កម្ពុជា​បន្ត​ច្រាន​ចោល​របាយ​ការណ៍​ដែល​រក​ឃើញ​ថា​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០២០​

ក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ​ប្រមូលផ្ដុំ​តវ៉ា​ទាមទារឱ្យដោះលែងក្រុមគ្រួសារពួកគេ​ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កម្ពុជា ចាត់ទុករបាយការណ៍អង្គការអន្តរជាតិមួយដែលរកឃើញថាសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះធ្ងន់ធ្ងរនៅឆ្នាំ២០២០ ថាជាការបំភ្លៃការពិត ចម្លងតាមក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។

អង្គការលើកលែងទោសអន្តរជាតិ Amnesty International និយាយក្នុងរបាយការណ៍ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា សិទ្ធិស៊ីវិលនិង​សិទ្ធិនយោបាយនៅកម្ពុជា ត្រូវបានរឹតត្បិតយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៧មក ហើយវាបានកើនឡើងកាន់តែខ្លាំងនៅឆ្នាំ២០២០។

របាយការណ៍ដដែលដែលសិក្សាទៅលើប្រទេសចំនួន១៤៩នោះ បាននិយាយទៀតថា ការរឹតបន្តឹងនេះស្របគ្នាទៅនឹង​កា​រ​បង្កើត​ច្បាប់​គ្រប់​គ្រ​ង​ប្រទេស​ក្នុងភាព​អាសន្ន ជាក្របខណ្ឌច្បាប់​ ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិមនុស្ស «ធ្វើឱ្យក្រុមអ្នក​ការពារសិទ្ធិមនុស្ស ក្រុមអ្ន​ក​តវ៉ា​ដោយសន្តិវិធី និង​សមាជិក​បក្ស​ប្រឆាំង​ នៅ​តែ​បន្ត​ប្រឈម​ការ​យាយីនិង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដោយ​មិន​ត្រឹម​ត្រូវ»។

Amnesty បានគូសបញ្ជាក់ថា ​យុទ្ធនាការ​នេះ​បាន​នាំមកនូវ​ការ​រំលោភបំពាន​ដ៏​រីក​រាល​ដាល​ទៅលើ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។ ​

ប៉ន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននិយាយលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីម្សិលមិញ ចាត់ទុករបាយការណ៍នោះថាជារឿងចាស់ ចម្លងចេញពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនតូច មាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ក្រោមហេតុផលសិទ្ធិមនុស្ស។

លោកបានគូសបញ្ជាក់ថា៖ «របាយការណ៍របស់ Amnesty International ២០២០/២០២១ អំពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ពោលគឺ […] ចម្លងចែកចាយតៗគ្នាពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយក្តាប់តូចដែលគេផ្តល់លុយឱ្យ ដើម្បីធ្វើសកម្មភាពនយោបាយក្រោមរូបភាពនិងហេតុផលសិទ្ធិមនុស្ស នេះបើពិនិត្យលើឯកសារយោងក្នុងរបាយការណ៍នេះ»។

លោកបានចោទជាសំណួរថា «តើពួកបរទេសទាំងនេះ គេចង់បានអ្វីឱ្យពិតប្រាកដពីការចេញរបាយការណ៍បំផ្លើសខុសពីការពិតបែបនេះ? » ខណៈរបាយការណ៍និងឯកសារផ្លូវការ ការពន្យល់ បកស្រាយ និងឆ្លើយតបបំភ្លឺ របស់រដ្ឋាភិបាលជាសាធារណៈស្តីពីស្ថានភាពសិទ្ធិមុស្សនិងការអនុវត្តច្បាប់នៅកម្ពុជាក្នុងឆ្នាំ២០២០ មិនត្រូវបានគេយកមកពិចារណាបន្តិចណាសោះឡើយនោះ។

អំឡុងខែមករា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិលចំនួន៨៨ស្ថាប័ន បានចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យតុលាការដោះលែងសកម្មជនដីធ្លី សកម្មជនបរិស្ថាន និងបញ្ចប់ការយាយីដល់ក្រុមសំឡេងជំទាស់ ដោយសម្អាងថា ពួកគេទាំងនោះត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ឃុំខ្លួន ចោទពីបទ «ញុះញង់ឱ្យមានចលាចលដល់សន្តិសុខសង្គម» ដោយគ្រាន់តែតវ៉ាដោយសន្តិវិធី។

ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្តីថ្លែងការណ៍ដដែល មើលឃើញថា ចំណាត់ការនេះជាការគំរាមកំហែងដល់សេរីភាពមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិមួយចំនួនដែលកម្ពុជាផ្តល់សច្ចាប័ន។

តែយ៉ាងណា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល តាមរយៈលិខិតចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្រាស់៦ទំព័រ បានច្រា​​នចោលការទាមទារនេះ ដោយលើកឡើងថា វិធានការចាប់ខ្លួនដែលធ្វើឡើងដោយអាជ្ញាធ​រ ជាការអនុវត្តច្បាប់ ដើម្បីរក្សាស​ន្តិ​សុខ ស្ថិរភាពសង្គម និងកាត់ផ្តាច់បណ្តាញចាត់តាំងរបស់ក្រុមប្រឆាំង។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​បញ្ជាក់ថា «តុលាការជាស្ថាប័នឯករាជ្យ គ្មានគ្មានក្រុមណាឬក្រុមអង្គការអន្តរជាតិណាមួយអាចដាក់ស​ម្ពា​ធឬបង្គាប់មកលើស្ថាប័ននេះបានទេ» និងមួយវិញទៀត ក៏បានចោទប្រកាន់ក្រុមអង្គការទាំងនោះថា មា​ន​និ​ន្នាការប្រឆាំង ដែលចាត់ទុកការអនុវត្តច្បាប់របស់អាជ្ញាធរថាជាវិធានរំលោភសិទ្ធិមនុស្ស។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព និយាយថា ការច្រានចោលរបស់មន្ត្រីរដ្ឋាភិបាលពេលនេះ វាដូចគ្នាទៅនឹងការច្រានចោលរបាយការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែរ បើទោះបីជាអ្នករាយការណ៍ពិសេសរ​បស់​​អង្គការសហប្រជាជាតិ បានចុះជួបសង្គមស៊ីវិល ពលរដ្ឋរងគ្រោះរឿងដីធ្លី រួមទាំងជួបមន្ត្រីរដ្ឋាភិបាល មុននឹងផ្តល់អនុសា​សន៍ក៏ដោយ ក៏រដ្ឋាភិបាលចោទថា របាយការណ៍នោះលម្អៀងដែរ។

លោកស្រីថា៖ «បើសិនជានៅបន្តបែបនេះ អ្នកដែលខាតបង់គឺរដ្ឋាភិបាលខ្លួនឯង ព្រោះការវិវត្តនៃស្ថានភាពសិទ្ធិមនុស្សនេះ វានឹងបង្កវិសមភាពក្នុងសង្គម បង្កនូវអំពើអយុវត្តិធម៌ក្នុងសង្កម ឬក៏វប្បធម៌និទណ្ឌភាពនៅតែបន្ត។ អ៊ីចឹងរដ្ឋាភិបាលពិបាកនឹងកសាងនូវទំនុកចិត្តជាមួយពលរដ្ឋ និងបាត់បង់នូវអភិបាលកិច្ចល្អ ដែលវានឹងប៉ះពាល់ដល់ការអភិវឌ្ឍសង្គមទាំងមូល»។

អ្នកវិភាគតាមដានសង្គម លោក គឹម សុខ​ ដែលមានមូលដ្ឋាននៅក្រៅប្រទេស បាននិយាយថា ការបដិសេធរបស់មន្ត្រីរដ្ឋាភិបាលអាចជាការលាក់បាំងការពិត ដើម្បីការពារមុខមាត់ប៉ុណ្ណោះ តែថា បញ្ហានេះនឹងមិនបានជួយដោះស្រាយវិបត្តិផ្ទៃក្នុងដែលកំពុងជាប់គាំ​ងពេលនេះបានទេ។

លោកថា៖ «តាមពិតទៅ Amnesty International ដែលគេប្រើពាក្យថា ធ្លាក់ចុះយ៉ាងខ្លាំងហ្នឹង គឺជាភាសាការទូតទេ បើនិយាយឱ្យចំ គឺ​​វិបត្តិសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដោយសារវិបត្តិធ្លាក់ក្នុងវិបត្តិបែបហ្នឹងហើយទើបកម្ពុជារងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងដៃគូនានារបស់អឺរ៉ុបនិងអាមេរិកហ្នឹង»។

លោកព្រួយបារម្ភថា បើវិបត្តិសិទ្ធិមនុស្សមិនត្រូវបានដោះស្រាយ វានឹងបង្កឱ្យមានវិបត្តិផ្សេងទៀតដែលកម្ពុជាត្រូវប្រឈម ក្នុងនោះគឺជាចំណងការទូតជាមួយបណ្តាប្រទេសធំៗ សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ហើយទីបំផុតនឹងធ្លាក់ដល់វិបត្តិសង្គម បើរដ្ឋាភិបាលមិនជំរុញយន្តការផ្សះផ្សារផ្ទៃក្នុងឡើងវិញទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ