ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌល​គិរី​​ថា ​នគរបាល​ម្នាក់​រំលោភ​យក​ដី​សហគមន៍​និង​ដែន​ជម្រក​សត្វ​ព្រៃ​ជាង​៥០​ហិកតា​

ប្រជាសហគមន៍ជនជាតិដើមភាគតិចអណ្ដូងក្រឡឹង ខេត្តមណ្ឌលគិរី ចុះមកពិនិត្យនិងបង្ហាញទីតាំងដីដែលអះអាងថាមន្ត្រីមួយរូបរំលោភយក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ (បណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី)

តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិចអណ្ដូងក្រឡឹង ខេត្តមណ្ឌលគិរី អះអាងថា ដីព្រៃសហគមន៍និងដីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ចំនួន៥​១ហិកតា ស្ថិតនៅក្នុងស្រុកអូររាំង ត្រូវបាន​មន្ត្រីនគរបាលមួយរូប​រំលោភ​យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

​ប្រធាន​​សហគមន៍​ភូមិ​អណ្តូងក្រឡឹង លោក​ សុខា ​ថុត​ ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ​​មន្ត្រីនគរបាលរូបនោះឈ្មោះ ថាំង រិទ្ធី បានឈូសឆាយរំលោភយកដី​សហគមន៍របស់លោក​ចំនួន​១២ហិកតា និងដីដែនជម្រកសត្វព្រៃកែវសីមាចំនួន៣៩ ហិកតាទៀត។

លោកបន្តថា បច្ចុប្បន្ន ឈ្មោះ ថាំង រិទ្ធី បាន​​ឈូសឆាយ ហើយ​ហ៊ុមព័ទ្ធ​យកដីពួកគាត់និងដីដែនជម្រក ដោយម្អាង​ថា ខ្លួនមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។ យ៉ាងនេះក្តី លោក សុខា ថុត បញ្ជាក់ថា បើមិនប្រគល់ដីសហគមន៍ជូនពួកគាត់វិញទេ ពលរដ្ឋនឹងប្តឹងទៅក្រសួងមហាផ្ទៃតែម្តង ត្បិតដីនោះពួកគាត់បានចុះបញ្ជីនៅក្រសួង​រួចរាល់ហើយ។

លោកថា​៖ «ខ្ញុំគិត​ថា ពួកគាត់ធ្វើហ្នឹងដោយបំពានច្បាប់។ អ៊ីចឹងពួកខ្ញុំនឹងតវ៉ា បើ​សិនគាត់មិនដកហូត និងប្រគល់ដីសហគន៍មកឱ្យពួកខ្ញុំវិញ។​ អ៊ីចឹងពួកខ្ញុំនឹងដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ»។​​

ប្រធាន​​សហគមន៍​រូបនេះបន្តថា កន្លងមក ពួកគាត់បាននាំគ្នាតវ៉ានិងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាននិងស្រុក ប៉ុន្តអាជ្ញាធរបែរជាមិនអើពើក្នុងការដោះស្រាយឱ្យពួកគាត់ឡើយ។ លោកស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការច្បាប់លើឈ្មោះ ថាំង រិទ្ធី និងមន្ត្រីដែលបានគប់គិតគ្នាលក់ដីរដ្ឋនិងរំលោភយកដីសហគមន៍។

វីអូឌី មិនអាចរកប្រភពទាក់ទងលោក ថាំង រិទ្ធី ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៩ ខែមេសា។

​អភិបាលស្រុក​អូររាំង លោក សៀក មុន្នី អះអាងថា លោក ថាំង រិទ្ធី ជាមន្ត្រីនគរបាលប្រាកដមែន ប៉ុន្តែលោកមិនដឹងប្រាកដថា នគរបាលរូបនោះនៅអង្គភាពណាមួយទេ។ លោកថា បញ្ហានេះ អាជ្ញាធរកំពុងពិនិត្យទីតាំងដីនោះ ប្រសិនរកឃើញថា ដីដែលមន្ត្រីនគរបាលរូបនោះ​ឈូសឆាយ ប៉ះពាល់ដីសហគមន៍១២ហិកតាប្រាកដមែន អាជ្ញាធរនឹងដកហូតទុកឱ្យសហគមន៍វិញ។

លោក សៀក មុន្នី បន្តថា ចំណែកដីជិត៤០ហិកតាទៀត ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា លោក ថាំង រិទ្ធី បានទិញពីប្រជាពលរដ្ឋនៅទីនោះ ហើយបានស្នើសុំប្លង់កម្មសិទ្ធិពីមន្ទីរបរិស្ថាន ដើម្បីកាន់កាប់ទៀតផង។

លោកថា៖ «គាត់បានស្នើសុំទៅមន្ទីរបរិស្ថានខ្លួនឯង ដើម្បីកាត់ចេញមកធ្វើជាដីឯកជន ​ដើម្បីស្នើសុំធ្វើប្លង់កម្មសិទ្ធិ​ទៅ។ គាត់ដូចជានៅក្រសួង ខ្ញុំដូចជាអត់ច្បាស់ទេ ​​ដឹងតែគាត់មានដីមានអីនៅ​ក្បែរហ្នឹង។ ប៉ុន្តែខ្ញុំមិនដឹងច្បាស់​រាល់ថ្ងៃ​នេះ គាត់នៅខាងណា​ ដឹងតែគាត់ជានគរបាលអ៊ីចឹង។ គាត់ដូចនៅភ្នំពេញ ឬក៏គាត់នៅ​ខេត្តស្ទឹងត្រែង គាត់ទើបផ្ទេរមក មិនដឹង»។

ប្រធានមន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ័គ មានប្រសាសន៍ថា មន្ទីរបរិស្ថានបានកាត់ដីជិត៤០ហិកតានៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ទៅឱ្យលោក រិទ្ធី រួចរាល់ហើយ។

លោកប្រាប់ពីមូលហេតុដែលមន្ទីរសម្រេចកាត់ដីតំបន់អភិរក្សឱ្យទៅ​លោក ថាំង រិទ្ធី ដោយសារមន្ត្រីប៉ូលិសរូបនេះបានកាន់កាប់យូរឆ្នាំ ម៉្យាងដីនោះមិនមែនជាដីព្រៃស្រោងឡើយ។  ​

នៅពេលសួរថា តើមន្ទីរនឹងដកហូតដីនោះមកទុកជាសម្បត្តិរដ្ឋទេ បើទោះបីជាដីនោះមិនមែនជាដីព្រៃស្រោង? ប្រធានមន្ទីរ​បរិស្ថានរូបនេះលើកឡើងថា៖ «យើងមើលជាក់ស្ដែងដែរ បើសិនជាគេអាស្រ័យផលរាប់ឆ្នាំ ដោយសារដីកន្លែងនោះមិនមែនជាដីព្រៃ ដីព្រៃខ្លះ ដីចម្ការស្វាយចន្ទីរបស់គេខ្លះ ហើយស្វាយចន្ទីដូចជា៤ទៅ១៩ឆ្នាំហើយ ​យើងមើលដែរ មិនមែនចេះតែដកៗទេ ទាល់តែដីព្រៃ ទើបយើងដក»។ ​

ដែន​ជម្រក​សត្វព្រៃ​កែវសីមា ​គ្រប​ដណ្តប់​លើ​ផ្ទៃដី២៩២ ៦៩០ហិ​កតា ដែលត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឱ្យ​ក្រសួង​បរិស្ថាន​គ្រប់គ្រងកាល​ពី​ខែឧសភា ឆ្នាំ២០១៦។

អ្នក​ប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ លោក​ គ្រើង តុលា លើកឡើងថា ដីដែលមន្ទីរបរិស្ថានកាត់ឱ្យឈ្មោះ ថាំង រិទ្ធី ជាដីព្រៃស្រោង មិនមែនដីចម្ការដូចប្រធានមន្ទីរលើកឡើងទេ។

លោកស្នើទៅរដ្ឋាភិបាលដកហូតដីនោះពីលោក ថាំង រិទ្ធី ​មកឱ្យសហគមន៍និងទុកជាសម្បត្តិរដ្ឋវិញ ហើយត្រូវចាត់វិធានការច្បាប់ចំពោះមន្ត្រី​ពាក់ព័ន្ធដែលបណ្តោយឱ្យមានការរំលោភយកដី​រដ្ឋធ្វើជាកម្មសិទ្ធិ​។

លោកថា៖ «កាលណាអ្នកលក់និងអ្នកទិញ បើគ្មានមន្ត្រីមូលដ្ឋានចុះហត្ថលេខាឬការឯកភាព គឺអត់មានអ្នកណាយកទេ ​​​អាហ្នឹងជាប្រព័ន្ធ។ អ៊ីចឹង ខ្ញុំមិនថាអីទេ ​អ្វីដែលរដ្ឋាភិបាលគួរតែធ្វើ វះកាត់ឱ្យអស់ក្រុមជាប្រព័ន្ធហ្នឹង។ គួរតែមានវិធានការរដ្ឋបាល ដកគាត់ពីតំណែង ​បញ្ឈរជើង ​​ដាក់ទោសគាត់តាមច្បាប់។ ខ្ញុំគិតថា រដ្ឋាភិបាលមិនគួរបណ្ដោយមនុស្សបែបហ្នឹង បន្តទៀតទេ ព្រោះកាលណាទុក​ ទៅធ្វើអនាធិបតេយ្យ បញ្ហានៅក្នុងសង្គម ដោះមិនចេះចប់»។

បើតាមប្រធាន​​សហគមន៍​ភូមិ​អណ្តូងក្រឡឹង លោក​ សុខា ​ថុត អះអាងថា ​ដីទំហំ១ ៤២៦ហិកតា ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីជាដីសមូហភាពសហគមន៍អណ្ដូងក្រឡឹង របស់ជនជាតិដើមភាគតិចពូនង កាលពីឆ្នាំ២០០៧ ដែលមានប្រជាពលរដ្ឋ១៧៣គ្រួសារអាស្រ័យផល។ ដីសមូហ​​ភាពសហគមន៍អណ្ដូងក្រឡឹងនេះ គឺមានទីតាំងស្ថិតនៅជាប់ដែនជម្រកសត្វព្រៃ​កែវសីមា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ