រដ្ឋាភិបាល​ផ្តល់​ប្រាក់​៣០ម៉ឺន​រៀល​និង​គ្រឿង​ហូបចុក​មួយ​ចំនួន​រយៈពេល​២ខែ​ដល់​គ្រួសារ​ដែល​ត្រូវ​បិទ​ខ្ទប់​

ពលរដ្ឋដឹកជញ្ជូនគ្រឿងបរិភោគចូលមូលដ្ឋាន ខណៈអាជ្ញាធរបិទខ្ទប់ចរាចរណ៍ចេញ-ចូលភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ (រូបភាព៖ ស្រី សុភ័ក្រ្ត)

លោក​នា​យក​រដ្ឋម​ន្ត្រី ហ៊ុ​ន សែន​ នៅ​ថ្ងៃ​នេះ បាន​ប្រ​កាស​ពី​កិច្ចអន្តរាគមន៍​ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩ ដោយ​ក្នុង​នោះ អ្នក​ដែល​រស់នៅ​តំបន់​​ត្រូវ​បិទខ្ទប់​​នឹង​​ទ​ទួលបាន ប្រាក់​៣០ម៉ឺន​រៀល​ក្នុង​១គ្រួសារ អង្ករ​២៥គីឡូក្រាម​​និង​​គ្រឿង​​បរិភោគ​មួយ​​ចំនួន​ទៀត​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​ក្នុងពិធី​ថ្លែងសារ​ពិសេស​នៅថ្ងៃទី​១០​ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ​ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ ដែល​អាជ្ញាធរ​បិទខ្ទប់ ពួកគេ​នឹង​ទទួលបាន​ការ​ឧត្ថម្ភ​ប្រាក់​៣០ម៉ឺនរៀល អង្ករ​២៥គីឡូ និង​មីមួយ​កេះតូច រយៈពេល​២ខែ​ រួម​ទាំង​ចេញ​ថ្លៃទឹក និង​ភ្លើង​ផង​ដែរ​។

មួយ​វិញ​ទៀត គ្រួសារ​ដែល​មាន​សមាជិក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩ រដ្ឋ​នឹង​ជួយបង់​ជំនួស​ថ្លៃទឹក ភ្លើង យ៉ាង​តិច​៥ខែ​បន្ថែម​ ចំពោះ​អ្នក​ដែល​សមាជិក​ឆ្លង​កូវីដ-១៩ និ​ង​ធ្វើ​ចត្តាឡីស័ក រដ្ឋ​ជួយ​ចេញ​ថ្លៃទឹក​ថ្លៃភ្លើង​អប្បបរមា រយៈពេល​៣ខែ​។

ក្រៅពី​នេះ​រដ្ឋាភិបាល ក៏​បាន​សម្រេចយក​​វិទ្យាល័យ​មួយចំនួន​ទៀត ក្នុង​រាជ​ធានី​ភ្នំពេញ រួម​ទាំង​តំបន់​កោះពេជ្រ​ សម្រាប់​ធ្វើ​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ ស្ថិត​ក្នុង​កម្រិតស្រាល និង​ក្រើន​រំឭក​មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យ​ពង្រឹង​វិធាន​សុខាភិបាល​។

កិច្ចអន្តរាគមន៍​របស់​រដ្ឋាភិបាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជំងឺ​កូវីដ-១៩ មួយ​រយៈចុងក្រោយ​នេះ បាន​វាយលុក​ចូល​ទីផ្សារ និង​រោងចក្រ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​។​

សាលា​រាជធានីភ្នំពេញ កាលពី​យប់មិញ ក៏​បាន​ប្រកាស​ពី​វិធាន​បិទខ្ទប់​ទីតាំង​មួយចំនួន ដើម្បី​ទប់ស្កាត់​ការឆ្លងរីករាល​ដាល ខណៈ​​រក​ឃើញ​ការ​ចម្លង​​មាន​ទ្រង់ទ្រាយ​ធំ ដែល​កាល​​ពី​ថ្ងៃទី៩ ខែ​មេសា ក្រសួង​​រកឃើញ អ្នក​ឆ្លង៥៧៦នាក់ ជា​ចំនួន​ច្រើន​​មិន​ធ្លាប់​​មាន​​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​​សហគមន៍ ២០កុម្ភៈ។

សង្កាត់​ស្ទឹង​មានជ័យ​១ និង​សង្កាត់​ស្ទឹងមានជ័យ​២ នៃ​ខណ្ឌមានជ័យ​ត្រូវ​បាន​បិទ​ខ្ទប់ ខណៈ​ខណ្ឌសែនសុខ បានបិទ​ខ្ទប់ភូមិ​ទ្រុងមាន់ នៃ​សង្កាត់​អូរបែកក្អម។ រីឯ​ខណ្ឌពោធិ៍សែនជ័យ បិទ​ខ្ទប់ភូមិ​ត្រពាំងថ្លឹង២ និង​ភូមិ​ទួលពង្រ នៃ​សង្កាត់ចោមចៅ១ ភូមិចំការ​ឪឡឹក១ ភូមិប៉ប្រក​ខាងត្បូង​ជាដើម​។

សាលារាជធានី​ឱ្យដឹងដែរ​ថា  ក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​វិធាន​បិទ​ខ្ទប់នេះ ត្រូវ​ហាមឃាត់​រាល់ការ​ជួបជុំ ការ​ធ្វើដំណើរ រួមទាំង​សកម្មភាព​ការងារ មុខរបរ ឬ​អាជីកម្ម​ដែល​មិនមែន​​ជា​តម្រូវការ​ចំាបាច់​ប្រចាំថ្ងៃ លើកលែង​​តែ​ករណី​ចាំបាច់​​មួយចំនួន​​ដូចជា អ្នក​ធ្វើ​ការងារ​ក្នុង​ក្រប​ខណ្​ឌរដ្ឋ កង​កម្លាំង​​ប្រដាប់​អាវុធ ការផ្គត់ផ្គង់​​អគ្គិសនី និង​​ទឹកស្អាត សេវា​ដឹក​ជញ្ជូន​​សំរាម​​ជាដើម​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ