មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឱ្យដឹងថា កម្ពុជាមិនទាន់អាចបញ្ជាទិញវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ពីប្រទេសផ្សេងៗក្រៅពីប្រទេសចិននោះទេ ដោយសារបញ្ហាការដឹកជញ្ជូននិងផលិតកម្ម។
អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន លើកឡើងកាលពីថ្ងៃទី១២ ខែមេសានេះថា កន្លងមក កម្ពុជាធ្លាប់បញ្ជាទិញវ៉ាក់សាំងពីប្រទេសឥណ្ឌាដែរ ប៉ុន្តែដោយសារប្រទេសនេះផលិតវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនពលរដ្ឋក្នុងប្រទេសមិនគ្រប់ ខណៈវ៉ាក់សាំងផលិតនៅអាមេរិក ដូចជារបស់ក្រុមហ៊ុន Jonhson & Jonhson ពិបាកក្នុងការរក្សាទុក។
លោកស្រីមានប្រសាសន៍ថា៖ «ការដែលសំខាន់ បច្ចុប្បន្ននេះ អ្វីដែលយើងអាចទិញបានគឺទិញបានតែពីចិនហ្នឹងឯង ពី ស៊ីណូវ៉ាក់ [Sinovax] និង ស៊ីណូហ្វាម [Sinopharm] ហ្នឹងឯង។ កាលមុន យើងព្យាយាមទិញពីឥណ្ឌាអី! ឥណ្ឌាថាមាន តែវាផលិតអត់ទាន់ អត់អីម៉េច! អញ្ចឹងទិញម៉េចបាន»។
យ៉ាងណា អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier លើកឡើងថា វ៉ាក់សាំងកូវីដ-១៩ នឹងមកដល់កម្ពុជា ដើម្បីបង្គ្រប់១ ១០០ ០០០ដូស តាមគម្រោងនៅមុនដំណាច់ខែឧសភា និងបញ្ជូនមកបន្ថែមទៀតជាបន្តបន្ទាប់ក្រោមគម្រោង Covax របស់អង្គការសុខភាពពិភពលោក ដែលមានអាមេរិកជាប្រទេសផ្តល់ជំនួយហិរញ្ញវត្ថុធំបំផុត។
លោក Chad ប្រាប់ វីអូឌី តាមសារអេឡិចត្រូនិចនៅថ្ងៃមិ្សលមិញថា៖ «វ៉ាក់សាំងពីក្រុមហ៊ុន Pfizer និង Jonhson & Jonhson ដែលជាវ៉ាក់សាំងគុណភាពខ្ពស់ ដែលត្រូវបានផលិតឡើងក្នុងមធ្យោបាយតម្លាភាពមួយ គឺមានតាមរយៈគម្រោង Covax»។
មន្រ្តីអ្នកនាំពាក្យដដែលបន្តថា សហរដ្ឋអាមេរិកកំពុងសហការជាមួយប្រទេសអូស្រ្តាលី ឥណ្ឌា និងជប៉ុន ធ្វើការផ្តល់ហិរញ្ញវត្ថុ ផលិត និងចែកចាយវ៉ាក់សាំង យ៉ាងហោច ១ពាន់លានដូស ជូនដល់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិក នៅមុនដំណាច់ឆ្នាំ២០២២។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី លើកឡើងថា កម្ពុជាគួរបង្ហាញពលរដ្ឋឱ្យបានច្បាស់អំពីមូលហេតុដែលខ្លួនមិនអាចបញ្ជាទិញវ៉ាក់សាំងពីប្រទេសដទៃក្រៅពីប្រទេសចិន ដើម្បីឱ្យពួកគេអស់មន្ទិលសង្ស័យ ខណៈវ៉ាក់សាំងចិនមិនទាន់មានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
លោកបន្តថា៖ «ទោះបីយ៉ាងណាក៏ដោយ ពលរដ្ឋនៅតែមានមន្ទិលអញ្ចឹងថា ហេតុអីបានជាកម្ពុជានៅតែព្យាយាមទិញវ៉ាក់សាំងពីចិន ទោះបីជាវ៉ាក់សាំងពីចិនមានគុណភាពនៅមានកម្រិត»។
លោកថា ប្រទេសមហាអំណាច ទោះតិចឬច្រើនកំពុងប្រើវ៉ាក់សាំងដើម្បីផលប្រយោជន៍ការទូត សេដ្ឋកិច្ច និងនយោបាយ ទៅលើប្រទេសផ្សេងៗ ជាពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រាប់ទាំងកម្ពុជាផងដែរ ដែលបានក្លាយជាគោលដៅភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច។
លោកបន្ថែមថា៖ «យើងមើលឃើញថា ឥទ្ធិពលផ្នែកខាងនយោបាយវ៉ាក់សាំងហ្នឹង គឺវាប្រាកដជាកើតមានហើយ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជាអត់មានជម្រើសទេ។ យើងត្រូវតែមានវ៉ាក់សាំងឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីធានាការចាក់វ៉ាក់សាំងឱ្យពលរដ្ឋឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបានដែរ»។
គិតត្រឹមថ្ងៃទី១៤ ខែមេសា កម្ពុជាបានទទួលជំនួយវ៉ាក់សាំងចិនដែលមានប្រភេទស៊ីណូវ៉ាក់ (Sinovax) ស៊ីណូហ្វាម (Sinopharm) និង Covishield សរុប ១ ១០០ ០០០ដូស និងបានបញ្ជាទិញពីប្រទេសនេះបន្ថែម ១ ៥០០ ០០០ដូស ក្នុងតម្លៃ ១៥ ០០០ ០០០ដុល្លារ ខណៈរដ្ឋាភិបាលគ្រោងចាក់ដល់ពលរដ្ឋឱ្យបាន៧០ភាគរយ ឬស្មើនឹង ១០ ០០០ ០០០នាក់ នៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីធានាភាពផ្សាំប្រឆាំងនឹងជំងឺផ្លូវដង្ហើមថ្មី។
គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បើតាមរបាយការណ៍ពីក្រសួងសុខាភិបាល កម្ពុជាមានអ្នកបានចាក់វ៉ាក់សាំងលើកទី១ ចំនួនជាង១លាននាក់ និងអ្នកបានចាក់វ៉ាក់សាំងលើកទី២ ចំនួនជិត២សែននាក់ ដោយវ៉ាក់សាំងទាំងនេះ សុទ្ធតែផលិតនៅប្រទេសចិន៕










