សមត្ថ​កិច្ច​នឹង​បញ្ជូន​យោធា​ម្នាក់​ទៅ​តុលាការ​ ក្រោយ​ល្មើស​បម្រាម​​ទប់ស្កាត់​កូវីដ-១៩

មន្ត្រីយោធាម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ត្រូវបានឃាត់ខ្លួន ក្រោយពេលបើកបរម៉ូតូបុកប៉ារ៉ាស់ដែលដាក់ហាមឃាត់​មិនឱ្យមានការធ្វើដំណើរឆ្លងកាត់អំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងបង្ករបួសស្នាមលើសមត្ថកិច្ចយាមគោលដៅម្នាក់ នៅរង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ )

មន្ត្រីជាន់ខ្ពស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនយោធាម្នាក់ទៅតុលាការ ក្រោយពី​មន្ត្រីយោធារូបនោះបានល្មើសបម្រាមរដ្ឋាភិបាល អំឡុងពេលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលមានតួនាទីជាមន្ត្រីយោធានៅសាកលវិទ្យាល័យការពារជាតិ នៅគោលដៅរង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ការឃាត់ខ្លួននោះ បន្ទាប់ពីមន្ត្រីយោធារូបនេះបើកបរម៉ូតូបុកប៉ារ៉ាស់ដែលដាក់ហាមឃាត់​មិនឱ្យមានការធ្វើដំណើរឆ្លងកាត់អំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ លើសពីនេះ លោកថា មន្ត្រីយោធារូបនោះក៏បានជេរប្រមាថមើលងាយ និងវាយ​ទៅលើសមត្ថកិច្ចបណ្តាលឱ្យរបួសទៀតផង។

លោកបន្តថា សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងរៀបចំសំណុំឯកសារបញ្ជូនលោក ខៀវ ចាន់សុភក្ត្រា ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់វិធានការតាមច្បាប់។

លោកបន្តថា៖ «នៅដំណាក់កាលដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំទូទៅ និងសាម៉ីក្រសួងផ្សេងៗ គេខំប្រឹងប្រែងធ្វើការបង្កា​រទប់ស្កាត់ការឆ្លងវីរុស បែរជាគាត់ទៅ​ជាល្មើសវិធានច្បាប់ទៅវិញ​។ អ៊ីចឹង ជាទូទៅ នៅពេលដែលយើងរៀបចំសំណុំឯកសារ ​ធ្វើការសាកសួរត្រឹមត្រូវហើយ គឺយើងត្រូវតែបញ្ជូនទៅតុលាការទាក់ទងនឹងបញ្ហាហ្នឹង ពាក់ព័ន្ធនឹងមាត្រា១១ ទាក់ទងការរារាំងការអនុវត្ត​វិធានការដ្ឋបាល ក៏ដូចជាការចោទប្រកាន់មកលើការបង្ករបួសស្នាម​សមត្ថកិច្ច​ដោយចេតនា»។

លោក សាន សុខសីហា បន្តថា ចាប់តាំងពីដាក់បម្រាមនៅថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២០ ខែមេសានេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកល្មើសបម្រាមចំនួន១៩នាក់ ក្នុងនោះមាននគរបាលម្នាក់ និងទាហានម្នាក់។    

លោកបញ្ជាក់ទៀតថា អ្នកល្មើសបម្រាមទាំង១៩នាក់នោះ មាន​៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ហើយមនុស្សចំនួន១២នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ ខណៈម្នាក់ទៀតត្រូវបានដោះលែងឱ្យទៅផ្ទះវិញបន្ទាប់ពីអប់រំនិងធ្វើកិច្ចសន្យារួច។

កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀតដែលធ្វើឱ្យពិបាកគ្រប់គ្រង។ ប៉ុន្តែវិធានការនេះក៏លើកលែងចំពោះករណីចាំបាច់មួយចំនួនដែរ។

ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បង្ហាញក្ដីបារម្ភ ដោយថា នឹងអាចមានអ្នកល្មើសបម្រាមរដ្ឋាភិបាលច្រើនបន្ថែមទៀត បើសិនការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ​។

លោកចាត់ទុកការដាក់ទោសទណ្ឌទៅលើអ្នកល្មើសបម្រាម ដោយការជួបជុំគ្នាបរិភោគគ្រឿងស្រវឹង និងការផ្គើននឹងវិធានការរបស់រដ្ឋាភិបាល ជារឿងត្រឹមត្រូវ ប៉ុន្តែបើសិនជាការល្មើសបម្រាមនោះ ដោយសារកត្តាចំបាច់ក្នុងគ្រួសារ ឬបញ្ហាជីវភាពនោះ រដ្ឋាភិបាលគួរធ្វើការអប់រំជាជាងការដាក់ទោសទណ្ឌទៅលើពួកគាត់។

លោក នី សុខា៖ «អ្នកបង្កើតវង់ផឹកស៊ី ត្រូវបានគេចាប់​ វាជារឿងកំហុសឆ្គងធ្ងន់ណាស់ យើងមិនបានចូលរួមក្នុងការអនុវត្ត ប៉ុន្តែល្មើសមួយទៀត គឺថាទាក់ទងបងប្អូនប្រជាពលរដ្ឋមានភាពចាំបាច់ ពាក់ព័ន្ធបញ្ហាសំខាន់គឺជីវភាព ដែលកត្តាហ្នឹងជំរុញឱ្យគាត់ទៅធ្វើរឿងទាំងអស់ហ្នឹង»។

ច្បាប់ថ្មីស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» បានចែងថា អ្នកបំពានវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងៗទៀត​ ត្រូវពិន័យជាទឹកប្រា​ក់ពី ១លានរៀល ទៅ ៥លានរៀល។ ​ក្នុងករណីអំពើល្មើសនោះបណ្តាលឱ្យមានការចម្លងជំងឺទៅអ្នកដទៃ ​ត្រូវដាក់ពន្ធនាគារពី ៦ខែ ទៅ ៣ឆ្នាំ និងពិន័យប្រាក់ពី ២លា​ន ទៅ ១០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ