ អង្គការអ្នកកាសែតគ្មានព្រំដែន កត់សម្គាល់ផងដែរថា នៅឆ្នាំ២០២០ រដ្ឋាភិបាល​បានប្រើវិបត្តិកូវីដ-១៩ ដើម្បីរឹតបន្ដឹងការត្រួតពិនិត្យមុនផ្សាយ បិទខ្ទប់គេហទំព័រសារព័ត៌មាន ចាប់ខ្លួនអ្នកសារព័ត៌មាន ក៏ដូចជាការប្រកាសឱ្យប្រើនូវច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលអនុញ្ញាតឱ្យអាជ្ញាធរនូវអំណាចដែលអាចត្រួតពិនិត្យនិងតាមដាន​ដំណើរការ​របស់​ប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណីនិងអនឡាញ។

ទោះយ៉ាងណាក៏ដោយ អង្គការដែលមានមូលដ្ឋាននៅប្រទេសបារាំង ក៏មើលឃើញថា ក្នុងកាលៈទេសៈនៃការធ្លាក់ចុះនេះ កម្ពុជាក៏បានផ្តល់ជាលំហដកដង្ហើមតូចមួយដល់សេរីភាពសារព័ត៌មាននៅកម្ពុជាផងដែរ គឺតាមរយៈការអនុញ្ញាតឱ្យមានការបង្កើតឡើងនូវសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CamboJA កាលពីចុងឆ្នាំ២០១៩។

យ៉ាងណាក្តី លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុករបាយការណ៍វាយតម្លៃរបស់អង្គការអ្នកកាសែតគ្មានព្រំដែននេះថា ជារបាយការណ៍ចាស់និងជារបាយការណ៍ដែលធ្វើឡើងដោយមិនគ្រប់ជ្រុងជ្រោយ។

ផ្ទុយទៅវិញ សម្រាប់រដ្ឋាភិបាល លោកថា សេរីភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន បានបន្តរីកចម្រើនតាមរយៈការកើនឡើងនៃចំនួនប្រព័ន្ធផ្សព្វផ្សាយអនឡាញ (online) ប្រមាណជាង​១០០ កាលពីឆ្នាំ២០២០ និងការកើនឡើងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាជាង៤ ០០០នាក់។

លោក មាស សុភ័ណ្ឌ បន្តទៀតថា៖ «បើយើងពិនិត្យមើលលើការរីកចម្រើន និងវិសាលភាពនៃមធ្យោបាយនៃការផ្សព្វផ្សាយ ក៏ដូចជាការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺវាមានវិសាលភាពកាន់តែទូលំទូលាយ ហើយការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋហ្នឹងក៏កាន់តែទូលំទូលាយ។ ហើយទន្ទឹមនឹងនោះ យើងឃើញអង្គភាពសារព័ត៌មាន ជាពិសេសសារព័ត៌មានបែបទំនើប ដែលយើងហៅថា ប្រព័ន្ធអនឡាញនោះ ក៏មានការកើនឡើងជាលំដាប់ដែរ។ អញ្ចឹងហើយខ្ញុំគិតថា ការវាយតម្លៃ ការចេញរបាយការណ៍របស់គាត់នេះ គឺមិនទាន់ឆ្លុះបញ្ចាំងអំពីតថភាពពិត ឬក៏បរិយាកាសពិត និងប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីកម្ពុជាទេ»។

នាយកសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (Camboja) លោក ណុប វី បានចាត់ទុកការវាយតម្លៃរបស់អង្គការ​អ្នកកាសែតគ្មានព្រំដែននេះថា ជាសញ្ញាវិជ្ជ​មាន​មួយ ដោយសារចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជានៅឆ្នាំ២០២១នេះ មិនបន្តធ្លាក់ចុះថែមទៀត។

ក៏ប៉ុន្តែលោកថា ចំណាត់ថ្នាក់នេះនៅតែមិនល្អឡើយ បើប្រៀបធៀបនឹងរបាយការណ៍វាយតម្លៃកាលពីមុនឆ្នាំ២០១៧។

លោក ណុប វី មានប្រសាសន៍ថា៖ «អ៊ីចឹងហើយចំណុចនេះ វាទាមទារឱ្យយើងនិងភាគីពាក់ព័ន្ធផ្សេងទៀត ដែលយើងមានបំណងធ្វើឱ្យមានភាពល្អប្រសើរឡើងវិញនៃស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងប្រទេសយើងហ្នឹង ត្រូវចូលរួម ត្រូវធ្វើសកម្មភាពជាមួយគ្នា ជ្រោម​ជ្រែង​ថែមទៀត ដើម្បីធានាថា ស្ថានភាពនិងកិច្ចការងាររបស់អ្នកសារព័ត៌មានហ្នឹង ទទួលបានការយកចិត្តទុកដាក់ ហើយទទួលបានការការពារពីសំណាក់អាជ្ញាធររដ្ឋ»។

តាមរបាយការណ៍ឆ្នាំ២០២០ របស់ក្រសួងព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានអង្គភាពសារព័ត៌មានបោះពុម្ពផ្សាយចំនួន៤៥០អង្គភាព ស្ថានីយវិទ្យុនៅក្នុងក្របខណ្ឌទូទាំងប្រទេសចំនួន២២០ ស្ថានីយទូរទស្សន៍ចំនួន២៦ ទូរទស្សន៍ខ្សែកាបចំនួន២០០ ប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធ (OTT) ចំនួន៧ និងប្រព័ន្ធផ្សព្វផ្សាយផ្កាយរណបចំនួន២ ផងដែរ។

ទោះជាយ៉ាងនេះក្តី តាមរបាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញផ្សាយកាលពី​ថ្ងៃទី២៩ ខែមីនា បានរកឃើញថា នៅក្នុងឆ្នាំ២០២០កន្លងទៅ អ្នកសារព័ត៌មានកម្ពុជាចំនួន៥៣នាក់ ត្រូវបានចាប់ឃុំខ្លួននិងរងអំពើហិង្សា ក្រោមបទចោទព្រហ្មទណ្ឌដែល​ជាបទចោទពេញនិយមជាងគេ ដែលអាជ្ញាធរនិងតុលាការយកមកប្រើប្រាស់ ដើម្បីប្រឆាំងនឹងអ្នកសារព័ត៌មាននៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ