សហជីព​បារម្ភ​ពី​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ជា​​​ទ្រង់​ទ្រាយ​ធំ​​លើ​កម្មករ​រោងចក្រ ឌីន​ ហាន ​

កម្មការិនីម្នាក់ដើរចេញពីរោងចក្រ ឌីន ហាន ក្រោយផ្ដល់សំណាកធ្វើតេស្តរកកូវីដ-១៩ នៅទីតាំងរោងចក្រផ្ទាល់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សហជីព និងកម្មកររោងចក្រ ឌីន ហាន បា​រ​ម្ភពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំលើកម្មកររោងចក្រមួយនេះដែលមានចំនួនជិត៣ពាន់នាក់ ​ខណៈមន្រ្តីរដ្ឋបាលរោងចក្រថា ខ្លួនបានសហការជាប់ជាមួយខាងក្រសួងសុខាភិបាល។

ការបារម្ភនេះធ្វើឡើងបន្ទាប់ពីកម្មកររោងចក្រ ឌីន ហាន មានចំនួនសរុប​២ ៨០០នាក់ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះឬតាមមណ្ឌលចត្តាឡីស័កផ្សេងៗ ក្រោយមាន​កម្មករ​ជាង៥០នាក់ បានឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី៨ ខែមេសា ប៉ុន្តែសម្រាប់ចំនួនកម្មករឆ្លងជំងឺ​ថ្មីនៅមិនទាន់ដឹង​ទេមកដល់ថ្ងៃទី៩ ខែមេសា ខណៈរោងចក្រត្រូវបិទទ្វារបណ្តោះអាសន្នរយៈពេល២សប្តាហ៍ផងដែរ។

ប្រធានសហជីពកម្ពុជាប្រចាំរោងចក្រ ឌីន ហាន លោក​ នៅ ហ៊ួត ដែលកំពុងធ្វើចត្តាឡីស័កដែរនោះ បានលើកឡើងថា​ លោ​កបានស្នើទៅភាគីរោងចក្រជូនដំណឹងដល់ក្រសួងសុខាភិបាលឱ្យប្រមូលសំណាកអ្នកពាក់ព័ន្ធក្នុងរោងចក្រតាំងពីករណីដំបូងកើតឡើងនៅថ្ងៃទី៣ ខែមេសា លើកម្មការិនីផ្នែកដេរម្នាក់មកម៉្លេះ ប៉ុន្តែភាគីរោងចក្រមិនអើពើ ដោយគ្រាន់តែប្រាប់អ្នកពាក់ព័ន្ធទៅធ្វើតេស្តដោយខ្លួនឯង។

លោកបន្ថែមថា លុះករណីឆ្លងរកឃើញថ្មីដល់១៣នាក់ ខាងថៅកែរោងចក្រនៅតែមិនជូនដំណឹងដល់អាជ្ញាធរនិងក្រសួងចុះមកទៀត តែបែរជាកោះប្រជុំជាមួយកម្មករ ហើយដេញពួកគេឱ្យទៅធ្វើតេស្តសំណាករៀងៗខ្លួនតាមទីតាំងកំណត់ផ្សេងៗរបស់ក្រសួង ដែលទើបនាំឱ្យមានការភ្ញាក់ផ្អើលកើតឡើង។

លោក នៅ ហ៊ួត និយាយថា៖ «ខ្ញុំអត់យល់ដែរ មិនដឹងជាយ៉ាងម៉េច ពួកខ្ញុំជាសហជីពហ្នឹងគឺដាស់តឿនគាត់ ទាម​ទារគាត់ឱ្យផ្តល់ដំណឹងដល់ក្រសួងសុខាភិបាល ហើយទាមទារឱ្យគាត់ហៅខាងពេទ្យហ្នឹងឱ្យមកយកសំណាកតាំងពីថ្ងៃដំបូង ប៉ុន្តែគាត់អត់ព្រ​មធ្វើ បែរជាប្រជុំហៅកម្មករឱ្យទៅយកសំណាកខ្លួនឯងនៅតាមមន្ទីរពេទ្យផ្សេងៗ។ ដល់អញ្ចឹង កម្មករបាក់ទៅទាំង៣ពាន់នាក់ គា​ត់ទៅ គេឆ្ងល់ ដោយខាងមន្ទីរពេទ្យគេអត់ដឹង»

ប្រធានផ្នែកគ្រប់គ្រងជាងភ្លើងនៅរោងចក្រ វ័យ៥២ឆ្នាំរូបនេះ បន្ថែមថា​ លោកបារម្ភពីបញ្ហាឆ្លងរាលដាលធ្ងន់ធ្ងរ ដែលអាចនឹងប៉ះពាល់ដល់សុខភាពនិងជីវភាពរបស់ពួកគេ ខណៈកម្មករទាំងអស់ត្រូវជាប់ធ្វើចត្តាឡីស័ក ហើយរោងចក្រត្រូវបិទទ្វារមិនអាចចេញចូលបានទៀត។

​កម្មករផ្នែកអគ្គិសនីម្នាក់នៅរោងចក្រ ឌីន​ ហាន លោក ស្តើង ស៊ាង លើកឡើងថា មុនរកឃើញករណីឆ្លងដំបូង និងរីករាលដា​លជាបន្តបន្ទាប់ ក៏មានលេចឮព័ត៌មានថា មានកម្មករបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកជំងឺនៅខាងក្រៅ។ ប៉ុន្តែខាងរោងច​ក្រ​​នៅតែបន្តឱ្យកម្មករធ្វើការធម្មតា លុះដល់ថ្ងៃទី៧ ខែមេសា លោកបានទៅផ្តល់សំណាកនិងដាក់ខ្លួនដាច់ដោយឡែកតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ទើបរោងចក្រត្រូវបានបិទទ្វារបណ្តោះអាសន្ន។ កម្មករវ័យ៣២ឆ្នាំមានស្រុកកំណើតនៅខេត្តកំពតរូបនេះ ព្រួយបារម្ភខ្លាចជំងឺនេះឆ្លងរីករាលដាលកាន់តែខ្លាំង ​​ប្រសិនបើមិនអាចគ្រប់គ្រងបាន។

លោក ស្តើង ស៊ាន​ និយាយថា៖ ​ ​«ព្រួយបារម្ភថា ខ្លាចវាកើតឡើ​ងអី វារីករាលដាលជាលក្ខណៈទ្រង់ទ្រាយធំណាបង! តែឥលូវយើងបានពិនិត្យកំហាក ពិនិត្យអីទាំងអស់គ្នាអញ្ចឹងទៅ ហើយចាំមើលលទ្ធផលបាន១ថ្ងៃ ថ្ងៃហ្នឹងហើយ ចាំមើល២ថ្ងៃទៅមុខទៀត យើងអត់ដឹងទេបង»។

កម្មករផ្នែកជាងម៉ាស៊ីនមួយរូប វ័យ៣២ឆ្នាំ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៧ ខែមេសា ឱ្យដឹងថា គាត់មិនដឹងខ្លួនបានប៉ះពាល់ជាមួយមេរោគនៅពេលណាឬកន្លែងណានោះទេ ដោយសារក្នុងរោងចក្រ លោកធ្វើការ ញ៉ាំបាយ និងចូ​ល​បន្ទប់ទឹករួមគ្នារហូតនោះ។

លោកបន្ថែមថា ក្រុមជាងរបស់លោក​ជាអ្នកប៉ះពាល់ប្រយោល ប៉ុន្តែក្នុងចំណោម៣០នាក់ លោកឮថា រកឃើញវិជ្ជមានជាង១០នាក់ និងបានចូលសម្រាកព្យាបាលនៅសណ្ឋាគារ ក្រេដឌុក ក្នុងយប់ថ្ងៃតែមួយ។ កម្មកររូបនេះមិនបានដឹងទេថាលោកបានចម្លងជំងឺកូវីដ-១៩ ទៅអ្នកណាទៀត​នោះទេ។

លោកបន្ថែមថា៖ «ជាងដេរខោអាវតាមក្រុម ដេរពីមួយហុចឱ្យគ្នាតគ្នា រួច QC អ្នកមើលអញ្ចឹង! ដល់ពេលខ្ញុំជាងម៉ាស៊ីន ដើរធ្វើម៉ា​ស៊ីនគ្រប់កន្លែង មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេបងអើយ រោងចក្រហ្នឹង»។  

បុគ្គលិកផ្នែករដ្ឋបាលរោងចក្រ ឌីន ហាន ឈ្មោះ លីន បានបដិសេធចំពោះការលើកឡើងរបស់ខាងភាគីសហជីពនិងកម្មករ ដោយថា រោងចក្រយឺតយ៉ាវក្នុងការស្វែងរកកិច្ច​អន្តរាគមន៍ពីក្រសួងសុខាភិបាល។​ 

លោកនិយាយយ៉ាងខ្លីថា៖ «មកពីគាត់អត់យល់ច្បាស់។ គេធ្វើការជាមួយក្រសួងរហូតហ្នឹង គ្រាន់តែផ្ទុះភ្លាម ទាក់ទងជាមួយក្រសួងភ្លាម មានពីណាយឺតយ៉ាវ។​ មកពីគាត់អត់ដឹង»។

ប្រធានសហភាពការងារកម្ពុជា លោក អាន់ ធន់ លើកឡើងថា លោកបារម្ភបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលចូលដល់រោងចក្រ ដែលអាចប៉ះពាល់សុខភាព ជីវភាព និងការងាររបស់​កម្មករ ខណៈការរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់ពួកគេនៅមិនទាន់ត្រូវបានដោះស្រាយ។

លោកថា​ បញ្ហានេះកំពុងឋិតក្នុងហានិភ័យខ្ពស់សម្រាប់អ្នកធ្វើការក្នុងវិស័យរោងចក្រ ខណៈព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បា​នរីកសាយភាយ​ចូលទៅទីផ្សារ និងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ ដែលពិបាកនឹង​គ្រប់គ្រង ឬទប់ស្កាត់។

លោក អាត់ ធន់ មានប្រសាសន៍ថា៖ «ខ្ញុំគិតថាវាខ្ពស់ហើយ ព្រោះក្រុមហ៊ុននេះ វាមានកម្មករជាង២ពាន់នាក់ ហើយអ្នកជាប់ពាក់ព័ន្ធហ្នឹងគឺថាវាច្រើន។ វាជាបញ្ហាខ្ពស់ហើយ សូម្បីតែរដ្ឋាភិបាលបានចេញសេចក្តីប្រកាសចរាចរណ៍ណែនាំ ដើម្បីបិទការឆ្លងពីកន្លែងមួយទៅកន្លែងមួយ ពីខេត្តមួយទៅខេត្តមួយហ្នឹង»

លោកបន្ថែមថា រដ្ឋាភិបាលឬក្រុមហ៊ុនរោងចក្រ គួរតែជួលឡានបន្ថែមសម្រាប់ដឹក​កម្មករ ដើម្បីកាត់បន្ថយការចង្អៀតណែននៅពេលពួកគេធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ ឬធ្វើយ៉ាងម៉េចដើម្បីកុំឱ្យពួកគេ​ប៉ះពាល់គ្នាច្រើន និងជួយផ្តល់ថវិកាឬសេវាផ្សេងៗដល់អ្នកដែលជាប់ធ្វើចត្តាឡីស័ក។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ បានកើតមាននៅរោងចក្រមួ​យ​ចំនួ​នក្នុងរាជធានីភ្នំពេញ ប៉ុន្តែមានតែក្នុងរោងចក្រ ឌីន ហាន មួយប៉ុណ្ណោះដែលរកឃើញអ្នកឆ្លងច្រើន ហើយខាងសាលាក្រុងកំពុងរិះរកវិធានការដោះស្រាយជាមួយភាគីពាក់ព័ន្ធ។

លោក ម៉េត មាសភក្តី មានប្រសាសន៍ថា៖ «មានកិច្ចការច្រើនដែលយើងពាក់ព័ន្ធឬជុំវិញការងារទប់ស្កាត់កូវីដ។ ហើយសមត្ថកិច្ចដែលទទួលនេះហ្នឹង ក៏យើងត្រូវគិតគូរក្នុងក្របខណ្ឌរួមគ្នាដែរ មិនមែនតែសាលារាជធានីទេ។ ពាក់ព័ន្ធបងប្អូនកម្មកររបស់យើង ក៏វាមានអី្វផ្សេងៗ​ទៀត ក្រសួងផ្សេងៗដែលពាក់ព័ន្ធហ្នឹង ដើម្បីយើងគិតគូរពីរឿងអស់ហ្នឹង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ